អ្នកសម្រេចក្ដី
១៤ ក្រោយមក សាំសុនបានធ្វើដំណើរទៅក្រុងធីមណា ហើយនៅទីនោះគាត់បានឃើញនារីជនជាតិភីលីស្ទីនម្នាក់។ ២ ដូច្នេះ គាត់ត្រឡប់ទៅប្រាប់ឪពុកម្ដាយថា៖ «ពុកម៉ែ! ខ្ញុំពេញចិត្តកូនស្រីជនជាតិភីលីស្ទីនម្នាក់នៅក្រុងធីមណា។ សូមពុកម៉ែទៅដណ្ដឹងនាងឲ្យធ្វើជាប្រពន្ធខ្ញុំ»។ ៣ ប៉ុន្តែ ឪពុកម្ដាយនិយាយទៅគាត់ថា៖ «តើមិនមាននារីណាក្នុងសាច់ញាតិយើង ឬក្នុងជនជាតិយើងដែលត្រូវចិត្តកូនទេឬ?+ ហេតុអ្វីបានជាកូនចង់បានប្រពន្ធពីជនជាតិភីលីស្ទីនដែលមិនកាត់ចុងស្បែក?» តែសាំសុនប្រាប់ឪពុកថា៖ «សូមដណ្ដឹងនារីនោះឲ្យខ្ញុំ ព្រោះខ្ញុំពេញចិត្តនាងតែម្នាក់គត់»។ ៤ ឪពុកម្ដាយគាត់មិនបានដឹងថានោះមកពីព្រះយេហូវ៉ាឡើយ ព្រោះគាត់*រកឱកាសដើម្បីចាត់ការជនជាតិភីលីស្ទីន ដោយសារនៅគ្រានោះជនជាតិភីលីស្ទីនកំពុងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។+
៥ ម្ល៉ោះហើយ ឪពុកម្ដាយក៏ធ្វើដំណើរជាមួយនឹងសាំសុនទៅក្រុងធីមណា។ ពេលមកដល់ចម្ការទំពាំងបាយជូរនៅក្រុងធីមណា ស្រាប់តែមានតោឈ្មោលស្ទាវមួយចេញមកគ្រហឹមដាក់សាំសុន។ ៦ ពេលនោះឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលមកលើគាត់។+ គាត់ក៏ចាប់ហែកតោនោះជាពីរ ដូចគេហែកកូនពពែជាពីរដោយដៃទទេ។ ប៉ុន្តែ គាត់មិនបានប្រាប់រឿងនេះដល់ឪពុកម្ដាយទេ។ ៧ បន្ទាប់មក សាំសុនទៅជួបនិយាយជាមួយនឹងនារីនោះ ហើយគាត់ដឹងច្បាស់ថាគាត់ពេញចិត្តនាងពិតមែន។+
៨ ក្រោយមក ពេលសាំសុនកំពុងធ្វើដំណើរត្រឡប់ទៅក្រុងធីមណាដើម្បីទទួលនាងមកផ្ទះរបស់គាត់+ នោះគាត់បានឆៀងទៅមើលសពតោ ហើយគាត់ឃើញមានសម្បុកឃ្មុំនិងទឹកឃ្មុំក្នុងសពតោនោះ។ ៩ ដូច្នេះ គាត់កៀរយកទឹកឃ្មុំមកបរិភោគបណ្ដើរដើរបណ្ដើរ។ ពេលគាត់ដើរទាន់ឪពុកម្ដាយ គាត់ក៏ឲ្យឪពុកម្ដាយបរិភោគដែរ។ តែគាត់មិនបានប្រាប់ថាគាត់យកទឹកឃ្មុំនោះពីក្នុងសពតោទេ។
១០ សាំសុននិងឪពុកគាត់បានទៅជួបនារីនោះ ហើយសាំសុនបានធ្វើពិធីជប់លៀងនៅទីនោះ តាមទម្លាប់របស់កូនកំលោះ។ ១១ ពេលពួកគេឃើញគាត់ ពួកគេបាននាំបុរស៣០នាក់ឲ្យធ្វើជាអ្នកកំដរគាត់។ ១២ បន្ទាប់មក សាំសុននិយាយទៅពួកគេថា៖ «ខ្ញុំសូមដាក់ប្រស្នាមួយឲ្យអ្នករាល់គ្នា។ ប្រសិនបើក្នុងរវាង៧ថ្ងៃនៃពិធីជប់លៀងនេះ អ្នករាល់គ្នាអាចដោះប្រស្នាបាន ខ្ញុំនឹងឲ្យអាវក្នុងចំនួន៣០ និងសម្លៀកបំពាក់ក្រៅចំនួន៣០។ ១៣ ប៉ុន្តែ បើអ្នករាល់គ្នាមិនអាចដោះប្រស្នាបានទេ អ្នករាល់គ្នាត្រូវប្រគល់អាវក្នុងចំនួន៣០ និងសម្លៀកបំពាក់ក្រៅចំនួន៣០មកឲ្យខ្ញុំ»។ ពួកគេតបថា៖ «ពួកយើងចង់ស្ដាប់ ដាក់ប្រស្នាមក»។ ១៤ សាំសុនក៏ប្រាប់ពួកគេថា៖
«មានចំណីចេញពីអ្នកស៊ី
ហើយមានរសផ្អែមចេញពីអ្នកខ្លាំង»។+
បីថ្ងៃកន្លងទៅ ពួកគេនៅតែមិនអាចដោះប្រស្នាបាន។ ១៥ លុះថ្ងៃទី៤ ពួកគេក៏ទៅនិយាយជាមួយនឹងប្រពន្ធសាំសុនថា៖ «នាងត្រូវប្រើមាយាលួងលោមប្ដីនាង+ ឲ្យគាត់ប្រាប់ចម្លើយប្រស្នានោះមក។ ពុំនោះសោត យើងនឹងយកភ្លើងដុតនាងនិងក្រុមគ្រួសារឪពុកនាង។ តើនាងអញ្ជើញយើងមកដើម្បីយកទ្រព្យសម្បត្តិយើងឬ?»។ ១៦ ម្ល៉ោះហើយ ប្រពន្ធសាំសុនក៏យំខ្សឹកខ្សួលនៅមុខគាត់ ទាំងពោលថា៖ «ឥឡូវបងស្អប់អូនហើយ បងមិនស្រឡាញ់អូនទេ។+ បងដាក់ប្រស្នាឲ្យជនរួមជាតិរបស់អូន ហេតុអ្វីបងមិនប្រាប់ចម្លើយឲ្យអូនដឹង?»។ សាំសុនតបថា៖ «ពុកម៉ែបង បងមិនទាំងប្រាប់ផង! ហេតុអ្វីបងត្រូវប្រាប់អូន?»។ ១៧ ប៉ុន្តែ នាងយំនៅមុខគាត់ឥតឈប់រហូតដល់ថ្ងៃជប់លៀងទី៧។ ទីបំផុត នៅថ្ងៃទី៧នោះ គាត់ក៏ប្រាប់ចម្លើយដល់នាង ព្រោះនាងរំខានចិត្តគាត់ខ្លាំងពេក។ លុះដឹងចម្លើយហើយ នាងទៅប្រាប់ជនរួមជាតិរបស់នាង។+ ១៨ ដូច្នេះ នៅថ្ងៃទី៧មុនថ្ងៃលិច* ពួកបុរសក្រុងនោះបានដោះប្រស្នាប្រាប់សាំសុនថា៖
«គ្មានអ្វីដែលផ្អែមជាងទឹកឃ្មុំឡើយ
ហើយក៏គ្មានអ្វីដែលខ្លាំងជាងសត្វតោដែរ ត្រូវទេ?»។+
សាំសុនតបវិញថា៖
«បើអ្នករាល់គ្នាមិនបានទៅសួរប្រពន្ធខ្ញុំទេ*+
អ្នករាល់គ្នាគ្មានថ្ងៃដោះប្រស្នាខ្ញុំបានឡើយ»។
១៩ បន្ទាប់មក ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើសាំសុន+ ហើយគាត់ចុះទៅក្រុងអាសកាឡូន+ សម្លាប់បុរសក្រុងនោះអស់៣០នាក់ រួចយកសម្លៀកបំពាក់របស់ពួកគេ ទៅឲ្យពួកអ្នកដែលបានដោះប្រស្នារបស់គាត់។+ រួចមក គាត់ក៏ត្រឡប់ទៅផ្ទះឪពុកគាត់វិញទាំងចិត្តក្ដៅក្រហាយជាខ្លាំង។
២០ រីឯប្រពន្ធសាំសុនវិញ+ នាងបានត្រូវលើកទៅឲ្យអ្នកកំដរម្នាក់របស់សាំសុន។+