«ចៅក្រមនៃផែនដីទាំងមូល» តែងតែធ្វើអ្វីដែលត្រឹមត្រូវ
«ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្ដិធម៌»។—ចោទិយកថា ៣២:៤
១. តើអាប្រាហាំបានបង្ហាញថាគាត់ទុកចិត្តលើភាពយុត្ដិធម៌របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
«ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្ដិធម៌ទេឬអី?»។ (លោកុប្បត្តិ ១៨:២៥) អាប្រាហាំដែលជាបុរសដ៏ស្មោះត្រង់ម្នាក់មិនបានសួរសំណួរនេះដោយសារគាត់មានការសង្ស័យនោះទេ។ ផ្ទុយទៅវិញ សំណួររបស់គាត់បង្ហាញថាគាត់មានទំនុកចិត្តថាព្រះយេហូវ៉ានឹងវិនិច្ឆ័យក្រុងសូដុមនិងក្រុងកូម៉ូរ៉ាដោយយុត្ដិធម៌ដ៏ល្អឥតខ្ចោះ។ គាត់ជឿជាក់ថាព្រះយេហូវ៉ានឹងមិន«សំឡាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ»។ ចំពោះអាប្រាហាំ នោះជាអ្វីដែល«មិនគួរគប្បី» ឬជាអ្វីដែលមិនអាចទៅរួចឡើយ។ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីខ្លួនលោកថា៖ «ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។—ចោទិយកថា ៣១:១៩; ៣២:៤
២. ហេតុអ្វីព្រះយេហូវ៉ាមិនអាចប្រព្រឹត្តដោយអយុត្ដិធម៌?
២ ហេតុអ្វីអាប្រាហាំមានទំនុកចិត្តថាព្រះយេហូវ៉ាតែងតែធ្វើអ្វីដែលត្រឹមត្រូវ? ដោយសារព្រះយេហូវ៉ាគឺជាគំរូដ៏ល្អបំផុតស្តីអំពីការបង្ហាញសេចក្ដីសុចរិតនិងយុត្ដិធម៌។ តាមពិត ក្នុងបទគម្ពីរភាសាហេប្រឺ ពាក្យ«សុចរិត»និងពាក្យ«យុត្ដិធម៌»ច្រើនតែបានត្រូវប្រើជាមួយគ្នា ដោយសារពាក្យទាំងនេះមានអត្ថន័យស្រដៀងគ្នា។ ដោយសារខ្នាតតម្រារបស់ព្រះយេហូវ៉ាតែងតែត្រឹមត្រូវ លោកនឹងតែងតែវិនិច្ឆ័យយ៉ាងត្រឹមត្រូវដែរ។ គម្ពីរចែងថា៖ «ទ្រង់ស្រឡាញ់សេចក្ដីសុចរិតនឹងសេចក្ដីយុត្ដិធម៌»។—ទំនុកតម្កើង ៣៣:៥
៣. សូមលើកឧទាហរណ៍មួយអំពីអំពើអយុត្ដិធម៌ដែលមានក្នុងពិភពលោកសព្វថ្ងៃនេះ។
៣ ការដឹងថាព្រះយេហូវ៉ាតែងតែប្រព្រឹត្តដោយយុត្ដិធម៌ជួយសម្រាលទុក្ខយើងមែន។ ប៉ុន្តែ ពិភពលោកសព្វថ្ងៃនេះគឺពេញទៅដោយអំពើអយុត្ដិធម៌។ ជាឧទាហរណ៍ មនុស្សខ្លះបានជាប់ទោស ហើយត្រូវគេដាក់គុកសម្រាប់បទឧក្រិដ្ឋដែលពួកគេមិនបានធ្វើទេ។ តែដោយសារការរីកចម្រើនខាងបច្ចេកវិទ្យា គេបានរកឃើញភ័ស្តុតាងដែលបញ្ជាក់ថាអ្នកខ្លះគ្មានទោស ប៉ុន្តែនេះគឺក្រោយពីបុគ្គលនោះបានជាប់គុកអស់ជាច្រើនឆ្នាំមកហើយ។ អំពើអយុត្ដិធម៌បែបនេះនាំឲ្យមានការធុញទ្រាន់និងកំហឹង។ ប៉ុន្តែ មានអំពើអយុត្ដិធម៌មួយទៀតដែលប្រហែលជាពិបាកស៊ូទ្រាំជាងនេះទៅទៀត។ តើនោះជាអ្វី?
អំពើអយុត្ដិធម៌ក្នុងក្រុមជំនុំ
៤. តើជំនឿរបស់គ្រិស្តសាសនិកប្រហែលជានឹងត្រូវសាកល្បងយ៉ាងដូចម្ដេច?
៤ គ្រិស្តសាសនិកដឹងថាពួកគេនឹងត្រូវរងអំពើអយុត្ដិធម៌ខ្លះពីខាងក្រៅក្រុមជំនុំគ្រិស្តសាសនិក។ ប៉ុន្តែ ជំនឿរបស់យើងអាចត្រូវសាកល្បង ពេលយើងរងឬឃើញអ្វីមួយដែលមើលទៅអយុត្ដិធម៌ពីខាងក្នុងក្រុមជំនុំ។ បើនេះកើតឡើង តើអ្នកនឹងប្រព្រឹត្តយ៉ាងណា? តើអ្នកនឹងឲ្យរឿងនោះធ្វើឲ្យអ្នកជំពប់ដួលឬទេ?
៥. ហេតុអ្វីយើងមិនគួរភ្ញាក់ផ្អើលបើយើងឃើញឬរងអំពើអយុត្ដិធម៌ក្នុងក្រុមជំនុំ?
៥ យើងទាំងអស់គ្នាមានភាពមិនល្អឥតខ្ចោះ ហើយចេះធ្វើខុស ដូច្នេះប្រហែលជាបងប្អូនណាម្នាក់នឹងប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះយើង ឬយើងនឹងប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះបងប្អូនណាម្នាក់ក្នុងក្រុមជំនុំ។ (យ៉ូហានទី១ ១:៨) ទោះជានេះមិនសូវកើតឡើងក្ដី គ្រិស្តសាសនិកដ៏ស្មោះត្រង់មិនភ្ញាក់ផ្អើលឬជំពប់ដួលទេ ពេលមានអំពើអយុត្ដិធម៌កើតឡើង។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវឱវាទក្នុងគម្ពីរដែលមានប្រយោជន៍ដើម្បីជួយយើងឲ្យរក្សាភាពស្មោះត្រង់ បើយើងរងអំពើអយុត្ដិធម៌ពីបងប្អូនណាម្នាក់។—ទំនុកតម្កើង ៥៥:១២-១៤
៦, ៧. តើបងប្រុសម្នាក់បានរងអំពើអយុត្ដិធម៌អ្វី ហើយតើគុណសម្បត្ដិអ្វីខ្លះបានជួយគាត់?
៦ សូមពិចារណាអំពីបទពិសោធន៍របស់បងប្រុសវីលី ឌីល។ ចាប់ពីឆ្នាំ១៩៣១ បងឌីលបានបម្រើយ៉ាងស្មោះត្រង់នៅបេតអែល នាក្រុងប៊ែន ប្រទេសស៊្វីស។ នៅឆ្នាំ១៩៤៦ គាត់បានចូលសាលាគីលាតជំនាន់ទី៨នៅរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។ មួយរយៈពេលក្រោយពីបញ្ចប់វគ្គសិក្សាសាលានោះ គាត់បានត្រូវចាត់ឲ្យធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលនៅប្រទេសស៊្វីស។ ក្នុងជីវប្រវត្ដិរបស់គាត់ បងឌីលបានរៀបរាប់ថានៅខែឧសភា ឆ្នាំ១៩៤៩ គាត់បានប្រាប់ការិយាល័យសាខាស៊្វីសថាគាត់នឹងរៀបការ។ បងប្រុសៗដែលទទួលខុសត្រូវនៅទីនោះបានប្រាប់គាត់ថាគាត់នឹងត្រូវបាត់បង់ឯកសិទ្ធិទាំងអស់ លើកលែងតែកិច្ចការត្រួសត្រាយ។ បងឌីលបាននិយាយថា៖ «ខ្ញុំមិនបានត្រូវអនុញ្ញាតឲ្យថ្លែងសុន្ទរកថាទេ។ បងប្អូនជាច្រើនលែងសួរសុខទុក្ខខ្ញុំនិងប្រពន្ធខ្ញុំ ធ្វើហាក់ដូចជាយើងជាអ្នកដែលបានត្រូវបណ្ដាច់មិត្តភាព»។
៧ តើបងឌីលបានប្រព្រឹត្តយ៉ាងណា? គាត់បាននិយាយថា៖ «យើងដឹងថាការរៀបអាពាហ៍ពិពាហ៍គឺមិនខុសនឹងគោលការណ៍គម្ពីរទេ ដូច្នេះយើងបានទុកចិត្តទៅលើព្រះយេហូវ៉ា ហើយពឹងផ្អែកលើលោកក្នុងសេចក្ដីអធិដ្ឋាន»។ ទោះជាបងប្អូនខ្លះមិនបានយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអាពាហ៍ពិពាហ៍ក្ដី ក្រោយមកការយល់ដឹងរបស់ពួកគេបានត្រូវកែតម្រូវ ហើយបងឌីលបានទទួលឯកសិទ្ធិឡើងវិញ។ ព្រះយេហូវ៉ាបានឲ្យពរដល់គាត់ដោយសារភក្ដីភាពរបស់គាត់។ សូមឲ្យយើងសួរខ្លួនយើងថា ‹បើខ្ញុំរងអំពើអយុត្ដិធម៌បែបនេះ តើខ្ញុំក៏នឹងរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់ឲ្យដោះស្រាយបញ្ហានោះឬទេ? ឬតើខ្ញុំនឹងពឹងផ្អែកលើខ្លួន ហើយព្យាយាមដោះស្រាយបញ្ហានោះដោយខ្លួនឯងឬទេ?›។—សុភាសិត ១១:២; សូមអាន មីកា ៧:៧
គឺសំខាន់ដែលយើងចាំថាយើងទាំងអស់គ្នាគឺជាមនុស្សមិនល្អឥតខ្ចោះ ហើយយើងប្រហែលជាបានយល់ច្រឡំអំពីស្ថានភាពនោះ
៨. ហេតុអ្វីយើងប្រហែលជានឹងយល់ខុសថាយើងឬអ្នកឯទៀតបានរងអំពើអយុត្ដិធម៌?
៨ បើអ្នកគិតថាមានអំពើអយុត្ដិធម៌ណាមួយក្នុងក្រុមជំនុំរបស់អ្នក សូមចាំថាអ្នកប្រហែលជាបានយល់ខុស។ ហេតុអ្វី? ពីព្រោះយើងទាំងអស់គ្នាគឺជាមនុស្សមិនល្អឥតខ្ចោះ ហើយយើងប្រហែលជាបានយល់ច្រឡំអំពីស្ថានភាពនោះ។ យើងក៏ប្រហែលជាមិនដឹងហេតុការណ៍ពិតទាំងអស់ដែរ។ តែទោះជាយើងយល់ត្រឹមត្រូវឬមិនត្រឹមត្រូវក៏ដោយ យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាអំពីស្ថានភាពនោះ ពឹងផ្អែកលើលោក ហើយរក្សាភក្ដីភាពចំពោះលោក។ នេះនឹងជួយយើងឲ្យមិន«អន់ចិត្តចំពោះព្រះយេហូវ៉ា»។—សូមអាន សុភាសិត ១៩:៣
៩. តើយើងនឹងពិចារណាឧទាហរណ៍អ្វីខ្លះក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់?
៩ សូមឲ្យយើងពិចារណាឧទាហរណ៍បីអំពីរាស្ត្ររបស់ព្រះយេហូវ៉ានៅសម័យគម្ពីរដែលបានរងអំពើអយុត្ដិធម៌។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីយ៉ូសែបដែលជាចៅទួតរបស់អាប្រាហាំនិងបទពិសោធន៍ដែលគាត់មានជាមួយនឹងបងប្រុសៗរបស់គាត់។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើស្តេចអ័ហាប់និងបទពិសោធន៍របស់សាវ័កពេត្រុសនាក្រុងអាន់ទីយ៉ូកនៅស្រុកស៊ីរី។ ពេលយើងពិចារណាអំពីឧទាហរណ៍ទាំងនេះ សូមស្វែងរកវិធីផ្សេងៗដែលអ្នកអាចបន្តផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ានិងរក្សាចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោក ជាពិសេសពេលអ្នកគិតថាអ្នកបានរងអំពើអយុត្ដិធម៌។
យ៉ូសែបបានរងអំពើអយុត្ដិធម៌
១០, ១១. (ក) តើយ៉ូសែបបានរងអំពើអយុត្ដិធម៌អ្វីខ្លះ? (ខ) ពេលយ៉ូសែបនៅក្នុងគុក តើគាត់មានឱកាសអ្វី?
១០ យ៉ូសែបជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ហើយជាអ្នកដែលបានរងអំពើអយុត្ដិធម៌ពីអ្នកដទៃ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគាត់ឈឺចិត្តខ្លាំងបំផុតគឺពេលគាត់រងអំពើអយុត្ដិធម៌ពីបងប្រុសៗបង្កើតរបស់គាត់។ ពេលយ៉ូសែបមានអាយុ១៧ឆ្នាំ បងប្រុសៗរបស់គាត់បានចាប់គាត់លក់ឲ្យធ្វើជាខ្ញុំបម្រើ រួចគាត់បានត្រូវគេយកទៅស្រុកអេស៊ីប។ (លោកុប្បត្តិ ៣៧:២៣-២៨; ៤២:២១) ក្រោយមក នៅប្រទេសនោះ យ៉ូសែបបានត្រូវគេចោទប្រកាន់មិនពិតពីបទប៉ុនប៉ងចាប់រំលោភ ហើយគាត់បានត្រូវចាប់ដាក់គុកដោយគ្មានការវិនិច្ឆ័យក្ដី។ (លោកុប្បត្តិ ៣៩:១៧-២០) យ៉ូសែបបានរងទុក្ខអស់រយៈពេលប្រហែលជា១៣ឆ្នាំដោយធ្វើជាខ្ញុំបម្រើនិងជាអ្នកទោស។ បើយើងរងអំពើអយុត្ដិធម៌ពីបងប្អូនរួមជំនឿ តើយើងអាចទាញយកមេរៀនអ្វីពីបទពិសោធន៍របស់យ៉ូសែប?
១១ ពេលយ៉ូសែបនៅក្នុងគុក អ្នកជូនពែងឲ្យស្តេចក៏បានត្រូវដាក់គុកដែរ។ នៅយប់មួយ អ្នកជូនពែងនោះបានយល់សប្ដិ ហើយព្រះយេហូវ៉ាបានប្រើយ៉ូសែបឲ្យបកស្រាយអត្ថន័យនៃសុបិននោះ។ យ៉ូសែបបានពន្យល់ថាអ្នកជូនពែងនោះនឹងត្រូវដោះលែងពីគុក ហើយនឹងបម្រើផារ៉ូម្ដងទៀត។ យ៉ូសែបបានប្រើឱកាសនោះដើម្បីពន្យល់បុរសនោះអំពីស្ថានភាពរបស់គាត់។ យើងអាចរៀនច្រើនពីអ្វីដែលយ៉ូសែបបាននិយាយ ហើយយើងក៏អាចរៀនច្រើនពីអ្វីដែលគាត់មិនបាននិយាយដែរ។—លោកុប្បត្តិ ៤០:៥-១៣
១២, ១៣. (ក) តើយ៉ូសែបបានធ្វើអ្វីដើម្បីដោះស្រាយបញ្ហារបស់គាត់? (ខ) តើយ៉ូសែបមិនបានប្រាប់អ្នកជូនពែងអំពីអ្វី?
១២ សូមអាន លោកុប្បត្តិ ៤០:១៤, ១៥។ យ៉ូសែបបាននិយាយថាគេបាន«លួច»ឬចាប់គាត់ ដូច្នេះគាត់ច្បាស់ជាបានរងអំពើអយុត្ដិធម៌។ យ៉ូសែបក៏បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋដែលគេបានចោទប្រកាន់នោះទេ។ នេះជាមូលហេតុដែលគាត់បានសុំអ្នកជូនពែងឲ្យប្រាប់ផារ៉ូអំពីគាត់។ តើគាត់មានគោលបំណងអ្វី? គាត់បាននិយាយថា៖ «ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះ»។
១៣ តើយ៉ូសែបបានទទួលយកស្ថានភាពរបស់គាត់ដោយមិនព្យាយាមដោះស្រាយបញ្ហានោះឬទេ? មិនមែនទេ! យ៉ូសែបដឹងថាគាត់បានរងអំពើអយុត្ដិធម៌ជាច្រើន។ នេះជាមូលហេតុដែលគាត់បានប្រាប់អ្នកជូនពែងនោះអំពីស្ថានភាពរបស់គាត់ ដោយសង្ឃឹមថាបុរសនោះនឹងជួយគាត់។ ប៉ុន្តែ សូមកត់សម្គាល់ថាបទគម្ពីរមិនបានចែងថាយ៉ូសែបបានប្រាប់អ្នកឯទៀតថាបងប្រុសៗរបស់គាត់ជាអ្នកចាប់គាត់ទេ សូម្បីតែផារ៉ូក្ដី។ តាមពិត ពេលបងប្រុសៗរបស់គាត់បានមកស្រុកអេស៊ីប ពួកគេបានផ្សះផ្សានឹងយ៉ូសែបវិញ។ នោះផារ៉ូបានស្វាគមន៍ពួកគេ ហើយបានអញ្ជើញពួកគេឲ្យរស់នៅស្រុកអេស៊ីប ហើយទទួល‹គ្រប់ទាំងរបស់ល្អនៅស្រុកនោះ›។—លោកុប្បត្តិ ៤៥:១៦-២០
ការនិយាយដើមបងប្អូនរបស់យើងអាចនាំឲ្យបញ្ហាមួយទៅជាធំជាង (សូមមើលវគ្គ១៤)
១៤. បើយើងរងអំពើអយុត្ដិធម៌ក្នុងក្រុមជំនុំ តើអ្វីនឹងជួយយើងឲ្យមិននិយាយអ្វីដែលអាចនាំឲ្យអ្នកឯទៀតឈឺចិត្ត?
១៤ បើយើងគិតថាយើងបានរងអំពើអយុត្ដិធម៌ក្នុងក្រុមជំនុំ យើងត្រូវប្រុងប្រយ័ត្នមិនប្រាប់អ្នកឯទៀតអំពីរឿងនោះ។ ចុះបើបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? យើងច្បាស់ជាគួរប្រាប់ពួកអ្នកចាស់ទុំ ហើយសុំជំនួយពីពួកគាត់។ (លេវីវិន័យ ៥:១) ប៉ុន្តែ ក្នុងករណីជាច្រើនដែលមិនទាក់ទងនឹងអំពើខុសឆ្គងធ្ងន់ធ្ងរ យើងប្រហែលជាអាចទៅរកជានឹងបងប្អូនណាម្នាក់ដោយមិនប្រាប់អ្នកឯទៀត សូម្បីតែអ្នកចាស់ទុំក្ដី។ (សូមអាន ម៉ាថាយ ៥:២៣, ២៤; ១៨:១៥) ក្នុងស្ថានភាពបែបនោះ សូមឲ្យយើងបង្ហាញភក្ដីភាព ហើយធ្វើតាមគោលការណ៍គម្ពីរ។ ជួនកាល យើងប្រហែលជានឹងឃើញថាយើងបានយល់ច្រឡំអំពីស្ថានភាពណាមួយ ហើយឃើញថាយើងមិនបានរងអំពើអយុត្ដិធម៌ណាមួយទេ។ ពេលនោះយើងនឹងសប្បាយចិត្តដែលយើងមិនបានធ្វើឲ្យស្ថានភាពនោះពិបាកជាងដោយនិយាយដើមបងប្អូនណាម្នាក់របស់យើង! សូមចាំថា ទោះជាយើងបានយល់ខុសឬបានយល់ត្រូវក្ដី ការនិយាយអ្វីដែលអាចនាំឲ្យអ្នកឯទៀតឈឺចិត្តនឹងមិនធ្វើឲ្យស្ថានភាពនោះប្រសើរឡើងទេ។ ភក្ដីភាពចំពោះព្រះយេហូវ៉ានិងចំពោះបងប្អូនរបស់យើង នឹងជួយការពារយើងពីការធ្វើខុសបែបនោះ។ អ្នកតែងទំនុកតម្កើងបានចែងថាមាន‹អ្នកដែលដើរដោយទៀងត្រង់›។ អ្នកនោះ«មិនពោលបង្កាច់ដោយអណ្ដាត ឬធ្វើអាក្រក់ដល់មិត្រសំឡាញ់»។—ទំនុកតម្កើង ១៥:២, ៣; យ៉ាកុប ៣:៥
ចូរចាំអំពីចំណងមិត្តភាពដ៏សំខាន់បំផុតដែលអ្នកមាន
១៥. តើចំណងមិត្តភាពរបស់យ៉ូសែបជាមួយនឹងព្រះយេហូវ៉ាបានជួយគាត់យ៉ាងដូចម្ដេច?
១៥ យើងអាចទាញយកមេរៀនដ៏សំខាន់មួយទៀតពីយ៉ូសែប។ ក្នុងអំឡុងពេល១៣ឆ្នាំដែលយ៉ូសែបបានរងអំពើអយុត្ដិធម៌ គាត់បានបង្ហាញថាគាត់មានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងនេះ។ (លោកុប្បត្តិ ៤៥:៥-៨) គាត់មិនដែលបន្ទោសព្រះយេហូវ៉ាចំពោះស្ថានភាពរបស់គាត់ទេ។ យ៉ូសែបច្បាស់ជាមិនបានភ្លេចអំពីអំពើអយុត្ដិធម៌ដែលគាត់បានជួបប្រទះទេ ប៉ុន្តែគាត់មិនបានខឹងឡើយ។ សំខាន់បំផុត គាត់មិនបានឲ្យភាពមិនល្អឥតខ្ចោះនិងអ្វីដែលអ្នកឯទៀតបានធ្វើខុសនាំឲ្យគាត់ឃ្លាតចេញពីព្រះយេហូវ៉ាទេ។ ដោយសារយ៉ូសែបបានបង្ហាញភក្ដីភាព គាត់មានឱកាសឃើញព្រះយេហូវ៉ាដោះស្រាយភាពអយុត្ដិធម៌ដែលគាត់បានជួបប្រទះ ហើយឃើញរបៀបដែលលោកបានផ្ដល់ពរដល់គាត់និងក្រុមគ្រួសាររបស់គាត់។
យ៉ូសែបមិនបានឲ្យភាពមិនល្អឥតខ្ចោះនិងអ្វីដែលអ្នកឯទៀតបានធ្វើខុសនាំឲ្យគាត់ឃ្លាតចេញពីព្រះយេហូវ៉ាទេ
១៦. បើយើងរងអំពើអយុត្ដិធម៌ក្នុងក្រុមជំនុំ ហេតុអ្វីយើងគួរចូលកាន់តែជិតនឹងព្រះយេហូវ៉ា?
១៦ ស្រដៀងគ្នាដែរ យើងត្រូវការពារនិងឲ្យតម្លៃចំពោះចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ យើងមិនគួរឲ្យភាពមិនល្អឥតខ្ចោះរបស់បងប្អូនធ្វើឲ្យយើងឃ្លាតចេញពីព្រះដែលយើងស្រឡាញ់និងគោរពប្រណិប័តន៍នោះទេ។ (រ៉ូម ៨:៣៨, ៣៩) ផ្ទុយទៅវិញ បើយើងរងអំពើអយុត្ដិធម៌ក្នុងក្រុមជំនុំ សូមឲ្យយើងយកតម្រាប់យ៉ូសែប ហើយចូលកាន់តែជិតនឹងព្រះយេហូវ៉ា។ សូមព្យាយាមមានទស្សនៈដូចលោកចំពោះរឿងនោះ។ ក្រោយពីយើងបានធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើដើម្បីដោះស្រាយបញ្ហានោះតាមគោលការណ៍គម្ពីរ យើងត្រូវទុកឲ្យព្រះយេហូវ៉ាដោះស្រាយវិញ។ យើងអាចមានទំនុកចិត្តថាលោកនឹងដោះស្រាយបញ្ហានោះតាមវិធីនិងពេលដែលលោកគិតថាល្អបំផុត។
ចូរទុកចិត្ត«ចៅក្រមនៃផែនដីទាំងមូល»
១៧. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងមានទំនុកចិត្តទៅលើ«ចៅក្រមនៃផែនដីទាំងមូល»?
១៧ ដរាបណាយើងរស់នៅក្នុងពិភពលោកដ៏អាក្រក់នេះ ដរាបនោះយើងប្រាកដជានឹងរងអំពើអយុត្ដិធម៌។ ក្នុងកាលៈទេសៈដ៏កម្រមាន អ្នកឬបុគ្គលដែលអ្នកស្គាល់ប្រហែលជានឹងរងឬឃើញអ្វីមួយដែលមើលទៅដូចជាអយុត្ដិធម៌ក្នុងក្រុមជំនុំ។ ចូរកុំជំពប់ដួលឡើយ។ (ទំនុកតម្កើង ១១៩:១៦៥) ផ្ទុយទៅវិញ ចូររក្សាភក្ដីភាពចំពោះព្រះ អធិដ្ឋានសុំជំនួយពីលោក ហើយពឹងផ្អែកលើលោក។ សូមចាំថា ដោយសារភាពមិនល្អឥតខ្ចោះ អ្នកប្រហែលជាបានយល់ច្រឡំអំពីស្ថានភាពនោះ ហើយអ្នកទំនងជាមិនដឹងហេតុការណ៍ពិតទាំងអស់។ ចូរធ្វើតាមគំរូរបស់យ៉ូសែប ហើយជៀសវាងពីការនិយាយមិនល្អអំពីអ្នកឯទៀតដែលអាចធ្វើឲ្យស្ថានភាពនោះអាក្រក់ជាង។ ម្យ៉ាងទៀត ជាជាងពឹងផ្អែកលើខ្លួនឯង ចូរតាំងចិត្តរក្សាភក្ដីភាព ហើយរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់ឲ្យដោះស្រាយបញ្ហានោះ។ យ៉ាងនេះ ដូចយ៉ូសែប អ្នកនឹងទទួលពរនិងការពេញចិត្តពីព្រះយេហូវ៉ា។ អ្នកអាចប្រាកដថាព្រះយេហូវ៉ាដែលជា«ចៅក្រមនៃផែនដីទាំងមូល»នឹងតែងតែធ្វើអ្វីដែលត្រឹមត្រូវ «ដ្បិតអស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្ដិធម៌»។—លោកុប្បត្តិ ១៨:២៥; ចោទិយកថា ៣២:៤
១៨. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៨ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាឧទាហរណ៍ពីរទៀតអំពីអំពើអយុត្ដិធម៌ក្នុងចំណោមរាស្ត្រព្រះយេហូវ៉ានៅសម័យគម្ពីរ។ ឧទាហរណ៍ទាំងនេះ នឹងជួយយើងឲ្យឃើញរបៀបដែលចិត្តរាបទាបនិងការអភ័យទោសឲ្យអ្នកឯទៀតនឹងជួយយើងឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌។