សាការី
១ នៅខែទី៨ ក្នុងឆ្នាំទី២នៃការគ្រប់គ្រងរបស់ដារីយុស+ ប្រសាសន៍របស់ព្រះយេហូវ៉ាបានមកដល់សាការី*+ដែលជាអ្នកប្រកាសទំនាយ គាត់ជាកូនរបស់បេរេគា និងជាចៅរបស់អ៊ីតដូ។ ព្រះមានប្រសាសន៍ថា៖ ២ «ព្រះយេហូវ៉ាបានខឹងឪពុករបស់អ្នករាល់គ្នាខ្លាំងណាស់។+
៣ «ចូរទៅប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «‹ចូរត្រឡប់មករកខ្ញុំវិញ›។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ហើយខ្ញុំនឹងត្រឡប់ទៅរកអ្នករាល់គ្នាដែរ›។+ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ដូច្នេះ»›។
៤ «‹កុំប្រព្រឹត្តដូចឪពុករបស់អ្នករាល់គ្នាឲ្យសោះ។ ខ្ញុំធ្លាប់ប្រើពួកអ្នកប្រកាសទំនាយនៅជំនាន់មុនឲ្យទៅប្រាប់ថា៖ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ចូរអ្នករាល់គ្នាបែរចេញ*ពីផ្លូវអាក្រក់ ហើយលះចោលអំពើអាក្រក់›»›។+
«‹ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ទេ ហើយក៏មិនយកចិត្តទុកដាក់នឹងសម្ដីរបស់ខ្ញុំដែរ›។+ ព្រះយេហូវ៉ាបានប្រកាសដូច្នេះ។
៥ «‹ឥឡូវ តើឪពុករបស់អ្នករាល់គ្នានៅឯណា? ហើយតើពួកអ្នកប្រកាសទំនាយនៅជំនាន់មុន នៅតែមានជីវិតឬ? ៦ ខ្ញុំបានប្រាប់អំពីក្រឹត្យក្រមដល់ឪពុកអ្នករាល់គ្នារួចហើយ។ ខ្ញុំថែមទាំងបានចាត់ពួកអ្នកប្រកាសទំនាយដែលជាអ្នកបម្រើរបស់ខ្ញុំឲ្យទៅដាស់តឿនពួកគេឲ្យដឹងអំពីអ្វីដែលនឹងកើតឡើងដល់ពួកគេ បើពួកគេមិនធ្វើតាមក្រឹត្យក្រមទាំងនោះទេ។ អ្វីទាំងអស់ដែលខ្ញុំបានប្រកាសទុកពិតជាបានកើតឡើង មែនទេ?›។+ ដូច្នេះ ពួកគេបានត្រឡប់មករកខ្ញុំវិញ ហើយនិយាយថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានប្រព្រឹត្តមកលើពួកយើងស្របតាមទង្វើរបស់ពួកយើង ដូចដែលលោកបានមានប្រសាសន៍មែន›»។+
៧ នៅថ្ងៃទី២៤ ខែទី១១ ជាខែសេបាត* ក្នុងឆ្នាំទី២នៃការគ្រប់គ្រងរបស់ដារីយុស+ ប្រសាសន៍របស់ព្រះយេហូវ៉ាបានមកដល់សាការីដែលជាអ្នកប្រកាសទំនាយ គាត់ជាកូនរបស់បេរេគា និងជាចៅរបស់អ៊ីតដូ។ ៨ សាការីនិយាយថា៖ «នៅពេលយប់ ខ្ញុំបានឃើញការបើកបង្ហាញពីព្រះ។ ខ្ញុំឃើញបុរសម្នាក់កំពុងជិះសេះសម្បុរក្រហម ហើយគាត់បានឈប់នៅកណ្ដាលដើមមើថល ត្រង់ច្រកភ្នំ។ នៅពីក្រោយគាត់ មានអ្នកជិះសេះសម្បុរក្រហម សេះសម្បុរក្រហមក្រមៅ និងសេះសម្បុរស»។
៩ ដូច្នេះ ខ្ញុំបានសួរថា៖ «លោកម្ចាស់ តើពួកគេទាំងនេះជានរណា?»។
ទេវតាដែលកំពុងនិយាយជាមួយនឹងខ្ញុំ បានឆ្លើយថា៖ «ខ្ញុំនឹងបង្ហាញអ្នកឲ្យដឹងថាពួកគេជានរណា»។
១០ រួចមក បុរសដែលឈរនៅកណ្ដាលដើមមើថល បានប្រាប់ថា៖ «ពួកគេគឺជាអ្នកដែលព្រះយេហូវ៉ាបានចាត់ឲ្យមកដើរល្បាតផែនដី»។ ១១ ពួកគេនិយាយទៅកាន់ទេវតារបស់ព្រះយេហូវ៉ាដែលកំពុងឈរនៅកណ្ដាលដើមមើថលថា៖ «យើងបានដើរល្បាតផែនដីរួចហើយ។ មើល! ផែនដីទាំងមូលនៅស្ងប់ស្ងាត់ និងគ្មានអ្វីនាំឲ្យមានភាពវឹកវរឡើយ»។+
១២ ដូច្នេះ ទេវតារបស់ព្រះយេហូវ៉ានិយាយថា៖ «ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ តើដល់ពេលណាទើបលោកអាណិតមេត្តាដល់យេរូសាឡិម* និងក្រុងផ្សេងៗរបស់យូដា?+ លោកខឹងពួកគេអស់៧០ឆ្នាំហើយ»។+
១៣ ព្រះយេហូវ៉ាក៏តបឆ្លើយទៅទេវតាដែលកំពុងនិយាយជាមួយនឹងខ្ញុំ។ លោកតបឆ្លើយដោយសប្បុរសនិងដោយសម្ដីសម្រាលទុក្ខ។ ១៤ រួចមក ទេវតាដែលកំពុងនិយាយជាមួយនឹងខ្ញុំ បានប្រាប់ខ្ញុំថា៖ «ចូរទៅប្រកាសថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «ខ្ញុំបានតាំងចិត្តការពារយេរូសាឡិមនិងស៊ីយ៉ូន។+ ១៥ ខ្ញុំខឹងប្រជាជាតិដែលក្រអឺតក្រអោងទាំងនោះខ្លាំងណាស់។+ ខ្ញុំចង់ដាក់ទោសរាស្ត្ររបស់ខ្ញុំតែបន្តិចទេ+ ប៉ុន្តែប្រជាជាតិទាំងនោះបែរជាធ្វើឲ្យរាស្ត្ររបស់ខ្ញុំអន្តរាយទាំងស្រុងវិញ»›។+
១៦ «ម្ល៉ោះហើយ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹«ខ្ញុំនឹងបែរមកអាណិតមេត្តាដល់យេរូសាឡិម+ ហើយសង់វិហាររបស់ខ្ញុំដែលនៅក្នុងនាងឡើងវិញ។+ ម្យ៉ាងទៀត នឹងមានការទាញខ្សែវាស់យេរូសាឡិមសាជាថ្មី»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌›។+
១៧ «ចូរអ្នកទៅប្រកាសម្ដងទៀតថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «ក្រុងនានារបស់ខ្ញុំនឹងបានទទួលសេចក្ដីល្អ*យ៉ាងបរិបូរម្ដងទៀត ហើយព្រះយេហូវ៉ានឹងសម្រាលទុក្ខស៊ីយ៉ូន+ ព្រមទាំងជ្រើសរើសយេរូសាឡិមសាជាថ្មីផង»›»។+
១៨ រួចមក ពេលខ្ញុំងើបមុខឡើង ខ្ញុំឃើញស្នែងបួន។+ ១៩ ខ្ញុំក៏សួរទេវតាដែលកំពុងនិយាយជាមួយនឹងខ្ញុំថា៖ «តើស្នែងទាំងនេះមានអត្ថន័យអ្វី?»។ គាត់បានតបថា៖ «ស្នែងទាំងនេះជាស្នែងដែលបានកម្ចាត់កម្ចាយយូដា+ អ៊ីស្រាអែល+ និងយេរូសាឡិម»។+
២០ បន្ទាប់មកទៀត ព្រះយេហូវ៉ាបានបង្ហាញឲ្យខ្ញុំឃើញសិប្បករបួននាក់។ ២១ ដូច្នេះ ខ្ញុំក៏សួរថា៖ «តើបុរសទាំងនេះមកធ្វើអ្វី?»។
គាត់ប្រាប់ថា៖ «ស្នែងទាំងនោះបានកម្ចាត់កម្ចាយយូដា រហូតដល់គ្មានអ្នកណាអាចងើបក្បាលរួច។ ប៉ុន្តែ បុរសទាំងនេះនឹងមកដើម្បីធ្វើឲ្យស្នែងទាំងនោះភ័យតក់ស្លុត ហើយដើម្បីបំផ្លាញស្នែងរបស់ប្រជាជាតិដែលធ្លាប់តែលើកស្នែងឡើងប្រឆាំងស្រុកយូដាធ្វើឲ្យនាងខ្ចាត់ខ្ចាយទៅ»។