សូមឲ្យការវិនិច្ឆ័យការពារអ្នក
‹គំនិតវាងវៃនឹងការពារឯង ហើយ[ការវិនិច្ឆ័យនឹងការពារឯង›។—សុភាសិត ២:១១
១. ការវិនិច្ឆ័យអាចការពារយើងពីអ្វី?
ព្រះយេហូវ៉ាចង់ឲ្យអ្នកចេះវិនិច្ឆ័យ។ ហេតុអ្វី? ពីព្រោះទ្រង់ជ្រាបដឹងថា នេះនឹងការពារអ្នកពីគ្រោះថ្នាក់ផ្សេងៗ។ សុភាសិត ២:១០-១៩ ចាប់ផ្ដើមចែងថា៖ ‹ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយការវិនិច្ឆ័យនឹងការពារឯង›។ តើថែរក្សាអ្នកពីអ្វីទៅ? គឺថែរក្សាអ្នកពី«ផ្លូវអាក្រក់»នៃអស់អ្នកដែលចាកចេញពីផ្លូវទៀងត្រង់ និងពីមនុស្សដែលមានផ្លូវសុទ្ធតែវៀចវេរទូទៅ។
២. តើអ្វីទៅជាការវិនិច្ឆ័យ តើការវិនិច្ឆ័យណាមួយដែលគ្រីស្ទានចង់បានជាពិសេស?
២ អ្នកប្រហែលជានឹកចាំថា ការវិនិច្ឆ័យជាញាណសតិ ដែលអាចដឹងមុតធ្លុះក្នុងកិច្ចការផ្សេងៗ។ បុគ្គលដែលមានការវិនិច្ឆ័យ ដឹងពីមតិខុសៗគ្នា ហើយមានការកាត់សម្រេចល្អ។ ជាគ្រីស្ទាន យើងចង់បានការវិនិច្ឆ័យខាងវិញ្ញាណ ដែលមានមូលដ្ឋានលើចំណេះត្រឹមត្រូវពីបន្ទូលរបស់ព្រះ។ នៅពេលដែលយើងសិក្សាបទគម្ពីរ នេះគឺប្រៀបដូចយើងគាស់យកថ្មនៃការវិនិច្ឆ័យខាងវិញ្ញាណ។ អ្វីដែលយើងរៀនអាចជួយយើងឲ្យសម្រេចចិត្តដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ។
៣. តើយើងអាចទទួលការវិនិច្ឆ័យខាងវិញ្ញាណដូចម្ដេច?
៣ នៅពេលដែលព្រះបានសួរស្តេចសាឡូម៉ូននៃសាសន៍អ៊ីស្រាអែលនូវពរអ្វីដែលចង់បាននោះ អ្នកគ្រប់គ្រងថ្មីនេះ ឆ្លើយថា៖ «សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ»។ សាឡូម៉ូនបានសុំការវិនិច្ឆ័យ ហើយព្រះយេហូវ៉ាបានប្រទានឲ្យគាត់ដល់កំរិតយ៉ាងខ្ពង់ខ្ពស់។ (ពង្សាវតារក្សត្រទី១ ៣:៩; ៤:៣០) ដើម្បីទទួលការវិនិច្ឆ័យ យើងត្រូវការអធិស្ឋាន ហើយយើងត្រូវតែសិក្សាបន្ទូលរបស់ព្រះ ដោយប្រើឧបករណ៍ដែលបានផ្ដល់មកតាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) នេះនឹងជួយយើងឲ្យបណ្ដុះការវិនិច្ឆ័យខាងវិញ្ញាណដល់កំរិត ដែលយើងទៅជាមាន‹គំនិតសមជាមនុស្សពេញវ័យ› ដែលអាច‹វែកញែកស្គាល់ត្រូវ ស្គាល់ខុស›។—កូរិនថូសទី១ ១៤:២០; ហេព្រើរ ៥:១៤
ត្រូវការការវិនិច្ឆ័យជាចាំបាច់
៤. តើការមានភ្នែក«ល្អ»មានន័យយ៉ាងណា ហើយតើនេះអាចជាប្រយោជន៍ដល់យើងដូចម្ដេច?
៤ ដោយមានការវិនិច្ឆ័យត្រឹមត្រូវ យើងអាចប្រព្រឹត្តស្របតាមបន្ទូលរបស់ព្រះយេស៊ូគ្រីស្ទ៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:៣៣) ព្រះយេស៊ូក៏មានបន្ទូលទៀតថា៖ «ឯចង្កៀងរូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ»។ (លូកា ១១:៣៤) ភ្នែកជាចង្កៀងប្រៀបប្រដូច។ ភ្នែក«ល្អ» គឺស្មោះ យកចិត្តទុកដាក់ខ្លាំង។ ដោយមានភ្នែកបែបនេះ យើងអាចបង្ហាញការវិនិច្ឆ័យ ហើយដើរដោយឥតដួលខាងវិញ្ញាណ។
៥. ចំពោះការធ្វើជំនួញ តើយើងត្រូវចងចាំអ្វីអំពីគោលបំណងនៃក្រុមជំនុំគ្រីស្ទាន?
៥ ជាជាងរក្សាភ្នែកគេឲ្យបានល្អ អ្នកខ្លះបានធ្វើជីវិតខ្លួននិងជីវិតរបស់អ្នកដទៃទៀតទៅជាស្មុគស្មាញ ដោយជាប់ធ្វើជំនួញច្រើន។ ប៉ុន្តែ យើងត្រូវតែចាំថា ក្រុមជំនុំគ្រីស្ទានជា«សសរ ហើយជាជើងថ្កល់របស់សេចក្ដីពិត»។ (ធីម៉ូថេទី១ ៣:១៥) ដូចសសរនៃអាគារមួយ ក្រុមជំនុំដំកើងសេចក្ដីពិតរបស់ព្រះ មិនមែនសំរាប់គាំទ្រសហគ្រាសជំនួញរបស់អ្នកណាមួយឡើយ។ ក្រុមជំនុំទាំងឡាយនៃស្មរបន្ទាល់ព្រះយេហូវ៉ាមិនមែនបានស្ថាបនាឡើង ជាកន្លែងផ្សព្វផ្សាយផលប្រយោជន៍ពាណិជ្ជកម្ម ផលិតកម្ម ឬហិតប្រយោជន៍នោះទេ។ យើងត្រូវតែជៀសវាងធ្វើជំនួញក្នុងសាលព្រះរាជាណាចក្រ។ ការវិនិច្ឆ័យនឹងជួយយើងឲ្យឃើញថា សាលព្រះរាជាណាចក្រ ក្រុមសិក្សាតាមក្រុមជំនុំ សន្និបាត មហាសន្និបាតនៃស្មរបន្ទាល់ព្រះយេហូវ៉ា ជាកន្លែងសំរាប់ចូលរួបរួមរបស់គ្រីស្ទាន និងកន្លែងពិគ្រោះខាងវិញ្ញាណ។ បើយើងប្រើទំនាក់ទំនងខាងវិញ្ញាណ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មណាមួយ តើនេះនឹងមិនបង្ហាញថា យើងឥតមានការអបអរដល់តម្លៃខាងវិញ្ញាណទេឬ? យើងមិនត្រូវកេងប្រវ័ញ្ចពីបងប្អូនក្នុងក្រុមជំនុំ ដើម្បីយកចំណេញនោះឡើយ។
៦. ហេតុអ្វីក៏ផលិតផលខាងពាណិជ្ជកម្មមិនត្រូវយកមកលក់ឬផ្សព្វផ្សាយនៅឯកិច្ចប្រជុំក្រុមជំនុំ?
៦ អ្នកខ្លះបានប្រើបងប្អូនខាងវិញ្ញាណ ដើម្បីលក់គ្រឿងជំនួយសុខភាពនិងគ្រឿងសំអិតសំអាងខ្លួន ថ្នាំវីតាមីន សេវាទូរគមនាគមន៍ គ្រឿងសំណង់ សំបុត្រទេសចរណ៍ កុំព្យូទ័រប្រូក្រាមនិងគ្រឿងផ្សេងៗទៀត។ ប៉ុន្តែ ក្រុមជំនុំមិនមែនជាកន្លែងសំរាប់លក់ដូរឬផ្សព្វផ្សាយផលិតកម្មជំនួញឡើយ។ យើងអាចវិនិច្ឆ័យដល់គោលការណ៍សំខាន់មួយ បើយើងចាំថាព្រះយេស៊ូ«ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង រួចមានបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ»!—យ៉ូហាន ២:១៥, ១៦
ចុះយ៉ាងណាវិញចំពោះវិនិយោគ?
៧. ហេតុអ្វីក៏ត្រូវការការវិនិច្ឆ័យនិងការប្រយ័ត្នប្រយែងចំពោះវិនិយោគ?
៧ ការវិនិច្ឆ័យនិងការប្រយ័ត្នប្រយែងគឺត្រូវការជាចាំបាច់ នៅពេលគិតនឹងធ្វើវិនិយោគក្នុងសហគ្រាសជំនួញ។ ឧបមាថា មានអ្នកណាម្នាក់ចង់ខ្ចីប្រាក់ ហើយសន្យាដូចនេះថា៖ «ខ្ញុំធានាថាអ្នកនឹងបានចំណេញប្រាក់។ អ្នកមិនអាចខាតបានឡើយ។ វិនិយោគនេះគឺច្បាស់នឹងបានចំណេញជាមិនខាន»។ ចូរឲ្យប្រយ័ត្ន ចំពោះអ្នកណាដែលធ្វើការធានារ៉ាប់រងបែបនេះ។ គាត់មិននិយាយសមហេតុផលឬស្មោះត្រង់ទេ ព្រោះការធ្វើវិនិយោគគឺមិនមែនជាអ្វីដ៏ប្រាកដប្រជាឡើយ។ តាមការពិត ពួកអ្នកនិយាយប្រសប់ខ្លះ បានបោកបញ្ឆោតសមាជិកនៃក្រុមជំនុំ។ នេះបានរំឭកយើងដល់‹មនុស្សមិនកោតខ្លាចព្រះ› ដែលចូលទៅក្នុងក្រុមជំនុំក្នុងសតវត្សទីមួយ ហើយ‹បានយកព្រះគុណដែលគ្មានសិទ្ធិទទួលនៃព្រះ ធ្វើជាការសោះសាចំពោះមារយាទអាវ៉ាសែ›។ ពួកគេគឺប្រៀបដូចថ្មស្រួចក្នុងទឹក ដែលអាចធ្វើរបួសនិងសម្លាប់ពួកហែលទឹក។ (យូដាស ៤,១២) ត្រូវហើយ បំណងនៃពួកបោកគេគឺខុសគ្នាពីពួកអ្នកក្បត់ជំនឿ តែពួកគេក៏បៀតបៀនលើពួកសមាជិកនៃក្រុមជំនុំដែរ។
៨. តើអ្វីបានកើតឡើងដែលជាប់ទាក់ទងនឹងសហគ្រាសជំនួញ ដែលមើលទៅដូចជាបានចំណេញនោះ?
៨ សូម្បីតែពួកគ្រីស្ទានដែលមានចេតនាល្អ ដែលបានចែកពត៌មានដល់គ្រីស្ទានឯទៀត អំពីសហគ្រាសដែលមើលទៅនឹងបានចំណេញ តែទៅជាឃើញថាខ្លួននិងពួកអ្នកដែលធ្វើតាមខ្លួន បានខាតបាត់បង់ប្រាក់អស់ទៅវិញ។ ជាលទ្ធផល ពួកគ្រីស្ទានមួយចំនួនបានបាត់បង់ឯកសិទ្ធិក្នុងក្រុមជំនុំ។ នៅពេលសហគ្រាសដែលចង់បានមានលឿន បានក្លាយទៅជាគម្រោងការណ៍បោកប្រាស បុគ្គលដែលទទួលប្រាក់ចំណេញ នោះគឺអ្នកបោកគេតែម្ដង ដែលធម្មតាបានរត់គេចខ្លួនទៅបាត់។ តើការវិនិច្ឆ័យជួយបុគ្គលម្នាក់ឲ្យជៀសវាងស្ថានការណ៍បែបនេះដូចម្ដេច?
៩. ហេតុអ្វីក៏ត្រូវការការវិនិច្ឆ័យដើម្បីប៉ាន់តម្លៃការអះអាងអំពីវិនិយោគ?
៩ ការវិនិច្ឆ័យមានន័យថា ការយល់នូវអ្វីដែលពិបាកយល់។ សមត្ថភាពនេះគឺត្រូវការចាំបាច់ ដើម្បីប៉ាន់តម្លៃនៃការអះអាងអំពីវិនិយោគ។ ពួកគ្រីស្ទានទុកចិត្តគ្នាទៅវិញទៅមក ហើយអ្នកខ្លះប្រហែលជាគិតថា បងប្អូនប្រុសស្រីខាងវិញ្ញាណរបស់គេ នឹងមិនប្រឡូកប្រឡាក់សហគ្រាសដែលអាចមានគ្រោះថ្នាក់ដល់ធនធាននៃអ្នកជឿគ្នីគ្នារបស់គេឡើយ។ ប៉ុន្តែទោះជាអ្នកជំនួញជាគ្រីស្ទានម្នាក់ក៏ដោយ ក៏មិនធានារ៉ាប់រងថាគាត់ប៉ិនប្រសប់ខាងជំនួញឬថាសហគ្រាសរបស់គាត់នឹងបានជោគជ័យឡើយ។
១០. ហេតុអ្វីក៏គ្រីស្ទានខ្លះខ្ចីប្រាក់ជំនួញពីអ្នកជឿគ្នីគ្នា ហើយតើអ្វីដែលអាចកើតឡើងដល់ការធ្វើវិនិយោគបែបនេះ?
១០ ពួកគ្រីស្ទានខ្លះខ្ចីប្រាក់ធ្វើជំនួញពីអ្នកជឿគ្នីគ្នារបស់គេ ពីព្រោះពួកភ្នាក់ងារខ្ចីប្រាក់ជាច្រើននឹងមិនឲ្យខ្ចីទេចំពោះសហគ្រាសដ៏ប្រថុយនោះ។ មនុស្សជាច្រើនត្រូវបានគេបោកឲ្យធ្វើវិនិយោគប្រាក់របស់គេ ថាពួកគេបានទ្រព្យសម្បត្ដិជាច្រើនយ៉ាងលឿន ដោយមិនចាំបាច់ធ្វើការច្រើន ឬមិនទាំងធ្វើការផង។ អ្នកខ្លះចូលចិត្តនឹងវិនិយោគ ពីព្រោះមានសេចក្ដីរំភើបនឹងធ្វើដូចនេះ។ ប៉ុន្តែក្លាយទៅជាខាតបាត់បង់ប្រាក់ដែលគេសន្សំមួយជីវិតរបស់គេទៅវិញ! គ្រីស្ទានម្នាក់បានធ្វើវិនិយោគប្រាក់មួយចំនួនធំ ដោយសង្ឃឹមថានឹងបានចំណេញ២៥ភាគរយក្នុងគ្រាន់តែពីរអាទិត្យប៉ុណ្ណោះ។ គាត់បានខាតបាត់បង់ប្រាក់ទាំងអស់ នៅពេលសហគ្រាសបានរលំ។ ក្នុងសហគ្រាសជំនួញមួយទៀត បុគ្គលដែលពង្រីកអសង្ហាររិមភណ្ឌបានខ្ចីប្រាក់មួយចំនួនធំពីអ្នកដទៃក្នុងក្រុមជំនុំ។ គាត់បានសន្យាថានឹងបានប្រាក់ចំណេញច្រើន តែទៅជារលំខាងជំនួញ ហើយបានខាតបាត់បង់ប្រាក់ខ្ចីនោះអស់រលីង។
នៅពេលដែលសហគ្រាសជំនួញរលំ
១១. តើឱវាទអ្វីដែលប៉ុលឲ្យចំពោះសេចក្ដីលោភនិងការស្រឡាញ់ប្រាក់?
១១ ការរលំជំនួញបាននាំឲ្យមានការតូចចិត្ត ព្រមទាំងឲ្យបាត់បង់ភាពវិញ្ញាណនៃពួកគ្រីស្ទានខ្លះ ដែលបានប្រឡូកប្រឡាក់នឹងសហគ្រាសមិនត្រឹមត្រូវបែបនេះ។ ដោយសារមិនអើពើនឹងការវិនិច្ឆ័យឲ្យការពារពួកគេ នោះក៏មានការឈឺចាប់ក្នុងចិត្តនិងការតូចចិត្តយ៉ាងខ្លាំង។ សេចក្ដីលោភបានល្បួងមនុស្សជាច្រើន។ ប៉ុលបានសរសេរថា៖ «សេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ»។ (អេភេសូរ ៥:៣) ហើយគាត់បានព្រមានថា៖ «ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។—ធីម៉ូថេទី១ ៦:៩, ១០
១២. បើគ្រីស្ទានធ្វើជំនួញជាមួយគ្នា តើពួកគេត្រូវតែចាំអ្វីជាពិសេស?
១២ បើគ្រីស្ទានម្នាក់ទៅជាស្រឡាញ់ប្រាក់ គាត់នឹងធ្វើឲ្យខ្លួនមានគ្រោះថ្នាក់ខាងវិញ្ញាណ។ ពួកផារីស៊ីជាអ្នកស្រឡាញ់ប្រាក់ ហើយនេះជាលក្ខណៈនៃមនុស្សជាច្រើនក្នុងថ្ងៃជាន់ក្រោយបង្អស់។ (លូកា ១៦:១៤; ធីម៉ូថេទី២ ៣:១, ២) ផ្ទុយទៅវិញ បែបបទនៃជីវិតគ្រីស្ទានត្រូវតែ‹មិនបណ្ដោយឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ›។ (ហេព្រើរ ១៣:៥) ប្រាកដហើយ ពួកគ្រីស្ទានអាចរកស៊ីធ្វើជំនួញឬចាប់ផ្ដើមធ្វើជំនួញជាមួយគ្នា។ ប៉ុន្តែ បើគេធ្វើដូច្នេះ ការពិគ្រោះនិងការចរចាគ្នាត្រូវតែទុកឲ្យដាច់ឡែកពីក្រុមជំនុំ។ ហើយចូរចាំថា៖ សូម្បីតែក្នុងចំណោមបងប្អូនខាងវិញ្ញាណ ចូរធ្វើកិច្ចព្រមព្រៀងខាងជំនួញដោយលាយលក្ខណ៍អក្សរជានិច្ច។ អ្វីដ៏មានប្រយោជន៍ចំពោះរឿងនេះ គឺអត្ថបទមួយ«ចូរធ្វើឡើងដោយលាយលក្ខណ៍អក្សរ»! ដែលបានបោះពុម្ពក្នុងទស្សនាវដ្ដី ភ្ញាក់រឭក! នៃថ្ងៃ ៨ ខែកុម្ភៈ ១៩៨៣ ទំព័រ ១៣ ទៅ ១៥ (ជាភាសាអង់គ្លេស)
១៣. តើអ្នកនឹងអនុវត្តសុភាសិត ២២:៧ យ៉ាងណា ចំពោះសហគ្រាសជំនួញ?
១៣ សុភាសិត ២២:៧ ចែងប្រាប់យើងថា៖ «អ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ»។ ធម្មតាគឺមិនមែនជាប្រាជ្ញាទេចំពោះយើង ក្នុងការដាក់ខ្លួនយើងឬបងប្អូនយើងក្នុងឋានៈបាវបំរើបែបនេះ។ នៅពេលដែលអ្នកណាម្នាក់សុំខ្ចីប្រាក់យើង សំរាប់សហគ្រាសជំនួញ គឺប្រហែលជាការល្អបើយើងពិចារណាមើលនូវសមត្ថភាពរបស់គាត់ក្នុងការសងមកវិញ។ តើគាត់ជាបុគ្គលទៀងត្រង់និងទុកចិត្តបានទេ? ប្រាកដហើយ យើងត្រូវតែដឹងថា ការឲ្យខ្ចីប្រាក់បែបនេះអាចនាំឲ្យខាតបាត់បង់ប្រាក់ ពីព្រោះសហគ្រាសជំនួញជាច្រើនត្រូវបានរលំដួល។ គ្រាន់តែមានក្រដាសស៊ីញ៉េកិច្ចសន្យា មិនមានន័យថា យើងនឹងមានសហគ្រាសដ៏ជោគជ័យនោះទេ។ ហើយយ៉ាងប្រាកដណាស់ គឺមិនជាមានប្រាជ្ញាទេចំពោះអ្នកណាម្នាក់ ដែលប្រថុយឲ្យគេខ្ចីប្រាក់ច្រើនក្នុងសហគ្រាសណាមួយ ដែលគាត់អាចខាតប្រាក់កាន់តែច្រើនថែមទៀត។
១៤. ហេតុអ្វីក៏យើងត្រូវការបង្ហាញការវិនិច្ឆ័យ បើយើងឲ្យអ្នកជឿគ្នីគ្នាខ្ចីប្រាក់ដែលជំនួញរបស់គាត់បានរលំដួលនោះ?
១៤ យើងត្រូវការបង្ហាញការវិនិច្ឆ័យ បើយើងឲ្យគ្រីស្ទានណាម្នាក់ខ្ចីប្រាក់ធ្វើជំនួញ ហើយខាតបាត់បង់ប្រាក់អស់ ទោះឥតមានការប្រព្រឹត្តខុសក៏ដោយ។ បើការរលំខាងជំនួញ មិនមែនជាកំហុសនៃអ្នកជឿគ្នីគ្នារបស់យើង ដែលបានខ្ចីប្រាក់យើងនោះ តើយើងអាចនិយាយថាយើងត្រូវបានខូចខាតដោយគេទេ? ទេ ពីព្រោះយើងបានឲ្យគេខ្ចីប្រាក់ដោយស្ម័គ្រចិត្ត ហើយយើងប្រហែលជាទទួលការប្រាក់លើវិនិយោគនេះផង។ ដូច្នេះគឺគ្មានការប្រព្រឹត្តដ៏ឥតទៀងត្រង់ឡើយ។ ដោយសារគ្មានការប្រព្រឹត្តឥតទៀងត្រង់នោះ យើងគ្មានមូលដ្ឋានត្រឹមត្រូវតាមច្បាប់មកទាស់នឹងអ្នកខ្ចីទេ។ តើនឹងមានប្រយោជន៍យ៉ាងណាទៅ បើប្ដឹងបងប្អូនគ្រីស្ទានដែលមានចិត្តទៀងត្រង់ ដែលបានប្រកាសពីការរលំ ដោយសារសហគ្រាសជំនួញបានរលំដួលទៅនោះ?—កូរិនថូសទី១ ៦:១
១៥. តើអ្វីជាកត្ដាដែលត្រូវយកមកពិចារណា បើមានការរលំជំនួញ?
១៥ ពួកអ្នកដែលបានពិសោធការបរាជ័យក្នុងការធ្វើជំនួញ ជួនកាលស្វែងរកដំណើរធូរស្បើយ ដោយប្រកាសការរលំជំនួញ។ ពួកគ្រីស្ទានមិនគួរធ្វេសប្រហែសពីការជំពាក់គេនោះទេ។ ដូច្នេះ ទោះបីជាបានរួចតាមច្បាប់ពីការជំពាក់ប្រាក់គេក៏ដោយ អ្នកខ្លះមានអារម្មណ៍ថាខ្លួនត្រូវតែសងគេវិញ បើសិនណាអ្នកដែលឲ្យខ្ចីប្រាក់ព្រមទទួល។ ចុះយ៉ាងណាវិញ បើអ្នកខ្ចីប្រាក់បានខាតប្រាក់របស់បងប្អូនគាត់អស់រលីង ហើយក្រោយមករស់នៅដែលបរិបូរទៅដោយគ្រឿងប្រណីតគ្រប់យ៉ាង? ឬចុះយ៉ាងណាវិញ បើអ្នកខ្ចីក្រោយពីការរលំជំនួញ មានប្រាក់គ្រប់គ្រាន់ដើម្បីសងមកវិញ តែឥតអើពើនូវកាតព្វកិច្ចសីលធម៌នេះនៃការសងប្រាក់ដល់បងប្អូនរបស់គាត់? បើដូច្នេះ នេះនឹងមានការសង្ស័យដល់សមត្ថភាពរបស់អ្នកខ្ចី ក្នុងការទទួលភារៈក្នុងក្រុមជំនុំ។—ធីម៉ូថេទី១ ៣:៣, ៨; សូមមើល ប៉មយាម កញ្ញា ១៥ ១៩៩៤ ទំព័រ ៣០-១ (ជាភាសាអង់គ្លេស)
ចុះយ៉ាងណាវិញបើមានការបោកបញ្ឆោត?
១៦. តើអាចចាត់វិធានការយ៉ាងណា បើយើងជាអ្នករងគ្រោះនៃការបោកបញ្ឆោតពីការធ្វើជំនួញ?
១៦ ការវិនិច្ឆ័យនឹងជួយយើងឲ្យដឹងថាប្រាក់ចំណេញ គឺមិនបានមកពីការធ្វើវិនិយោគទាំងអស់ទេ។ ប៉ុន្តែ ចុះយ៉ាងណាវិញបើមានការបោកបញ្ឆោតនោះ? ការបោកបញ្ឆោតគឺ«ការប្រើដោយចេតនានៃការបំភាន់ ការបន្លំ ឬកែប្រែនៃការពិត ដោយអន្ទោកអន្ទោងអ្នកដទៃឲ្យលះបង់អ្វីៗដែលមានតម្លៃ ឬលះបង់សិទ្ធិពេញច្បាប់»។ ព្រះយេស៊ូគ្រីស្ទបានរៀបរាប់នូវជំហានដែលអាចធ្វើ នៅពេលបុគ្គលម្នាក់គិតថា គាត់ត្រូវបានគេបោកបញ្ឆោតដោយអ្នកជឿគ្នីគ្នា។ យោងទៅតាមម៉ាថាយ ១៨:១៥-១៧ ព្រះយេស៊ូមានបន្ទូលថា៖ «បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្ដាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្ដាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្ដាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ»។ រឿងប្រៀបប្រដូចដែលព្រះយេស៊ូប្រទានក្រោយមក បង្ហាញថាទ្រង់សំដៅចំពោះអំពើបាបដែលទាក់ទងនឹងរឿងរ៉ាវប្រាក់ រួមបញ្ចូលនិងការបោកបញ្ឆោតដែរ។—ម៉ាថាយ ១៨:២៣-៣៥
១៧, ១៨. បើអ្នកអះអាងថាជាគ្រីស្ទានម្នាក់បោកបញ្ឆោតយើង តើការវិនិច្ឆ័យនឹងការពារយើងដូចម្ដេច?
១៧ ប្រាកដហើយ គឺនឹងឥតមានមូលដ្ឋានពីព្រះគម្ពីរទេ ក្នុងការចាត់វិធានការដែលបានរៀបរាប់ក្នុងម៉ាថាយ ១៨:១៥-១៧ បើឥតមានទីសំអាងឬការបោកបញ្ឆោតផងនោះ។ ប៉ុន្តែ ចុះយ៉ាងណាវិញបើគ្រីស្ទានណាម្នាក់បោកបញ្ឆោតយើង? ការវិនិច្ឆ័យនឹងជួយយើងពីការចាត់វិធានការ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់កេរ្ដិ៍ឈ្មោះនៃក្រុមជំនុំ។ ប៉ុលដាស់តឿនគ្រីស្ទានគ្នីគ្នាឲ្យចាត់ទុកថាខ្លួនជាអ្នកខុសវិញ ហើយឲ្យចាញ់បោកបញ្ឆោតគេ ជាជាងប្ដឹងបងប្អូនម្នាក់ទៅតុលាការ។—កូរិនថូសទី១ ៦:៧
១៨ បងប្អូនប្រុសស្រីរបស់យើងគឺមិន‹ពេញដោយកិច្ចកលនិងសេចក្ដីល្បិចគ្រប់យ៉ាង›ដូចគ្រូអាបធ្មប់ឡើយ។ (កិច្ចការ ១៣:៦-១២) ដូច្នេះសូមឲ្យយើងប្រើការវិនិច្ឆ័យ នៅពេលមានការខាតប្រាក់ក្នុងសហគ្រាសជំនួញ ដែលជាប់ទាក់ទងនឹងបងប្អូនគ្នីគ្នារបស់យើង។ បើយើងគិតចង់ប្ដឹង យើងគួរតែគិតអំពីឥទ្ធិពលមកលើយើងផ្ទាល់ លើអ្នកដទៃ លើក្រុមជំនុំនិងពួកអ្នកមិនជឿព្រះ។ ការប្ដឹងទាមទារយកប្រាក់ជម្ងឺចិត្តអាចចំណាយពេលវេលា កម្លាំង និងធនធានយើងច្រើន។ ជាលទ្ធផលនេះគ្រាន់តែធ្វើឲ្យពួកមេធាវីនិងពួកវិជ្ជាជីវៈឯទៀតកាន់តែមានទ្រព្យច្រើនឡើងប៉ុណ្ណោះ។ គួរឲ្យសោកស្ដាយដែរ ពួកគ្រីស្ទានខ្លះបានបោះបង់ចោលឯកសិទ្ធិខាងព្រះ ពីព្រោះពួកគេឈ្លក់នឹងរឿងទាំងនេះ។ សាតាំងច្បាស់ជាសប្បាយចិត្តណាស់ ដោយសារយើងប្រព្រឹត្តបែបនេះ។ ប៉ុន្តែយើងចង់ធ្វើឲ្យព្រះយេហូវ៉ាសប្បាយព្រះហឫទ័យ។ (សុភាសិត ២៧:១១) ម្យ៉ាងវិញទៀត ការសុខចិត្តខាត ប្រហែលអាចជួយយើងឲ្យជៀសវាងការឈឺចាប់ក្នុងចិត្ត ហើយនិងមិនខាតពេលដល់យើងឬដល់ពួកចាស់ទុំឡើយ។ នេះនឹងជួយការពារសន្ដិភាពនៃក្រុមជំនុំ ហើយនិងជួយការពារយើងឲ្យស្វែងរកព្រះរាជាណាចក្រទុកជាទីមួយ។
ការវិនិច្ឆ័យនិងការសម្រេចចិត្ត
១៩. តើការវិនិច្ឆ័យខាងវិញ្ញាណនិងការអធិស្ឋានអាចជួយយើងយ៉ាងណា ក្នុងការធ្វើការសម្រេចចិត្តដ៏ពិបាក?
១៩ ការសម្រេចចិត្តចំពោះរឿងលុយកាក់និងជំនួញអាចធ្វើឲ្យតានតឹងចិត្តណាស់។ ប៉ុន្តែការវិនិច្ឆ័យខាងវិញ្ញាណនឹងជួយយើងថ្លឹងថ្លែងកត្ដាផ្សេងៗ ហើយឲ្យធ្វើការសម្រេចចិត្តដោយប្រាជ្ញា។ ម្យ៉ាងទៀត ការទុកចិត្តដោយអធិស្ឋានទៅព្រះយេហូវ៉ានឹងនាំឲ្យយើងមាន«សេចក្ដីសុខសាន្តរបស់ព្រះ»។ (ភីលីព ៤:៦, ៧) នេះជាសេចក្ដីស្ងប់ស្ងាត់ដែលមានមកពីទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ាផ្ទាល់។ យ៉ាងប្រាកដហើយ សេចក្ដីសុខសាន្តបែបនេះ នឹងអាចជួយយើងឲ្យរក្សាការថ្លឹងថ្លែងរបស់យើង នៅពេលដែលយើងប្រឈមមុខនឹងការធ្វើសេចក្ដីសម្រេចចិត្តដ៏ពិបាក។
២០. តើយើងត្រូវប្ដេជ្ញាចិត្តធ្វើអ្វី ចំពោះរឿងជំនួញនិងក្រុមជំនុំនោះ?
២០ ចូរឲ្យយើងប្ដេជ្ញាចិត្តកុំឲ្យការជំទាស់គ្នាខាងជំនួញមករំខានដល់សេចក្ដីសុខសាន្តរបស់យើង ឬដល់ក្រុមជំនុំឡើយ។ យើងត្រូវចងចាំថា ក្រុមជំនុំគ្រីស្ទានមានមុខនាទីដើម្បីជួយយើងខាងវិញ្ញាណ មិនមែនជាមណ្ឌលសំរាប់ធ្វើជំនួញទេ។ រឿងខាងជំនួញត្រូវទុកឲ្យដាច់ឡែកពីសកម្មភាពខាងក្រុមជំនុំ។ យើងត្រូវការប្រើការវិនិច្ឆ័យនិងការប្រុងប្រយ័ត្ន នៅពេលចាប់ផ្ដើមធ្វើជំនួញសហគ្រាស។ ហើយសូមឲ្យយើងរក្សាការថ្លឹងថ្លែងជានិច្ចអំពីរឿងនេះ ដោយស្វែងរកផលប្រយោជន៍ព្រះរាជាណាចក្រជាទីមួយ។ បើសហគ្រាសជំនួញនៃអ្នកថ្វាយបង្គំដូចគ្នាបានរលំ សូមឲ្យយើងខំគិតដល់ផលប្រយោជន៍នៃបុគ្គលទាំងឡាយ ដែលជាប់ក្នុងរឿងនេះ។
២១. តើដូចម្ដេចដែលយើងអាចប្រើការវិនិច្ឆ័យហើយប្រព្រឹត្តឲ្យស្របតាមភីលីព ១:៩-១១?
២១ ជាជាងខ្វល់ហួសហេតុពេកអំពីរឿងលុយកាក់ និងអ្វីៗដែលមិនសូវសំខាន់នោះ សូមឲ្យយើងមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ អធិស្ឋានសុំការដឹកនាំពីព្រះ ហើយស្វែងរកព្រះរាជាណាចក្រជាទីមួយ។ ក្នុងការស្របតាមការអធិស្ឋានរបស់ប៉ុល ‹សូមឲ្យសេចក្ដីស្រឡាញ់របស់យើងបានចំរើនកាន់តែច្រើនឡើង ដោយចំណេះត្រឹមត្រូវនិងការវិនិច្ឆ័យគ្រប់ជំពូក ប្រយោជន៍ឲ្យយើងរាល់គ្នាស្គាល់អស់ទាំងសេចក្ដីសំខាន់ ហើយឥតធ្វើអ្នកណាអាក់អន់ចិត្តនឹងខ្លួនយើងឡើយ។ ឥឡូវនេះ ដែលព្រះគ្រីស្ទជាស្តេចនៅលើស្ថានសួគ៌ហើយនោះ សូមឲ្យយើងបង្ហាញការវិនិច្ឆ័យខាងវិញ្ញាណគ្រប់ជំពូកក្នុងជីវិតរបស់យើង។ ហើយ‹សូមឲ្យយើងពេញទៅដោយផលសុចរិត ដោយសារព្រះយេស៊ូគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្ដីសរសើរដល់ព្រះផង› គឺព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ា។—ភីលីព ១:៩-១១
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្វីជាការវិនិច្ឆ័យ?
◻ ហេតុអ្វីក៏ចាំបាច់បង្ហាញការវិនិច្ឆ័យចំពោះការរកស៊ីធ្វើជំនួញក្នុងចំណោមគ្រីស្ទាន?
◻ តើតាមរបៀបណាដែលការវិនិច្ឆ័យជួយយើង បើយើងគិតថាអ្នកជឿគ្នីគ្នាបានបោកបញ្ឆោតយើង?
◻ តើការវិនិច្ឆ័យមានមុខនាទីអ្វីក្នុងការធ្វើការសម្រេចចិត្ត?
[រូបភាពនៅទំព័រ២៧]
ការវិនិច្ឆ័យនឹងជួយយើងឲ្យធ្វើតាមឱវាទរបស់ព្រះយេស៊ូ ក្នុងការស្វែងរកព្រះរាជាណាចក្រជាទីមួយ
[រូបភាពនៅទំព័រ២៩]
ចូរធ្វើកិច្ចព្រមព្រៀងខាងជំនួញដោយលាយលក្ខណ៍អក្សរជានិច្ច