ប្ដីទាំងឡាយ ចូរមានសេចក្ដីស្រឡាញ់ដូចគ្រិស្ត!
នៅរាត្រីចុងក្រោយបំផុតនៃជីវិតរបស់លោកយេស៊ូនៅផែនដី លោកបានប្រាប់ពួកសាវ័កដែលស្មោះត្រង់ថា៖ «ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយដល់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូន. ១៣:៣៤, ៣៥) ប្រាកដហើយ ពួកគ្រិស្តសាសនិកពិត ត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
ដោយនិយាយទៅកាន់ប្ដីទាំងឡាយក្នុងចំណោមពួកអ្នកកាន់តាមគ្រិស្ត សាវ័កប៉ូលបានសរសេរថា៖ «ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ»។ (អេភ. ៥:២៥) ដូច្នេះ ក្នុងអាពាហ៍ពិពាហ៍ តើប្ដីដែលជាគ្រិស្តសាសនិកអាចអនុវត្តតាមការដាស់តឿននេះដែលមកពីគម្ពីរយ៉ាងដូចម្ដេច ជាពិសេសពេលប្រពន្ធរបស់គាត់ជាអ្នកបម្រើព្រះយេហូវ៉ាដែរ?
គ្រិស្តបានស្រឡាញ់ថ្នាក់ថ្នមក្រុមជំនុំ
គម្ពីរចែងថា៖ «ប្ដីត្រូវស្រឡាញ់ប្រពន្ធដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង ព្រោះគ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ តែគេតែងចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម ដូចគ្រិស្តប្រព្រឹត្តនឹងក្រុមជំនុំ»។ (អេភ. ៥:២៨, ២៩) លោកយេស៊ូមានមនោសញ្ចេតនាចំពោះអ្នកកាន់តាមលោក ហើយចាត់ទុកពួកគាត់ថាមានតម្លៃ។ លោកបានស្រឡាញ់ថ្នាក់ថ្នមពួកគាត់។ ថ្វីបើពួកគាត់ជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ លោកស្លូតហើយសប្បុរសចំពោះពួកគាត់។ ដោយចង់«នាំក្រុមជំនុំមកនៅចំពោះមុខលោក ដោយមានភាពរុងរឿង» លោកបានផ្ដោតអារម្មណ៍ទៅលើចំណុចល្អៗរបស់ពួកអ្នកកាន់តាមលោក។—អេភ. ៥:២៧
ដូចគ្រិស្តបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះក្រុមជំនុំ ប្ដីត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះប្រពន្ធតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត។ ប្ដីដែលបង្ហាញសេចក្ដីស្រឡាញ់យ៉ាងទៀងទាត់ចំពោះប្រពន្ធ នោះធ្វើឲ្យនាងសប្បាយចិត្ត ថែមទាំងមានអារម្មណ៍ថាប្ដីស្រឡាញ់ថ្នាក់ថ្នមនាង។ ផ្ទុយទៅវិញ ស្ត្រីដែលមានអ្វីគ្រប់បែបយ៉ាងក្នុងផ្ទះដ៏សែនស្អាត ប្រហែលជាមិនមានសុភមង្គលទេ បើប្ដីនាងមិនយកចិត្តទុកដាក់ឬមិនអើពើនឹងនាង។
តើប្ដីបង្ហាញយ៉ាងដូចម្ដេចថាគាត់ស្រឡាញ់ថ្នាក់ថ្នមប្រពន្ធរបស់គាត់? នៅមុខគេ គាត់ណែនាំតាមរបៀបដ៏ថ្លៃថ្នូរឲ្យអ្នកឯទៀតស្គាល់នាង ហើយសរសើរនាងដោយឥតលាក់លៀមចំពោះអ្វីៗដែលនាងបានធ្វើដើម្បីគាំទ្រគាត់។ បើប្រពន្ធគាត់បានជួយសម្រេចអ្វីមួយដ៏សំខាន់សម្រាប់គ្រួសារ នោះគាត់មានមោទនភាពនិយាយប្រាប់អ្នកឯទៀត។ ពេលនៅតែពីរនាក់ នាងដឹងថាប្ដីស្រឡាញ់នាង។ ការពាល់ ញញឹម ឱប និងពាក្យសរសើរប្រហែលជាអ្វីដែលតូចតាច ប៉ុន្តែអ្វីទាំងនោះមានឥទ្ធិពលខ្លាំងណាស់ទៅលើចិត្តរបស់ស្ត្រី។
គ្រិស្ត«ហៅពួកគាត់ថា‹បងប្អូន›ដោយមិនអៀនខ្មាស»
គ្រិស្តយេស៊ូបាន«ហៅពួកគាត់[ឬអ្នកកាន់តាមលោកដែលបានត្រូវរើសតាំង]ថា‹បងប្អូន›ដោយមិនអៀនខ្មាស»។ (ហេ. ២:១១, ១២, ១៧) បើអ្នកជាប្ដីដែលជាគ្រិស្តសាសនិក សូមកុំភ្លេចថា ប្រពន្ធរបស់អ្នកក៏ជាបងប្អូនរួមជំនឿរបស់អ្នកដែរ។ ការដែលនាងប្រគល់ខ្លួនជូនព្រះយេហូវ៉ា នេះគឺសំខាន់ជាងសម្បថអាពាហ៍ពិពាហ៍ ទោះបីនាងបានទទួលការជ្រមុជទឹកមុនឬក្រោយនាងរៀបការជាមួយអ្នកក៏ដោយ។ នៅឯកិច្ចប្រជុំ ពេលប្រពន្ធរបស់អ្នកលើកដៃឆ្លើយ នោះបងប្រុសដែលដឹកនាំកិច្ចប្រជុំហៅប្រពន្ធរបស់អ្នកយ៉ាងត្រឹមត្រូវថា«បងស្រី»ឬ«ប្អូនស្រី»។ នាងក៏ជាបងប្អូនរួមជំនឿរបស់អ្នកដែរ មិនគ្រាន់តែនៅឯសាលប្រជុំប៉ុណ្ណោះទេ តែក៏នៅផ្ទះដែរ។ គឺសំខាន់ឲ្យអ្នកប្រព្រឹត្តទៅលើនាងដោយសប្បុរសនិងដោយគួរសមនៅផ្ទះ ក៏ដូចនៅសាលប្រជុំដែរ។
ប្រសិនបើអ្នកមានភារកិច្ចច្រើនក្នុងក្រុមជំនុំ នោះជួនកាលអ្នកប្រហែលជាពិបាកបំពេញភារកិច្ចក្នុងក្រុមជំនុំនិងភារកិច្ចចំពោះគ្រួសារដោយមានតុល្យភាព។ បើពួកអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើសហការគ្នាយ៉ាងល្អ ហើយបង្រៀនអ្នកឯទៀតឲ្យជួយបំពេញភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ នោះអាចជួយអ្នកឲ្យមានពេលច្រើនជាងជាមួយប្អូនស្រីរួមជំនឿដែលត្រូវការអ្នកខ្លាំងជាងគេ ពោលគឺប្រពន្ធរបស់អ្នក។ សូមចាំថា បងប្រុសផ្សេងក្នុងក្រុមជំនុំពិតជាអាចបំពេញភារកិច្ចរបស់អ្នកបាន ប៉ុន្តែមានតែអ្នកប៉ុណ្ណោះដែលជាប្ដីរបស់នាង។
ម្យ៉ាងទៀត អ្នកជាប្រមុខរបស់ប្រពន្ធអ្នក។ គម្ពីរចែងថា៖ «ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត ឯប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស»។ (១កូ. ១១:៣) តើអ្នកគួរនាំមុខយ៉ាងដូចម្ដេច? គឺតាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់ មិនមែនលើកខគម្ពីរខាងលើនេះម្ដងហើយម្ដងទៀត ហើយទាមទារឲ្យនាងគោរពអ្នកទេ។ កត្ដាសំខាន់ដែលជួយអ្នកឲ្យនាំមុខយ៉ាងត្រឹមត្រូវគឺ ការយកតម្រាប់តាមលោកយេស៊ូគ្រិស្តស្តីអំពីរបៀបដែលអ្នកប្រព្រឹត្តទៅលើប្រពន្ធរបស់អ្នក។—១ពេ. ២:២១
«អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ»
លោកយេស៊ូបានហៅពួកអ្នកកាន់តាមលោកថាមិត្តសម្លាញ់។ លោកបានប្រាប់ពួកគាត់ថា៖ «ខ្ញុំមិនហៅអ្នករាល់គ្នាថាខ្ញុំបម្រើទៀតឡើយ ពីព្រោះខ្ញុំបម្រើមិនដឹងថាម្ចាស់របស់ខ្លួនធ្វើអ្វីទេ។ ប៉ុន្តែខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ពីព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតារបស់ខ្ញុំ ខ្ញុំបានប្រាប់អ្នករាល់គ្នា»។ (យ៉ូន. ១៥:១៤, ១៥) លោកយេស៊ូនិងពួកអ្នកកាន់តាមលោកមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។ លោកនិងពួកគាត់ក៏បានទៅណាមកណាជាមួយគ្នាដែរ។ នៅភូមិកាណា «លោកយេស៊ូនិងពួកអ្នកកាន់តាមលោក»បានត្រូវអញ្ជើញឲ្យចូលរួមពិធីអបអរអាពាហ៍ពិពាហ៍។ (យ៉ូន. ២:២) មានកន្លែងដែលលោកនិងពួកគាត់ចូលចិត្តទៅ ដូចជាសួនហ្គេតសេម៉ានី។ គម្ពីរចែងថា៖ «លោកយេស៊ូធ្លាប់ជួបជាមួយនឹងពួកអ្នកកាន់តាមលោកនៅទីនោះជាច្រើនដង»។—យ៉ូន. ១៨:២
ប្រពន្ធពិតជាត្រូវការមានអារម្មណ៍ថា នាងជាមិត្តជិតស្និទ្ធបំផុតរបស់ប្ដីនាង។ ម្ល៉ោះហើយ គឺសំខាន់ចាំបាច់ឲ្យប្ដីនិងប្រពន្ធទាំងឡាយធ្វើអ្វីៗដ៏សប្បាយជាមួយគ្នា! ចូរបម្រើព្រះជាមួយគ្នា។ ចូរមានចិត្តរីករាយសិក្សាគម្ពីរជាមួយគ្នា។ ចូរចំណាយពេលជាមួយគ្នា ពោលគឺដើរ និយាយ និងបរិភោគជាមួយគ្នា។ កុំគ្រាន់តែធ្វើជាប្ដីប្រពន្ធប៉ុណ្ណោះ តែធ្វើជាមិត្តជិតស្និទ្ធដែរ។
លោក«ស្រឡាញ់ពួកគាត់រហូតដល់ទីបំផុត»
លោកយេស៊ូ‹ស្រឡាញ់ពួកអ្នកកាន់តាមលោករហូតដល់ទីបំផុត›។ (យ៉ូន. ១៣:១) ប្ដីខ្លះមិនបានធ្វើតាមលោកយេស៊ូក្នុងរឿងនេះទេ។ ពួកគេប្រហែលជាបានបោះបង់‹ប្រពន្ធដែលពួកគាត់បានគ្នាពីកាលក្រមុំកំឡោះ› ហើយប្រហែលជាយកប្រពន្ធក្មេងជាង។—ម៉ាឡ. ២:១៤, ១៥
ប្ដីខ្លះទៀត ដូចវីលី យកតម្រាប់តាមគ្រិស្ត។ ដោយសារប្រពន្ធរបស់គាត់មានសុខភាពអន់ខ្សោយ នោះវីលីត្រូវថែរក្សាប្រពន្ធគាត់ជាប់ជានិច្ចអស់រយៈពេលច្រើនឆ្នាំ។ តើវីលីមានអារម្មណ៍យ៉ាងណា? គាត់បានពោលថា៖ «ខ្ញុំតែងតែបានចាត់ទុកថាប្រពន្ធរបស់ខ្ញុំជាអំណោយមួយពីព្រះ ហើយខ្ញុំបានឲ្យតម្លៃដល់នាងសមស្របនឹងអ្វីនេះដែរ។ បន្ថែមពីនេះ ខ្ញុំបានសន្យា៦០ឆ្នាំមុនថា ខ្ញុំនឹងថែរក្សានាងនៅគ្រប់គ្រាទាំងអស់។ ខ្ញុំនឹងមិនភ្លេចសេចក្ដីសន្យានោះឡើយ»។
ប្ដីទាំងឡាយដែលជាគ្រិស្តសាសនិក ចូរមានសេចក្ដីស្រឡាញ់ដូចគ្រិស្ត។ ចូរស្រឡាញ់ថ្នាក់ថ្នមប្រពន្ធរបស់អ្នកដែលកោតខ្លាចព្រះ ដែលជាបងប្អូនរួមជំនឿ និងជាមិត្តសម្លាញ់របស់អ្នក។
[រូបភាពនៅទំព័រ១២]
តើប្រពន្ធរបស់អ្នកជាមិត្តជិតស្និទ្ធបំផុតរបស់អ្នកឬទេ?
[រូបភាពនៅទំព័រ១២]
‹ចូរស្រឡាញ់ប្រពន្ធអ្នកជាដរាប›