ជំពូកទី១៥
កសាងគ្រួសារដែលផ្ដល់កិត្ដិយសដល់ព្រះ
១-៣. ហេតុអ្វីក៏មនុស្សខ្លះមិនអាចដោះស្រាយបញ្ហាក្នុងអាពាហ៍ពិពាហ៍និងក្នុងកិច្ចជាមាតាបិតា ប៉ុន្តែ ហេតុអ្វីក៏ព្រះគម្ពីរអាចជួយបាន?
ឧបមាថា អ្នកបម្រុងនឹងសង់ផ្ទះរបស់អ្នក។ អ្នកបានទិញដី ហើយក្នុងការរង់ចាំយ៉ាងរំភើបចិត្ត អ្នកក៏នឹកមមៃឃើញផ្ទះថ្មីមួយក្នុងចិត្តរបស់អ្នក។ ប៉ុន្តែ តើយ៉ាងណាទៅវិញ ប្រសិនបើអ្នកឥតមានប្រដាប់ប្រដា ហើយឥតមានជំនាញក្នុងការសង់ផ្ទះនោះ? នេះច្បាស់ជាធ្វើឲ្យរអាក់រអួលដល់ការប្រឹងប្រែងរបស់អ្នកពុំខាន!
២ គូជាច្រើនចាប់ផ្ដើមការរស់នៅជាប្ដីប្រពន្ធ ដោយនឹកក្នុងចិត្តថានឹងបានគ្រួសារដ៏សប្បាយមួយ។ ប៉ុន្តែ ពួកគេឥតមានឧបករណ៍ ឬជំនាញដែលត្រូវការដើម្បីកសាងគ្រួសារដ៏សប្បាយទេ។ មិនយូរប៉ុន្មានក្រោយពីថ្ងៃរៀបការ នោះក៏មានលំនាំនៃអាកប្បកិរិយាអវិជ្ជមាន។ ការឈ្លោះប្រកែកគ្នាក៏កើតមានឡើងជារៀងរាល់ថ្ងៃ។ ពេលដែលកូនបានកើតមក ពួកគេក៏បានដឹងខ្លួនថាគេខ្វះខាតជំនាញធ្វើជាឪពុកម្ដាយ ដូចដែលគេខ្វះខាតជំនាញធ្វើឲ្យអាពាហ៍ពិពាហ៍បានជោគជ័យដែរ។
៣ ប៉ុន្តែ គួរឲ្យត្រេកអរណាស់ដែលព្រះគម្ពីរអាចជួយដោះស្រាយបាន។ គោលការណ៍ព្រះគម្ពីរ គឺដូចជាឧបករណ៍ ដែលអាចជួយអ្នកឲ្យកសាងគ្រួសារដ៏សប្បាយមួយ។ (សុភាសិត ២៤:៣) ចូរយើងមើលនូវរបៀបដែលការនេះអាចសម្រេចឡើងបាន។
ឧបករណ៍សំរាប់កសាងអាពាហ៍ពិពាហ៍ដ៏សប្បាយ
៤. ហេតុអ្វីក៏បញ្ហានឹងត្រូវកើតឡើងក្នុងអាពាហ៍ពិពាហ៍ ហើយតើមានខ្នាតតម្រាអ្វីដែលបានផ្ដល់មកក្នុងព្រះគម្ពីរ?
៤ ទោះជាប្ដីប្រពន្ធមានទំនងត្រូវគ្នាយ៉ាងណាក៏ដោយ ពួកគេគឺខុសគ្នាក្នុងសមាសភាពខាងចិត្ត ការពិសោធពីកុមារភាព និងជីវប្រវត្ដិគ្រួសារ។ ដូច្នេះ នឹងមានបញ្ហាខ្លះក្រោយពេលរៀបការរួច។ តើបញ្ហាទាំងនេះនឹងត្រូវដោះស្រាយតាមរបៀបណា? មែនហើយ ពេលដែលជាងសង់ផ្ទះ នោះពួកគេនឹងពិនិត្យមើលប្លង់។ ប្លង់នេះជាគោលការណ៍ណែនាំ ដែលគេត្រូវធ្វើតាម។ ព្រះគម្ពីរបានផ្ដល់ខ្នាតតម្រារបស់ព្រះ សំរាប់កសាងគ្រួសារដ៏សប្បាយ។ ឥឡូវ ចូរយើងពិចារណាមើលខ្នាតតម្រាទាំងនេះខ្លះ។
៥. តើតាមរបៀបណាដែលព្រះគម្ពីរបញ្ជាក់នូវសារៈសំខាន់នៃសេចក្ដីស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍?
៥ សេចក្ដីស្មោះត្រង់។ ព្រះយេស៊ូមានបន្ទូលថា៖ «កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។a (ម៉ាថាយ ១៩:៦) សាវ័កប៉ុលបានសរសេរថា៖ «ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។ (ហេព្រើរ ១៣:៤) ដូច្នេះហើយ មនុស្សរៀបការមានកាតព្វកិច្ចចំពោះព្រះយេហូវ៉ា ក្នុងការរក្សាសេចក្ដីស្មោះត្រង់ចំពោះគូរបស់ខ្លួន។—លោកុប្បត្តិ ៣៩:៧-៩
៦. តើតាមរបៀបណាដែលសេចក្ដីស្មោះត្រង់នឹងជួយរក្សាការពារអាពាហ៍ពិពាហ៍?
៦ សេចក្ដីស្មោះត្រង់ផ្ដល់ឲ្យអាពាហ៍ពិពាហ៍នូវសេចក្ដីថ្លៃថ្នូរនិងសន្ដិសុខ។ ប្ដីប្រពន្ធស្មោះត្រង់ដឹងថា ពួកគេនឹងគាំទ្រគ្នាជានិច្ច ទោះជាមានអ្វីកើតឡើងក៏ដោយ។ (សាស្ដា ៤:៩-១២) តើខុសគ្នាយ៉ាងណាទៅហ្ន៎ ចំពោះពួកអ្នកដែលបោះបង់ចោលអាពាហ៍ពិពាហ៍ខ្លួន ពេលឃើញមានបញ្ហាបន្ដិចបន្តួចកើតឡើងភ្លាមនោះ! បុគ្គលបែបនេះ ប្រញាប់សន្និដ្ឋានពេកថាគេ‹បានរើសគូខុសហើយ› ថាគេ‹លែងស្នេហាគ្នាទៀត› ហើយថាមានតែយកគូថ្មីទេ ទើបដោះស្រាយបញ្ហាគេបាន។ ប៉ុន្តែ នេះមិនទុកឱកាសឲ្យប្ដីឬប្រពន្ធចំរើនលូតលាស់ផង។ ផ្ទុយទៅវិញ បុគ្គលមិនស្មោះត្រង់បែបនេះ ប្រហែលផ្ទេរបញ្ហាដដែលនេះទៅគូថ្មីទៀត។ ពេលបុគ្គលណាម្នាក់មានផ្ទះដ៏ស្អាតមួយ ប៉ុន្តែបានដឹងថាដំបូលផ្ទះលិចធ្លុះធ្លាយ នោះគាត់ប្រាកដជានឹងខ្នះខ្នែងជួសជុលវាមិនខាន។ គាត់មិនរើចេញទៅនៅផ្ទះផ្សេងមួយទៀតនោះឡើយ។ គឺស្រដៀងគ្នាដែរ ការផ្លាស់ប្ដូរគូគឺមិនមែនជាផ្លូវដោះស្រាយបញ្ហារវាងប្ដីប្រពន្ធទេ។ ពេលមានបញ្ហាកើតឡើង សូមកុំដោះសាបញ្ចប់អាពាហ៍ពិពាហ៍ ប៉ុន្តែ ត្រូវខំប្រឹងរក្សាការពារអាពាហ៍ពិពាហ៍នោះវិញ។ សេចក្ដីស្មោះត្រង់បែបនេះចាត់ទុកអាពាហ៍ពិពាហ៍ ជាអ្វីមួយដែលមានតម្លៃដែលត្រូវរក្សាការពារ ថែទាំ ហើយថ្នមស្រឡាញ់ជាទីបំផុត។
៧. ហេតុអ្វីក៏ការប្រស្រ័យទាក់ទងគ្នាជាការពិបាកចំពោះប្ដីប្រពន្ធ ប៉ុន្តែ តើការបំពាក់‹បុគ្គលិកលក្ខណៈថ្មី›អាចជួយយ៉ាងដូចម្ដេច?
៧ ការប្រស្រ័យទាក់ទងគ្នា។ សុភាសិតមួយនៃព្រះគម្ពីរចែងថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ»។ (សុភាសិត ១៥:២២) ប៉ុន្តែ ចំពោះប្ដីប្រពន្ធខ្លះ ការប្រស្រ័យទាក់ទងគ្នាជាការពិបាកមួយ។ ហេតុអ្វីក៏ដូច្នេះ? ពីព្រោះមនុស្សមានរបៀបប្រស្រ័យទាក់ទងគ្នាខុសៗពីគ្នា។ នេះជាហេតុការណ៍មួយដែលនាំឲ្យមានការយល់ខុស និងការរសាយចិត្តជាញឹកញយ។ ការអប់រំប្រហែលជាមានមុខនាទីក្នុងរឿងនេះ។ ជាឧទាហរណ៍ អ្នកខ្លះប្រហែលជាបានទទួលការអប់រំក្នុងបរិយាកាស ដែលមានឪពុកម្ដាយតែងឈ្លោះប្រកែកគ្នា។ តែឥឡូវជាប្ដីប្រពន្ធ គេប្រហែលជាមិនប្រសប់និយាយជាមួយគូរបស់គេក្នុងរបៀបដ៏សប្បុរស ដ៏ប្រកបដោយស្រឡាញ់ឡើយ។ ប៉ុន្តែ ផ្ទះសម្បែងរបស់អ្នកមិនគួរលិចលង់ក្នុងសភាពជា‹ផ្ទះមួយពេញដោយសេចក្ដីទាស់ទែងគ្នាទេ›។ (សុភាសិត ១៧:១) ព្រះគម្ពីរបញ្ជាក់អំពីការបំពាក់‹បុគ្គលិកលក្ខណៈថ្មី› ហើយមិនបណ្ដោយឲ្យមានចិត្តជូរចត់ សម្រែកឡូឡា និងពាក្យជេរប្រមាថឡើយ។—អេភេសូរ ៤:២២-២៤, ៣១
៨. តើមានជំនួយអ្វី ពេលដែលអ្នកខ្វែងគំនិតជាមួយគូរបស់អ្នក?
៨ តើអ្នកអាចធ្វើយ៉ាងណា ពេលដែលមានការខ្វែងគំនិតគ្នា? ប្រសិនបើកំហឹងចាប់ផ្ដើមផ្ទុះឡើង ជាការល្អបើអ្នកស្ដាប់តាមឱវាទនៃសុភាសិត ១៧:១៤៖ «ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នា»។ ត្រូវហើយ អ្នកអាចទុកការពិគ្រោះគ្នានៅពេលក្រោយ ពេលដែលអ្នកទាំងពីរបានស្ងប់ចិត្ត។ (សាស្ដា ៣:១, ៧) អ្វីក៏ដោយដែលកើតឡើង សូមខំប្រឹង«ឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ»។ (យ៉ាកុប ១:១៩) គោលដៅរបស់អ្នក គឺចង់រកដោះស្រាយបញ្ហា មិនមែនចង់ឈ្នះការឈ្លោះគ្នាទេ។ (លោកុប្បត្តិ ១៣:៨, ៩) សូមប្រើពាក្យនិងរបៀបនិយាយដែលនឹងធ្វើឲ្យអ្នកនិងគូរបស់អ្នកបានស្ងប់។ (សុភាសិត ១២:១៨; ១៥:១, ៤; ២៩:១១) សំខាន់បំផុត គឺសូមកុំឲ្យស្ថិតនៅក្នុងសភាពខឹងមួម៉ៅ តែសូមស្វែងរកជំនួយដោយប្រស្រ័យទាក់ទងនឹងព្រះ ក្នុងសេចក្ដីអធិស្ឋានដ៏រាបទាបជាមួយគ្នាវិញ។—អេភេសូរ ៤:២៦, ២៧; ៦:១៨
៩. ហេតុអ្វីក៏អាចនិយាយថា ការប្រស្រ័យទាក់ទងគ្នាចាប់ផ្ដើមនៅក្នុងចិត្ត?
៩ សុភាសិតព្រះគម្ពីរថ្លែងថា៖ «ចិត្តរបស់មនុស្សដែលមានប្រាជ្ញា នោះបង្រៀនមាត់របស់ខ្លួន ហើយក៏បង្កើនឲ្យបបូរមាត់មានចំណេះកាន់តែច្រើនឡើងផង»។ (សុភាសិត ១៦:២៣) ដូច្នេះហើយ កូនសោនៃការប្រស្រ័យទាក់ទងគ្នាដ៏ជោគជ័យ គឺនៅក្នុងចិត្ត មិនមែននៅក្នុងមាត់ទេ។ តើអាកប្បកិរិយារបស់អ្នកចំពោះគូរបស់អ្នកគឺយ៉ាងណាដែរ? ព្រះគម្ពីរលើកទឹកចិត្តពួកគ្រីស្ទានឲ្យមាន«ចិត្តអាណិតអាសូរ»។ (ពេត្រុសទី១ ៣:៨) តើអ្នកអាចធ្វើដូច្នេះបានឬទេ ពេលដែលគូរបស់អ្នកមានការថប់បារម្ភយ៉ាងពិបាកក្នុងចិត្ត? បើធ្វើបាន នេះនឹងជួយអ្នកឲ្យដឹងនូវរបៀបឆ្លើយ។—អេសាយ ៥០:៤
១០, ១១. តើប្ដីអាចអនុវត្តតាមឱវាទនៃពេត្រុសទី១ ៣:៧ យ៉ាងដូចម្ដេច?
១០ កិត្ដិយសនិងសេចក្ដីគោរព។ ប្ដីគ្រីស្ទានបានត្រូវបង្គាប់ឲ្យនៅជាមួយប្រពន្ធរបស់ខ្លួន «ដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាផនៈដែលខ្សោយជាង គឺជាមនុស្សស្រី»។ (ពេត្រុសទី១ ៣:៧) ការឲ្យកិត្ដិយសដល់ប្រពន្ធខ្លួនគឺជាប់ទាក់ទងនឹងការទទួលស្គាល់តម្លៃរបស់នាង។ ប្ដីដែលរួមរស់ជាមួយប្រពន្ធរបស់គាត់«ដោយប្រាជ្ញា» មានការគោរពយ៉ាងខ្លាំងចំពោះអារម្មណ៍ កម្លាំង ប្រាជ្ញា និងសេចក្ដីថ្លៃថ្នូររបស់នាង។ គាត់ក៏ត្រូវតែរៀនអំពីរបៀបដែលព្រះយេហូវ៉ាមានទស្សនៈចំពោះស្ត្រីដែរ ហើយនិងរបៀបដែលទ្រង់ចង់ឲ្យគាត់ប្រព្រឹត្តនឹងនាងផង។
១១ ឧបមាថា ក្នុងផ្ទះរបស់អ្នក អ្នកមានថូដ៏មានប្រយោជន៍មួយ ដែលអាចបាក់បែកយ៉ាងងាយស្រួល។ តើអ្នកនឹងមិនថ្នាក់ថ្នមវាយ៉ាងប្រយ័ត្នទេឬ? មែនហើយ ពេត្រុសបានប្រើពាក្យ «ភាជនៈដែលខ្សោយជាង» ក្នុងន័យស្រដៀងគ្នានេះ ហើយនេះគួរជំរុញប្ដីគ្រីស្ទានឲ្យសម្ដែងការថ្នាក់ថ្នមចំពោះប្រពន្ធជាទីស្រឡាញ់របស់គាត់។
១២. តើប្រពន្ធអាចបង្ហាញយ៉ាងណាថានាងមានសេចក្ដីគោរពយ៉ាងជ្រៅចំពោះប្ដីនាង?
១២ ប៉ុន្តែ តើឱវាទអ្វីដែលព្រះគម្ពីរបានផ្ដល់ឲ្យប្រពន្ធ? ប៉ុលបានសរសេរថា៖ «ប្រពន្ធក៏ត្រូវ[មានសេចក្ដីគោរពដ៏ជ្រាលជ្រៅចំពោះ]ប្ដីដែរ»។ (អេភេសូរ ៥:៣៣) ដូចជាប្រពន្ធត្រូវការដឹងថាប្ដីនាងបានលើកកិត្ដិយសនាង ហើយស្រឡាញ់នាងយ៉ាងខ្លាំង នោះប្ដីក៏ត្រូវការដឹងថាប្រពន្ធចេះគោរពគាត់ដែរ។ ប្រពន្ធដែលចេះគោរពប្ដី មិនថ្លែងប្រកាសកំហុសប្ដីដោយឥតគិតក្រែង ទោះបីគាត់ជាគ្រីស្ទានមែនឬមិនមែនក៏ដោយ។ នាងមិនបង្អាប់មុខប្ដី ដោយនិយាយរិះគន់ហើយមើលងាយគាត់ ដោយស្ងាត់ៗឬនៅចំពោះមុខគេមុខឯងឡើយ។—ធីម៉ូថេទី១ ៣:១១; ៥:១៣
១៣. តើប្ដីប្រពន្ធអាចបញ្ចេញទស្សនៈក្នុងរបៀបស្រុះស្រួលគ្នាយ៉ាងដូចម្ដេច?
១៣ នេះមិនមែនមានន័យថា ប្រពន្ធមិនអាចបញ្ចេញមតិរបស់នាងនោះឡើយ។ ប្រសិនបើមានអ្វីមួយធ្វើឲ្យនាងព្រួយបារម្ភ នាងអាចបញ្ចេញយោបល់ដោយគោរព។ (លោកុប្បត្តិ ២១:៩-១២) ការថ្លែងប្រាប់គំនិតអ្វីមួយទៅប្ដីរបស់នាង ប្រហែលអាចប្រៀបប្រដូចនឹងការបោះបាល់ទៅឲ្យប្ដីនាងអញ្ចឹង។ នាងអាចបោះបាល់យ៉ាងថ្នមដើម្បីឲ្យប្ដីនាងចាប់បានយ៉ាងងាយស្រួល ឬក៏នាងអាចគប់វាមួយទំហឹងដៃធ្វើឲ្យគាត់ត្រូវរបួស។ តើមិនជាការប្រសើរទេឬ ពេលដែលគូទាំងពីរជៀសវាងការបោះសំដីជេរបន្ទោសគ្នា តែនិយាយនឹងគ្នាដោយសប្បុរសនិងទន់ភ្លន់វិញនោះ!—ម៉ាថាយ ៧:១២; កូល៉ុស ៤:៦; ពេត្រុសទី១ ៣:៣, ៤
១៤. តើអ្នកគួរធ្វើយ៉ាងណា ប្រសិនបើគូរបស់អ្នកមិនមានចិត្តអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងអាពាហ៍ពិពាហ៍?
១៤ ដូចយើងបានឃើញមកហើយ គោលការណ៍ព្រះគម្ពីរអាចជួយអ្នកកសាងអាពាហ៍ពិពាហ៍ដ៏សប្បាយមួយ។ ប៉ុន្តែ យ៉ាងណាវិញ បើគូរបស់អ្នកមិនសូវយកចិត្តទុកដាក់នឹងអ្វីៗ ដែលព្រះគម្ពីរបានចែងមកនោះ? អ្នកក៏នៅតែអាចសម្រេចបានច្រើនដែរ បើអ្នកយកចំណេះអំពីព្រះមកប្រើក្នុងការបំពេញមុខនាទីរបស់អ្នក។ ពេត្រុសបានសរសេរថា៖ «ពួកស្រីៗត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរដើម្បីបើមានអ្នកណាដែលមិនព្រមស្ដាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបានដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ»។ (ពេត្រុសទី១ ៣:១, ២) ត្រូវហើយ ឱវាទនេះក៏ទាក់ទងនឹងប្ដីដែលមានប្រពន្ធមិនអើពើព្រះគម្ពីរដែរ។ ទោះជាគូរបស់អ្នកសម្រេចចិត្តធ្វើអ្វីក៏ដោយ សូមឲ្យគោលការណ៍ព្រះគម្ពីរធ្វើឲ្យអ្នក បានទៅជាគូដ៏ប្រសើរឡើង។ ចំណេះអំពីព្រះក៏អាចធ្វើឲ្យអ្នកជាមាតាបិតាដ៏ប្រសើរឡើងដែរ។
ចិញ្ចឹមអប់រំកូនតាមចំណេះអំពីព្រះ
១៥. តើវិធីអប់រំដ៏មានគុណវិបត្ដិជួនកាលត្រូវឆ្លងតៗមកយ៉ាងដូចម្ដេច ប៉ុន្តែគេអាចជ្រើសរើសយកវិធីផ្សេងវិញតាមរបៀបណា?
១៥ គ្រាន់តែមានរណារឬញញួរមួយ មិនអាចធ្វើឲ្យបុគ្គលម្នាក់ក្លាយទៅជាជាងឈើដ៏ប្រសប់នោះឡើយ។ គឺដូចគ្នាដែរ គ្រាន់តែមានកូនមិនមែនធ្វើឲ្យបុគ្គលម្នាក់ក្លាយជាមាតាឬបិតាដ៏ប្រសប់នោះដែរ។ ដោយដឹងខ្លួនឬក៏មិនដឹងខ្លួន ឪពុកម្ដាយតែងតែអប់រំកូនដូចដែលគេបានត្រូវអប់រំមកអញ្ចឹង។ ដូច្នេះ វិធីអប់រំកូនដ៏មានគុណវិបត្ដិ ជួនកាលបានឆ្លងបន្តពីតំណមួយទៅតំណមួយ។ សុភាសិតហេព្រើរពីបុរាណបានថ្លែងថា៖ «ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ»។ ប៉ុន្តែ បទគម្ពីរបង្ហាញឲ្យឃើញថា បុគ្គលម្នាក់មិនចាំបាច់ធ្វើតាមទំនៀមទម្លាប់ដែលឪពុកម្ដាយគេបានតាំងទុកមកនោះឡើយ។ គេអាចជ្រើសរើសផ្លូវផ្សេងវិញ ផ្លូវដែលទទួលអនុភាពពីក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។—អេសេគាល ១៨:២, ១៤, ១៧
១៦. ហេតុអ្វីបានជាសំខាន់ម្ល៉េះក្នុងការផ្គត់ផ្គង់ឲ្យគ្រួសាររបស់អ្នក ហើយនេះមានរួមបញ្ចូលអ្វីខ្លះ?
១៦ ព្រះយេហូវ៉ាតម្រូវឲ្យឪពុកម្ដាយគ្រីស្ទានណែនាំនិងថែរក្សាកូនឲ្យបានត្រឹមត្រូវ។ ប៉ុលបានសរសេរថា៖ «បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្ដានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។ (ធីម៉ូថេទី១ ៥:៨) ជាពាក្យដ៏ខ្លាំងមែនហ្ន៎! ការបំពេញមុខនាទីរបស់អ្នកក្នុងនាមជាអ្នកផ្គត់ផ្គង់ ដែលរួមបញ្ចូលការថែរក្សាកូនខាងរូបកាយ វិញ្ញាណ និងផ្លូវចិត្ត គឺជាឯកសិទ្ធនិងភារកិច្ចរបស់បុគ្គលដែលកោតខ្លាចព្រះ។ ព្រះគម្ពីរផ្ដល់គោលការណ៍ដែលអាចជួយឪពុកម្ដាយ ឲ្យកសាងបរិយាកាសដ៏សប្បាយមួយសំរាប់កូនរបស់គេ។ សូមពិចារណាមើលគោលការណ៍ខ្លះៗនេះ។
១៧. តើនឹងត្រូវការអ្វីជាចាំបាច់ បើចង់ឲ្យកូនរបស់អ្នកមានក្រិត្យវិន័យរបស់ព្រះចារជាប់ក្នុងចិត្តរបស់វា?
១៧ ទុកគំរូដ៏ល្អ។ ឪពុកម្ដាយអ៊ីស្រាអែលបានត្រូវបញ្ជាប្រាប់ថា៖ «ប្រិតប្រៀន[បន្ទូលរបស់ព្រះ]ដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។ ឪពុកម្ដាយគឺត្រូវបង្រៀនក្បួនតម្រារបស់ព្រះដល់កូនរបស់គេ។ ប៉ុន្តែ ដំបូន្មាននេះមានសេចក្ដីបន្ថែមពីមុខ ដូចនេះថា៖ «សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ»។ (ចោទិយកថា ៦:៦, ៧) ត្រូវហើយ ឪពុកម្ដាយមិនអាចផ្ដល់អ្វីមួយដែលគេមិនមាននោះឡើយ។ ក្រិត្យវិន័យរបស់ព្រះគឺត្រូវតែចារជាប់ក្នុងចិត្តរបស់អ្នកជាមុនសិន បើអ្នកចង់ឲ្យក្រិត្យវិន័យទាំងនេះចារជាប់ក្នុងចិត្តកូនរបស់អ្នកដែរ។—សុភាសិត ២០:៧; ប្រៀបធៀប លូកា ៦:៤០
១៨. ក្នុងការសម្ដែងសេចក្ដីស្រឡាញ់ តើព្រះយេហូវ៉ាបានទុកគំរូដ៏ប្រសើរក្រៃលែងសំរាប់ឪពុកម្ដាយយ៉ាងដូចម្ដេច?
១៨ ផ្ដល់ការរ៉ាប់រងនៃសេចក្ដីស្រឡាញ់។ ក្នុងគ្រាបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់»។ (លូកា ៣:២២) ដូច្នេះ ព្រះយេហូវ៉ាទទួលស្គាល់បុត្រារបស់ព្រះអង្គ សម្ដែងការពេញព្រះទ័យចំពោះទ្រង់ ហើយផ្ដល់នូវការរ៉ាប់រងនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គផង។ ក្រោយមក ព្រះយេស៊ូមានបន្ទូលទៅបិតាទ្រង់ថា៖ «ទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក»។ (យ៉ូហាន ១៧:២៤) ដូច្នេះ ជាឪពុកម្ដាយដែលកោតខ្លាចព្រះ សូមសម្ដែងសេចក្ដីស្រឡាញ់របស់អ្នកចំពោះកូនដោយពាក្យសំដីនិងអាកប្បកិរិយា ហើយធ្វើបែបនេះជាញឹកញយកុំឲ្យខានឡើយ។ សូមចងចាំថា«សេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ»។—កូរិនថូសទី១ ៨:១
១៩, ២០. តើមានអ្វីជាប់ទាក់ទងក្នុងការទូន្មានប្រដៅកូនឲ្យបានត្រឹមត្រូវ ហើយតាមរបៀបណាដែលឪពុកម្ដាយអាចទទួលប្រយោជន៍ពីគំរូរបស់ព្រះយេហូវ៉ា?
១៩ ទូន្មានប្រដៅ។ ព្រះគម្ពីរបានបញ្ជាក់នូវសារៈសំខាន់នៃការទូន្មានប្រដៅដែលប្រកបដោយសេចក្ដីស្រឡាញ់។ (សុភាសិត ១:៨) ឪពុកម្ដាយដែលគេចវាងភារកិច្ចណែនាំកូនក្នុងគ្រាឥឡូវនេះ ច្បាស់ជានឹងជួបប្រទះការឈឺចាប់នៅថ្ងៃមុខហើយ។ ម្យ៉ាងទៀត ឪពុកម្ដាយក៏ត្រូវប្រយ័ត្នកុំឲ្យបំពត់ប្រដៅកូនហួសហេតុពេកដែរ។ ប៉ុលបានសរសេរថា៖ «ឱឪពុករាល់គ្នា កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ»។ (កូល៉ុស ៣:២១) ឪពុកម្ដាយត្រូវតែជៀសវាងការកែប្រដៅហួសហេតុ ឬនិយាយច្រំដែលៗពីការខុសឆ្គងរបស់កូន ហើយរិះគន់ការខំប្រឹងរបស់វា។
២០ ព្រះយេហូវ៉ា ជាព្រះវរបិតារបស់យើង បានទុកគំរូក្នុងការទូន្មានប្រដៅ។ ការកែប្រដៅរបស់ទ្រង់គឺមិនដែលជ្រុលហួសហេតុឡើយ។ ព្រះបានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់ថា៖ «អញគ្រាន់តែវាយផ្ចាលឯងតាមខ្នាតប៉ុណ្ណោះ»។ (យេរេមា ៤៦:២៨) ឪពុកម្ដាយគួរតែត្រាប់តាមព្រះយេហូវ៉ាក្នុងរឿងនេះ។ ការទូន្មានប្រដៅដែលខ្លាំងហួសកំរិត ឬលើសពីគោលបំណងនៃការកែប្រដៅនិងការបង្រៀន នោះពិតជាធ្វើឲ្យឌុកដាន់មែន។
២១. តើឪពុកម្ដាយអាចដឹងយ៉ាងណាបាន ថាការទូន្មានប្រដៅរបស់គេគឺមានប្រសិទ្ធភាពនោះ?
២១ តើឪពុកម្ដាយអាចដឹងយ៉ាងណាបាន ថាការទូន្មានប្រដៅរបស់គេគឺមានប្រសិទ្ធភាពនោះ? ពួកគេអាចសួរខ្លួនឯងថា ‹តើការទូន្មានប្រដៅរបស់ខ្ញុំបានសម្រេចអ្វី›? ការទូន្មានប្រដៅត្រូវតែបង្រៀនអំពីអ្វីមួយ។ កូនរបស់អ្នកត្រូវដឹងនូវមូលហេតុនៃការឲ្យទូន្មានប្រដៅ។ ឪពុកម្ដាយត្រូវគិតអំពីលទ្ធផលក្រោយពីការកែប្រដៅដែរ។ ពិតមែនហើយ កូនក្មេងសឹងតែគ្រប់គ្នាមុនដំបូងមិនចូលចិត្តការទូន្មានប្រដៅទេ។ (ហេព្រើរ ១២:១១) ប៉ុន្តែ ការទូន្មានប្រដៅមិនត្រូវធ្វើឲ្យក្មេងខ្លាច ឬស្មានថាឪពុកម្ដាយបោះបង់វាចោល ឬក៏ធ្វើឲ្យវាគិតថាវាជាក្មេងអាក្រក់ពីកំណើតនោះឡើយ។ មុនកែប្រដៅរាស្ត្ររបស់ទ្រង់ ព្រះយេហូវ៉ាមានបន្ទូលថា៖ «កុំឲ្យខ្លាចឲ្យសោះ . . . ដ្បិតអញនៅជាមួយនឹងឯង»។ (យេរេមា ៤៦:២៨) ត្រូវហើយ ការកែប្រដៅគឺត្រូវធ្វើយ៉ាងណាឲ្យកូនរបស់អ្នកដឹងថា អ្នកជាឪពុកម្ដាយដែលចេះទំនុកបំរុងជាទីស្រឡាញ់របស់វា។
ទទួល‹សេចក្ដីណែនាំដ៏ប្រសប់›
២២, ២៣. តើតាមរបៀបណាដែលអ្នកអាចទទួលសេចក្ដីណែនាំ ដែលត្រូវការដើម្បីកសាងគ្រួសារដ៏សប្បាយមួយ?
២២ យើងអរព្រះគុណណាស់ ដែលព្រះយេហូវ៉ាបានផ្ដល់ឧបករណ៍ ដែលយើងត្រូវការ ដើម្បីកសាងគ្រួសារដ៏សប្បាយមួយ។ ប៉ុន្តែ គ្រាន់តែមានឧបករណ៍គឺមិនគ្រប់គ្រាន់ទេ។ យើងត្រូវតែហាត់រៀនប្រើវាឲ្យបានត្រឹមត្រូវ។ ជាឧទាហរណ៍ ជាងម្នាក់ប្រហែលមានទម្លាប់អាក្រក់ក្នុងការប្រើប្រដាប់ប្រដារបស់គាត់។ គាត់ប្រហែលប្រើប្រដាប់ប្រដាខ្លះខុសទាំងស្រុងតែម្ដង។ ក្រោមកាលៈទេសៈនេះ របៀបប្រើរបស់គាត់ គឺច្បាស់ជាបង្កើតបានផលអន់ហើយ។ ស្រដៀងគ្នាដែរ ឥឡូវនេះអ្នកប្រហែលជាដឹងនូវទម្លាប់មិនល្អ ដែលបានជ្រាបចូលក្នុងគ្រួសាររបស់អ្នក។ ទម្លាប់ខ្លះប្រហែលបានចាក់ឫសជាប់យ៉ាងមាំមួនហើយពិបាកផ្លាស់ប្ដូរណាស់។ យ៉ាងណាក៏ដោយ សូមធ្វើតាមឱវាទព្រះគម្ពីរដែលប្រាប់ថា៖ «ឲ្យមនុស្សប្រាជ្ញាបានស្ដាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បាន[ទទួលសេចក្ដីណែនាំដ៏ប្រសប់]»។—សុភាសិត ១:៥
២៣ អ្នកអាចទទួលសេចក្ដីណែនាំដ៏ប្រសប់ ដោយបន្តការក្រេបជញ្ជក់ចំណេះអំពីព្រះ។ សូមប្រុងប្រយ័ត្ននឹងគោលការណ៍ព្រះគម្ពីរ ដែលទាក់ទងនឹងការរស់នៅក្នុងគ្រួសារ ហើយសូមកែតម្រូវតាមត្រូវការ។ សូមគន់មើលគ្រីស្ទានដែលមានគំនិតចាស់ទុំ ដែលទុកគំរូល្អជាប្ដីប្រពន្ធ ជាឪពុកម្ដាយ។ សូមពិគ្រោះជាមួយគេ។ សំខាន់ជាងគេបំផុត សូមទូលប្រាប់សេចក្ដីខ្វល់ខ្វាយរបស់អ្នកដល់ព្រះយេហូវ៉ាក្នុងសេចក្ដីអធិស្ឋាន។ (ទំនុកដំកើង ៥៥:២២; ភីលីព ៤:៦, ៧) ទ្រង់អាចជួយអ្នកឲ្យមានការរស់នៅយ៉ាងសប្បាយក្នុងគ្រួសារ ដែលផ្ដល់កិត្ដិយសដល់ទ្រង់។
[កំណត់សម្គាល់]
a មូលដ្ឋានតែមួយគត់ក្នុងបទគម្ពីរសំរាប់ការលែងលះគ្នា ដែលអនុញ្ញាតឲ្យរៀបការម្ដងទៀតគឺ «សេចក្ដីកំផិត» ដែលជាការរួមដំណេកក្រៅអាពាហ៍ពិពាហ៍។—ម៉ាថាយ ១៩:៩
សាកល្បងចំណេះរបស់អ្នក
តើតាមរបៀបណាដែលសេចក្ដីស្មោះត្រង់ ការប្រស្រ័យទាក់ទងគ្នា កិត្ដិយស និងសេចក្ដីគោរព ជួយឲ្យមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍?
តើតាមរបៀបណាដែលឪពុកម្ដាយអាចរ៉ាប់រងដល់កូននូវសេចក្ដីស្រឡាញ់របស់គេ?
តើមានកត្ដាអ្វីខ្លះដែលជាប់ទាក់ទងក្នុងការទូន្មានប្រដៅត្រឹមត្រូវ?
[រូបភាពពេញមួយទំព័រនៅទំព័រ១៤៧]