ពេត្រុសទី២
៣ បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទី២ដែលខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា។ ដូចក្នុងសំបុត្រទី១របស់ខ្ញុំដែរ ខ្ញុំកំពុងរំលឹកអ្នករាល់គ្នាដោយដាស់សមត្ថភាពរិះគិតរបស់អ្នករាល់គ្នា+ ២ ដើម្បីឲ្យអ្នករាល់គ្នានឹកឃើញអ្វីដែលពួកអ្នកប្រកាសទំនាយបរិសុទ្ធបានប្រាប់ទុកជាមុន ហើយនឹកឃើញបញ្ញត្ដិដែលលោកជាម្ចាស់និងជាអ្នកសង្គ្រោះបានឲ្យតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។ ៣ មុនបង្អស់ អ្នករាល់គ្នាត្រូវដឹងថា នៅគ្រាចុងក្រោយបង្អស់នឹងមានមនុស្សដែលចូលចិត្តនិយាយចំអកអ្វីដែលល្អ ហើយបណ្ដែតបណ្ដោយទៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។+ ៤ ពួកគេនិយាយថា៖ «លោកសន្យាថានឹងមក* តែតើលោកនៅឯណា?+ ចាប់ពីថ្ងៃដែលពួកបុព្វបុរសរបស់យើងបានស្លាប់* អ្វីៗទាំងអស់នៅដដែល តាំងពីពេលដែលព្រះបានបង្កើតមនុស្សជាតិ»។+
៥ ព្រោះពួកគេចង់បំភ្លេចការពិតដូចតទៅនេះថា ដោយសារប្រសាសន៍របស់ព្រះ នោះកើតមានមេឃនៅសម័យបុរាណ និងមានផែនដីដែលរឹងផុសឡើងពីទឹក ហើយក៏នៅកណ្ដាលទឹក។+ ៦ រួចអ្វីៗទាំងនេះបានបំផ្លាញមនុស្សនៅសម័យនោះ។ នេះបានកើតឡើងពេលដែលទឹកបានជន់លិចផែនដីទាំងមូល។+ ៧ ក៏ប៉ុន្តែ ដោយសារប្រសាសន៍ដដែលនោះ មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ និងបានត្រូវទុកសម្រាប់ថ្ងៃវិនិច្ឆ័យទោសមនុស្សដែលមិនកោតខ្លាចព្រះ ហើយបំផ្លាញពួកគេចោល។+
៨ ប៉ុន្តែ បងប្អូនជាទីស្រឡាញ់អើយ កុំភ្លេចការពិតដូចតទៅនេះថា ចំពោះព្រះយេហូវ៉ា* មួយថ្ងៃគឺស្មើ១.០០០ឆ្នាំ ហើយ១.០០០ឆ្នាំគឺស្មើមួយថ្ងៃ។+ ៩ ព្រះយេហូវ៉ា*មិនយឺតក្នុងការធ្វើតាមសេចក្ដីសន្យារបស់លោក+ ដូចមនុស្សខ្លះគិតថាយឺតនោះទេ។ ប៉ុន្តែ លោកអត់ធ្មត់នឹងអ្នករាល់គ្នា ពីព្រោះលោកមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត។+ ១០ ទោះជាយ៉ាងនោះក៏ដោយ ថ្ងៃរបស់ព្រះយេហូវ៉ា*+នឹងមកដូចជាចោរ+ ហើយនៅពេលនោះមេឃនឹងបាត់ទៅ+យ៉ាងលឿនដោយសំឡេងលាន់ឮរំពង។ ប៉ុន្តែ ធាតុនានានឹងក្ដៅក្រៃលែង ហើយនឹងរលាយសាបសូន្យទៅ ឯផែនដីនិងអ្វីៗនៅផែនដីនឹងត្រូវភ្លើងឆេះ។+
១១ ដោយសារការទាំងអស់នោះនឹងត្រូវរលាយសាបសូន្យទៅ ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ ១២ ក្នុងកាលដែលអ្នករាល់គ្នាទន្ទឹង ហើយចាំជាប់ជានិច្ច*នូវការមកដល់នៃថ្ងៃ*របស់ព្រះយេហូវ៉ា។*+ តាមរយៈថ្ងៃនោះ មេឃនឹងត្រូវភ្លើងឆេះរលាយសាបសូន្យ+ ឯធាតុនានានឹងក្ដៅក្រៃលែង ហើយរលាយបាត់ទៅ! ១៣ ប៉ុន្តែ យើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី ស្របតាមសេចក្ដីសន្យារបស់លោក+ ហើយនៅទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប។+
១៤ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ អ្នករាល់គ្នាកំពុងទន្ទឹងការទាំងនេះ ដូច្នេះចូរខំអស់ពីសមត្ថភាព ដើម្បីនៅទីបំផុតលោកនឹងឃើញថា អ្នករាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ និងមានសន្តិភាព។+ ១៥ បន្ថែមទៀត ចូរចាត់ទុកចិត្តអត់ធ្មត់របស់លោកម្ចាស់យើងថាជាសេចក្ដីសង្គ្រោះ ដូចប៉ូលដែលជាបងប្រុសជាទីស្រឡាញ់របស់យើងបានសរសេរទៅកាន់អ្នករាល់គ្នា ស្របតាមប្រាជ្ញាដែលគាត់បានទទួលពីព្រះ។+ ១៦ គាត់និយាយអំពីការទាំងនេះក្នុងសំបុត្រទាំងអស់របស់គាត់។ ក៏ប៉ុន្តែ ក្នុងសំបុត្រទាំងនោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកដែលមិនបានទទួលការបង្រៀន* និងពួកអ្នកដែលមិនមាំមួន បង្ខុសអត្ថន័យនៃសេចក្ដីនោះ ដូចពួកគេបង្ខុសអត្ថន័យនៃបទគម្ពីរទាំងប៉ុន្មានទៀតដែរ ហើយនាំឲ្យខ្លួនទទួលសេចក្ដីហិនវិនាស។
១៧ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាដឹងអំពីការទាំងនេះជាមុន ចូរប្រុងប្រយ័ត្ន ដើម្បីកុំឲ្យពួកអ្នកទាំងនោះដែលបំពានលើច្បាប់ នាំអ្នករាល់គ្នាវង្វេងចេញដោយសេចក្ដីបង្រៀនមិនពិតរបស់ពួកគេ ហើយធ្វើឲ្យអ្នករាល់គ្នាបាត់បង់ភាពមាំមួន។+ ១៨ ផ្ទុយទៅវិញ ចូរបន្តទទួលគុណដ៏វិសេសលើសលប់និងចំណេះកាន់តែច្រើនអំពីលោកយេស៊ូគ្រិស្ត ដែលជាម្ចាស់និងជាអ្នកសង្គ្រោះរបស់យើង។ សូមឲ្យលោកប្រកបដោយសិរីរុងរឿងឥឡូវនេះ និងជារៀងរហូតតទៅ។ អាមេន។