ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
៣ ដូច្នេះ បងប្អូនបរិសុទ្ធ ដែលជាអ្នករួមចំណែកជាមួយនឹងអ្នកដែលបានត្រូវហៅ*ឲ្យឡើងទៅស្ថានសួគ៌+ ចូរពិចារណាអំពីសាវ័ក*និងអំពីសម្ដេចសង្ឃដែលយើងប្រកាសទទួលស្គាល់ ពោលគឺលោកយេស៊ូ។+ ២ លោកស្មោះត្រង់ចំពោះព្រះដែលបានតែងតាំងលោក+ ដូចម៉ូសេបានស្មោះត្រង់ចំពោះព្រះ ពេលដែលគាត់បម្រើក្នុងផ្ទះ*ទាំងមូលរបស់លោក។+ ៣ ពីព្រោះលោក*បានត្រូវចាត់ទុកថាសមនឹងទទួលកិត្តិយស+ច្រើនជាងម៉ូសេ ដោយសារអ្នកដែលសង់ផ្ទះ មានកិត្តិយសច្រើនជាងផ្ទះនោះ។ ៤ ពិតមែនតែផ្ទះទាំងអស់មានអ្នកសង់ ប៉ុន្តែអ្នកដែលបានសង់អ្វីៗទាំងអស់គឺព្រះ។ ៥ ម៉ូសេបានស្មោះត្រង់ក្នុងផ្ទះទាំងមូលរបស់ព្រះ ក្នុងឋានៈជាអ្នកបម្រើ ហើយកិច្ចបម្រើរបស់គាត់ជាសាក្សីបញ្ជាក់*អំពីអ្វីដែលនឹងត្រូវប្រកាសប្រាប់នៅពេលក្រោយ។ ៦ ប៉ុន្តែ គ្រិស្ត*បានស្មោះត្រង់ក្នុងការគ្រប់គ្រងផ្ទះរបស់ព្រះ ក្នុងឋានៈជាបុត្រ។+ យើងជាផ្ទះរបស់លោក+ ប្រសិនបើយើងបន្តនិយាយដោយក្លាហាន និងបន្តអួតអំពីសេចក្ដីសង្ឃឹមរបស់យើងរហូតដល់ទីបញ្ចប់។
៧ ហេតុនេះ ដូចឫទ្ធានុភាពបរិសុទ្ធរបស់ព្រះប្រាប់ថា៖+ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់សំឡេងរបស់លោក ៨ កុំមានចិត្តរឹងចចេស ដូចគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើឲ្យខ្ញុំខឹងយ៉ាងខ្លាំង នៅថ្ងៃដែលបានល្បងលខ្ញុំនៅតំបន់ស្ងាត់ជ្រងំ។+ ៩ ទោះជាពួកគេបានឃើញការដែលខ្ញុំបានធ្វើនៅតំបន់ស្ងាត់ជ្រងំអស់៤០ឆ្នាំក៏ដោយ ក៏ពួកគេបានល្បងលខ្ញុំដែរ។+ ១០ ហេតុនេះ ខ្ញុំបានជិនឆ្អន់នឹងមនុស្សជំនាន់នេះ ហើយខ្ញុំពោលថា៖ ‹ពួកគេតែងតែធ្វើតាមទំនើងចិត្តខ្លួន ហើយពួកគេមិនដើរតាមផ្លូវរបស់ខ្ញុំទេ›។ ១១ ដូច្នេះ ខ្ញុំខឹងខ្លាំងណាស់ទាំងស្បថថា៖ ‹ពួកគេនឹងមិនចូលក្នុងការសម្រាករបស់ខ្ញុំឡើយ›»។+
១២ បងប្អូនអើយ ចូរប្រុងប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាណាម្នាក់មានចិត្តទុច្ចរិតហើយគ្មានជំនឿ ដោយសារថយចេញពីព្រះដែលមានជីវិតរស់នៅ។+ ១៣ ប៉ុន្តែ ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដរាបណាដែលយើងកំពុងរស់នៅក្នុងគ្រាដែលហៅថា«ថ្ងៃនេះ»+ ដើម្បីកុំឲ្យអ្នករាល់គ្នាណាម្នាក់ទៅជាមនុស្សរឹងចចេសដោយសារការល្បួងនៃភាពខុសឆ្គង។ ១៤ បើយើងរក្សាទំនុកចិត្តដែលយើងមាននៅដើមដំបូងឲ្យរឹងមាំរហូតដល់ទីបញ្ចប់ នោះយើងនឹងទៅជាអ្នករួមចំណែកជាមួយនឹងគ្រិស្ត+ ១៥ ដូចដែលបទគម្ពីរចែងថា៖ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់សំឡេងរបស់លោក កុំមានចិត្តរឹងចចេស ដូចគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើឲ្យខ្ញុំខឹងយ៉ាងខ្លាំង»។+
១៦ ព្រោះតើពួកអ្នកដែលបានឮសំឡេងរបស់ព្រះ ប៉ុន្តែនៅតែធ្វើឲ្យលោកខឹងយ៉ាងខ្លាំងនោះជាអ្នកណា? គឺអស់អ្នកដែលបានចេញពីស្រុកអេហ្ស៊ីបក្រោមការដឹកនាំរបស់ម៉ូសេ មែនទេ?+ ១៧ ម្យ៉ាងទៀត តើព្រះបានជិនឆ្អន់នឹងអ្នកណាអស់៤០ឆ្នាំ?+ គឺពួកអ្នកដែលបានធ្វើខុស ហើយបានស្លាប់ចោលឆ្អឹងនៅតំបន់ស្ងាត់ជ្រងំ មែនទេ?+ ១៨ ហើយតើលោកបានស្បថនឹងអ្នកណាថា លោកនឹងមិនឲ្យពួកគេចូលក្នុងការសម្រាករបស់លោក? គឺពួកអ្នកដែលមិនស្ដាប់បង្គាប់ មែនទេ? ១៩ ដូច្នេះ យើងឃើញថាពួកគេមិនអាចចូលបានទេ ដោយសារពួកគេគ្មានជំនឿ។+