ដំណើរចាកចេញ
២៤ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរអ្នកឡើងមកឯខ្ញុំដោយនាំអេរ៉ុន ណាដាប និងអាបាយហ៊ូ+ ព្រមទាំងបុរសចាស់ទុំអ៊ីស្រាអែល៧០នាក់មកជាមួយផង ហើយចូរក្រាបគោរពខ្ញុំពីចម្ងាយ។ ២ មានតែអ្នកប៉ុណ្ណោះដែលអាចចូលមកជិតខ្ញុំជាយេហូវ៉ា។ រីឯអ្នកផ្សេងទៀតមិនត្រូវចូលមកជិតខ្ញុំឡើយ ហើយបណ្ដាជនក៏មិនត្រូវឡើងមកដែរ»។+
៣ ស្ដាប់រួច ម៉ូសេបានទៅប្រាប់បណ្ដាជននូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា និងច្បាប់ទាំងប៉ុន្មានរបស់លោក។+ ពេលនោះ បណ្ដាជនបានឆ្លើយស្រុះគ្នាថា៖ «យើងខ្ញុំព្រមធ្វើតាមបង្គាប់ទាំងអស់របស់ព្រះយេហូវ៉ា»។+ ៤ ដូច្នេះ ម៉ូសេបានកត់ទុកនូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា។+ លុះព្រឹកឡើង ម៉ូសេបានក្រោកពីព្រលឹម ហើយសង់ទីបូជាមួយនៅជើងភ្នំ ព្រមទាំងសង់បង្គោល១២សម្រាប់រំលឹកនៅទីនោះ តាមចំនួនកុលសម្ព័ន្ធទាំង១២នៃអ៊ីស្រាអែល។ ៥ ក្រោយមក ម៉ូសេបានចាត់ពួកយុវជនអ៊ីស្រាអែលឲ្យទៅជូនគ្រឿងបូជាដុត និងជូនគោជាគ្រឿងបូជានៃមេត្រីភាព+ដល់ព្រះយេហូវ៉ា។ ៦ បន្ទាប់មក ម៉ូសេបានយកឈាមនៃសត្វដែលបានត្រូវជូនជាគ្រឿងបូជា គឺយកឈាមពាក់កណ្ដាលទៅដាក់ក្នុងផើង ឯឈាមពាក់កណ្ដាលទៀត គាត់បានយកទៅប្រោះនៅលើទីបូជា។ ៧ រួចមក គាត់បានយកសៀវភៅនៃកិច្ចព្រមព្រៀង*មកអានឮៗឲ្យបណ្ដាជនស្ដាប់។+ ស្ដាប់រួច ពួកគេបានឆ្លើយថា៖ «យើងខ្ញុំព្រមធ្វើតាមប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា»។+ ៨ ដូច្នេះ ម៉ូសេបានយកឈាមនោះមកប្រោះលើបណ្ដាជន+ រួចនិយាយថា៖ «តាមរយៈឈាមនេះ កិច្ចព្រមព្រៀងរវាងព្រះយេហូវ៉ានិងអ្នករាល់គ្នាមានសុពលភាព។ កិច្ចព្រមព្រៀងនេះមានមូលដ្ឋានលើបង្គាប់ទាំងអស់នេះដែលអ្នករាល់គ្នាបានឮ»។+
៩ បន្ទាប់ពីនោះ ម៉ូសេក៏ឡើងទៅលើភ្នំ ហើយអេរ៉ុន ណាដាប និងអាបាយហ៊ូ ព្រមទាំងបុរសចាស់ទុំនៃអ៊ីស្រាអែល៧០នាក់ក៏ទៅជាមួយដែរ។ ១០ ពេលទៅដល់ ពួកគេបានឃើញព្រះនៃជនជាតិអ៊ីស្រាអែល+ ហើយនៅក្រោមជើងលោក មើលទៅឃើញដូចជាកម្រាលធ្វើពីត្បូងកណ្ដៀង ដែលមានពណ៌ខៀវភ្លឺត្រចះដូចផ្ទៃមេឃ។+ ១១ កាលដែលពួកមេដឹកនាំទាំងនោះបានឃើញព្រះពិតក្នុងគំនិត ពួកគេកំពុងបរិភោគហើយផឹក។ ទោះជាពួកគេបានឃើញលោកក្ដី លោកមិនបានប្រហារពួកគេទេ។+
១២ ក្រោយមក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «ចូរឡើងភ្នំមកឯខ្ញុំ ហើយនៅទីនេះ។ ខ្ញុំនឹងឲ្យផ្ទាំងថ្មដល់អ្នក លើផ្ទាំងថ្មនោះខ្ញុំនឹងចារឹកច្បាប់និងក្រឹត្យវិន័យរបស់ខ្ញុំទុកសម្រាប់រំលឹកដល់បណ្ដាជនអ៊ីស្រាអែល»។+ ១៣ ដូច្នេះ ម៉ូសេក៏ក្រោកឡើងទៅជាមួយនឹងយ៉ូស្វេជាជំនួយការរបស់គាត់+ ហើយម៉ូសេបន្តឡើងទៅលើភ្នំនៃព្រះពិត។+ ១៤ ប៉ុន្តែមុនម៉ូសេឡើងទៅ គាត់បាននិយាយទៅកាន់ពួកបុរសចាស់ទុំថា៖ «ចូរចាំនៅទីនេះរហូតដល់ពួកខ្ញុំត្រឡប់មកវិញ។+ នៅជាមួយអ្នករាល់គ្នាមានអេរ៉ុននិងហឺរ+ ដូច្នេះបើមានបញ្ហាដែលត្រូវដោះស្រាយ អ្នករាល់គ្នាអាចទៅរកពួកគាត់បាន»។+ ១៥ និយាយរួច ម៉ូសេក៏ឡើងទៅលើភ្នំ កាលដែលមានពពកគ្របពីលើភ្នំនោះ។+
១៦ នៅលើភ្នំស៊ីណាយ+មានសិរីរុងរឿងរបស់ព្រះយេហូវ៉ា+ ហើយពពកគ្របលើភ្នំអស់រយៈពេល៦ថ្ងៃ។ នៅថ្ងៃទី៧ លោកបានហៅម៉ូសេពីកណ្ដាលពពកនោះ។ ១៧ ឯបណ្ដាជនអ៊ីស្រាអែលវិញ ពួកគេបានឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដែលមើលទៅដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។ ១៨ បន្ទាប់មក ម៉ូសេបានចូលទៅក្នុងពពក រួចបន្តឡើងទៅលើភ្នំ។+ គាត់បាននៅលើភ្នំនោះអស់៤០ថ្ងៃ៤០យប់។+