ខែមករា
ថ្ងៃពុធ ទី១ ខែមករា
មានគេសែងសពបុរសម្នាក់។ គាត់ជាកូនប្រុសតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់។—លូក. ៧:១២
លោកយេស៊ូ«ក្រឡេកទៅឃើញ»ម្ដាយដែលកើតទុក្ខនោះសិន រួចមក«លោកមានចិត្តក្ដួលអាណិត»ចំពោះនាង។ (លូក. ៧:១៣) ប៉ុន្តែ លោកយេស៊ូមិនគ្រាន់តែមានចិត្តក្ដួលអាណិតចំពោះម្ដាយនោះប៉ុណ្ណោះទេ តែលោកក៏បានបង្ហាញចិត្តអាណិតមេត្តាចំពោះនាងដែរ។ លោកបានមានប្រសាសន៍ទៅនាង ទំនងជាដោយសំឡេងដ៏គួរឲ្យលើកទឹកចិត្តថា៖ «ឈប់យំទៅ»។ បន្ទាប់មក លោកបានធ្វើអ្វីមួយដើម្បីជួយនាង។ លោកបានប្រោសកូនប្រុសនោះឲ្យមានជីវិតឡើងវិញ ហើយ«ប្រគល់គាត់ឲ្យម្ដាយគាត់វិញ»។ (លូក. ៧:១៤, ១៥) តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូអំពីការប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញ? យើងរៀនមេរៀនអំពីការបង្ហាញចិត្តអាណិតមេត្តាចំពោះពួកអ្នកដែលកើតទុក្ខ។ ដូចលោកយេស៊ូ យើងអាចបណ្ដុះឲ្យមានចិត្តអាណិតមេត្តាចំពោះពួកអ្នកដែលកើតទុក្ខ ដោយសង្កេតមើលស្ថានភាពរបស់ពួកគេ។ យើងអាចចាត់វិធានការទុកជាមុនដើម្បីបង្ហាញចិត្តអាណិតមេត្តា តាមរយៈការនិយាយនិងការធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជួយពួកគេ ហើយសម្រាលទុក្ខពួកគេ។ (សុភ. ១៧:១៧; ២កូ. ១:៣, ៤; ១ពេ. ៣:៨) សូម្បីតែពាក្យសាមញ្ញនិងការប្រព្រឹត្តបន្តិចបន្តួច ក៏អាចលើកទឹកចិត្តនិងសម្រាលទុក្ខពួកគេខ្លាំងណាស់។ w២៣.០៤ ទំ.៥-៦ វ.១៣-១៥
ថ្ងៃព្រហស្បតិ៍ ទី២ ខែមករា
លទ្ធផលនៃជំងឺនេះមិនមែនជាសេចក្ដីស្លាប់ទេ តែគឺជាការលើកតម្កើងព្រះវិញ។—យ៉ូន. ១១:៤
ទោះជាលោកយេស៊ូដឹងថាឡាសាដែលជាមិត្តរបស់លោកបានស្លាប់ក្ដី លោកនៅតែបន្តនៅទីនោះអស់ពីរថ្ងៃទៀត ហើយក្រោយមក លោកបានធ្វើដំណើរទៅភូមិបេថានី។ ដូច្នេះ នៅពេលដែលលោកយេស៊ូទៅដល់ ឡាសាបានស្លាប់អស់បួនថ្ងៃហើយ។ លោកយេស៊ូនឹងធ្វើអ្វីមួយដែលនឹងផ្ដល់ប្រយោជន៍ដល់មិត្តសម្លាញ់របស់លោក ហើយលើកតម្កើងព្រះ។ (យ៉ូន. ១១:៦, ១១, ១៧) កំណត់ហេតុនេះបង្រៀនយើងមេរៀនមួយអំពីមិត្តភាព។ សូមគិតអំពីនេះ៖ ពេលម៉ារៀនិងម៉ាថាបាននាំដំណឹងទៅប្រាប់លោកយេស៊ូ ពួកគាត់មិនបានសុំលោកឲ្យមកភូមិបេថានីទេ។ ពួកគាត់គ្រាន់តែនិយាយថាមិត្តជាទីស្រឡាញ់របស់លោកកំពុងឈឺ។ (យ៉ូន. ១១:៣) ពេលឡាសាស្លាប់ លោកយេស៊ូអាចប្រោសគាត់ឲ្យរស់ឡើងវិញពីចម្ងាយក៏បាន ប៉ុន្តែលោកបានសម្រេចចិត្តទៅភូមិបេថានីដើម្បីនៅជាមួយមិត្តរបស់លោកគឺម៉ារៀនិងម៉ាថា។ តើអ្នកមានមិត្តដែលនឹងមកជួយអ្នកដោយមិនចាំបាច់សុំឬទេ? យ៉ាងនេះ អ្នកដឹងថាអ្នកអាចពឹងពាក់គាត់ឲ្យជួយ«នៅពេលមានទុក្ខលំបាក»។ (សុភ. ១៧:១៧) ដូចលោកយេស៊ូ សូមយើងធ្វើជាមិត្តបែបនេះរបស់អ្នកឯទៀត! w២៣.០៤ ទំ.១០ វ.១០-១១
ថ្ងៃសុក្រ ទី៣ ខែមករា
លោកដែលបានសន្យាគឺស្មោះត្រង់។—ហេ. ១០:២៣
ពេលមានទុក្ខលំបាក យើងប្រហែលជាមានអារម្មណ៍ថាពិភពលោកថ្មីរបស់ព្រះយេហូវ៉ានឹងមិនមកឆាប់ៗទេ។ តើនេះមានន័យថាយើងមានជំនឿខ្សោយឬ? មិនតែងតែដូច្នេះទេ។ សូមគិតអំពីឧទាហរណ៍មួយ។ ក្នុងអំឡុងពេលរដូវប្រាំងដែលក្ដៅខ្លាំង យើងប្រហែលជាមានអារម្មណ៍ថារដូវវស្សានៅយូរទៀត។ ប៉ុន្តែ យើងដឹងថាវានឹងមក។ ស្រដៀងគ្នាដែរ ពេលយើងធ្លាក់ទឹកចិត្តខ្លាំង យើងប្រហែលជាមានអារម្មណ៍ថា ពិភពលោកថ្មីនឹងមិនមកឆាប់ៗទេ។ ប៉ុន្តែ បើជំនឿរបស់យើងរឹងមាំ យើងដឹងថាពិភពលោកថ្មីនឹងមកមិនខាន ព្រោះព្រះយេហូវ៉ាបានសន្យាហើយ។ (ចសព. ៩៤:៣, ១៤, ១៥; ហេ. ៦:១៧-១៩) ដោយមានទំនុកចិត្តបែបនេះ យើងអាចបន្ដចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង។ យើងក៏ត្រូវការជំនឿរឹងមាំដើម្បីធ្វើកិច្ចការផ្សព្វផ្សាយ។ មនុស្សជាច្រើនមានអារម្មណ៍ថា«ដំណឹងល្អ»អំពីពិភពលោកថ្មីរបស់ព្រះដែលនៅឆាប់ៗខាងមុខគឺល្អពេកហួសពីការពិត។ (ម៉ាថ. ២៤:១៤; អេគ. ៣៣:៣២) សូមប្រុងប្រយ័ត្នមិនកើតចិត្តសង្ស័យដូចពួកគេទៅលើអ្វីដែលព្រះយេហូវ៉ាបង្រៀនយើងឡើយ។ ដើម្បីការពារមិនឲ្យនេះកើតឡើង យើងត្រូវបន្ដពង្រឹងជំនឿរបស់យើង។ w២៣.០៤ ទំ.២៧ វ.៦-៧; ទំ.៣០ វ.១៤
ថ្ងៃសៅរ៍ ទី៤ ខែមករា
យើងដឹងថាយើងនឹងទទួល ពីព្រោះយើងបានសុំពីលោក។—១យ៉ូន. ៥:១៥
តើអ្នកធ្លាប់ឆ្ងល់ថាតើព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នកឬយ៉ាងណាទេ? បើដូច្នេះ មិនមែនមានតែអ្នកប៉ុណ្ណោះទេ។ បងប្អូនជាច្រើននាក់ក៏បាននិយាយថាពួកគេឆ្ងល់អំពីរឿងនេះដែរ ជាពិសេសពេលពួកគេជួបបញ្ហា។ បើយើងកំពុងរងទុក្ខ យើងក៏ប្រហែលជាពិបាកកត់សម្គាល់ជាងនូវរបៀបដែលព្រះយេហូវ៉ាកំពុងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។ ហេតុអ្វីយើងអាចជឿជាក់ថា ព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកអ្នកគោរពប្រណិប័តន៍លោក? បទគម្ពីរពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់ ហើយថាយើងមានតម្លៃចំពោះលោក។ (ហាក. ២:៧; ១យ៉ូន. ៤:១០) នេះជាមូលហេតុដែលលោកអញ្ជើញយើងឲ្យអធិដ្ឋានសុំជំនួយពីលោក។ (១ពេ. ៥:៦, ៧) លោកចង់ជួយយើងឲ្យបន្តនៅជិតស្និទ្ធនឹងលោក ហើយស៊ូទ្រាំនឹងការពិបាកផ្សេងៗដែលយើងជួបប្រទះ។ ក្នុងគម្ពីរ យើងច្រើនតែឃើញថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកអ្នកគោរពប្រណិប័តន៍លោក។ តើអ្នកអាចគិតអំពីឧទាហរណ៍មួយបានឬទេ? w២៣.០៥ ទំ.៨ វ.១-៤
ថ្ងៃអាទិត្យ ទី៥ ខែមករា
ម៉ារៀនិយាយថា៖ «ខ្ញុំលើកតម្កើងព្រះយេហូវ៉ា»។—លូក. ១:៤៦
ម៉ារៀមានចំណងមិត្តភាពផ្ទាល់ជាមួយព្រះយេហូវ៉ា។ ជំនឿរបស់គាត់មិនពឹងលើអ្វីដែលយ៉ូសែបធ្វើឡើយ។ ម៉ារៀស្គាល់បទគម្ពីរយ៉ាងច្បាស់។ គាត់ក៏បានលៃទុកពេលដើម្បីរំពឹងគិតដែរ។ (លូក. ២:១៩, ៥១) យើងអាចប្រាកដថាចំណងមិត្តភាពរបស់ម៉ារៀជាមួយព្រះយេហូវ៉ាបាននាំឲ្យគាត់ទៅជាប្រពន្ធដ៏ល្អប្រសើរ។ សព្វថ្ងៃនេះ ប្រពន្ធជាច្រើនខំយកតម្រាប់ម៉ារៀ។ ជាឧទាហរណ៍ បងស្រីម្នាក់ឈ្មោះអេមីកូនិយាយថា៖ «ពេលខ្ញុំនៅលីវ ខ្ញុំមានកាលវិភាគគោរពប្រណិប័តន៍ដោយខ្លួនឯង។ ប៉ុន្តែក្រោយពីរៀបការ ខ្ញុំបានទទួលស្គាល់ថា ដោយសារប្ដីខ្ញុំអធិដ្ឋានឲ្យយើងពីរនាក់ ហើយនាំមុខក្នុងការគោរពប្រណិប័តន៍ ជំនឿរបស់ខ្ញុំពឹងទៅលើអ្វីដែលគាត់ធ្វើ។ ខ្ញុំចាប់ផ្ដើមឃើញថាខ្ញុំផ្ទាល់ត្រូវរក្សាចំណងមិត្តភាពជាមួយព្រះយេហូវ៉ាឲ្យរឹងមាំ។ ដូច្នេះឥឡូវ ខ្ញុំលៃទុកពេលនៅជាមួយព្រះយេហូវ៉ាម្នាក់ឯងដោយអធិដ្ឋាន អានបទគម្ពីរ និងរំពឹងគិតអំពីគំនិតរបស់លោក»។ (កាឡ. ៦:៥) ប្រពន្ធទាំងឡាយ កាលដែលអ្នកបន្តពង្រឹងចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ប្ដីអ្នកនឹងកាន់តែមានហេតុសរសើរនិងស្រឡាញ់អ្នក។—សុភ. ៣១:៣០ w២៣.០៥ ទំ.២២ វ.៦
ថ្ងៃច័ន្ទ ទី៦ ខែមករា
ខ្ញុំនឹងបង្រៀនកូនឲ្យកោតខ្លាចព្រះយេហូវ៉ា។—ចសព. ៣៤:១១
យើងមិនមែនកើតមកដោយចេះកោតខ្លាចព្រះយេហូវ៉ាទេ យើងត្រូវតែបណ្ដុះឲ្យមានអារម្មណ៍នេះ។ របៀបមួយដែលយើងអាចធ្វើដូច្នេះគឺដោយពិនិត្យមើលអ្វីដែលព្រះបានបង្កើត។ កាលដែលយើងកាន់តែឃើញប្រាជ្ញា ឫទ្ធានុភាព និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់លោកចំពោះយើងដែលសឲ្យឃើញក្នុង«អ្វីៗដែលលោកបានបង្កើត» យើងនឹងកាន់តែគោរពនិងស្រឡាញ់លោក។ (រ៉ូម ១:២០) របៀបមួយទៀតដែលយើងអាចបណ្ដុះការកោតខ្លាចរបស់យើងចំពោះព្រះគឺដោយអធិដ្ឋានជាទៀងទាត់។ កាលដែលយើងកាន់តែអធិដ្ឋាន ព្រះយេហូវ៉ាកាន់តែទៅជាបុគ្គលពិតចំពោះយើង។ រាល់ដងដែលយើងសុំកម្លាំងពីលោកដើម្បីស៊ូទ្រាំនឹងទុក្ខលំបាក យើងនឹកឃើញអំពីឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។ ពេលយើងអរគុណលោកចំពោះអំណោយជាបុត្ររបស់លោក យើងនឹកឃើញអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេហូវ៉ាចំពោះយើង។ ម្យ៉ាងទៀត ពេលយើងអង្វរសុំជំនួយពីព្រះយេហូវ៉ាដើម្បីដោះស្រាយបញ្ហា យើងនឹកឃើញថាលោកមានប្រាជ្ញាជាខ្លាំង។ សេចក្ដីអធិដ្ឋានដូចនេះជួយយើងឲ្យគោរពព្រះយេហូវ៉ាកាន់តែខ្លាំងឡើង ហើយពង្រឹងការតាំងចិត្តរបស់យើងឲ្យជៀសវាងពីការធ្វើអ្វីណាដែលនឹងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយលោក។ w២៣.០៦ ទំ.១៥ វ.៦-៧
ថ្ងៃអង្គារ ទី៧ ខែមករា
ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើង។—អេ. ៣៣:២២
ព្រះយេហូវ៉ាតែងតែបានឲ្យច្បាប់ដែលស្រួលយល់ដល់រាស្ត្រលោក។ ជាឧទាហរណ៍ គណៈអភិបាលនៅសតវត្សរ៍ទី១បានលើកឡើងអំពីរបៀបបីយ៉ាងដែលគ្រិស្តសាសនិកត្រូវរក្សាខ្លួនឲ្យមាំមួនគឺ៖ (១) ដោយបដិសេធការគោរពបូជារូបព្រះ ហើយគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ (២) ដោយគោរពភាពពិសិដ្ឋនៃឈាម និង(៣) ដោយធ្វើតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់ពីគម្ពីរ។ (សកម្ម. ១៥:២៨, ២៩) តើគ្រិស្តសាសនិកនៅសព្វថ្ងៃនេះអាចកាន់ជំហរមាំមួនតាមរបៀបទាំងបីនេះយ៉ាងដូចម្ដេច? គឺដោយស្ដាប់បង្គាប់និងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ លោកបានបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យមានភក្ដីភាពផ្ដាច់មុខចំពោះលោក។ (បច. ៥:៦-១០) ម្យ៉ាងទៀត ពេលមេកំណាចល្បួងលោកយេស៊ូ លោកបានមានប្រសាសន៍យ៉ាងច្បាស់ថា យើងត្រូវគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ (ម៉ាថ. ៤:៨-១០) ដូច្នេះ យើងមិនគោរពបូជារូបព្រះទេ។ យើងក៏មិនគោរពប្រណិប័តន៍មនុស្សដោយប្រព្រឹត្តទៅលើពួកគេហាក់ដូចជាព្រះនោះទេ មិនថាពួកគេជាអ្នកដឹកនាំសាសនា អ្នកនយោបាយ ឬអ្នកល្បីខាងកីឡានិងសិល្បៈក៏ដោយ។ យើងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ ដែលជាអ្នក«បង្កើតអ្វីៗទាំងអស់»។—បប. ៤:១១ w២៣.០៧ ទំ.១៤-១៥ វ.៣-៤
ថ្ងៃពុធ ទី៨ ខែមករា
ការកោតខ្លាចព្រះយេហូវ៉ានាំមនុស្សឲ្យវៀរចាកអំពើអាក្រក់។—សុភ. ១៦:៦
ពិភពលោកសាថានចេះតែគិតអំពីរឿងប្រាសចាកសីលធម៌ខាងផ្លូវភេទ និងការមើលរូបអាសអាភាស។ (អេភ. ៤:១៩) ដូច្នេះយើងត្រូវបណ្ដុះការកោតខ្លាចចំពោះព្រះ និងវៀរចាកពីអ្វីដែលអាក្រក់។ ក្នុងសៀវភៅសុភាសិត ជំពូកទី៩ យើងអានអំពីស្ត្រីពីរនាក់។ ម្នាក់ជាតំណាងប្រាជ្ញា និងម្នាក់ទៀតជាតំណាងភាពល្ងង់ខ្លៅ។ ជំពូកនេះរៀបរាប់ថា ស្ត្រីម្នាក់ៗបានអញ្ជើញអ្នកដែលខ្វះបទពិសោធន៍ ពោលគឺពួកអ្នកដែល«ឥតចេះគិតពិចារណា» ដោយហាក់ដូចជានិយាយថា ‹មកផ្ទះខ្ញុំបរិភោគសិន›។ (សុភ. ៩:១, ៤-៦) ប៉ុន្តែ លទ្ធផលចំពោះបុគ្គលដែលទទួលការអញ្ជើញទាំងនេះគឺខុសគ្នាស្រឡះ។ សូមគិតអំពីការអញ្ជើញពី«ស្ត្រីល្ងីល្ងើ»។ (សុភ. ៩:១៣-១៨) ដោយឥតអៀនខ្មាស នាងស្រែកហៅពួកអ្នកដែលឥតចេះគិតពិចារណាថា៖ «ចូលមកទីនេះ» និងបរិភោគអាហារជាមួយនាង។ តើមានលទ្ធផលអ្វី? «ផ្ទះរបស់នាងពេញទៅដោយមនុស្សស្លាប់»។ យើងបានទទួលការព្រមានអំពី«ស្ត្រីមិនល្អ» និង«ស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌»។ យើងបានត្រូវប្រាប់ថា៖ «ការទៅផ្ទះរបស់នាងដូចជាការទៅរកសេចក្ដីស្លាប់»។ (សុភ. ២:១១-១៩) សុភាសិត ៥:៣-១០ មានការព្រមានអំពី«ស្រីមិនល្អ»ម្នាក់ទៀត ដែល«ជើងរបស់នាងចុះទៅរកសេចក្ដីស្លាប់»។ w២៣.០៦ ទំ.២២ វ.៦-៧
ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា
ចូរឲ្យមនុស្សទាំងអស់ឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុសមផល។—ភី. ៤:៥
ពួកអ្នកចាស់ទុំត្រូវទុកគំរូល្អក្នុងការធ្វើជាមនុស្សសមហេតុសមផល។ (១ធី. ៣:២, ៣) ជាឧទាហរណ៍ អ្នកចាស់ទុំម្នាក់មិនគួររំពឹងថាក្រុមអ្នកចាស់ទុំនឹងតែងតែយកទស្សនៈរបស់គាត់ ដោយសារតែគាត់មានវ័យចាស់ជាងអ្នកចាស់ទុំឯទៀតទេ។ គាត់ទទួលស្គាល់ថាឫទ្ធានុភាពរបស់ព្រះយេហូវ៉ាអាចជំរុញចិត្តអ្នកចាស់ទុំណាក៏ដោយឲ្យនិយាយអ្វីដែលនឹងជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ ម្យ៉ាងទៀត បើអ្នកចាស់ទុំភាគច្រើនយល់ស្របនឹងការសម្រេចចិត្តមួយដែលមិនប្រឆាំងគោលការណ៍គម្ពីរ អ្នកចាស់ទុំដែលសមហេតុសមផលនឹងគាំទ្រការសម្រេចចិត្តនោះ ទោះជាគាត់ចង់ធ្វើអ្វីផ្សេងក្ដី។ ពេលយើងជាមនុស្សសមហេតុសមផល យើងទទួលប្រយោជន៍ជាច្រើន។ យើងមានចំណងមិត្តភាពល្អជាងជាមួយបងប្អូនយើង ហើយក្រុមជំនុំមានសេចក្ដីសុខសាន្ត។ យើងអរសប្បាយដែលមានបុគ្គលិកលក្ខណៈនិងវប្បធម៌ផ្សេងៗគ្នានៅក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាដោយមានសាមគ្គីភាព។ សំខាន់បំផុត យើងស្កប់ចិត្តដោយដឹងថាយើងកំពុងយកតម្រាប់ព្រះយេហូវ៉ាជាព្រះដែលសមហេតុសមផល។ w២៣.០៧ ទំ.២៥ វ.១៦-១៧
ថ្ងៃសុក្រ ទី១០ ខែមករា
ពួកអ្នកដែលចេះគិតពិចារណាប៉ុណ្ណោះ នឹងយល់បាន។—ដាន. ១២:១០
ដានីយ៉ែលបានសិក្សាទំនាយដោយមានបំណងចិត្តត្រឹមត្រូវ គឺដើម្បីស្គាល់សេចក្ដីពិត។ ដានីយ៉ែលក៏មានចិត្តរាបទាប ដោយទទួលស្គាល់ថាព្រះយេហូវ៉ានឹងឲ្យការយល់ដឹងដល់ពួកអ្នកដែលស្គាល់លោក និងដែលរស់នៅស្របតាមខ្នាតតម្រាដ៏ស្អាតស្អំរបស់លោក។ (ដាន. ២:២៧, ២៨) ដានីយ៉ែលបានបង្ហាញថាគាត់មានចិត្តរាបទាបដោយពឹងផ្អែកទៅលើព្រះយេហូវ៉ាឲ្យជួយ។ (ដាន. ២:១៨) ដានីយ៉ែលក៏បានសិក្សាយ៉ាងយកចិត្តទុកដាក់។ គាត់បានស្រាវជ្រាវផ្នែកផ្សេងៗនៃគម្ពីរដែលមាននៅសម័យគាត់។ (យេ. ២៥:១១, ១២; ដាន. ៩:២) តើអ្នកអាចយកតម្រាប់ដានីយ៉ែលយ៉ាងដូចម្ដេច? ចូរពិនិត្យមើលបំណងចិត្តរបស់អ្នក។ តើអ្នកសិក្សាទំនាយក្នុងគម្ពីរដោយសារអ្នកពិតជាចង់ស្គាល់សេចក្ដីពិតឬទេ? បើដូច្នេះ ព្រះយេហូវ៉ានឹងជួយអ្នក។ (យ៉ូន. ៤:២៣, ២៤; ១៤:១៦, ១៧) អ្នកខ្លះប្រហែលជាធ្វើដូច្នេះ ដោយសារពួកគេព្យាយាមស្វែងរកភ័ស្តុតាងដែលបង្ហាញថាគម្ពីរមិនបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។ ពួកគេគិតថាបើគម្ពីរមិនមកពីព្រះ ពួកគេអាចសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ប៉ុន្តែ យើងត្រូវមានបំណងចិត្តត្រឹមត្រូវ។ w២៣.០៨ ទំ.៩ វ.៧-៨
ថ្ងៃសៅរ៍ ទី១១ ខែមករា
ប្រសិនបើអ្នកធ្លាក់ទឹកចិត្ត . . . នោះកម្លាំងរបស់អ្នកនឹងចុះខ្សោយ។—សុភ. ២៤:១០
យើងអាចរំពឹងច្រើនពេកពីខ្លួនឯងពេលយើងប្រៀបធៀបខ្លួននឹងអ្នកឯទៀត។ នេះហាក់ដូចជាការរែកពុនបន្ទុក។ (កាឡ. ៦:៤) បើយើងធ្វើដូច្នេះ យើងអាចឈ្នានីសនិងប្រកួតប្រជែងអ្នកឯទៀត។ (កាឡ. ៥:២៦) បើយើងបង្ខំខ្លួនធ្វើអ្វីដែលអ្នកឯទៀតកំពុងធ្វើ ទោះជាតាមពិតនោះជាអ្វីដែលយើងមិនអាចធ្វើបានក្ដី យើងអាចនាំទុក្ខដល់ខ្លួនឯង។ សូមគិតអំពីចំណុចនេះ៖ បើ«ការរំពឹងទុកដែលក្រនឹងកើតឡើង នាំឲ្យក្រៀមក្រំចិត្ត» ចុះទម្រាំតែការរង់ចាំអ្វីមួយដែលយើងប្រហែលជាមិនអាចទទួល នោះនឹងកាន់តែធ្វើឲ្យធ្លាក់ទឹកចិត្តយ៉ាងណាទៅ! (សុភ. ១៣:១២; កំ.ស.) បើយើងធ្វើដូច្នេះ យើងអាចអស់កម្លាំងជាខ្លាំងរហូតដល់យើងបន្ថយល្បឿនក្នុងទីប្រណាំងឲ្យបានជីវិត។ សូមកុំតម្រូវឲ្យខ្លួនធ្វើលើសពីអ្វីដែលព្រះយេហូវ៉ាតម្រូវ។ លោកមិនតម្រូវឲ្យអ្នកជូនលោកនូវអ្វីដែលអ្នកមិនមានទេ។ (២កូ. ៨:១២) សូមជឿជាក់ថាព្រះយេហូវ៉ាមិនប្រៀបធៀបអ្វីដែលអ្នកធ្វើទៅនឹងអ្វីដែលអ្នកឯទៀតធ្វើឡើយ។ (ម៉ាថ. ២៥:២០-២៣) លោកឲ្យតម្លៃចំពោះកិច្ចបម្រើអស់ពីដួងចិត្តរបស់អ្នក ភាពស្មោះត្រង់របស់អ្នក និងការស៊ូទ្រាំរបស់អ្នក។ w២៣.០៨ ទំ.២៩ វ.១០-១១
ថ្ងៃអាទិត្យ ទី១២ ខែមករា
តើឲ្យខ្ញុំត្រូវស្លាប់ដោយការស្រេកទឹក . . . ឬ?—អសក. ១៥:១៨
ព្រះយេហូវ៉ាបានតបឆ្លើយចំពោះការស្រែកសុំជំនួយរបស់សាំសុន ដោយធ្វើអព្ភូតហេតុផ្ដល់ទឹកឲ្យគាត់។ ពេលសាំសុនផឹកទឹកនោះ «គាត់ក៏មានកម្លាំងកំហែង និងមានស្មារតីឡើងវិញ»។ (អសក. ១៥:១៩) តាមមើលទៅ ប្រភពទឹកដែលថ្មីនោះនៅតែមានច្រើនឆ្នាំក្រោយមកពេលដែលអ្នកប្រកាសទំនាយសាំយូអែលបានត្រូវដឹកនាំឲ្យសរសេរសៀវភៅអ្នកសម្រេចក្ដី។ ទឹកដែលហូរនោះប្រហែលជាបានរំលឹកជនជាតិអ៊ីស្រាអែលថា បើពឹងផ្អែកព្រះយេហូវ៉ា លោកនឹងជួយពួកអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោកនៅពេលដែលពួកគេត្រូវការ។ យើងក៏ត្រូវស្វែងរកជំនួយពីព្រះយេហូវ៉ាដែរ មិនថាយើងមានទេពកោសល្យឬសមត្ថភាពអ្វី ឬយើងបានសម្រេចអ្វីក្នុងកិច្ចបម្រើលោកក៏ដោយ។ យើងគួរទទួលយកការពិតដោយចិត្តសុភាពថាការជោគជ័យពិតប្រាកដអាចកើតឡើងបាន លុះត្រាតែយើងពឹងផ្អែកទៅលើព្រះយេហូវ៉ា។ ដូចសាំសុនមានកម្លាំងកំហែងពេលគាត់ផឹកទឹកដែលព្រះយេហូវ៉ាឲ្យ យើងនឹងមានជំនឿរឹងមាំពេលដែលយើងប្រើអ្វីទាំងអស់ដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង។—ម៉ាថ. ១១:២៨ w២៣.០៩ ទំ.៤ វ.៨-១០
ថ្ងៃច័ន្ទ ទី១៣ ខែមករា
សម្ដីទន់ភ្លន់រម្ងាប់កំហឹង តែពាក្យគំរោះគំរើយធ្វើឲ្យមានកំហឹងកាន់តែខ្លាំង។—សុភ. ១៥:១
តើយើងអាចធ្វើអ្វីពេលយើងជួបនឹងស្ថានភាពដែលអាចនាំឲ្យយើងខឹង ដូចជាពេលនរណាម្នាក់បង្អាប់ព្រះរបស់យើង ឬសើចចំអកគម្ពីរ? យើងគួរសុំព្រះយេហូវ៉ាឲ្យផ្ដល់ឫទ្ធានុភាពនិងប្រាជ្ញារបស់លោកដើម្បីបង្ហាញចិត្តស្លូតបូត។ ប៉ុន្តែចុះយ៉ាងណាបើក្រោយមកយើងទទួលស្គាល់ថាយើងមិនបានតបឆ្លើយយ៉ាងល្អដូចដែលយើងគួរធ្វើ? យើងអាចអធិដ្ឋានម្ដងទៀតអំពីរឿងនេះ ហើយគិតអំពីរបៀបដែលយើងអាចធ្វើឲ្យបានល្អជាងនៅលើកក្រោយ។ យ៉ាងនេះ ព្រះយេហូវ៉ានឹងផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់យើងដើម្បីយើងអាចគ្រប់គ្រងកំហឹងនិងបង្ហាញចិត្តស្លូតបូត។ ខគម្ពីរខ្លះអាចជួយយើងឲ្យគ្រប់គ្រងពាក្យសម្ដីពេលប្រឈមមុខនឹងស្ថានភាពដែលពិបាក។ ឫទ្ធានុភាពរបស់ព្រះអាចជួយយើងឲ្យនឹកឃើញខគម្ពីរទាំងនោះ។ (យ៉ូន. ១៤:២៦) ជាឧទាហរណ៍ គោលការណ៍នៅសៀវភៅសុភាសិតអាចជួយយើងឲ្យមានចិត្តស្លូតបូត។ (សុភ. ១៥:១៨) សៀវភៅនោះក៏ប្រាប់អំពីប្រយោជន៍ដែលមកពីការគ្រប់គ្រងអារម្មណ៍ក្នុងស្ថានភាពដ៏តានតឹង។—សុភ. ១០:១៩; ១៧:២៧; ២១:២៣; ២៥:១៥ w២៣.០៩ ទំ.១៥ វ.៦-៧
ថ្ងៃអង្គារ ទី១៤ ខែមករា
ខ្ញុំប្រុងប្រៀបរំលឹកអ្នករាល់គ្នាអំពីការទាំងនេះជានិច្ច។—២ពេ. ១:១២
សាវ័កពេត្រុសបានដឹងថាមិនយូរទៀតគាត់នឹងស្លាប់។ ក្នុងអំឡុងកិច្ចបម្រើដ៏ស្មោះត្រង់របស់ពេត្រុសអស់រាប់ទសវត្សរ៍ គាត់បានដើរជាមួយលោកយេស៊ូ បានចាប់ផ្ដើមកិច្ចផ្សព្វផ្សាយនៅតំបន់ផ្សាយថ្មី និងបានបម្រើជាសមាជិកគណៈអភិបាល។ ប៉ុន្តែ កិច្ចបម្រើរបស់ពេត្រុសមិនបានឈប់នៅពេលនោះទេ។ ប្រហែលជានៅឆ្នាំ៦២-៦៤ គ.ស. ព្រះបានដឹកនាំគាត់ឲ្យសរសេរសំបុត្រពីរក្នុងគម្ពីរគឺសៀវភៅពេត្រុសទី១និងទី២។ (២ពេ. ១:១៣-១៥) ពេត្រុសបានសរសេរសំបុត្ររបស់គាត់នៅពេលដែលបងប្អូនរួមជំនឿ«ព្រួយចិត្ត . . . ដោយសារទុក្ខលំបាកផ្សេងៗ»។ (១ពេ. ១:៦) មនុស្សអាក្រក់ព្យាយាមនាំសេចក្ដីបង្រៀនមិនពិតនិងការប្រព្រឹត្តមិនស្អាតស្អំឲ្យចូលក្នុងក្រុមជំនុំគ្រិស្តសាសនិក។ (២ពេ. ២:១, ២, ១៤) មិនយូរទៀត គ្រិស្តសាសនិកដែលរស់នៅក្រុងយេរូសាឡិមនឹងជួប«ទីបញ្ចប់នៃអ្វីៗទាំងអស់» ពោលគឺការបំផ្លាញក្រុងនោះនិងវិហារក្នុងក្រុងនោះដោយកងទ័ពរ៉ូម។ (១ពេ. ៤:៧) សំបុត្ររបស់ពេត្រុសច្បាស់ជាបានជួយគ្រិស្តសាសនិកឲ្យឃើញអ្វីដែលពួកគេអាចធ្វើដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកនៅគ្រានោះ និងដើម្បីត្រៀមខ្លួនសម្រាប់ទុក្ខលំបាកនៅថ្ងៃអនាគត។ w២៣.០៩ ទំ.២៦ វ.១-២
ថ្ងៃពុធ ទី១៥ ខែមករា
[គ្រិស្ត]បានរៀនឲ្យចេះស្ដាប់បង្គាប់ព្រះដោយសារអ្វីៗដែលលោកបានរងទុក្ខ។—ហេ. ៥:៨
ដូចលោកយេស៊ូ យើងច្រើនតែរៀនឲ្យចេះស្ដាប់បង្គាប់ពេលស្ថិតក្នុងស្ថានភាពពិបាក។ ជាឧទាហរណ៍ ក្នុងអំឡុងពេលជំងឺកូវីដ-១៩បានផ្ទុះឡើងដំបូងៗ កាលដែលយើងបានត្រូវសុំឲ្យឈប់ជួបជុំគ្នានៅសាលប្រជុំ និងផ្អាកកិច្ចបម្រើផ្សាយរបស់យើងពីផ្ទះមួយទៅផ្ទះមួយ តើអ្នកពិបាកធ្វើតាមឬទេ? ទោះជាអ្នកមានអារម្មណ៍ពិបាកក្ដី ការស្ដាប់បង្គាប់របស់អ្នកបានការពារអ្នក បានជួយអ្នកឲ្យមានសាមគ្គីភាពជាមួយបងប្អូនរួមជំនឿ និងបានធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ឥឡូវ យើងទាំងអស់គ្នាបានត្រៀមខ្លួនល្អប្រសើរជាងដើម្បីធ្វើតាមការណែនាំណាដែលយើងទទួលក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ ការធ្វើតាមការណែនាំទាំងនោះនឹងសង្គ្រោះជីវិតយើង។ (យ៉ូប ៣៦:១១) មូលហេតុសំខាន់ចម្បងដែលយើងសម្រេចចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ា គឺដោយសារយើងស្រឡាញ់លោក ហើយចង់ធ្វើឲ្យលោកពេញចិត្ត។ (១យ៉ូន. ៥:៣) យើងមិនអាចតបស្នងព្រះយេហូវ៉ាចំពោះអ្វីទាំងអស់ដែលលោកបានធ្វើសម្រាប់យើងទេ។ (ចសព. ១១៦:១២) ប៉ុន្តែ យើងអាចស្ដាប់បង្គាប់លោកនិងពួកអ្នកដែលមានអំណាចលើយើង។ បើយើងស្ដាប់បង្គាប់ យើងបង្ហាញថាយើងមានប្រាជ្ញា ហើយបុគ្គលដែលមានប្រាជ្ញាធ្វើឲ្យចិត្តព្រះយេហូវ៉ាត្រេកអរ។—សុភ. ២៧:១១ w២៣.១០ ទំ.១១ វ.១៨-១៩
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា
ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃ [និង]ផែនដី។—បប. ១៤:៧
បើទេវតាមួយរូបនិយាយទៅកាន់អ្នក តើអ្នកនឹងស្ដាប់អ្វីដែលគាត់និយាយឬទេ? សព្វថ្ងៃនេះ ទេវតាមួយរូបនិយាយទៅកាន់«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ»។ តើគាត់និយាយអ្វី? គាត់និយាយថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក . . . ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃ [និង]ផែនដី»។ (បប. ១៤:៦, ៧) ព្រះយេហូវ៉ាជាព្រះពិតតែមួយដែលបុគ្គលគ្រប់រូបគួរគោរពប្រណិប័តន៍។ យើងមានអំណរគុណខ្លាំងណាស់ដែលលោកបានផ្ដល់ឱកាសវិសេសវិសាលឲ្យយើងដើម្បីគោរពប្រណិប័តន៍លោកក្នុងវិហារដ៏រុងរឿងរបស់លោកក្នុងន័យធៀប! តើវិហារក្នុងន័យធៀបគឺជាអ្វី ហើយតើយើងអាចរកព័ត៌មានដែលពន្យល់អំពីវិហារនេះនៅកន្លែងណា? វិហារនេះមិនមែនជាអគារពិតប្រាកដទេ តែគឺជារបៀបរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ដែលលោកពេញចិត្តដោយមានមូលដ្ឋានលើគ្រឿងបូជារបស់លោកយេស៊ូ។ សាវ័កប៉ូលបានពន្យល់អំពីរបៀបរៀបចំនេះក្នុងសំបុត្រដែលគាត់សរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺដែលរស់នៅតំបន់យូឌានាសតវត្សរ៍ទី១។ w២៣.១០ ទំ.២៤ វ.១-២
ថ្ងៃសុក្រ ទី១៧ ខែមករា
«អ្វីទាំងនេះនឹងកើតឡើង មិនមែនដោយកម្លាំងកងទ័ព ហើយក៏មិនមែនដោយអំណាចទេ តែដោយឫទ្ធានុភាពរបស់ខ្ញុំ»។ ព្រះយេហូវ៉ា . . . មានប្រសាសន៍ដូច្នោះ។—សាក. ៤:៦
នៅឆ្នាំ៥២២ មុនគ.ស. ពួកសត្រូវរបស់ជនជាតិយូដាបានបញ្ចុះបញ្ចូលរដ្ឋាភិបាលពើស៊ីឲ្យបញ្ឈប់ការសាងសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ ប៉ុន្តែ សាការីបានពង្រឹងកម្លាំងចិត្តជនជាតិយូដាថា ព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីដកឧបសគ្គណាក៏ដោយចេញ។ នៅឆ្នាំ៥២០ មុនគ.ស. ស្ដេចដារីយុសបានអនុញ្ញាតឲ្យពួកគេបន្ដធ្វើកិច្ចការសាងសង់វិហារ ហើយបានផ្ដល់ទ្រព្យសម្បត្តិដល់ពួកគេដើម្បីធ្វើកិច្ចការនោះ។ គាត់ក៏បានបង្គាប់អភិបាលស្រុកឲ្យជួយពួកគេផងដែរ។ (អែស. ៦:១, ៦-១០) ព្រះយេហូវ៉ាបានសន្យានឹងរាស្ត្រលោកថាពួកគេនឹងមានការគាំទ្រពីលោកបើពួកគេចាត់ទុកការសង់វិហារឡើងវិញជាអ្វីសំខាន់បំផុត។ (ហាក. ១:៨, ១៣, ១៤; សាក. ១:៣, ១៦) ដោយមានការលើកទឹកចិត្តពីអ្នកប្រកាសទំនាយទាំងនោះ ជនជាតិយូដាដែលបានត្រឡប់ទៅវិញបានចាប់ផ្ដើមធ្វើកិច្ចការសាងសង់វិហារម្ដងទៀតនៅឆ្នាំ៥២០ មុនគ.ស. ហើយបានបង្ហើយកិច្ចការនោះក្នុងរយៈពេលតិចជាងប្រាំឆ្នាំ។ ដោយសារជនជាតិយូដាចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់ព្រះជាអ្វីសំខាន់បំផុតទោះជាមានការពិបាកក្ដី ពួកគេបានទទួលការគាំទ្រពីព្រះយេហូវ៉ា។ ជាលទ្ធផល ពួកគេបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយអំណរ។—អែស. ៦:១៤-១៦, ២២ w២៣.១១ ទំ.១៥ វ.៦-៧
ថ្ងៃសៅរ៍ ទី១៨ ខែមករា
[ចូរ]ដើរតាមលំអានដាននៃជំនឿដែលអាប្រាហាំជាឪពុកយើងធ្លាប់មាន។—រ៉ូម ៤:១២
ទោះជាមនុស្សជាច្រើនធ្លាប់ឮអំពីអាប្រាហាំក្ដី ពួកគេភាគច្រើនមិនសូវស្គាល់គាត់ទេ។ ក៏ប៉ុន្តែអ្នកស្គាល់ច្រើនអំពីអាប្រាហាំ។ ជាឧទាហរណ៍ អ្នកដឹងថាអាប្រាហាំបានត្រូវហៅថា៖ «ឪពុករបស់អស់អ្នកដែលមានជំនឿ»។ (រ៉ូម ៤:១១) ទោះជាយ៉ាងនេះក្ដី អ្នកប្រហែលជាឆ្ងល់ថា ‹តើខ្ញុំអាចដើរតាមលំអានដានរបស់អាប្រាហាំ ហើយមានជំនឿដូចគាត់ឬទេ?›។ មែន អ្នកអាចធ្វើដូច្នេះបាន។ របៀបមួយដែលយើងអាចបណ្ដុះឲ្យមានជំនឿដូចអាប្រាហាំ គឺដោយសិក្សាគំរូរបស់គាត់។ អាប្រាហាំតែងតែធ្វើតាមអ្វីដែលព្រះបានប្រាប់គាត់ឲ្យធ្វើ។ គាត់បានរើទៅតំបន់ដែលឆ្ងាយពីផ្ទះរបស់គាត់ រស់នៅក្នុងត្រសាលអស់ជាច្រើនឆ្នាំ និងសុខចិត្តជូនអ៊ីសាកជាកូនជាទីស្រឡាញ់ជាគ្រឿងបូជា។ ការប្រព្រឹត្តទាំងនោះបង្ហាញថាគាត់មានជំនឿដ៏មុតមាំ។ ជំនឿនិងការប្រព្រឹត្តរបស់អាប្រាហាំនាំឲ្យគាត់ទទួលការពេញចិត្តពីព្រះ ហើយទៅជាមិត្តសម្លាញ់របស់លោក។ (យ៉ា. ២:២២, ២៣) ព្រះយេហូវ៉ាក៏ចង់ឲ្យយើងទាំងអស់គ្នារួមទាំងអ្នក ទទួលការពេញចិត្តពីលោកនិងទៅជាមិត្តសម្លាញ់របស់លោកដែរ។ ហេតុនេះហើយ លោកបានដឹកនាំប៉ូលនិងយ៉ាកុបដែលជាអ្នកសរសេរគម្ពីរឲ្យលើកឡើងអំពីគំរូរបស់អាប្រាហាំ។ w២៣.១២ ទំ.២ វ.១-២
ថ្ងៃអាទិត្យ ទី១៩ ខែមករា
មនុស្សម្នាក់ៗត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ។—យ៉ា. ១:១៩
ស្ត្រីទាំងឡាយ ចូររៀនឲ្យចេះប្រាស្រ័យទាក់ទងយ៉ាងល្អ។ គ្រិស្តសាសនិកត្រូវចេះប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។ ស្ដីអំពីរឿងនេះ យ៉ាកុបដែលជាអ្នកកាន់តាមម្នាក់បានផ្ដល់យោបល់ដែលមានប្រយោជន៍សម្រាប់យើង។ យោបល់នោះគឺនៅក្នុងបទគម្ពីរថ្ងៃនេះ។ ពេលអ្នកស្ដាប់យ៉ាងយកចិត្តទុកដាក់កាលដែលអ្នកឯទៀតនិយាយ អ្នកបង្ហាញការចេះយល់អារម្មណ៍ ឬការ«កើតទុក្ខ»ជាមួយពួកគេ។ (១ពេ. ៣:៨) បើអ្នកមិនប្រាកដថាអ្នកយល់អំពីអ្វីដែលបុគ្គលម្នាក់និយាយឬថាគាត់មានអារម្មណ៍យ៉ាងណាទេ សូមសួរសំណួរសមរម្យ។ បន្ទាប់មក សូមគិតសិនមុនអ្នកនិយាយ។ (សុភ. ១៥:២៨, កំ.ស.) សូមសួរខ្លួនថា ‹តើអ្វីដែលខ្ញុំហៀបនឹងនិយាយគឺពិតនិងលើកទឹកចិត្តឬទេ? តើពាក្យសម្ដីរបស់ខ្ញុំនឹងបង្ហាញការគោរព ហើយក៏សប្បុរសឬទេ?›។ សូមរៀនពីបងប្អូនស្រីដែលមានភាពចាស់ទុំដែលចេះប្រាស្រ័យទាក់ទងល្អ។ (សុភ. ៣១:២៦) សូមសង្កេតមើលរបៀបដែលពួកគេនិយាយ។ កាលដែលអ្នកកាន់តែរៀនជំនាញនេះ អ្នកនឹងកាន់តែមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។ w២៣.១២ ទំ.២១ វ.១២
ថ្ងៃច័ន្ទ ទី២០ ខែមករា
អ្នកណាដែលញែកខ្លួនចេញពីអ្នកឯទៀត អ្នកនោះ . . . គ្មានចិត្តចង់បានប្រាជ្ញាទាល់តែសោះ។—សុភ. ១៨:១
សព្វថ្ងៃនេះ ព្រះយេហូវ៉ាប្រហែលជាប្រើក្រុមគ្រួសារ មិត្តភក្តិ ឬពួកអ្នកចាស់ទុំឲ្យគាំទ្រយើង។ ប៉ុន្តែពេលយើងឈឺចិត្ត យើងប្រហែលជាចង់ញែកខ្លួនពីអ្នកឯទៀត ហើយនៅតែឯង។ នេះជាប្រតិកម្មធម្មតា។ តើយើងអាចធ្វើអ្វីដើម្បីទទួលការគាំទ្រពីព្រះយេហូវ៉ា? សូមព្យាយាមយ៉ាងខ្លាំងមិនញែកខ្លួនពីអ្នកឯទៀត។ ពេលយើងញែកខ្លួនពីអ្នកឯទៀត យើងប្រហែលជាចាប់ផ្ដើមគិតតែអំពីខ្លួនឯងនិងបញ្ហាដែលយើងជួបប្រទះ។ ការគិតគូរបែបនេះ អាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់យើង។ ពិតមែនថា យើងទាំងអស់គ្នាត្រូវការពេលដើម្បីនៅម្នាក់ឯង ជាពិសេសពេលប្រឈមមុខនឹងស្ថានភាពដ៏គួរឲ្យខ្លោចផ្សា។ ប៉ុន្តែ បើយើងញែកខ្លួនពីអ្នកឯទៀតអស់រយៈពេលយូរ យើងអាចបដិសេធជំនួយពីមនុស្សដែលព្រះយេហូវ៉ាកំពុងប្រើដើម្បីគាំទ្រយើង។ ដូច្នេះ សូមព្រមទទួលជំនួយពីក្រុមគ្រួសារ មិត្តភក្តិ និងពួកអ្នកចាស់ទុំ។ សូមចាត់ទុកថាព្រះយេហូវ៉ាកំពុងប្រើពួកគេដើម្បីគាំទ្រអ្នក។—សុភ. ១៧:១៧; អេ. ៣២:១, ២ w២៤.០១ ទំ.២៤ វ.១២-១៣
ថ្ងៃអង្គារ ទី២១ ខែមករា
មិនត្រូវកាត់សក់គាត់ទេ។—ជប. ៦:៥
ពួកណាសារីតបានស្បថថាមិនកាត់សក់របស់ពួកគេទេ។ នេះជារបៀបមួយដើម្បីបង្ហាញការចុះចូលទាំងស្រុងចំពោះព្រះយេហូវ៉ា។ គួរឲ្យស្ដាយណាស់ ក្នុងប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែលមានពេលខ្លះដែលពួកណាសារីតមិនបានត្រូវគេឲ្យតម្លៃឬគាំទ្រទេ។ ជួនកាល ជនណាសារីតទំនងជាត្រូវការចិត្តក្លាហានជាខ្លាំងដើម្បីធ្វើតាមពាក្យសម្បថដែលនាំឲ្យពួកគេធ្វើខុសពីគេ។ (អេម. ២:១២) ដោយសារយើងសម្រេចចិត្តចុះចូលតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា យើងក៏ខុសគ្នាស្រឡះពីមនុស្សនៅជុំវិញយើង។ យើងត្រូវការចិត្តក្លាហានដើម្បីប្រាប់អ្នកឯទៀតនៅកន្លែងធ្វើការឬនៅសាលារៀនថាយើងជាសាក្សីព្រះយេហូវ៉ា។ ម្យ៉ាងទៀត កាលដែលចិត្តគំនិតនិងការប្រព្រឹត្តរបស់ពិភពលោកនេះកាន់តែអាក្រក់ទៅៗ យើងទំនងជានឹងកាន់តែពិបាករស់នៅស្របតាមគោលការណ៍គម្ពីរ និងប្រាប់អ្នកឯទៀតអំពីដំណឹងល្អ។ (២ធី. ១:៨; ៣:១៣) ប៉ុន្តែ សូមចាំជានិច្ចថាយើង«ធ្វើឲ្យចិត្ត[ព្រះយេហូវ៉ា]ត្រេកអរ» ពេលយើងខុសស្រឡះពីពួកអ្នកដែលមិនបម្រើលោក។—សុភ. ២៧:១១; ម៉ាឡ. ៣:១៨ w២៤.០២ ទំ.១៦ វ.៧; ទំ.១៧ វ.៩
ថ្ងៃពុធ ទី២២ ខែមករា
ចូរទទួលស្វាគមន៍គ្នាទៅវិញទៅមក។—រ៉ូម ១៥:៧
សូមគិតអំពីភាពខុសគ្នារបស់បងប្អូននៅក្នុងក្រុមជំនុំនាក្រុងរ៉ូម។ នៅទីនោះ មានជនជាតិយូដាដែលបានត្រូវចិញ្ចឹមអប់រំឲ្យធ្វើតាមច្បាប់ម៉ូសេ ហើយក៏មានជនជាតិដទៃដែលមានវប្បធម៌ខុសពីពួកគេដែរ។ គ្រិស្តសាសនិកខ្លះទំនងជាខ្ញុំបម្រើ រីឯខ្លះទៀតជាពួកអ្នកមានសេរីភាព ហើយប្រហែលជាពួកគេខ្លះថែមទាំងជាម្ចាស់របស់ខ្ញុំបម្រើទៀតផង។ តើគ្រិស្តសាសនិកទាំងនោះអាចយកឈ្នះភាពខុសគ្នាបែបនេះ និងពង្រឹងសេចក្ដីស្រឡាញ់របស់ពួកគេយ៉ាងដូចម្ដេច? សាវ័កប៉ូលបានលើកទឹកចិត្តពួកគេឲ្យ«ទទួលស្វាគមន៍គ្នាទៅវិញទៅមក»។ តើគាត់ចង់មានន័យយ៉ាងណា? ពាក្យដែលបានត្រូវបកប្រែថា«ទទួលស្វាគមន៍»មានន័យថាទទួលបុគ្គលណាម្នាក់ដោយចិត្តសប្បុរសឬដោយរាក់ទាក់ ដូចជាឲ្យចូលមកផ្ទះឬចូលក្នុងក្រុមមិត្តភក្តិ។ ជាឧទាហរណ៍ ប៉ូលបានប្រាប់ភីលេម៉ូនអំពីរបៀបទទួលស្វាគមន៍ខ្ញុំបម្រើដែលរត់គេចខ្លួនឈ្មោះអូណេស៊ីមថា៖ «សូមទទួលគាត់ដោយចិត្តសប្បុរស»។ (ភីលេ. ១៧) ម្យ៉ាងទៀត ព្រីស៊ីលនិងអាគីឡាបានទទួលស្វាគមន៍អាប៉ូឡុសដែលមានចំណេះដឹងអំពីគ្រិស្តសាសនាតិចជាងពួកគាត់ ដោយ«អញ្ជើញគាត់ទៅជាមួយ»។ (កក.[សកម្ម.] ១៨:២៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ជាជាងធ្វើឲ្យភាពខុសគ្នានាំឲ្យពួកគេបែកបាក់គ្នា គ្រិស្តសាសនិកទាំងនោះបានយកឈ្នះភាពខុសគ្នារបស់ពួកគេ ហើយទទួលស្វាគមន៍គ្នាទៅវិញទៅមក។ w២៣.០៧ ទំ.៦ វ.១៣
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា
ខ្ញុំនឹងធ្វើតាមសម្បថរបស់ខ្ញុំចំពោះព្រះយេហូវ៉ា។—ចសព. ១១៦:១៤
មូលហេតុសំខាន់ចម្បងដែលអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ាគឺថាអ្នកស្រឡាញ់លោក។ សេចក្ដីស្រឡាញ់របស់អ្នកមិនមានមូលដ្ឋានលើអារម្មណ៍ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ គឺមានមូលដ្ឋានលើ«ចំណេះត្រឹមត្រូវ» និង«ការយល់ដឹងដែលឫទ្ធានុភាពរបស់លោកផ្ដល់ឲ្យ» ពោលគឺអ្វីដែលអ្នកបានរៀនអំពីព្រះយេហូវ៉ាដែលនាំឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះលោកកើនឡើង។ (កូឡ. ១:៩) ការសិក្សាបទគម្ពីរបានធ្វើឲ្យអ្នកជឿជាក់ថា (១) ព្រះយេហូវ៉ាគឺជាបុគ្គលពិត (២) គម្ពីរជាបណ្ដាំរបស់លោកដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក និង(៣) លោកប្រើអង្គការលោកដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។ ពួកអ្នកដែលប្រគល់ខ្លួនជូនព្រះយេហូវ៉ាគួរស្គាល់សេចក្ដីបង្រៀនបឋមក្នុងបណ្ដាំរបស់លោក ហើយរស់នៅស្របតាមខ្នាតតម្រាពីគម្ពីរ។ ពួកគេខំអស់ពីសមត្ថភាពដើម្បីប្រាប់អ្នកឯទៀតអំពីអ្វីដែលពួកគេបានរៀន។ (ម៉ាថ. ២៨:១៩, ២០) សេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះយេហូវ៉ាបានកើនឡើង ហើយពួកគេចង់ជូនភក្ដីភាពផ្ដាច់មុខដល់លោក។ តើអ្វីទាំងអស់នេះរៀបរាប់អំពីអ្នកឬទេ? w២៤.០៣ ទំ.៤-៥ វ.៦-៨
ថ្ងៃសុក្រ ទី២៤ ខែមករា
ពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ។—ដក. ២:២៤
អាប៊ីកែលបានរៀបការជាមួយណាបាលដែលគម្ពីររៀបរាប់ថាជាមនុស្សកោងកាចនិងមានកិរិយាអាក្រក់ខ្លាំងណាស់។ (១សាំ. ២៥:៣) អាប៊ីកែលច្បាស់ជាពិបាករស់នៅជាមួយបុរសបែបនេះ។ តើនាងអាចរកវិធីដើម្បីបញ្ចប់អាពាហ៍ពិពាហ៍របស់នាងឬទេ? នាងមានឱកាសធ្វើដូច្នេះពេលដាវីឌដែលជាអនាគតស្ដេចនៃស្រុកអ៊ីស្រាអែលបានមកសម្លាប់ប្ដីរបស់នាង ដោយសារណាបាលបានជេរប្រមាថដាវីឌនិងពួកបុរសរបស់គាត់។ (១សាំ. ២៥:៩-១៣) អាប៊ីកែលអាចរត់គេចខ្លួនទុកឲ្យដាវីឌសម្រេចគម្រោងការរបស់គាត់ក៏បាន ក៏ប៉ុន្តែនាងបានចាត់វិធានការ ហើយព្យាយាមលើកហេតុផលទៅដាវីឌដើម្បីឲ្យគាត់ទុកជីវិតឲ្យណាបាល។ (១សាំ. ២៥:២៣-២៧) ហេតុអ្វីនាងធ្វើដូច្នេះ? អាប៊ីកែលស្រឡាញ់ព្រះយេហូវ៉ា ហើយឲ្យតម្លៃទៅលើខ្នាតតម្រារបស់លោកសម្រាប់អាពាហ៍ពិពាហ៍។ នាងដឹងថាព្រះយេហូវ៉ាចាត់ទុកអាពាហ៍ពិពាហ៍ជាការរៀបចំដ៏ពិសិដ្ឋ។ នាងចង់ធ្វើឲ្យព្រះពេញចិត្ត ហើយនោះច្បាស់ជាបានជំរុញចិត្តនាងឲ្យធ្វើអ្វីដែលនាងអាចធ្វើបានដើម្បីសង្គ្រោះពួកអ្នកផ្ទះរបស់នាង រួមទាំងប្ដីនាង។ នាងបានចាត់វិធានការភ្លាមៗដើម្បីរារាំងដាវីឌមិនឲ្យសម្លាប់ណាបាល។ w២៤.០៣ ទំ.១៦ វ.៩-១០
ថ្ងៃសៅរ៍ ទី២៥ ខែមករា
ខ្ញុំនឹងពោលពាក្យដែលផ្ដល់កម្លាំងចិត្តឲ្យអ្នករាល់គ្នា។—យ៉ូប ១៦:៥
តើមានអ្នកខ្លះក្នុងក្រុមជំនុំដែលកំពុងខំព្យាយាមធ្វើឲ្យជីវិតរបស់ពួកគេសាមញ្ញជាងដើម្បីបម្រើព្រះយេហូវ៉ាច្រើនជាងឬទេ? តើអ្នកស្គាល់ប្អូនៗវ័យក្មេងដែលកំពុងធ្វើខុសពីគេនៅសាលា ទោះជានេះមិនស្រួលសម្រាប់ពួកគេឬ? តើមានអ្នកដែលពិបាករក្សាភាពស្មោះត្រង់ដោយសារការប្រឆាំងពីក្រុមគ្រួសារឬទេ? សូមតាំងចិត្តខំអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តបងប្អូនទាំងនេះ ហើយប្រាប់ពួកគេថាអ្នកកោតស្ងើចចំពោះចិត្តក្លាហានរបស់ពួកគេនិងអ្វីដែលពួកគេកំពុងធ្វើដើម្បីព្រះយេហូវ៉ា។ (ភីលេ. ៤, ៥, ៧) ព្រះយេហូវ៉ាមានទំនុកចិត្តថាយើងចង់ធ្វើឲ្យលោកពេញចិត្ត ហើយថាយើងសុខចិត្តធ្វើការលះបង់ដើម្បីរស់នៅស្របតាមពាក្យសម្បថរបស់យើងក្នុងការប្រគល់ខ្លួនជូនលោក។ លោកផ្ដល់កិត្តិយសដល់យើង ដោយឲ្យឱកាសយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោក។ (សុភ. ២៣:១៥, ១៦) យ៉ាងនេះ សូមយើងតាំងចិត្តបន្តបម្រើព្រះយេហូវ៉ា ហើយខំអស់ពីសមត្ថភាពដើម្បីធ្វើដូច្នេះ។ w២៤.០២ ទំ.១៨ វ.១៤; ទំ.១៩ វ.១៦
ថ្ងៃអាទិត្យ ទី២៦ ខែមករា
លោកបានធ្វើដំណើរពាសពេញស្រុកដោយធ្វើអំពើល្អ និងធ្វើឲ្យ[មនុស្ស]ជាសះស្បើយ។—សកម្ម. ១០:៣៨
សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើងនាចុងឆ្នាំ២៩ គ.ស. នៅទីចាប់ផ្ដើមនៃកិច្ចបម្រើរបស់លោកយេស៊ូ។ លោកយេស៊ូនិងម៉ារៀដែលជាម្ដាយរបស់លោក បានត្រូវអញ្ជើញឲ្យចូលរួមពិធីរៀបអាពាហ៍ពិពាហ៍មួយនៅភូមិកាណា។ តាមមើលទៅម៉ារៀជាអ្នកជួយមើលការខុសត្រូវចំពោះភ្ញៀវ។ ប៉ុន្តែ ក្នុងអំឡុងពេលពិធីនោះ ស្រាបានអស់។ ភ្លាមៗនោះ ម៉ារៀបានទៅប្រាប់កូនប្រុសរបស់គាត់ ហើយនិយាយថា៖ «ពួកគេអស់ស្រាហើយ»។ (យ៉ូន. ២:១-៣) តើលោកយេស៊ូបានធ្វើអ្វី? លោកបានធ្វើឲ្យទឹកទៅជា«ស្រាដែលមានគុណភាពល្អ»។ (យ៉ូន. ២:៩, ១០) លោកយេស៊ូបានធ្វើអព្ភូតហេតុជាច្រើនទៀតក្នុងអំឡុងកិច្ចបម្រើរបស់លោក។ លោកបានប្រើឫទ្ធានុភាពរបស់លោកក្នុងការធ្វើអព្ភូតហេតុដើម្បីជួយមនុស្សរាប់ម៉ឺននាក់។ ជាឧទាហរណ៍ គ្រាន់តែគិតអំពីអព្ភូតហេតុពីររបស់លោកគឺការផ្ដល់អាហារដល់បុរស៥.០០០នាក់ ហើយក្រោយមកដល់បុរស៤.០០០នាក់ នោះប្រហែលជាសរុបទៅមានមនុស្សចំនួនជាង២៧.០០០នាក់បើយើងរាប់ស្ត្រីនិងកូនក្មេងដែលនៅទីនោះដែរ។ (ម៉ាថ. ១៤:១៥-២១; ១៥:៣២-៣៨) នៅពេលទាំងពីរនោះ លោកយេស៊ូក៏បានធ្វើឲ្យមនុស្សជាច្រើនដែលឈឺជាសះស្បើយ។—ម៉ាថ. ១៤:១៤; ១៥:៣០, ៣១ w២៣.០៤ ទំ.២ វ.១-២
ថ្ងៃច័ន្ទ ទី២៧ ខែមករា
ខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នក ខ្ញុំនឹងស្រវាចាប់ដៃស្ដាំរបស់អ្នក ខ្ញុំនឹងនិយាយមកអ្នកថា៖ «កុំខ្លាចឡើយ ខ្ញុំនឹងជួយអ្នក»។—អេ. ៤១:១៣
ក្រោយពីរឿងខ្លោចផ្សា ប្រហែលជាមានថ្ងៃដែលយើងខ្សោយកម្លាំងកាយនិងកម្លាំងចិត្ត។ ដូចអេលីយ៉ា យើងអាចមានអារម្មណ៍ថាគឺពិបាកក្រោកឡើង ហើយថាយើងគ្រាន់តែចង់ដេក។ (១បស. ១៩:៥-៧) យើងប្រហែលជាត្រូវការជំនួយដើម្បីបន្តជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ នៅពេលនោះ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តយើងថាលោកនឹងជួយយើង ដូចលោកបានមានប្រសាសន៍នៅក្នុងបទគម្ពីរថ្ងៃនេះ។ ស្ដេចដាវីឌធ្លាប់ទទួលជំនួយនេះ។ ពេលប្រឈមមុខនឹងទុក្ខលំបាកនិងសត្រូវ គាត់បាននិយាយទៅព្រះយេហូវ៉ាថា៖ «ដៃស្ដាំរបស់លោកជួយទ្រទ្រង់ខ្ញុំ»។ (ចសព. ១៨:៣៥) ព្រះយេហូវ៉ាច្រើនតែគាំទ្រយើងដោយជំរុញចិត្តអ្នកឯទៀតឲ្យជួយយើង។ ជាឧទាហរណ៍ នៅពេលមួយ ពេលដែលដាវីឌមានអារម្មណ៍ខ្សោយ មិត្តភក្តិរបស់គាត់យ៉ូណាថានបានទៅជួបគាត់ដើម្បីពង្រឹងកម្លាំងនិងលើកទឹកចិត្តគាត់។ (១សាំ. ២៣:១៦, ១៧) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាជ្រើសរើសអេលីសេឲ្យផ្ដល់ជំនួយដល់អេលីយ៉ា។—១បស. ១៩:១៦, ២១; ២បស. ២:២ w២៤.០១ ទំ.២៣-២៤ វ.១០-១២
ថ្ងៃអង្គារ ទី២៨ ខែមករា
ព្រះយេហូវ៉ាជាអ្នកផ្ដល់ប្រាជ្ញា។ ចំណេះនិងសមត្ថភាពវែកញែកសុទ្ធតែចេញពីមាត់របស់លោក។—សុភ. ២:៦
ព្រះយេហូវ៉ាមានចិត្តទូលាយ និងជាអ្នកផ្ដល់ឲ្យយ៉ាងបរិបូរ។ គុណសម្បត្តិទាំងនេះសឲ្យឃើញក្នុង«ប្រាជ្ញាពិត»ដែលបានត្រូវតំណាងដោយស្ត្រីម្នាក់នៅក្នុងសុភាសិត ជំពូកទី៩។ កំណត់ហេតុនោះប្រាប់អំពីស្ត្រីក្នុងន័យធៀបនោះថា នាងបានត្រៀមសាច់រួចជាស្រេច លាយស្រាទំពាំងបាយជូរទុក ព្រមទាំងបានរៀបចំតុនៅក្នុងផ្ទះរបស់នាង។ (សុភ. ៩:២) លើសពីនេះទៅទៀត យោងទៅតាមខ៤និងខ៥ «ប្រាជ្ញានិយាយទៅអ្នកដែលឥតចេះគិតពិចារណាថា៖ ‹ចូរមកបរិភោគនំប៉័ង›»។ ហេតុអ្វីយើងគួរមកផ្ទះរបស់ប្រាជ្ញាពិត និងបរិភោគអាហារដែលនាងស្នើផ្ដល់? ពីព្រោះព្រះយេហូវ៉ាចង់ឲ្យកូនរបស់លោកមានប្រាជ្ញានិងសុវត្ថិភាព។ លោកមិនចង់ឲ្យយើងភ្លក់បទពិសោធន៍ជូរចត់និងស្ដាយក្រោយសិន ទើបទាញមេរៀននោះទេ។ នេះជាមូលហេតុដែលលោក«ប្រមូលប្រាជ្ញាទុកសម្រាប់មនុស្សទៀងត្រង់»។ (សុភ. ២:៧) ពេលយើងកោតខ្លាចព្រះយេហូវ៉ា យើងនឹងចង់ធ្វើឲ្យលោកពេញចិត្ត។ យើងនឹងឮដំបូន្មានដែលប្រកបដោយប្រាជ្ញាពីលោក ហើយយើងនឹងសប្បាយធ្វើតាមដំបូន្មាននោះ។—យ៉ា. ១:២៥ w២៣.០៦ ទំ.២៣ វ.១៤-១៥
ថ្ងៃពុធ ទី២៩ ខែមករា
ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ។—ហេ. ៦:១០
ទោះជាយើងមានអារម្មណ៍ថាអ្វីដែលយើងអាចធ្វើក្នុងកិច្ចបម្រើព្រះមានកម្រិតក្ដី យើងអាចប្រាកដថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះការខំប្រឹងដ៏ស្មោះរបស់យើងដើម្បីធ្វើឲ្យលោកពេញចិត្ត។ តើយើងដឹងដូច្នេះយ៉ាងដូចម្ដេច? នៅសម័យសាការី ព្រះយេហូវ៉ាបានសុំអ្នកប្រកាសទំនាយរបស់លោកឲ្យធ្វើ«មកុដដ៏រុងរឿង»មួយពីមាសនិងប្រាក់ដែលនិរទេសជននៅបាប៊ីឡូនបានផ្ញើមក។ (សាក. ៦:១១, កំ.ស.) មកុដនេះនឹងត្រូវធ្វើជា«ការនឹកចាំ»អំពីវិភាគទានដែលពួកគេបានឲ្យដោយចិត្តទូលាយ។ (សាក. ៦:១៤, កំ.ស.) យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងមិនភ្លេចការខំប្រឹងអស់ពីចិត្តរបស់យើងដើម្បីបម្រើលោកក្នុងអំឡុងគ្រាលំបាកឡើយ។ យើងមុខជានឹងបន្តជួបការពិបាកក្នុងគ្រាចុងក្រោយបង្អស់នេះ ហើយស្ថានភាពនានាប្រហែលជាកាន់តែអាក្រក់ទៅនៅថ្ងៃអនាគត។ (២ធី. ៣:១, ១៣) ប៉ុន្តែ យើងមិនចាំបាច់ខ្វល់ខ្វាយខ្លាំងនោះទេ។ សូមចាំពាក្យរបស់ព្រះយេហូវ៉ាទៅកាន់រាស្ត្រលោកនៅសម័យហាកាយថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាហើយ . . . កុំភ័យខ្លាចឡើយ»។ (ហាក. ២:៤, ៥) យើងក៏អាចប្រាកដថាព្រះយេហូវ៉ានឹងនៅជាមួយយើង ដរាបណាយើងខំអស់ពីសមត្ថភាពដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ w២៣.១១ ទំ.១៩ វ.២០-២១
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា
ខ្ញុំជាមនុស្សមានភាពខុសឆ្គង។—លូក. ៥:៨
ព្រះយេហូវ៉ាអាចមិនដាក់បញ្ចូលកំហុសរបស់សាវ័កពេត្រុសក្នុងគម្ពីរក៏បាន។ ប៉ុន្តែ លោកបានដឹកនាំមនុស្សឲ្យកត់ទុកកំហុសទាំងនោះដើម្បីជាមេរៀនសម្រាប់យើង។ (២ធី. ៣:១៦, ១៧) ការរៀនអំពីបុរសនេះដែលមានភាពទន់ខ្សោយនិងមានអារម្មណ៍ដូចយើង អាចជួយយើងឲ្យឃើញថាព្រះយេហូវ៉ាមិនតម្រូវឲ្យយើងល្អឥតខ្ចោះទេ។ លោកចង់ឲ្យយើងខំតស៊ូ ពោលគឺបន្តព្យាយាមទោះជាយើងមានភាពទន់ខ្សោយក្ដី។ ហេតុអ្វីគឺសំខាន់ឲ្យយើងតស៊ូ? ក្រោយពីយើងមានអារម្មណ៍ថាយើងបានយកឈ្នះភាពទន់ខ្សោយណាមួយហើយ ក៏យើងប្រហែលជានៅតែធ្វើខុសនោះម្ដងទៀត។ ប៉ុន្តែ យើងនៅតែបន្តព្យាយាមរីកចម្រើន។ យើងទាំងអស់គ្នានិយាយឬធ្វើអ្វីដែលក្រោយមកយើងស្ដាយក្រោយ។ ក៏ប៉ុន្តែបើយើងមិនព្រមឈប់ព្យាយាម ព្រះយេហូវ៉ានឹងជួយយើងឲ្យបន្តរីកចម្រើន។ (១ពេ. ៥:១០) ចិត្តអាណិតមេត្តាដែលលោកយេស៊ូបានបង្ហាញចំពោះពេត្រុសទោះជាគាត់ធ្វើខុសក្ដី អាចជំរុញចិត្តយើងឲ្យបន្តបម្រើព្រះយេហូវ៉ា។ w២៣.០៩ ទំ.២០-២១ វ.២-៣
ថ្ងៃសុក្រ ទី៣១ ខែមករា
លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសរបស់ខ្ញុំនឹងមិនស្លាប់ទេ។—យ៉ូន. ១១:២១
ដូចម៉ាថាបានបញ្ជាក់នៅក្នុងបទគម្ពីរថ្ងៃនេះ លោកយេស៊ូអាចធ្វើឲ្យឡាសាជាសះស្បើយបាន។ ប៉ុន្តែ លោកចង់ធ្វើអ្វីមួយដែលអស្ចារ្យជាងនេះទៅទៀត។ លោកសន្យាថា៖ «ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ»។ លោកក៏មានប្រសាសន៍ថា៖ «ការរស់ឡើងវិញនិងការមានជីវិតគឺដោយសារខ្ញុំ»។ (យ៉ូន. ១១:២៣, ២៥) មែនហើយ ព្រះបានផ្ដល់ឫទ្ធានុភាពឲ្យលោកយេស៊ូប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ មុននោះ លោកបានប្រោសក្មេងស្រីម្នាក់ឲ្យរស់ឡើងវិញមិនយូរក្រោយពីនាងស្លាប់។ លោកក៏បានប្រោសបុរសវ័យក្មេងម្នាក់ឲ្យរស់ឡើងវិញ ទំនងជានៅថ្ងៃដែលគាត់ស្លាប់។ (លូក. ៧:១១-១៥; ៨:៤៩-៥៥) ប៉ុន្តែ តើលោកអាចប្រោសមនុស្សដែលបានស្លាប់អស់បួនថ្ងៃឲ្យរស់ឡើងវិញ ទោះជារូបកាយរបស់គាត់ចាប់ផ្ដើមខូចរលួយឬទេ? ម៉ារៀដែលជាបងស្រីម្នាក់ទៀតរបស់ឡាសាទៅជួបលោកយេស៊ូ។ នាងនិយាយតាមបងស្រីរបស់នាងថា៖ «លោកម្ចាស់ ប្រសិនបើលោកនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំច្បាស់ជាមិនស្លាប់ទេ»។ (យ៉ូន. ១១:៣២) ពេលឃើញនិងឮម៉ារៀនិងអ្នកឯទៀតដែលនៅជាមួយនាងយំ លោកយេស៊ូពិបាកចិត្តជាខ្លាំង។ លោកមានចិត្តក្ដួលអាណិតចំពោះមិត្តជាទីស្រឡាញ់របស់លោកខ្លាំងណាស់រហូតដល់ស្រក់ទឹកភ្នែក។ លោកយល់អំពីការឈឺចាប់ពេលបាត់បង់បុគ្គលជាទីស្រឡាញ់។ លោកច្បាស់ជាចង់បំបាត់ចោលដើមហេតុដែលនាំឲ្យពួកគេស្រក់ទឹកភ្នែក។ w២៣.០៤ ទំ.១០-១១ វ.១២-១៣