ខែមិថុនា
ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា
មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដាក់កាក់តូចពីរដែលមានតម្លៃតិចណាស់។—ម៉ាក. ១២:៤២
ជីវិតរបស់ស្ត្រីមេម៉ាយនេះពិបាកណាស់ គាត់ទំនងជាខ្វះប្រាក់ទិញអ្វីដែលគាត់ត្រូវការសម្រាប់ផ្គត់ផ្គង់ជីវិត។ ទោះជាយ៉ាងនេះក៏ដោយ គាត់ដើរទៅប្រដាប់ដាក់កាក់មួយ ហើយដាក់កាក់តូចពីរដែលប្រហែលជាមិនសូវមានសំឡេងពេលធ្លាក់ចុះទៅក្នុងប្រដាប់ដាក់កាក់ទេ។ លោកយេស៊ូដឹងថាគាត់ដាក់វិភាគទានពីរឡិបតា ជាកាក់តូចបំផុតដែលគេប្រើនៅសម័យនោះ។ តម្លៃកាក់នោះមិនគ្រប់គ្រាន់ដើម្បីទិញចាបពូកមួយ ដែលជាចាបដ៏ថោកបំផុតមួយសម្រាប់លក់ជាអាហារឡើយ។ លោកយេស៊ូស្ងើចសរសើរយ៉ាងខ្លាំងចំពោះស្ត្រីមេម៉ាយនេះ។ ដូច្នេះ លោកហៅអ្នកកាន់តាមលោកឲ្យមកមើលស្ត្រីនោះ ហើយមានប្រសាសន៍ថា៖ «ស្ត្រីមេម៉ាយក្រីក្រមួយរូបនេះ បានដាក់ច្រើនជាងពួកគេទាំងអស់»។ បន្ទាប់មក លោកពន្យល់ថា៖ «ពួកគេ[ជាពិសេសពួកអ្នកមាន]បានដាក់ប្រាក់សំណល់របស់ខ្លួន ប៉ុន្តែចំណែកនាងវិញ ពិតមែនតែនាងខ្វះខាត តែនាងដាក់ប្រាក់ទាំងអស់ គឺអ្វីៗទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។ (ម៉ាក. ១២:៤៣, ៤៤) នៅថ្ងៃនោះ ពេលស្ត្រីមេម៉ាយដ៏ស្មោះត្រង់នេះឲ្យប្រាក់ចុងក្រោយរបស់គាត់ គាត់ទុកចិត្តថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់គាត់។—ទំនុក. ២៦:៣ w២១.០៤ ទំ.៦ វ.១៧-១៨
ថ្ងៃសុក្រ ទី២ ខែមិថុនា
មើល! អ្នករាល់គ្នាបានផ្សាយសេចក្ដីបង្រៀនរបស់អ្នកពេញក្រុងយេរូសាឡិម។—សកម្ម. ៥:២៨
លោកយេស៊ូរក្សាទស្សនៈត្រឹមត្រូវក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកនៅផែនដី ហើយលោកចង់ឲ្យអ្នកកាន់តាមលោករក្សាទស្សនៈត្រឹមត្រូវចំពោះកិច្ចបម្រើផ្សាយដូចលោកដែរ។ (យ៉ូន. ៤:៣៥, ៣៦) កាលដែលលោកយេស៊ូនៅជាមួយពួកអ្នកកាន់តាមលោក ពួកគេមានចិត្តរំភើបចំពោះកិច្ចការផ្សព្វផ្សាយ។ (លូក. ១០:១, ៥-១១, ១៧) ប៉ុន្តែ អស់មួយរយៈពេលខ្លី ក្រោយពីលោកយេស៊ូបានត្រូវគេចាប់ខ្លួននិងត្រូវគេសម្លាប់ ពួកអ្នកកាន់តាមលែងចង់ផ្សព្វផ្សាយ។ (យ៉ូន. ១៦:៣២) បន្ទាប់ពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលើកទឹកចិត្តពួកគេឲ្យផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយ។ ម្យ៉ាងទៀត ក្រោយពីលោកបានឡើងទៅស្ថានសួគ៌ ពួកគេបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងដល់ម្ល៉េះបានជាសត្រូវរបស់ពួកគេត្អូញត្អែរ ដូចបានចែងក្នុងបទគម្ពីរថ្ងៃនេះ។ លោកយេស៊ូបាននាំមុខគ្រិស្តសាសនិកនៅសម័យដើមកាលដែលពួកគេផ្សព្វផ្សាយ ហើយព្រះយេហូវ៉ាបានជួយពួកគេ។ ដូច្នេះ មនុស្សជាច្រើនទទួលយកដំណឹងដែលពួកគេផ្សាយ។ ជាឧទាហរណ៍ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣គ.ស. មនុស្សប្រហែល៣.០០០នាក់បានទទួលការជ្រមុជទឹក។ (សកម្ម. ២:៤១) ម្យ៉ាងទៀត ចំនួនអ្នកកាន់តាមបានបន្តកើនកាន់តែច្រើនឡើងៗ។ (សកម្ម. ៦:៧) ប៉ុន្តែ លោកយេស៊ូបានប្រាប់ទុកជាមុនថា មនុស្សកាន់តែច្រើននឹងទទួលដំណឹងល្អក្នុងអំឡុងគ្រាចុងក្រោយបង្អស់។—យ៉ូន. ១៤:១២; សកម្ម. ១:៨ w២១.០៥ ទំ.១៤ វ.១-២
ថ្ងៃសៅរ៍ ទី៣ ខែមិថុនា
អ្នកណាដែលមិនរកហេតុសង្ស័យលើខ្ញុំ អ្នកនោះមានសុភមង្គលហើយ។—ម៉ាថ. ១១:៦
តើអ្នកនឹកចាំពេលដែលអ្នកចាប់ផ្ដើមទទួលស្គាល់ថាអ្នកបានរកឃើញសេចក្ដីពិតឬទេ? អ្នកសន្និដ្ឋានថាមនុស្សទាំងអស់នឹងចង់ដឹងអំពីសេចក្ដីបង្រៀនពីគម្ពីរដែលអ្នកកំពុងរៀននិងដែលអ្នកជឿថាជាសេចក្ដីពិត។ អ្នកជឿជាក់ថាដំណឹងក្នុងគម្ពីរនឹងជួយពួកគេឲ្យមានជីវិតដែលមានន័យខ្លឹមសារនៅឥឡូវនេះ ហើយមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់ថ្ងៃអនាគត។ (ទំនុក. ១១៩:១០៥) ដូច្នេះ អ្នកប្រាប់មិត្តភក្ដិនិងញាតិសន្ដានទាំងអស់យ៉ាងខ្នះខ្នែងអំពីសេចក្ដីពិតដែលអ្នកបានរៀន។ ប៉ុន្តែ តើអ្វីបានកើតឡើង? អ្នកភ្ញាក់ផ្អើល ដោយសារពួកគេជាច្រើនបដិសេធមិនព្រមទទួលអ្វីដែលអ្នកប្រាប់ពួកគេ។ យើងមិនគួរភ្ញាក់ផ្អើលទេ ពេលអ្នកឯទៀតបដិសេធមិនព្រមទទួលដំណឹងដែលយើងផ្សព្វផ្សាយ។ នៅសម័យលោកយេស៊ូ មនុស្សភាគច្រើនបដិសេធមិនព្រមទទួលស្គាល់លោក ទោះជាលោកបានធ្វើអព្ភូតហេតុដែលបញ្ជាក់ថាព្រះគាំទ្រលោកក្ដី។ ជាឧទាហរណ៍ លោកយេស៊ូបានប្រោសឡាសាឲ្យរស់ឡើងវិញ នេះជាអព្ភូតហេតុមួយដែលពួកអ្នកប្រឆាំងលោកមិនអាចប្រកែកបាន។ ទោះជាយ៉ាងនោះក៏ដោយ ពួកអ្នកដឹកនាំជនជាតិយូដាមិនព្រមទទួលស្គាល់លោកយេស៊ូជាមេស្ស៊ីទេ។ ពួកគេថែមទាំងចង់សម្លាប់ទាំងលោកយេស៊ូទាំងឡាសាទៀតផង។—យ៉ូន. ១១:៤៧, ៤៨, ៥៣; ១២:៩-១១ w២១.០៥ ទំ.២ វ.១-២
ថ្ងៃអាទិត្យ ទី៤ ខែមិថុនា
[ចូរកុំ]គេចវេះការប្រជុំគ្នា . . . តែ[ចូរ]លើកទឹកចិត្តគ្នាទៅវិញទៅមក។—ហេ. ១០:២៥
ចូរខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំជាទៀងទាត់។ កម្មវិធីដ៏គួរឲ្យលើកទឹកចិត្តនៅទីនោះនឹងផ្ដល់ប្រយោជន៍ចំពោះអ្នក ហើយអ្នកក៏អាចស្គាល់បងប្អូនរួមជំនឿផងដែរ។ ចូរស្វែងរកមិត្តភក្ដិក្នុងក្រុមជំនុំដែលអ្នកអាចរៀនតាម ទោះជាពួកគេមានអាយុឬវប្បធម៌ខុសពីអ្នកក្ដី។ គម្ពីររំលឹកយើងថា «មនុស្សចាស់ៗតែងមានប្រាជ្ញា»។ (យ៉ូប ១២:១២) បងប្អូនវ័យចាស់ក៏អាចរៀនច្រើនពីបងប្អូនវ័យក្មេងដ៏ស្មោះត្រង់ដែរ។ ដាវីឌក្មេងជាងយ៉ូណាថានឆ្ងាយណាស់ ប៉ុន្តែនេះមិនបានរារាំងពួកគាត់ពីការមានមិត្តភាពជិតស្និទ្ធឡើយ។ (១សាំ. ១៨:១) ដាវីឌនិងយ៉ូណាថានបានជួយគ្នាទៅវិញទៅមកឲ្យបម្រើព្រះយេហូវ៉ា ទោះជាមានការពិបាកដ៏ធ្ងន់ធ្ងរក៏ដោយ។ (១សាំ. ២៣:១៦-១៨) បងស្រីម្នាក់ឈ្មោះអ៊ីរីណា ខំព្យាយាមធ្វើជាមិត្តនឹងបងប្អូនឯទៀត។ គាត់ជាសាក្សីតែម្នាក់គត់ក្នុងក្រុមគ្រួសាររបស់គាត់។ គាត់និយាយថា៖ «បងប្អូនរួមជំនឿអាចប្រៀបដូចជាឪពុកម្ដាយឬបងប្អូនបង្កើតរបស់យើង។ ព្រះយេហូវ៉ាអាចធ្វើឲ្យពួកគេទៅជាក្រុមគ្រួសារដែលយើងត្រូវការ»។ មិត្តរបស់អ្នកចង់លើកទឹកចិត្តនិងគាំទ្រអ្នក ប៉ុន្តែពួកគេត្រូវការឲ្យអ្នកប្រាប់ពួកគេអំពីរបៀបដែលពួកគេអាចធ្វើដូច្នេះ។ w២១.០៦ ទំ.១០-១១ វ.៩-១១
ថ្ងៃច័ន្ទ ទី៥ ខែមិថុនា
បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នេះដែរ បើអ្នករាល់គ្នាម្នាក់ៗមិនអភ័យទោសឲ្យបងប្អូនខ្លួនស្មោះពីចិត្ត។—ម៉ាថ. ១៨:៣៥
លោកយេស៊ូបានលើកឧទាហរណ៍មួយអំពីស្ដេចនិងខ្ញុំបម្រើរបស់គាត់។ ស្ដេចបានលុបបំណុលដ៏ធំដែលខ្ញុំបម្រើនោះមិនអាចសងបាន។ បន្ទាប់មក ខ្ញុំបម្រើនោះមិនព្រមលុបបំណុលដែលតិចជាងឆ្ងាយណាស់របស់ខ្ញុំបម្រើម្នាក់ទៀតទេ។ ក្រោយមក ស្ដេចបានចាប់ខ្ញុំបម្រើដែលគ្មានមេត្តានោះដាក់គុក។ ការប្រព្រឹត្តរបស់ខ្ញុំបម្រើនោះ មិនគ្រាន់តែជះឥទ្ធិពលលើខ្លួនគាត់ប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់អ្នកឯទៀតដែរ។ ទី១ គាត់ប្រព្រឹត្តដោយគ្មានមេត្តាចំពោះខ្ញុំបម្រើម្នាក់ទៀត ដោយ«ឲ្យគេយកអ្នកនោះទៅដាក់គុក រហូតដល់គាត់សងអ្វីដែលបានជំពាក់»។ ទី២ គាត់បណ្ដាលឲ្យខ្ញុំបម្រើឯទៀតដែលឃើញអ្វីដែលគាត់បានធ្វើឈឺចិត្ត។ ពេលដែល«ខ្ញុំបម្រើដូចគ្នាឯទៀតបានឃើញអ្វីដែលបានកើតឡើង ពួកគេមានទុក្ខព្រួយជាខ្លាំង»។ (ម៉ាថ. ១៨:៣០, ៣១) ស្រដៀងគ្នាដែរ ការប្រព្រឹត្តរបស់យើងមានឥទ្ធិពលទៅលើអ្នកឯទៀត។ បើអ្នកណាម្នាក់ប្រព្រឹត្តមិនល្អមកលើយើង ហើយយើងមិនព្រមអភ័យទោសឲ្យគាត់ តើអ្វីអាចកើតឡើង? ទី១ យើងធ្វើឲ្យអ្នកនោះពិបាកចិត្ត ដោយសារយើងមិនព្រមអភ័យទោសឲ្យគាត់ ព្រងើយកន្តើយដាក់គាត់ និងមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់។ ទី២ យើងធ្វើឲ្យបងប្អូនឯទៀតក្នុងក្រុមជំនុំមានអារម្មណ៍មិនស្រួល ពេលពួកគេឃើញថាយើងមិនចុះសម្រុងនឹងបុគ្គលនោះ។ w២១.០៦ ទំ.២២ វ.១១-១២
ថ្ងៃអង្គារ ទី៦ ខែមិថុនា
[លោកនឹង]បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី។—បប. ១១:១៨
សាថានចូលចិត្តបន្ទាបបន្ថោកមនុស្សដែលបានត្រូវបង្កើតមកឲ្យមានភាពដូចព្រះ។ ពេល«ព្រះយេហូវ៉ាបានឃើញថាការអាក្រក់របស់មនុស្សមានច្រើនក្រៃលែង»នៅសម័យណូអេ លោក«ស្ដាយដែលបានបង្កើតមនុស្សជាតិនៅផែនដី ហើយលោកឈឺចិត្តជាខ្លាំង»។ (ដក. ៦:៥, ៦, ១១) តើស្ថានភាពពិភពលោកបានល្អប្រសើរជាងតាំងពីពេលនោះឬទេ? មិនមែនទាល់តែសោះ! មេកំណាចច្បាស់ជាសប្បាយចិត្ត ពេលវាឃើញថាពិភពលោកពោរពេញទៅដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគ្រប់បែបយ៉ាង រួមទាំងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរវាងបុគ្គលដែលមានភេទផ្ទុយគ្នា និងបុគ្គលដែលមានភេទដូចគ្នា។ (អេភ. ៤:១៨, ១៩) សាថានពិតជាសប្បាយចិត្តពេលវាអាចបណ្ដាលឲ្យពួកអ្នកដែលគោរពប្រណិប័តន៍ពិតប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ ក្រោមការគ្រប់គ្រងរបស់សាថាន មនុស្សមិនគ្រាន់តែ‹ត្រួតត្រាលើមនុស្ស នាំឲ្យមានទុក្ខវេទនា›ប៉ុណ្ណោះទេ តែពួកគេក៏មិនថែរក្សាផែនដីនិងសត្វ ដូចដែលព្រះយេហូវ៉ាបានសុំមនុស្សឲ្យធ្វើនោះទេ។ (អទ. ៨:៩; ដក. ១:២៨) តើនេះមានលទ្ធផលអ្វី? អ្នកវិទ្យាសាស្ត្រខ្លះនិយាយថា ដោយសារការប្រព្រឹត្តរបស់មនុស្ស សត្វនិងរុក្ខជាតិ១លានប្រភេទទៀត អាចនឹងផុតពូជនៅប៉ុន្មានឆ្នាំខាងមុខនេះ។ w២១.០៧ ទំ.១២ វ.១៣-១៤
ថ្ងៃពុធ ទី៧ ខែមិថុនា
[ព្រះយេហូវ៉ា]នឹងអភ័យទោសឲ្យជាបរិបូរ។—អេ. ៥៥:៧
អ្នកបម្រើខ្លះរបស់ព្រះនៅតែបន្តបន្ទោសខ្លួនចំពោះអំពើខុសឆ្គងដែលពួកគេធ្លាប់ធ្វើពីមុន។ ពួកគេគិតថា ព្រះយេហូវ៉ាមិនអាចអភ័យទោសឲ្យពួកគេបានទេ ទោះជាពួកគេបានសុំការអភ័យទោសពីលោក និងបានឈប់ប្រព្រឹត្តអំពើខុសឆ្គងនោះក៏ដោយ។ បើអ្នកមានអារម្មណ៍បែបនេះ ការដឹងថាព្រះយេហូវ៉ាពិតជាចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នក អាចជួយអ្នកឲ្យបម្រើលោកដោយអំណរនិងដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ នេះអាចកើតឡើងដោយសារ‹ឈាមរបស់លោកយេស៊ូជាបុត្ររបស់ព្រះ សម្អាតយើងពីភាពខុសឆ្គងទាំងអស់›។ (១យ៉ូន. ១:៧) ពេលអ្នកធ្លាក់ទឹកចិត្តចំពោះភាពមិនល្អឥតខ្ចោះរបស់អ្នក សូមចាំថាព្រះយេហូវ៉ាពិតជាចង់អភ័យទោសឲ្យអ្នក បើអ្នកប្រែចិត្ត។ សូមកត់សម្គាល់ពាក្យរបស់ដាវីឌជាអ្នកតែងចម្រៀងសរសើរព្រះ អំពីរបៀបដែលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងការអភ័យទោសជាប់ទាក់ទងគ្នា។ គាត់សរសេរថា៖ «ដូចកម្ពស់ពីផែនដីទៅស្ថានសួគ៌ មិនអាចវាស់ស្ទង់បាន នោះសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកមានចំពោះអស់អ្នក ដែលកោតខ្លាចលោក ក៏មិនអាចវាស់ស្ទង់បានដែរ។ ដូចទិសខាងលិចឆ្ងាយពីទិសខាងកើតយ៉ាងណា នោះលោកក៏ដកអំពើរំលងរបស់យើងឲ្យចេញឆ្ងាយយ៉ាងនោះដែរ»។—ចសព. ១០៣:១១, ១២ w២១.១១ ទំ.៥-៦ វ.១២-១៣
ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា
កូនៗក្រោកឡើងសរសើរនាង ប្ដីនាងក៏ក្រោកឡើងសរសើរនាងដែរ។—សុភ. ៣១:២៨
ប្ដីដែលជាគ្រិស្តសាសនិកត្រូវលើកកិត្តិយសប្រពន្ធ។ (១ពេ. ៣:៧) ការលើកកិត្តិយសបង្កប់អត្ថន័យថាបង្ហាញការគោរពនិងការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ជាឧទាហរណ៍ ប្ដីលើកកិត្តិយសប្រពន្ធដោយចាត់ទុកនាងជាបុគ្គលសំខាន់ម្នាក់។ គាត់មិនតម្រូវអ្វីហួសពីសមត្ថភាពរបស់នាងទេ។ ម្យ៉ាងទៀត គាត់ប្រាកដជាមិនប្រៀបធៀបនាងនឹងស្ត្រីឯទៀតឡើយ។ ចុះបើគាត់ប្រៀបធៀបប្រពន្ធនឹងស្ត្រីឯទៀត តើនាងនឹងមានអារម្មណ៍យ៉ាងណា? សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះរ៉ូសា។ ប្ដីរបស់គាត់ដែលមិនមែនជាអ្នកជឿច្រើនតែប្រៀបធៀបគាត់នឹងស្ត្រីឯទៀត។ ពាក្យសម្ដីឥតសប្បុរសរបស់ប្ដីបងរ៉ូសាមិនគ្រាន់តែធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនគ្មានតម្លៃប៉ុណ្ណោះទេ តែក៏ធ្វើឲ្យគាត់សង្ស័យថាគ្មានអ្នកណាស្រឡាញ់គាត់ពិតប្រាកដដែរ។ គាត់និយាយថា៖ «ខ្ញុំត្រូវការអ្នកឯទៀតឲ្យជួយរំលឹកខ្ញុំជារឿយៗថាព្រះយេហូវ៉ាឲ្យតម្លៃខ្ញុំ»។ ផ្ទុយទៅវិញ ប្ដីដែលជាគ្រិស្តសាសនិកលើកកិត្តិយសប្រពន្ធរបស់គាត់។ គាត់ដឹងថាបើគាត់ធ្វើដូច្នេះ នោះមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់គាត់ជាមួយប្រពន្ធនិងជាមួយព្រះយេហូវ៉ា។ ប្ដីដែលលើកកិត្តិយសប្រពន្ធប្រាប់នាងថាគាត់ស្រឡាញ់នាង ថានាងមានតម្លៃ និងនិយាយល្អអំពីនាងប្រាប់អ្នកឯទៀត។ w២១.០៧ ទំ.២២ វ.៧-៨
ថ្ងៃសុក្រ ទី៩ ខែមិថុនា
ខ្ញុំនឹងរង់ចាំ . . . ដោយចិត្តអត់ធ្មត់។—មីកា ៧:៧
តើអ្នកខកចិត្តពេលអីវ៉ាន់ដែលអ្នកពិតជាត្រូវការមិនមកនៅពេលដែលអ្នករំពឹងទុកឬទេ? ប៉ុន្តែ បើអ្នកឮថាមានមូលហេតុត្រឹមត្រូវដែលអីវ៉ាន់នោះមកយឺត អ្នកទំនងជានឹងមានចិត្តអត់ធ្មត់ ហើយសុខចិត្តរង់ចាំមែនទេ? សុភាសិត ១៣:១១ជួយយើងឲ្យយល់អំពីមូលហេតុដែលយើងគួរតែមានចិត្តអត់ធ្មត់។ បទគម្ពីរនោះចែងថា៖ «ទ្រព្យដែលបានមកងាយៗនឹងរលស់ទៅវិញ តែទ្រព្យដែលបានមកបន្តិចម្ដងៗនឹងកើនឡើងជាលំដាប់»។ តើយើងរៀនអ្វីពីខគម្ពីរនេះ? គឺជាការឈ្លាសវៃឲ្យធ្វើអ្វីផ្សេងៗសន្សឹមៗដោយចិត្តអត់ធ្មត់។ សុភាសិត ៤:១៨ប្រាប់យើងថា៖ «ផ្លូវរបស់មនុស្សសុចរិតប្រៀបដូចជាពន្លឺនៅពេលព្រឹកដែលភ្លឺបន្តិចម្ដងៗរហូតដល់ភ្លឺខ្លាំងដូចពេលថ្ងៃត្រង់»។ ពាក្យទាំងនេះបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាជួយរាស្ត្រលោកឲ្យយល់អំពីគោលបំណងរបស់លោកបន្តិចម្ដងៗ។ ប៉ុន្តែ ខនេះក៏អាចជួយយើងឲ្យយល់អំពីរបៀបដែលគ្រិស្តសាសនិកធ្វើការផ្លាស់ប្ដូរផ្សេងៗក្នុងជីវិតដើម្បីចូលកាន់តែជិតព្រះយេហូវ៉ា។ គឺត្រូវការពេលឲ្យបុគ្គលម្នាក់ចូលទៅជិតព្រះយេហូវ៉ា។ w២១.០៨ ទំ.៨ វ.១, ៣-៤
ថ្ងៃសៅរ៍ ទី១០ ខែមិថុនា
ខ្ញុំនៅទីនេះហើយ! សូមចាត់ខ្ញុំ!—អេ. ៦:៨
យើងមានកិច្ចការច្រើនដែលត្រូវធ្វើ កាលដែលរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់ទីបញ្ចប់។ (ម៉ាថ. ២៤:១៤; លូក. ១០:២; ១ពេ. ៥:២) យើងទាំងអស់គ្នាចង់បម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាព។ បងប្អូនជាច្រើននាក់កំពុងបង្កើនកិច្ចបម្រើរបស់ពួកគេ។ អ្នកខ្លះចង់បម្រើជាអ្នកត្រួសត្រាយ។ អ្នកខ្លះទៀតចង់បម្រើនៅបេតអែល ឬចូលរួមកិច្ចការសាងសង់អគារសម្រាប់ការគោរពប្រណិប័តន៍ព្រះ។ ម្យ៉ាងទៀត បងប្អូនប្រុសជាច្រើននាក់កំពុងព្យាយាមឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើជាជំនួយការខាងកិច្ចបម្រើ ឬអ្នកចាស់ទុំ។ (១ធី. ៣:១, ៨) ព្រះយេហូវ៉ាប្រាកដជាសប្បាយចិត្តណាស់ ពេលលោកឃើញរាស្ត្ររបស់លោកស្ម័គ្រចិត្តបម្រើលោក! (ចសព. ១១០:៣) ប៉ុន្តែ តើអ្នកធ្លាក់ទឹកចិត្តដោយសារអ្នកមិនទាន់សម្រេចគោលដៅណាមួយក្នុងកិច្ចបម្រើព្រះឬទេ? បើដូច្នេះ សូមប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នក។ (ចសព. ៣៧:៥-៧) អ្នកក៏អាចសុំយោបល់ពីបងប្រុសៗដែលមានបទពិសោធន៍ អំពីរបៀបដែលអ្នកអាចរីកចម្រើនក្នុងកិច្ចបម្រើព្រះ។ រួចមក ចូរព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើតាមយោបល់របស់ពួកគេ។ បើអ្នកធ្វើបែបនេះ អ្នកប្រហែលជាអាចទទួលឯកសិទ្ធិឬសម្រេចគោលដៅនោះ។ w២១.០៨ ទំ.២០ វ.១; ទំ.២១ វ.៤
ថ្ងៃអាទិត្យ ទី១១ ខែមិថុនា
ព្រះយេហូវ៉ា . . . នឹងមិនបោះបង់អ្នកដែលមានភក្ដីភាពចំពោះលោកទេ។—ចសព. ៣៧:២៨
ទោះជាស្ត្រីមេម៉ាយអាណាដែលជាអ្នកប្រកាសទំនាយ មានអាយុ៨៤ឆ្នាំក្ដី «គាត់មិនដែលខានទៅវិហារឡើយ»។ ព្រះយេហូវ៉ាបានឲ្យពរគាត់ ដោយសារគាត់បានទៅវិហារជាទៀងទាត់ ហើយលោកបានឲ្យគាត់ឃើញកូនតូចយេស៊ូ។ (លូក. ២:៣៦-៣៨) នៅសម័យយើង បងប្អូនវ័យចាស់ដ៏ស្មោះត្រង់ជាច្រើននាក់ ទុកគំរូដ៏ល្អប្រសើរសម្រាប់បងប្អូនដែលមានវ័យក្មេងជាង។ យើងនឹងទទួលប្រយោជន៍ច្រើនណាស់ ពេលយើងលៃទុកពេលសួរសំណួរនិងស្ដាប់ពួកគេកាលដែលពួកគេប្រាប់អំពីអំណរដែលពួកគេមានក្នុងអង្គការរបស់ព្រះយេហូវ៉ា។ បងប្អូនវ័យចាស់របស់យើងគឺសំខាន់ណាស់ចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោក។ ពួកគេបានឃើញរបៀបជាច្រើនដែលព្រះយេហូវ៉ាបានឲ្យពរដល់អង្គការរបស់លោកនិងដល់ពួកគេផ្ទាល់។ ពួកគេបានទាញយកមេរៀនសំខាន់ពីកំហុសដែលពួកគេបានធ្វើ។ សូមចាត់ទុកពួកគេជា«ប្រភពនៃប្រាជ្ញា» និងរៀនពីពួកគេ។ (សុភ. ១៨:៤) បើអ្នកលៃទុកពេលដើម្បីស្គាល់ពួកគេ ជំនឿរបស់អ្នកនឹងកាន់តែរឹងមាំឡើង។ w២១.០៩ ទំ.៣ វ.៤; ទំ.៤ វ.៧-៨; ទំ.៥ វ.១១, ១៣
ថ្ងៃច័ន្ទ ទី១២ ខែមិថុនា
មនុស្សមួយចំនួនតូចនឹងក្លាយទៅជាមនុស្ស១.០០០នាក់ ហើយពួកអ្នកដែលមានគ្នាតិចនឹងក្លាយទៅជាប្រជាជាតិដ៏ធំនិងខ្លាំងពូកែ។—អេ. ៦០:២២
ដូចអេសាយបាននិយាយ «ប្រជាជាតិនានា . . . នឹងផ្គត់ផ្គង់អ្វីៗ»ដែលរាស្ត្ររបស់ព្រះយេហូវ៉ាត្រូវការ ក្នុងន័យថារាស្ត្រលោកអាចប្រើជំនាញនិងសមត្ថភាពរបស់ពួកអ្នកដែលកំពុងចូលមកក្នុងសេចក្ដីពិត។ (អេ. ៦០:៥, ១៦) យ៉ាងនេះ កិច្ចការផ្សព្វផ្សាយកំពុងធ្វើឡើងនៅ២៤០ប្រទេស ហើយសៀវភៅផ្សេងៗរបស់យើងបានត្រូវបោះពុម្ពជាង១.០០០ភាសា។ នៅគ្រាចុងបញ្ចប់នេះ ការអង្រួនប្រជាជាតិនានាតម្រូវឲ្យមនុស្សធ្វើការសម្រេចចិត្តថា តើពួកគេនឹងគាំទ្ររាជាណាចក្ររបស់ព្រះ ឬតើពួកគេនឹងទុកចិត្តរដ្ឋាភិបាលរបស់ពិភពលោកនេះ? មនុស្សគ្រប់រូបនឹងត្រូវធ្វើការសម្រេចចិត្តនេះ។ ទោះជារាស្ត្ររបស់ព្រះយេហូវ៉ាធ្វើតាមច្បាប់រដ្ឋាភិបាលនៅប្រទេសដែលពួកគេរស់នៅក្ដី ពួកគេរក្សាអព្យាក្រឹតភាពទាំងស្រុងក្នុងរឿងនយោបាយ។ (រ៉ូម ១៣:១-៧) ពួកគេដឹងថារាជាណាចក្ររបស់ព្រះគឺជាដំណោះស្រាយដ៏ពិតប្រាកដតែមួយគត់ចំពោះបញ្ហាមនុស្សជាតិ។ រាជាណាចក្រនោះមិនមែនជារបស់ពិភពលោកនេះទេ។—យ៉ូន. ១៨:៣៦, ៣៧ w២១.០៩ ទំ.១៧-១៨ វ.១៣-១៤
ថ្ងៃអង្គារ ទី១៣ ខែមិថុនា
ចូរជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក។—ចសព. ៦២:៨
ពេលបុគ្គលជាទីស្រឡាញ់របស់អ្នកចាកចេញពីព្រះយេហូវ៉ា គឺសំខាន់ចាំបាច់ដែលអ្នកបន្តពង្រឹងជំនឿរបស់អ្នក និងសមាជិកឯទៀតក្នុងក្រុមគ្រួសារ។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ចូរទទួលកម្លាំងពីព្រះយេហូវ៉ាដោយរក្សាទម្លាប់ក្នុងការអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះ ព្រមទាំងដោយចូលរួមកិច្ចប្រជុំ។ បងស្រីចូអាណាដែលមានឪពុកនិងបងស្រីបានចាកចេញពីសេចក្ដីពិត និយាយថា៖ «ខ្ញុំមានអារម្មណ៍ស្ងប់ជាង ពេលខ្ញុំអានអំពីបុគ្គលក្នុងគម្ពីរដូចជាអាប៊ីកែល អេសធើរ យ៉ូប យ៉ូសែប និងលោកយេស៊ូ។ គំរូរបស់ពួកគេលើកទឹកចិត្តខ្ញុំ ហើយជួយខ្ញុំឲ្យមានទស្សនៈល្អជាង»។ ពេលអ្នកពិបាកចិត្ត សូមកុំឈប់អធិដ្ឋានទៅព្រះយេហូវ៉ាឡើយ។ ចូរអង្វរសុំព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ឲ្យជួយអ្នកមានទស្សនៈដូចលោកចំពោះស្ថានភាពដែលអ្នកជួបប្រទះ និង«ឲ្យអ្នកមានការយល់ធ្លុះជ្រៅ ហើយណែនាំអ្នកឲ្យដើរតាមផ្លូវដែលគួរដើរ»។ (ចសព. ៣២:៦-៨) ពិតមែនថា អ្នកប្រហែលជាឈឺចិត្តពេលប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍ពិតរបស់អ្នក តែលោកយល់ទាំងស្រុងអំពីអារម្មណ៍ឈឺចិត្តដែលអ្នកមាន។ លោកលើកទឹកចិត្តអ្នកឲ្យជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក។—ដច. ៣៤:៦; ចសព. ៦២:៧ w២១.០៩ ទំ.២៨ វ.៩-១០
ថ្ងៃពុធ ទី១៤ ខែមិថុនា
នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់។ ចូរស្ដាប់បង្គាប់លោក។—ម៉ាថ. ១៧:៥
ក្រោយពិធីបុណ្យរំលងនៃឆ្នាំ៣២ គ.ស. សាវ័កពេត្រុស យ៉ាកុប និងយ៉ូហានបានឃើញអ្វីមួយដ៏អស្ចារ្យក្នុងគំនិត។ កាលដែលពួកគាត់នៅលើភ្នំខ្ពស់មួយដែលប្រហែលជាភ្នំហឺម៉ូន លក្ខណៈក្រៅរបស់លោកយេស៊ូបានត្រូវផ្លាស់ប្រែនៅមុខពួកគាត់។ គម្ពីរចែងថា៖ «មុខរបស់លោកបានបញ្ចេញរស្មីដូចថ្ងៃ ហើយសម្លៀកបំពាក់របស់លោកចាប់ផ្ដើមភ្លឺត្រចះដូចពន្លឺ»។ (ម៉ាថ. ១៧:១-៤) ពួកសាវ័កទាំងនោះបានឮព្រះមានប្រសាសន៍ថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់។ ចូរស្ដាប់បង្គាប់លោក»។ សាវ័កទាំងបីនាក់នេះបានបង្ហាញថាពួកគាត់ស្ដាប់លោកយេស៊ូ តាមរយៈរបៀបរស់នៅពេញមួយជីវិតរបស់ពួកគាត់។ យើងក៏ចង់ធ្វើតាមគំរូរបស់ពួកគាត់ដែរ។ យើងសប្បាយដែលព្រះយេហូវ៉ាផ្ដល់ការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់ដល់យើងតាមរយៈលោកយេស៊ូគ្រិស្តដែលជា«ប្រមុខនៃក្រុមជំនុំ»។ (អេភ. ៥:២៣) ដូចសាវ័កពេត្រុស យ៉ាកុប និងយ៉ូហាន សូមយើងតាំងចិត្ត«ស្ដាប់បង្គាប់លោក»។ យ៉ាងនេះ យើងនឹងទទួលពរជាច្រើននៅឥឡូវនេះ ហើយនៅថ្ងៃអនាគត យើងនឹងសប្បាយជារៀងរហូត។ w២១.១២ ទំ.២២ វ.១; ទំ.២៧ វ.១៩
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា
ខ្ញុំនឹងប្រដៅតម្រង់អ្នកដល់កម្រិតត្រឹមត្រូវ។—យេ. ៣០:១១
គ្រិស្តសាសនិកម្នាក់នៅក្រុងកូរិនថូសរស់នៅដោយប្រាសចាកសីលធម៌ជាមួយប្រពន្ធរបស់ឪពុកគាត់។ សាវ័កប៉ូលបានប្រាប់គ្រិស្តសាសនិកនៅទីនោះឲ្យបណ្ដាច់មិត្តភាពគាត់។ អំពើប្រាសចាកសីលធម៌របស់បុរសនោះមានឥទ្ធិពលទៅលើអ្នកឯទៀតក្នុងក្រុមជំនុំ ហើយពួកគេខ្លះថែមទាំងគិតថាទង្វើនេះមិនមែនជាអំពើខុសឆ្គងធ្ងន់ធ្ងរទៀតផង! (១កូ. ៥:១, ២, ១៣) មួយរយៈពេលក្រោយមក ប៉ូលបានដឹងថា អ្នកប្រព្រឹត្តអំពើខុសឆ្គងនោះពិតជាប្រែចិត្តមែន! ប៉ូលបានប្រាប់ពួកអ្នកចាស់ទុំថា៖ «អ្នករាល់គ្នាគួរតែមេត្តាអភ័យទោសឲ្យបុរសនោះ ហើយសម្រាលទុក្ខគាត់»។ សូមកត់សម្គាល់អំពីមូលហេតុដែលប៉ូលបានប្រាប់ពួកគេឲ្យធ្វើដូច្នេះ គាត់និយាយថា៖ «ដើម្បីកុំឲ្យគាត់ព្រួយចិត្តខ្លាំងហួសហេតុពេក»។ ប៉ូលមានចិត្តអាណិតអាសូរចំពោះបុរសដែលបានប្រែចិត្តនោះ។ គាត់មិនចង់ឃើញបុរសនោះព្រួយចិត្តខ្លាំងហួសហេតុពេកចំពោះអ្វីដែលគាត់បានធ្វើ រហូតដល់គាត់ឈប់ស្វែងរកការអភ័យទោស។ (២កូ. ២:៥-៨, ១១) ដូចព្រះយេហូវ៉ា ពួកអ្នកចាស់ទុំពិតជាចង់បង្ហាញសេចក្ដីមេត្តាករុណា។ ពួកគេនឹងប្រៀនប្រដៅបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងយ៉ាងម៉ឺងម៉ាត់បើជាការចាំបាច់ ប៉ុន្តែពួកគេក៏នឹងបង្ហាញសេចក្ដីមេត្តាករុណាច្រើនបំផុតតាមដែលអាចធ្វើបាន។ ពុំនោះទេ នោះមិនមែនជាការបង្ហាញសេចក្ដីមេត្តាករុណាឡើយ ប៉ុន្តែជាការបណ្ដែតបណ្ដោយទៅវិញ។ w២១.១០ ទំ.១១-១២ វ.១២-១៥
ថ្ងៃសុក្រ ទី១៦ ខែមិថុនា
អ្នករាល់គ្នាមិនត្រូវសងសឹកឬចងគំនុំ . . . ឡើយ។—ចល. ១៩:១៨
ការឈឺចិត្តអាចប្រៀបដូចជារបួស។ មានរបួសខ្លះស្រាល ខ្លះធ្ងន់។ ជាឧទាហរណ៍ ពេលយើងបើកស្រោមសំបុត្រ យើងប្រហែលជាមុតដៃនឹងក្រដាស។ នោះគឺឈឺខ្លាំងណាស់ ប៉ុន្តែមួយថ្ងៃពីរថ្ងៃក្រោយមក យើងប្រហែលជាភ្លេចថាយើងមុតនៅកន្លែងណា។ ស្រដៀងគ្នាដែរ រឿងខ្លះដែលធ្វើឲ្យយើងឈឺចិត្ត គឺតូចតាចទេ។ ជាឧទាហរណ៍ ពេលមិត្តភក្តិនិយាយឬធ្វើអ្វីដោយមិនបានគិត ដែលនាំឲ្យយើងឈឺចិត្ត យើងងាយអភ័យទោសឲ្យគាត់។ ប៉ុន្តែបើយើងមានរបួសជ្រៅជាង គ្រូពេទ្យត្រូវដេរនិងរុំរបួសនោះ។ បើយើងចេះតែឆ្កឹះឆ្កៀលរបួសនោះ វាទំនងជានឹងមិនជា ហើយធ្វើឲ្យយើងកាន់តែឈឺ។ បុគ្គលម្នាក់ប្រហែលជាធ្វើអ្វីស្រដៀងនឹងនេះ ពេលគាត់ទើសចិត្តនឹងអ្នកណាម្នាក់យ៉ាងខ្លាំង។ បើគាត់តែងតែគិតអំពីអារម្មណ៍ឈឺចិត្តរបស់គាត់និងអ្វីដែលបុគ្គលនោះធ្វើឲ្យគាត់ឈឺចិត្ត គាត់ទំនងជានឹងកាន់តែឈឺចិត្តទៅ ហើយមិនអាចបំភ្លេចរឿងនោះបានទេ។ បុគ្គលដែលចងគំនុំមានតែនាំទុក្ខដាក់ខ្លួន។ គឺជាការល្អជាង បើយើងធ្វើតាមយោបល់ក្នុងបទគម្ពីរថ្ងៃនេះ។ w២១.១២ ទំ.១២ វ.១៥
ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា
ហេតុអ្វីបានជាអ្នកវិនិច្ឆ័យបងប្អូនរបស់អ្នក?—រ៉ូម ១៤:១០
ឧបមាថា អ្នកចាស់ទុំម្នាក់ព្រួយបារម្ភអំពីរបៀបស្លៀកពាក់និងសម្អិតសម្អាងខ្លួនរបស់គ្រិស្តសាសនិកម្នាក់។ អ្នកចាស់ទុំនោះអាចសួរខ្លួនឯងថា ‹តើខ្ញុំឲ្យយោបល់ដោយមានមូលដ្ឋានពីគម្ពីរឬទេ?›។ ដោយសារអ្នកចាស់ទុំនោះមិនចង់ឲ្យយោបល់តាមទស្សនៈរបស់ខ្លួន គាត់អាចសួរយោបល់អ្នកចាស់ទុំម្នាក់ទៀត ឬបងប្អូនដែលមានភាពចាស់ទុំ។ ក្រោយមក ពួកគេប្រហែលជានឹងពិចារណាអំពីយោបល់របស់ប៉ូលស្ដីអំពីរបៀបស្លៀកពាក់និងសម្អិតសម្អាងខ្លួន។ (១ធី. ២:៩, ១០) ប៉ូលបានលើកឡើងអំពីគោលការណ៍ទូទៅ ពោលគឺគ្រិស្តសាសនិកគួរស្លៀកពាក់តាមរបៀបសមរម្យ រមទម និងដោយមានគំនិតសមហេតុសមផល។ ប៉ូលមិនបានធ្វើបញ្ជីមួយអំពីអ្វីដែលគួរនិងមិនគួរស្លៀកពាក់នោះទេ។ គាត់ទទួលស្គាល់ថាគ្រិស្តសាសនិកមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសសម្លៀកបំពាក់និងសម្អិតសម្អាងខ្លួន ឲ្យតែនោះមិនប្រឆាំងនឹងបទគម្ពីរ។ ដូច្នេះ ជាការល្អឲ្យអ្នកចាស់ទុំពិចារណាថាតើបុគ្គលនោះស្លៀកពាក់និងសម្អិតសម្អាងខ្លួនដោយរមទម និងដោយមានគំនិតសមហេតុផលឬយ៉ាងណា។ យើងគួរទទួលស្គាល់ថាគ្រិស្តសាសនិកដែលមានភាពចាស់ទុំពីរនាក់ប្រហែលជាធ្វើការសម្រេចចិត្តខុសគ្នា តែនោះមិនមានន័យថាមួយខុសមួយត្រូវទេ។ យើងមិនគួរព្យាយាមបង្ខំបងប្អូនរួមជំនឿឲ្យធ្វើតាមអ្វីដែលយើងគិតថាត្រឹមត្រូវឡើយ។ w២២.០២ ទំ.១៦ វ.៩-១០
ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា
ចូរ . . . ប្រព្រឹត្តចំពោះគ្នាដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងដោយសេចក្ដីមេត្តាករុណា។—សាក. ៧:៩
យើងមានមូលហេតុល្អឲ្យបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។ តើមានមូលហេតុអ្វីខ្លះ? សូមមើលចម្លើយដូចតទៅនេះពីសុភាសិតមួយចំនួន ដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ថា៖ «កូនត្រូវ មានសេចក្ដីស្រឡាញ់និងសេចក្ដីស្មោះត្រង់ជានិច្ច។ . . . យ៉ាងនោះ ទាំងព្រះទាំងមនុស្សនឹងពេញចិត្តកូន ហើយទទួលស្គាល់ថាកូនមានការយល់ធ្លុះជ្រៅ»។ «មនុស្សដែលមានសេចក្ដីស្រឡាញ់ស្មោះត្រង់នឹងនាំឲ្យខ្លួនជួបតែអ្វីល្អៗ»។ ម្យ៉ាងទៀត «អ្នកណាដែលព្យាយាមធ្វើអំពើសុចរិត ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ អ្នកនោះនឹងបានជីវិត»។ (សុភ. ៣:៣, ៤; ១១:១៧, កំ.ស.; ២១:២១) សុភាសិតទាំងនេះ លើកឡើងអំពីមូលហេតុបីដែលយើងគួរបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ ទី១ ពេលយើងបង្ហាញគុណសម្បត្តិនេះ យើងមានតម្លៃចំពោះព្រះយេហូវ៉ា។ ទី២ កាលដែលយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ យើងផ្ទាល់ទទួលប្រយោជន៍ ដូចជាយើងមានចំណងមិត្តភាពស្ថិតស្ថេរជាមួយអ្នកឯទៀតជាដើម។ ទី៣ ដោយសារយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ យើងនឹងទទួលពរនៅថ្ងៃអនាគត រួមមានជីវិតដែលគ្មានទីបញ្ចប់។ ពិតមែន មានមូលហេតុល្អជាច្រើនដែលយើងគួរធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ាថា៖ «ចូរ . . . ប្រព្រឹត្តចំពោះគ្នាដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងដោយសេចក្ដីមេត្តាករុណា»។ w២១.១១ ទំ.៨ វ.១-២
ថ្ងៃច័ន្ទ ទី១៩ ខែមិថុនា
សូមជួយយើងឲ្យមានជំនឿថែមទៀត។—លូក. ១៧:៥
បើទុក្ខលំបាកដែលអ្នកជួបនៅសព្វថ្ងៃនេះ ឬនៅអតីតកាលបង្ហាញថាជំនឿរបស់អ្នកមានភាពទន់ខ្សោយនៅចំណុចណាមួយ សូមកុំធ្លាក់ទឹកចិត្តឡើយ។ សូមចាត់ទុកថានេះជាឱកាសដើម្បីពង្រឹងជំនឿរបស់អ្នក។ សូមអធិដ្ឋានទៅព្រះយេហូវ៉ាអស់ពីចិត្ត ជាពិសេសពេលអ្នកមានបញ្ហាធំ។ សូមទទួលស្គាល់ថាព្រះយេហូវ៉ាអាចផ្ដល់ជំនួយដែលអ្នកត្រូវការតាមរយៈក្រុមគ្រួសារឬមិត្តភក្តិ។ ពេលព្រះយេហូវ៉ាជួយអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដែលអ្នកមាននៅឥឡូវនេះ នោះនឹងជួយអ្នកឲ្យកាន់តែជឿជាក់ថាលោកនឹងជួយអ្នកស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលអ្នកប្រហែលជាជួបប្រទះនៅថ្ងៃអនាគត។ លោកយេស៊ូបានជួយពួកអ្នកកាន់តាមលោកឲ្យដឹងអំពីចំណុចណាដែលពួកគេត្រូវការជំនឿថែមទៀត។ ប៉ុន្តែលោកដឹងថាដោយមានជំនួយពីព្រះយេហូវ៉ា ពួកគេអាចយកឈ្នះទុក្ខលំបាកនៅថ្ងៃអនាគតបាន។ (យ៉ូន. ១៤:១; ១៦:៣៣) លោកជឿជាក់ថាដោយមានជំនឿមាំមួន មនុស្សមួយក្រុមធំនឹងរួចជីវិតពីគ្រាទុក្ខវេទនាដ៏ខ្លាំង។ (បប. ៧:៩, ១៤) អ្នកនឹងនៅក្នុងចំណោមមនុស្សមួយក្រុមធំនោះ បើអ្នកប្រើគ្រប់ឱកាសដែលអ្នកមានដើម្បីពង្រឹងជំនឿនៅឥឡូវនេះ។—ហេ. ១០:៣៩ w២១.១១ ទំ.២៥ វ.១៨-១៩
ថ្ងៃអង្គារ ទី២០ ខែមិថុនា
ទេវតារបស់ព្រះយេហូវ៉ាការពារអស់អ្នកដែលកោតខ្លាចលោក។—ចសព. ៣៤:៧
យើងមិនរំពឹងថា ព្រះយេហូវ៉ានឹងធ្វើអព្ភូតហេតុដើម្បីការពារយើងនៅសព្វថ្ងៃនេះទេ។ ប៉ុន្តែ យើងដឹងថាអស់អ្នកដែលទុកចិត្តព្រះយេហូវ៉ានឹងមិនរងទុក្ខរហូតនោះឡើយ។ នៅពេលឆាប់ៗខាងមុខនេះ ការទុកចិត្តរបស់យើងទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាឲ្យការពារយើងនឹងត្រូវសាកល្បង។ ពេលកូកនៃស្រុកម៉ាកូកដែលជាប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នាវាយប្រហាររាស្ត្រព្រះ នេះអាចមើលទៅមានគ្រោះថ្នាក់ដល់អាយុជីវិតយើង។ ពេលនោះ យើងត្រូវជឿជាក់ថាព្រះយេហូវ៉ាអាច ហើយនឹងការពារយើង។ ប្រជាជាតិនានាទាំងនោះនឹងមើលមកយើងដោយគិតថាយើងប្រៀបដូចជាចៀមដែលគ្មានអ្នកការពារ។ (អេគ. ៣៨:១០-១២) យើងនឹងគ្មានអាវុធ ហើយមិនហ្វឹកហាត់ធ្វើសង្គ្រាមទេ។ ប្រជាជាតិនានានឹងគិតថា ពួកគេនឹងយកឈ្នះយើងយ៉ាងងាយស្រួល។ ពួកគេមិនដឹងថាទេវតារបស់ព្រះយេហូវ៉ាប្រុងប្រៀបនឹងការពារយើងទេ។ ប៉ុន្តែយើងដឹង ដោយសារយើងមានជំនឿ។ ពួកគេនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលកងទ័ពស្ថានសួគ៌ច្បាំងជំនួសយើង។—បប. ១៩:១១, ១៤, ១៥ w២២.០១ ទំ.៦ វ.១២-១៣
ថ្ងៃពុធ ទី២១ ខែមិថុនា
ចូរស្រឡាញ់បងប្អូនរួមជំនឿទាំងអស់។—១ពេ. ២:១៧
បងប្អូនទាំងអស់របស់យើងគឺសំខាន់ចំពោះព្រះយេហូវ៉ា ដូច្នេះពួកគេគួរតែជាបុគ្គលសំខាន់ចំពោះយើងដែរ។ យើងគួរធ្វើឲ្យពួកគេមានអារម្មណ៍ថាយើងស្រឡាញ់ពួកគេ ហើយយើងក៏ប្រយ័ត្នមិនធ្វើឲ្យពួកគេឈឺចិត្តដែរ។ បើយើងដឹងថា យើងបានធ្វើឲ្យអ្នកណាម្នាក់ទើសចិត្ត ឬឈឺចិត្ត យើងមិនគួរធ្វើដូចជាមិនដឹងមិនឮ ហើយគិតថាបុគ្គលនោះត្រូវអភ័យទោសឲ្យយើង និងបំភ្លេចរឿងនោះចោលទេ។ ក៏ប៉ុន្តែ ហេតុអ្វីបងប្អូនខ្លះឆាប់តូចចិត្ត ឬទើសចិត្ត? ប្រហែលជាមកពីពួកគេមានទស្សនៈមិនល្អចំពោះខ្លួនឯង ដោយសារជីវប្រវត្តិរបស់ខ្លួន។ បងប្អូនឯទៀតប្រហែលជាបានចូលសេចក្ដីពិតថ្មីៗនេះ ហើយមិនទាន់បានរៀនថាពួកគេត្រូវអភ័យទោសឲ្យអ្នកឯទៀតដែលធ្វើខុសចំពោះពួកគេទេ។ ទោះជាមានហេតុណាក៏ដោយដែលនាំឲ្យទើសចិត្តក្ដី យើងគួរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាពឡើងវិញជាមួយអ្នកនោះ។ មួយវិញទៀត បុគ្គលដែលច្រើនតែទើសចិត្តនឹងអ្នកឯទៀត ត្រូវទទួលស្គាល់ថា នេះគឺជាគុណវិបត្តិមួយដែលគាត់ត្រូវខំព្យាយាមលះចោល។ គាត់ត្រូវធ្វើដូច្នេះ ដើម្បីមានសេចក្ដីសុខសាន្តក្នុងចិត្ត និងមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។ w២១.០៦ ទំ.២១ វ.៧
ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា
ព្រះយេហូវ៉ានៅជិតអស់អ្នកដែលហៅរកលោក គឺអស់អ្នកដែលហៅរកលោកដោយចិត្តស្មោះ។—ចសព. ១៤៥:១៨
លោកយេស៊ូយល់អារម្មណ៍របស់អ្នក។ ពេលយើងពិបាកចិត្ត យើងសប្បាយមានមិត្តភក្ដិដែលចេះយល់អារម្មណ៍របស់យើង ជាពិសេសមិត្តភក្ដិដែលធ្លាប់មានទុក្ខលំបាកស្រដៀងនឹងយើង។ លោកយេស៊ូជាមិត្តបែបនេះ។ លោកដឹងថាការមានអារម្មណ៍ទន់ខ្សោយ និងការត្រូវការជំនួយគឺយ៉ាងណា។ លោកយេស៊ូយល់អំពីភាពទន់ខ្សោយរបស់យើង ហើយលោកនឹងធ្វើឲ្យប្រាកដថាយើងទទួលជំនួយ«នៅពេលដែលយើងត្រូវការ»។ (ហេ. ៤:១៥, ១៦) ដូចលោកយេស៊ូបានទទួលជំនួយពីទេវតាមួយរូបនៅសួនកេតសេម៉ានី យើងគួរសុខចិត្តទទួលជំនួយដែលព្រះយេហូវ៉ាផ្ដល់ឲ្យ មិនថានោះតាមរយៈសៀវភៅ វីដេអូ សុន្ទរកថា ការសួរសុខទុក្ខពីពួកអ្នកចាស់ទុំឬមិត្តភក្ដិដែលមានភាពចាស់ទុំក្ដី។ (លូក. ២២:៣៩-៤៤) ព្រះយេហូវ៉ានឹងផ្ដល់ឲ្យអ្នកនូវ‹សេចក្ដីសុខសាន្តរបស់លោក› និងពង្រឹងកម្លាំងចិត្តអ្នក។ ពេលយើងអធិដ្ឋាន យើងនឹងទទួល«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន»។—ភី. ៤:៦, ៧ w២២.០១ ទំ.១៨-១៩ វ.១៧-១៩
ថ្ងៃសុក្រ ទី២៣ ខែមិថុនា
ពួកគាត់តែងប្រាប់ . . . អំពីបង្គាប់ដែលពួកសាវ័ក . . . បានសម្រេច។—សកម្ម. ១៦:៤
ព្រះយេហូវ៉ាតែងតែធ្វើអ្វីដែលត្រឹមត្រូវ។ ប៉ុន្តែ យើងប្រហែលជាពិបាកទុកចិត្តបងប្អូនប្រុសដែលលោកបានតែងតាំង។ យើងប្រហែលជាឆ្ងល់ថា តើពួកអ្នកដែលមានអំណាចមួយកម្រិតក្នុងអង្គការរបស់ព្រះយេហូវ៉ាពិតជាធ្វើតាមការណែនាំពីលោកឬធ្វើតាមគំនិតខ្លួនឯង? តាមការពិត ព្រះយេហូវ៉ាទុកចិត្តពួកអ្នកដែលលោកតែងតាំងឲ្យនាំមុខក្នុងអង្គការរបស់លោកនិងក្នុងក្រុមជំនុំ ដូច្នេះបើយើងមិនទុកចិត្តបងប្អូនប្រុសទាំងនេះទេ យើងមិនអាចនិយាយថាយើងទុកចិត្តព្រះយេហូវ៉ាឡើយ។ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាដឹកនាំអង្គការរបស់លោកផ្នែកនៅផែនដីតាមរយៈ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥) ដូចគណៈអភិបាលនៅសតវត្សរ៍ទី១ ខ្ញុំបម្រើនេះមើលការខុសត្រូវលើរាស្ត្ររបស់ព្រះនៅទូទាំងពិភពលោក និងផ្ដល់ការណែនាំដល់ពួកអ្នកចាស់ទុំ។ បន្ទាប់មក ពួកអ្នកចាស់ទុំធ្វើឲ្យប្រាកដថាពួកគេធ្វើតាមការណែនាំនោះក្នុងក្រុមជំនុំ។ យើងបង្ហាញការទុកចិត្តថាព្រះយេហូវ៉ាតែងតែធ្វើអ្វីដែលត្រឹមត្រូវ ដោយធ្វើតាមការណែនាំដែលយើងទទួលពីអង្គការរបស់លោក និងពួកអ្នកចាស់ទុំ។ w២២.០២ ទំ.៤ វ.៧-៨
ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា
យើងមិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ។—កាឡ. ៦:៩
យើងសប្បាយចិត្តនិងមានមោទនភាពធ្វើជាសាក្សីព្រះយេហូវ៉ា! យើងអរសប្បាយជួយបុគ្គល«ដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់» ឲ្យទទួលការជ្រមុជទឹក។ (សកម្ម. ១៣:៤៨) យើងមានអារម្មណ៍ដូចលោកយេស៊ូដែល«ត្រេកអរពន់ពេកដោយសារឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ» ក្រោយពីពួកអ្នកកាន់តាមលោកត្រឡប់មកពីផ្សព្វផ្សាយវិញ។ (លូក. ១០:១, ១៧, ២១) សាវ័កប៉ូលបានលើកទឹកចិត្តធីម៉ូថេថា៖ «ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក»។ ប៉ូលបានបន្ថែមថា៖ «ដោយធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្ដាប់អ្នក»។ (១ធី. ៤:១៦) ដូច្នេះ កិច្ចការផ្សព្វផ្សាយរបស់យើងសង្គ្រោះជីវិតមនុស្ស។ ម្យ៉ាងទៀត យើងប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនយើង ដោយសារយើងជាពលរដ្ឋនៃរាជាណាចក្ររបស់ព្រះ។ យើងចង់មានរបៀបរស់នៅដែលនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរនិងដែលស្របតាមដំណឹងល្អដែលយើងផ្សាយ។ (ភី. ១:២៧) យើង‹ប្រុងប្រយ័ត្នជានិច្ចនឹងសេចក្ដីបង្រៀនរបស់យើង› ដោយរៀបចំឲ្យបានល្អនិងសុំជំនួយពីព្រះយេហូវ៉ាមុនផ្សព្វផ្សាយដល់អ្នកឯទៀត។ w២១.១០ ទំ.២៤ វ.១-២
ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា
ចូរបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី។—កូឡ. ៣:១០
«បុគ្គលិកលក្ខណៈថ្មី»គឺជារបៀបគិតគូរនិងការប្រព្រឹត្តដែលបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។ បុគ្គលដែលបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី បង្ហាញផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ ដោយសារគាត់ឲ្យឫទ្ធានុភាពបរិសុទ្ធមានឥទ្ធិពលទៅលើគំនិត អារម្មណ៍ និងការប្រព្រឹត្តរបស់គាត់។ ជាឧទាហរណ៍ បុគ្គលបែបនេះស្រឡាញ់ព្រះយេហូវ៉ានិងរាស្ត្ររបស់លោក។ (ម៉ាថ. ២២:៣៦-៣៩) គាត់រក្សាអំណរ ទោះជាជួបការពិបាកក្ដី។ (យ៉ា. ១:២-៤) គាត់ជាបុគ្គលដែលធ្វើឲ្យមានសន្តិភាព។ (ម៉ាថ. ៥:៩) គាត់ប្រព្រឹត្តដោយអត់ធ្មត់និងដោយសប្បុរសចំពោះអ្នកឯទៀត។ (កូឡ. ៣:១៣) គាត់ស្រឡាញ់និងធ្វើអំពើល្អ។ (លូក. ៦:៣៥) គាត់បង្ហាញជំនឿមាំមួនទៅលើបិតានៅស្ថានសួគ៌។ (យ៉ា. ២:១៨) គាត់រក្សាចិត្តស្លូតបូតពេលអ្នកឯទៀតចង់រករឿងឬធ្វើឲ្យគាត់ខឹង ហើយគាត់ចេះទប់ចិត្តពេលមានការល្បួង។ (១កូ. ៩:២៥, ២៧; ទីត. ៣:២) ដើម្បីពាក់បុគ្គលិកលក្ខណៈថ្មី យើងត្រូវបណ្ដុះឲ្យមានគុណសម្បត្តិទាំងអស់ដែលបានត្រូវរៀបរាប់នៅកាឡាទី ៥:២២, ២៣ និងនៅក្នុងខគម្ពីរផ្សេងទៀត។ w២២.០៣ ទំ.៨-៩ វ.៣-៤
ថ្ងៃច័ន្ទ ទី២៦ ខែមិថុនា
ចូរយកតម្រាប់ខ្ញុំ។—១កូ. ១១:១
ពួកអ្នកចាស់ទុំអាចយកតម្រាប់សាវ័កប៉ូល មិនគ្រាន់តែដោយផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយប៉ុណ្ណោះទេ តែក៏ដោយប្រុងប្រៀបនិងសុខចិត្តផ្សព្វផ្សាយនៅគ្រប់ឱកាសដែរ។ (អេភ. ៦:១៤, ១៥) ដូចប៉ូល ពួកអ្នកចាស់ទុំអាចប្រើពេលក្នុងកិច្ចបម្រើផ្សាយដើម្បីបង្ហាត់បង្រៀនបងប្អូនឯទៀត រួមទាំងជំនួយការខាងកិច្ចបម្រើផងដែរ។ (១ពេ. ៥:១, ២) ប៉ុន្តែ ពួកអ្នកចាស់ទុំមិនគួរជាប់រវល់ខ្លាំងពេកនឹងការបំពេញភារកិច្ច រហូតដល់ពួកគេគ្មានពេលសម្រាប់ផ្សព្វផ្សាយឡើយ។ (ម៉ាថ. ២៨:១៩, ២០) ដើម្បីរក្សាតុល្យភាព ជួនកាលពួកគេប្រហែលជាត្រូវសម្រេចចិត្តមិនទទួលយកភារកិច្ចខ្លះ។ ក្រោយពីគិតពិចារណានិងអធិដ្ឋាន ពួកគេប្រហែលជាទទួលស្គាល់ថា បើពួកគេព្រមទទួលយកភារកិច្ចណាមួយ ពួកគេនឹងមិនអាចមានពេលសម្រាប់ធ្វើអ្វីដែលសំខាន់ជាងដូចជា ដឹកនាំការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ចូលរួមយ៉ាងពេញលេញក្នុងកិច្ចផ្សព្វផ្សាយ ឬបង្ហាត់បង្រៀនកូនឲ្យផ្សព្វផ្សាយជាដើម។ ពួកគេអាចប្រាកដថាព្រះយេហូវ៉ាយល់ថាពួកគេចង់រក្សាតុល្យភាពក្នុងរឿងទាំងអស់។ w២២.០៣ ទំ.២៧ វ.៤, ៧; ទំ.២៨ វ.៨
ថ្ងៃអង្គារ ទី២៧ ខែមិថុនា
កុំខ្លាចអស់អ្នកដែលអាចសម្លាប់រូបកាយ តែមិនអាចសម្លាប់ជីវិតដែលអ្នកនឹងទទួលនៅអនាគតនោះឡើយ។—ម៉ាថ. ១០:២៨
តើអ្នកធ្លាប់មានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួចពេលគិតអំពីការទៅជាសាក្សីព្រះយេហូវ៉ាឬទេ? ប្រហែលជាអ្នកមានអារម្មណ៍ថា អ្នកមិនអាចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយបានទេ។ ឬប្រហែលជាអ្នកខ្លាចថាក្រុមគ្រួសារឬមិត្តភក្ដិនឹងប្រឆាំងអ្នក។ បើដូច្នេះ អ្នកអាចយល់អារម្មណ៍របស់សិស្សគម្ពីរ។ លោកយេស៊ូបានមានប្រសាសន៍ថា មនុស្សខ្លះនឹងមានការភ័យខ្លាចបែបនេះ។ ប៉ុន្តែ លោកបានលើកទឹកចិត្តអ្នកកាន់តាមលោកមិនឲ្យការភ័យខ្លាចបញ្ឈប់ពួកគេពីការបម្រើព្រះយេហូវ៉ាឡើយ។ (ម៉ាថ. ១០:១៦, ១៧, ២៧) ចូរបង្ហាត់បង្រៀនសិស្សគម្ពីររបស់អ្នកបន្តិចម្ដងៗឲ្យប្រាប់អ្នកឯទៀតអំពីជំនឿរបស់គាត់។ ពេលលោកយេស៊ូចាត់ពួកអ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយ ពួកគេប្រហែលជាភ័យ។ ប៉ុន្តែ លោកយេស៊ូបានជួយពួកគេដោយប្រាប់ពួកគេថា ត្រូវផ្សព្វផ្សាយដល់អ្នកណានិងត្រូវផ្សព្វផ្សាយអំពីអ្វី។ (ម៉ាថ. ១០:៥-៧) តើអ្នកអាចយកតម្រាប់លោកយេស៊ូតាមរបៀបណា? សូមជួយសិស្សឲ្យដឹងថា គាត់អាចផ្សព្វផ្សាយដល់អ្នកណាខ្លះ។ ជាឧទាហរណ៍ សូមសួរគាត់ថាតើគាត់ស្គាល់អ្នកណាដែលអាចទទួលប្រយោជន៍ពីការរៀនសេចក្ដីបង្រៀនណាមួយពីគម្ពីរឬទេ។ បន្ទាប់មក សូមជួយគាត់ឲ្យរៀបចំពាក្យផ្សាយ ដោយបង្ហាញគាត់អំពីរបៀបនិយាយសាមញ្ញដើម្បីប្រាប់សេចក្ដីពិតនោះ។ w២១.០៦ ទំ.៦ វ.១៥-១៦
ថ្ងៃពុធ ទី២៨ ខែមិថុនា
ខ្ញុំនឹងអង្រួនប្រជាជាតិនានា ហើយអ្វីៗដែលមានតម្លៃពីប្រជាជាតិទាំងអស់នឹងចូលមកក្នុងវិហារនេះ។—ហាក. ២:៧
«ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហាងនិងអគារចាស់ៗបានចាប់ផ្ដើមដួលរលំខ្ទេចខ្ទី»។ «មនុស្សគ្រប់គ្នាតក់ស្លុត . . . មានមនុស្សជាច្រើននិយាយថារញ្ជួយដីនោះប្រហែលជាពីរនាទី។ ប៉ុន្តែសម្រាប់ខ្ញុំ មើលទៅយូរណាស់»។ ពាក្យទាំងនេះគឺជាសម្ដីរបស់អ្នកខ្លះដែលបានរួចជីវិតពីការរញ្ជួយដីនៅប្រទេសនេប៉ាល់ នាឆ្នាំ២០១៥។ ប៉ុន្តែនៅឥឡូវនេះ មានការរញ្ជួយឬការអង្រួនប្រភេទផ្សេងទៀតដែលកំពុងកើតឡើង ហើយការអង្រួននេះកើតឡើងនៅគ្រប់ប្រជាជាតិ។ ហាកាយដែលជាអ្នកប្រកាសទំនាយ បានសរសេរថា៖ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹បន្តិចទៀត ខ្ញុំនឹងអង្រួនមេឃនិងផែនដី›»។ (ហាក. ២:៦) ការអង្រួនដែលហាកាយបានរៀបរាប់គឺមិនដូចការរញ្ជួយដីដែលនាំមកនូវតែការបំផ្លាញប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ការអង្រួននោះនាំឲ្យមានលទ្ធផលល្អ។ ព្រះយេហូវ៉ាផ្ទាល់ប្រាប់យើងថា៖ «ខ្ញុំនឹងអង្រួនប្រជាជាតិនានា ហើយអ្វីៗដែលមានតម្លៃពីប្រជាជាតិទាំងអស់នឹងចូលមកក្នុងវិហារនេះ។ រួចខ្ញុំនឹងធ្វើឲ្យវិហារនេះពេញទៅដោយសិរីរុងរឿង»។ w២១.០៩ ទំ.១៤ វ.១-៣
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា
អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក។—លូក. ២២:២៨
បុគ្គលពីរនាក់ជិតស្និទ្ធគ្នា ដោយសារពួកគេបានប្រាស្រ័យទាក់ទងគ្នាយ៉ាងអស់ពីចិត្តជារឿយៗ។ ការមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាក៏ដូចគ្នាដែរ។ ពេលយើងប្រាប់លោកអំពីអារម្មណ៍ គំនិត និងកង្វល់របស់យើងក្នុងសេចក្ដីអធិដ្ឋាន យើងបង្ហាញថាយើងទុកចិត្តលោក ហើយដឹងថាលោកស្រឡាញ់យើង។ (ទំនុក. ៩៤:១៧-១៩; ១យ៉ូន. ៥:១៤, ១៥) ចូរសេពគប់ជាមួយនឹងមិត្តភក្ដិស្មោះត្រង់។ ពួកគេជាអំណោយពីព្រះយេហូវ៉ា។ (យ៉ា. ១:១៧) បិតារបស់យើងនៅស្ថានសួគ៌បង្ហាញការយកចិត្តទុកដាក់ចំពោះយើងផ្ទាល់ ដោយផ្ដល់ឲ្យយើងនូវក្រុមគ្រួសាររួមជំនឿមួយដែល«ស្រឡាញ់គ្នានៅគ្រប់វេលា»។ (សុភ. ១៧:១៧) ក្នុងសំបុត្ររបស់សាវ័កប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងកូឡុស គាត់បានលើកឡើងអំពីគ្រិស្តសាសនិកខ្លះដែលបានគាំទ្រគាត់ ដោយហៅពួកគេថាជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›។ (កូឡ. ៤:១០, ១១) សូម្បីតែលោកយេស៊ូគ្រិស្ត ក៏ត្រូវការនិងឲ្យតម្លៃចំពោះការគាំទ្រដែលលោកបានទទួលពីមិត្តសម្លាញ់របស់លោក គឺពីពួកទេវតាផងនិងពីមនុស្សជាតិផង។ (លូក. ២២:៤៣) ការប្រាប់អំពីកង្វល់របស់យើងទៅមិត្តភក្ដិដែលមានភាពចាស់ទុំមិនមានន័យថាជំនឿរបស់យើងខ្សោយទេ តែជួយការពារយើងវិញ។ w២១.០៤ ទំ.២៤-២៥ វ.១៤-១៦
ថ្ងៃសុក្រ ទី៣០ ខែមិថុនា
សេចក្ដីស្រឡាញ់អត់ធន់នឹងអ្វីៗទាំងអស់ ជឿអ្វីៗទាំងអស់ សង្ឃឹមលើអ្វីៗទាំងអស់ ស៊ូទ្រាំនឹងអ្វីៗទាំងអស់។—១កូ. ១៣:៧
តើអ្នកគួរធ្វើអ្វី បើបងប្អូនរួមជំនឿណាម្នាក់បានធ្វើឲ្យអ្នកទើសចិត្តយ៉ាងខ្លាំង? ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាព។ ចូរប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នក ហើយសុំលោកផ្ដល់ពរឲ្យបងប្អូននោះដែលបានធ្វើឲ្យអ្នកទើសចិត្ត ព្រមទាំងជួយអ្នកឲ្យឃើញគុណសម្បត្តិផ្សេងៗរបស់អ្នកនោះ ជាគុណសម្បត្តិដែលនាំឲ្យព្រះយេហូវ៉ាស្រឡាញ់គាត់។ (លូក. ៦:២៨) បើអ្នកមិនអាចបំភ្លេចអ្វីដែលអ្នកនោះបានធ្វើ សូមគិតអំពីរបៀបដ៏ល្អដើម្បីនិយាយជាមួយគាត់។ គឺជាការល្អបំផុតដែលអ្នកសន្និដ្ឋានថា បងប្អូននោះមិនមានបំណងធ្វើឲ្យអ្នកឈឺចិត្តទេ។ (ម៉ាថ. ៥:២៣, ២៤) ពេលអ្នកនិយាយជាមួយគាត់ សូមមានទស្សនៈថាគាត់មានបំណងចិត្តល្អ។ ចុះបើគាត់មិនចង់ធ្វើឲ្យមានសន្តិភាព? ចូរ«ទ្រាំទ្រ»នឹងគាត់។ សូមបន្តអត់ធ្មត់នឹងគាត់។ (កូឡ. ៣:១៣) សំខាន់បំផុត សូមកុំខឹងងំនឹងគាត់ ពីព្រោះនេះអាចបង្ខូចចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា។ សូមកុំឲ្យអ្វីណាក៏ដោយធ្វើឲ្យអ្នកជំពប់ដួល។ យ៉ាងនេះ អ្នកបង្ហាញថាអ្នកស្រឡាញ់ព្រះយេហូវ៉ាខ្លាំងជាងអ្វីណាទាំងអស់។—ទំនុក. ១១៩:១៦៥ w២១.០៦ ទំ.២៤ វ.១៥