ខែកុម្ភៈ
ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ
ខ្ញុំនឹងស្ដាប់អ្នករាល់គ្នា។—យេ. ២៩:១២
ពេលស្ដេចហេសេគាបានធ្លាក់ខ្លួនឈឺធ្ងន់ គាត់បានអង្វរសុំព្រះយេហូវ៉ាឲ្យជួយគាត់ជាសះស្បើយ។ ព្រះយេហូវ៉ាបានធ្វើឲ្យគាត់ជាសះស្បើយមែន។ (២បស. ២០:១-៦) ផ្ទុយទៅវិញ ពេលសាវ័កប៉ូលបានអង្វរព្រះយេហូវ៉ាឲ្យដក«បន្លាមួយក្នុងសាច់ឈាម» ព្រះយេហូវ៉ាមិនបានបំបាត់ចោលបញ្ហានោះទេ។ (២កូ. ១២:៧-៩) ស្ដេចហេរ៉ូឌចង់សម្លាប់សាវ័កពីរនាក់គឺយ៉ាកុបនិងពេត្រុស។ យ៉ាកុបបានត្រូវគេសម្លាប់ ចំណែកឯពេត្រុសវិញ គាត់បានត្រូវសង្គ្រោះដោយអព្ភូតហេតុ។ (សកម្ម. ១២:១-១១) យើងប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីព្រះយេហូវ៉ាសង្គ្រោះពេត្រុស តែមិនសង្គ្រោះយ៉ាកុបផង?›។ គម្ពីរមិនបានចែងទេ។ យើងអាចប្រាកដថាផ្លូវរបស់ព្រះយេហូវ៉ាគឺ«សុទ្ធតែយុត្តិធម៌»។ (បច. ៣២:៤) ជួនកាល យើងប្រហែលជាទទួលលទ្ធផលដែលយើងមិនបានរំពឹងទុក។ ប៉ុន្តែដោយសារយើងទុកចិត្តថាការតបឆ្លើយរបស់ព្រះយេហូវ៉ាចំពោះសេចក្ដីអធិដ្ឋានរបស់យើងនឹងតែងតែប្រកបដោយសេចក្ដីស្រឡាញ់និងយុត្តិធម៌ យើងនឹងមិនសង្ស័យអំពីរបៀបដែលលោកជ្រើសរើសដើម្បីតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងឡើយ។—យ៉ូប ៣៣:១៣ w២៣.១១ ទំ.២១ វ.៦
ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ
ប្រាជ្ញាពីស្ថានលើ . . . [គឺ]រង់ចាំធ្វើតាមបង្គាប់។—យ៉ា. ៣:១៧
យ៉ាកុបបានសរសេរក្រោមការដឹកនាំរបស់ព្រះថា មនុស្សដែលមានប្រាជ្ញាគឺ«រង់ចាំធ្វើតាមបង្គាប់»។ សូមគិតអំពីអត្ថន័យនៃពាក្យនេះ។ យើងគួរមានចិត្តចង់ហើយក៏ពេញចិត្តស្ដាប់បង្គាប់ពួកអ្នកដែលព្រះយេហូវ៉ាបានផ្ដល់អំណាចមួយកម្រិត។ ប៉ុន្តែ ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងស្ដាប់បង្គាប់បុគ្គលណាដែលសុំយើងឲ្យបំពានបញ្ញត្តិរបស់លោកទេ។ (សកម្ម. ៤:១៨-២០) យើងប្រហែលជាមានអារម្មណ៍ថាយើងស្រួលស្ដាប់បង្គាប់ព្រះយេហូវ៉ាជាងមនុស្ស ដោយសារព្រះយេហូវ៉ាតែងតែផ្ដល់ការណែនាំដ៏ល្អឥតខ្ចោះ។ (ចសព. ១៩:៧) ប៉ុន្តែ មនុស្សដែលព្រះយេហូវ៉ាផ្ដល់អំណាចឲ្យមិនមែនល្អឥតខ្ចោះទេ។ ទោះជាយ៉ាងនេះក្ដី បិតារបស់យើងនៅស្ថានសួគ៌បានផ្ដល់អំណាចមួយកម្រិតដល់ឪពុកម្ដាយ ពួកអាជ្ញាធរ និងពួកអ្នកចាស់ទុំ។ (សុភ. ៦:២០; ១ថែ. ៥:១២; ១ពេ. ២:១៣, ១៤) ពេលយើងស្ដាប់បង្គាប់ពួកគេ យើងកំពុងស្ដាប់បង្គាប់ព្រះយេហូវ៉ា។ w២៣.១០ ទំ.៦ វ.២-៣
ថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ
ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់។—បប. ២១:៥
របៀបមួយដើម្បីពង្រឹងជំនឿរបស់យើងគឺដោយគិតអំពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា។ លោកមានឫទ្ធានុភាពដើម្បីសម្រេចសេចក្ដីសន្យាទាំងអស់របស់លោក។ នេះគឺដោយសារលោកគឺជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ (យ៉ូប ៤២:២; ម៉ាក. ១០:២៧; អេភ. ៣:២០) លោកបានប្រាប់អាប្រាហាំនិងសារ៉ាថាពួកគាត់នឹងមានកូនប្រុសម្នាក់ នៅពេលដែលពួកគាត់មានវ័យចាស់។ (ដក. ១៧:១៥-១៧) លោកក៏បានប្រាប់អាប្រាហាំថា កូនចៅរបស់គាត់នឹងទទួលទឹកដីកាណាន។ ក្នុងអំឡុងពេលជាច្រើនឆ្នាំដែលកូនចៅរបស់អាប្រាហាំគឺជនជាតិអ៊ីស្រាអែល បានធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីប ច្បាស់ជាមើលទៅហាក់ដូចជាសេចក្ដីសន្យានោះនឹងមិនក្លាយជាការពិតទេ។ ប៉ុន្តែសេចក្ដីសន្យានោះបានសម្រេចមែន។ លោកបានប្រាប់ម៉ារៀដែលជាស្ត្រីក្រមុំបរិសុទ្ធថានាងនឹងបង្កើតបុត្ររបស់លោក។ នេះសម្រេចសេចក្ដីសន្យាដែលព្រះយេហូវ៉ាបានធ្វើអស់រាប់ពាន់ឆ្នាំមុនក្នុងសួនអេដែន។ (ដក. ៣:១៥) ពេលយើងគិតអំពីសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ា និងរបៀបដែលលោកបានសម្រេចសេចក្ដីសន្យាទាំងនោះ យើងយល់ថាលោកមានឫទ្ធានុភាពដ៏ខ្លាំងក្លា។ យ៉ាងនេះ ជំនឿរបស់យើងទៅលើសេចក្ដីសន្យារបស់លោកអំពីពិភពលោកថ្មីនឹងកាន់តែរឹងមាំឡើង។—យ៉ូស. ២៣:១៤; អេ. ៥៥:១០, ១១ w២៣.០៤ ទំ.២៨ វ.១០-១២
ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ
ឱព្រះយេហូវ៉ា សូមលោកឮសេចក្ដីអធិដ្ឋានរបស់ខ្ញុំ សូមស្ដាប់ពាក្យអង្វររបស់ខ្ញុំ។—ចសព. ១៤៣:១
ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានអង្វរសុំសង្គ្រោះរបស់ដាវីឌ។ (១សាំ. ១៩:១០, ១៨-២០; ២សាំ. ៥:១៧-២៥) យើងក៏អាចមានទំនុកចិត្តបែបនេះដែរ។ (ចសព. ១៤៥:១៨) ព្រះយេហូវ៉ាប្រហែលជាមិនតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងដូចការរំពឹងទុករបស់យើងឡើយ។ ប៉ូលបានសុំព្រះឲ្យដកចេញនូវ«បន្លាមួយក្នុងសាច់ឈាម»របស់គាត់។ អស់បីដង ប៉ូលបានអធិដ្ឋានអំពីការពិបាកនោះ។ តើព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានទាំងនោះឬទេ? គឺមែន ប៉ុន្តែលោកបានតបឆ្លើយតាមរបៀបដែលប៉ូលមិនបានរំពឹងទុក។ ជាជាងបំបាត់ចោលបញ្ហានោះ ព្រះយេហូវ៉ាបានផ្ដល់កម្លាំងដែលគាត់ត្រូវការដើម្បីបន្តបម្រើលោកយ៉ាងស្មោះត្រង់។ (២កូ. ១២:៧-១០) ជួនកាល យើងក៏ប្រហែលជាទទួលចម្លើយដែលខុសពីអ្វីដែលយើងនឹកស្មានដែរ។ យើងអាចប្រាកដថាព្រះយេហូវ៉ាដឹងច្បាស់អំពីរបៀបល្អបំផុតដើម្បីជួយយើង។ លោកថែមទាំងអាច«ធ្វើហួសពីអ្វីៗទាំងអស់ដែលយើងសុំឬគិតឃើញ»។ (អេភ. ៣:២០) ហេតុនេះ ការតបឆ្លើយរបស់លោកចំពោះសេចក្ដីអធិដ្ឋានរបស់យើងអាចមកនៅពេល ឬតាមរបៀបមួយដែលយើងនឹកស្មានមិនដល់។ w២៣.០៥ ទំ.៨-៩ វ.៤-៦
ថ្ងៃពុធ ទី៥ ខែកុម្ភៈ
នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរសម្រាប់ជាទីរំលឹក នឹងឮសំឡេងបុត្ររបស់លោក ហើយចេញមក។—យ៉ូន. ៥:២៨, ២៩
គឺជាការល្អឲ្យយើងគិតអំពីសេចក្ដីសន្យាក្នុងគម្ពីរអំពីការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃអនាគត។ ហេតុអ្វី? ពីព្រោះយើងមិនដឹងថាពេលណាយើងនឹងធ្លាក់ខ្លួនឈឺធ្ងន់ ឬស្រាប់តែបាត់បង់បុគ្គលជាទីស្រឡាញ់របស់យើងក្នុងសេចក្ដីស្លាប់ទេ។ (អទ. ៩:១១; យ៉ា. ៤:១៣, ១៤) សេចក្ដីសង្ឃឹមរបស់យើងអំពីការប្រោសឲ្យរស់ឡើងវិញអាចជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកបែបនេះ។ (១ថែ. ៤:១៣) បទគម្ពីរពង្រឹងទំនុកចិត្តយើងថាបិតារបស់យើងនៅស្ថានសួគ៌ស្គាល់យើងច្បាស់និងស្រឡាញ់យើងខ្លាំងណាស់។ (លូក. ១២:៧) សូមគិតថាព្រះយេហូវ៉ាត្រូវស្គាល់យើងច្បាស់យ៉ាងណាដើម្បីប្រោសយើងឲ្យរស់ឡើងវិញ ដោយមានបុគ្គលិកលក្ខណៈនិងការចងចាំដូចដើម។ ម្យ៉ាងទៀត ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់ ហើយលោកបានផ្ដល់ឱកាសឲ្យយើងរស់ជារៀងរហូត។ ទោះជាយើងស្លាប់ក្ដី លោកនឹងប្រោសយើងឲ្យរស់ឡើងវិញ។ ហេតុអ្វីយើងអាចជឿលើសេចក្ដីសន្យាអំពីការប្រោសឲ្យរស់ឡើងវិញ? ពីព្រោះយើងជឿជាក់ថាបុគ្គលដែលជាអ្នកសន្យាមានបំណងប្រាថ្នា ព្រមទាំងឫទ្ធានុភាពឬសមត្ថភាពដើម្បីសម្រេចសេចក្ដីសន្យានោះ។ w២៣.០៤ ទំ.៨-៩ វ.២-៤
ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ
ជារៀងរាល់ឆ្នាំ [យ៉ូសែបនិងម៉ារៀ]មានទម្លាប់ទៅក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង។—លូក. ២:៤១
យ៉ូសែបនិងម៉ារៀបានសហការគ្នាដើម្បីរក្សាចំណងមិត្តភាពរបស់ពួកគាត់ជាមួយព្រះយេហូវ៉ាឲ្យរឹងមាំ។ ពួកគាត់បានយល់ថាការគោរពប្រណិប័តន៍ជាក្រុមគ្រួសារគឺសំខាន់។ (លូក. ២:២២-២៤; ៤:១៦) នេះពិតជាគំរូដ៏ល្អប្រសើរចំពោះគូអាពាហ៍ពិពាហ៍នៅសព្វថ្ងៃនេះមែន! ដូចយ៉ូសែបនិងម៉ារៀ បើអ្នកមានកូន អ្នកប្រហែលជាមិនតែងតែស្រួលឲ្យចូលរួមកិច្ចប្រជុំ ឬមានកាលវិភាគសម្រាប់គោរពប្រណិប័តន៍ជាក្រុមគ្រួសារទេ។ ប្រហែលជារឹតតែពិបាករកពេលសិក្សា ឬអធិដ្ឋានតែពីរនាក់ប្ដីប្រពន្ធ។ ប៉ុន្តែ សូមចាំថាពេលអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា អ្នកកាន់តែចូលទៅជិតលោក ហើយជិតស្និទ្ធនឹងគ្នា។ ដូច្នេះ សូមចាត់ទុកការគោរពប្រណិប័តន៍ថាសំខាន់បំផុត។ បើចំណងអាពាហ៍ពិពាហ៍របស់អ្នកកំពុងរកាំរកូស ការគិតអំពីការជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ប្រហែលជាស្ដាប់ទៅមិនសូវគួរឲ្យសប្បាយរីករាយទេ។ បើដូច្នេះ សូមចាប់ផ្ដើមដោយពិចារណាអំពីអ្វីដ៏ខ្លីៗនិងសប្បាយៗ។ នេះអាចជួយអ្នកឲ្យស្រឡាញ់គ្នាកាន់តែខ្លាំង ហើយចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា។ w២៣.០៥ ទំ.២២ វ.៧-៨
ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ
អូបាឌា . . . ជាអ្នកគោរពកោតខ្លាចព្រះយេហូវ៉ាយ៉ាងខ្លាំង។—១បស. ១៨:៣
តើការកោតខ្លាចមានឥទ្ធិពលយ៉ាងណាលើអូបាឌា? នេះបានជួយគាត់ឲ្យមានភាពស្មោះត្រង់និងគួរឲ្យទុកចិត្ត ដូច្នេះស្ដេចបានឲ្យគាត់មើលការខុសត្រូវលើវិមាន។ (សូមពិនិត្យបន្ថែម នេហេមា ៧:២) ការកោតខ្លាចព្រះក៏បានជួយអូបាឌាឲ្យមានចិត្តក្លាហានជាខ្លាំង ហើយនោះជាអ្វីដែលគាត់ពិតជាត្រូវការ។ អូបាឌារស់នៅក្នុងអំឡុងការគ្រប់គ្រងនៃស្ដេចដ៏ទុច្ចរិតគឺអាហាប់។ (១បស. ១៦:៣០) ម្យ៉ាងវិញទៀត ប្រពន្ធរបស់គាត់យេសេបិលដែលជាអ្នកគោរពបូជាព្រះបាល ស្អប់ព្រះយេហូវ៉ាជាខ្លាំងបានជានាងព្យាយាមកំចាត់ចោលការគោរពប្រណិប័តន៍ពិតទាំងស្រុងនៅរាជាណាចក្រខាងជើង។ នាងថែមទាំងសម្លាប់អ្នកប្រកាសទំនាយរបស់ព្រះជាច្រើននាក់ទៀតផង។ (១បស. ១៨:៤) ពេលយេសេបិលបានចាប់ផ្ដើមស្វែងរកពួកអ្នកប្រកាសទំនាយរបស់ព្រះយកទៅសម្លាប់ចោល អូបាឌាបានយកពួកគេ១០០នាក់ទៅលាក់ទុក«ដោយដាក់មួយក្រុមៗ៥០នាក់នៅក្នុងរអាងភ្នំ ហើយផ្គត់ផ្គង់នំប៉័ងនិងទឹកដល់ពួកគេ»។ (១បស. ១៨:១៣, ១៤) បើយេសេបិលដឹងអំពីអ្វីដែលគាត់បានធ្វើ នោះអូបាឌាដែលជាបុរសដ៏ក្លាហាននេះមុខជានឹងត្រូវគេប្រហារជីវិត។ ពិតមែនថាអូបាឌាទំនងជាភ័យខ្លាច ហើយមិនចង់ស្លាប់ទេ ប៉ុន្តែគាត់ស្រឡាញ់ព្រះយេហូវ៉ានិងពួកអ្នកដែលបម្រើលោកច្រើនជាងស្រឡាញ់ជីវិតខ្លួនឯង។ w២៣.០៦ ទំ.១៦ វ.៩-១០
ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ
ខ្ញុំជាយេហូវ៉ា . . . ជាអ្នកណែនាំអ្នករាល់គ្នា។—អេ. ៤៨:១៧
ព្រះយេហូវ៉ាបន្តនាំមុខរាស្ត្ររបស់លោកនៅសព្វថ្ងៃនេះ ដូចលោកបានធ្វើនៅអតីតកាល។ លោកធ្វើដូច្នេះតាមរយៈបណ្ដាំរបស់លោកនិងបុត្រលោក ដែលជាប្រមុខនៃក្រុមជំនុំ។ តើយើងអាចឃើញទីសំអាងដែលបង្ហាញថាព្រះក៏បានបន្តប្រើមនុស្សឲ្យធ្វើជាតំណាងលោកឬទេ? យើងអាចឃើញមែន។ ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលបានកើតឡើងក្រោយពីឆ្នាំ១៨៧០។ បងប្រុសឆាល ថេស រ៉ាសិលនិងអ្នករួមការងារជាមួយគាត់បានចាប់ផ្ដើមយល់ថាឆ្នាំ១៩១៤នឹងជាឆ្នាំដ៏សំខាន់សម្រាប់រាជាណាចក្ររបស់ព្រះ។ (ដាន. ៤:២៥, ២៦) ដើម្បីយល់ដូច្នេះ ពួកគាត់បានពឹងផ្អែកទៅលើទំនាយក្នុងគម្ពីរ។ តើព្រះយេហូវ៉ាណែនាំពួកគាត់ក្នុងការស្រាវជ្រាវគម្ពីរឬទេ? លោកច្បាស់ជាបានធ្វើដូច្នេះ។ នៅឆ្នាំ១៩១៤ ព្រឹត្តិការណ៍ពិភពលោកបានបញ្ជាក់ថា រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រង។ សង្គ្រាមលោកលើកទី១បានផ្ទុះឡើង ហើយបន្ទាប់មកមានរោគរាតត្បាត រញ្ជួយដី និងការអត់ឃ្លាន។ (លូក. ២១:១០, ១១) ព្រះយេហូវ៉ាពិតជាប្រើបុរសគ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនោះឲ្យជួយរាស្ត្រលោក។ w២៤.០២ ទំ.២៣ វ.១១
ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ
មនុស្សសុចរិតជួបទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ាជួយសង្គ្រោះគាត់ឲ្យរួចផុតពីទុក្ខទាំងអស់។—ចសព. ៣៤:១៩
យើងជារាស្ត្ររបស់ព្រះយេហូវ៉ា ដូច្នេះយើងដឹងថាលោកស្រឡាញ់យើងនិងចង់ឲ្យយើងមានជីវិតល្អបំផុត។ (រ៉ូម ៨:៣៥-៣៩) យើងក៏ជឿជាក់ដែរថា គោលការណ៍គម្ពីរតែងតែផ្ដល់ប្រយោជន៍ដល់យើងពេលយើងធ្វើតាម។ (អេ. ៤៨:១៧, ១៨) ប៉ុន្តែ តើយើងគួរធ្វើយ៉ាងណាបើយើងជួបបញ្ហាដែលយើងមិនបានរំពឹងទុក? ជាឧទាហរណ៍ សមាជិកណាម្នាក់ក្នុងក្រុមគ្រួសារប្រហែលជាធ្វើឲ្យយើងខកចិត្ត។ យើងប្រហែលជាធ្លាក់ខ្លួនឈឺធ្ងន់ ហើយមិនអាចធ្វើច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ យើងប្រហែលជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីមហន្តរាយធម្មជាតិ។ ឬយើងប្រហែលជាត្រូវគេបៀតបៀនដោយសារជំនឿរបស់យើង។ ពេលយើងជួបទុក្ខលំបាកបែបនេះ យើងប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីបញ្ហានេះកើតឡើងចំពោះខ្ញុំ? តើខ្ញុំបានធ្វើអីខុស? តើព្រះយេហូវ៉ាលែងឲ្យពរខ្ញុំឬ?›។ តើអ្នកធ្លាប់មានអារម្មណ៍បែបនេះឬទេ? បើដូច្នេះ សូមកុំធ្លាក់ទឹកចិត្តឡើយ។ អ្នកបម្រើដ៏ស្មោះត្រង់ជាច្រើននាក់របស់ព្រះយេហូវ៉ាធ្លាប់មានអារម្មណ៍ស្រដៀងនឹងនេះ។—ចសព. ២២:១, ២; ហាប. ១:២, ៣ w២៣.០៤ ទំ.១៤ វ.១-២
ថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ
ខ្ញុំបានប្ដេជ្ញាចិត្តធ្វើតាមក្រឹត្យក្រមរបស់លោក គ្រប់ពេលវេលា។—ចសព. ១១៩:១១២
ពេលយើងជួបការល្បួង យើងបដិសេធភ្លាមៗនូវគំនិតឬការប្រព្រឹត្តណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះ។ ព្រះយេហូវ៉ាតម្រូវឲ្យយើង«ស្ដាប់បង្គាប់[លោក]យ៉ាងស្មោះអស់ពីចិត្ត»។ (រ៉ូម ៦:១៧) ការណែនាំរបស់លោកតែងតែផ្ដល់ប្រយោជន៍ដល់យើង ហើយយើងមិនអាចផ្លាស់ប្ដូរច្បាប់របស់លោកបានឡើយ។ (អេ. ៤៨:១៧, ១៨; ១កូ. ៦:៩, ១០) មេកំណាចប្រើអំពើឃោរឃៅនិងការបង្ខិតបង្ខំដើម្បីធ្វើឲ្យយើងមិនសូវមានការតាំងចិត្ត។ គោលដៅរបស់វាគឺ«លេបត្របាក់»យើង ក្នុងន័យថាបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ (១ពេ. ៥:៨) គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានត្រូវគេគំរាមកំហែង វាយដំ និងសម្លាប់ ដោយសារពួកគេបានតាំងចិត្តកាន់ជំហរមាំមួន។ (សកម្ម. ៥:២៧, ២៨, ៤០; ៧:៥៤-៦០) សាថានបន្តប្រើការបៀតបៀននៅសព្វថ្ងៃនេះ។ យើងឃើញនេះកើតឡើងនៅប្រទេសរុស្ស៊ីនិងប្រទេសឯទៀត។ នៅកន្លែងទាំងនេះ ពួកអ្នកប្រឆាំងប្រព្រឹត្តយ៉ាងសាហាវឃោរឃៅមកលើសាក្សីព្រះយេហូវ៉ា ឬវាយប្រហារបងប្អូនយើងតាមរបៀបផ្សេងទៀត។ ក្រៅពីការបៀតបៀន សាថានក៏ប្រើ«កលល្បិច»ផ្សេងៗដែរ។—អេភ. ៦:១១ w២៣.០៧ ទំ.១៥-១៦ វ.៦-៩
ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ
ចូរឲ្យយើង . . . បង្ហាញសេចក្ដីស្រឡាញ់ នោះយើងអាចពេញវ័យក្នុងគ្រប់ការទាំងអស់។—អេភ. ៤:១៥
កាលដែលអ្នកសិក្សាបណ្ដាំព្រះកាន់តែច្រើន សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានឹងកើនឡើង។ សេចក្ដីស្រឡាញ់នោះជំរុញចិត្តអ្នកឲ្យធ្វើតាមអ្វីដែលអ្នករៀន។ អ្នកអាចធ្វើការសម្រេចចិត្តល្អជាងដោយមានមូលដ្ឋានលើគោលការណ៍គម្ពីរ។ អ្នករៀនឲ្យចេះគិតនិងធ្វើអ្វីដែលត្រឹមត្រូវ ដោយសារអ្នកចង់ឲ្យព្រះពេញចិត្ត។ ដូចកូនយកតម្រាប់ឪពុកម្ដាយដែលស្រឡាញ់គាត់ អ្នកព្យាយាមយកតម្រាប់បិតារបស់អ្នកដែលនៅស្ថានសួគ៌។ (អេភ. ៥:១, ២) យើងអាចសួរខ្លួនថា ‹តើខ្ញុំស្រឡាញ់ព្រះយេហូវ៉ានៅឥឡូវនេះខ្លាំងជាងពេលដែលខ្ញុំទៅជាគ្រិស្តសាសនិកនៅដើមដំបូងឬទេ? តាំងពីខ្ញុំទទួលការជ្រមុជទឹក តើរបៀបគិតគូរនិងការប្រព្រឹត្តរបស់ខ្ញុំកាន់តែដូចព្រះយេហូវ៉ា ជាពិសេសក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនឬទេ?›។ បើ«សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង»បានរសាយទៅ សូមកុំធ្លាក់ទឹកចិត្តឡើយ។ អ្វីដែលស្រដៀងនឹងនេះបានកើតឡើងចំពោះគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ លោកយេស៊ូមិនបានគិតថាពួកគេមិនអាចកែប្រែបានឡើយ ហើយលោកក៏មិនគិតបែបនេះចំពោះយើងដែរ។ (បប. ២:៤, ៧) លោកដឹងថាយើងអាចមានសេចក្ដីស្រឡាញ់ឡើងវិញ ដូចយើងធ្លាប់មានពេលដែលយើងបានរៀនសេចក្ដីពិតនៅដើមដំបូង។ w២៣.០៧ ទំ.៨ វ.២-៣
ថ្ងៃពុធ ទី១២ ខែកុម្ភៈ
ឱព្រះយេហូវ៉ា លោកល្អពិតមែន ហើយលោកបម្រុងតែនឹងអភ័យទោស។—ចសព. ៨៦:៥
សាវ័កពេត្រុសបានធ្វើខុសជាបន្តបន្ទាប់។ ដំបូងពេត្រុសមានទំនុកចិត្តហួសហេតុពេកដោយនិយាយអួតអាងថា គាត់នឹងរក្សាភាពស្មោះត្រង់ទោះជាសាវ័កឯទៀតបោះបង់ចោលលោកយេស៊ូក៏ដោយ។ (ម៉ាក. ១៤:២៧-២៩) បន្ទាប់មក ពេត្រុសមិនបានចាំយាមម្ដងហើយម្ដងទៀត។ (ម៉ាក. ១៤:៣២, ៣៧-៤១) បន្ទាប់មកទៀត ពេត្រុសបានរត់ចោលលោកយេស៊ូពេលដែលមនុស្សមួយក្រុមធំមក។ (ម៉ាក. ១៤:៥០) ចុងក្រោយ ពេត្រុសបានបដិសេធមិនស្គាល់លោកយេស៊ូអស់បីដង ហើយថែមទាំងបានស្បថចំពោះការកុហកនោះទៀតផង។ (ម៉ាក. ១៤:៦៦-៧១) តើពេត្រុសមានប្រតិកម្មយ៉ាងណាពេលគាត់យល់ថាគាត់បានធ្វើខុសធ្ងន់ធ្ងរដូចនេះ? គាត់រំជួលចិត្តក្រៃលែង ហើយក៏យំនឹកស្ដាយជាខ្លាំង។ (ម៉ាក. ១៤:៧២) ជាជាងស្ដីបន្ទោសពេត្រុសចំពោះការខុសឆ្គងរបស់គាត់ លោកយេស៊ូបានប្រាប់មិត្តភក្ដិរបស់លោកនេះថាគាត់នឹងទទួលភារកិច្ចច្រើនជាង។ (យ៉ូន. ២១:១៥-១៧) ពេត្រុសដឹងថាគាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ប៉ុន្តែគាត់បន្ដព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ ហេតុអ្វី? ពីព្រោះគាត់ជឿជាក់ថាលោកយេស៊ូដែលជាម្ចាស់របស់គាត់មិនបានបោះបង់ចោលគាត់ទេ។ តើមានមេរៀនអ្វី? ព្រះយេហូវ៉ាចង់ឲ្យយើងជឿជាក់ថាលោកស្រឡាញ់យើង ហើយបម្រុងតែនឹងអភ័យទោសឲ្យយើង។—រ៉ូម ៨:៣៨, ៣៩ w២៤.០៣ ទំ.១៨-១៩ វ.១៣-១៥
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ
នាងបានសម្លាប់មនុស្សច្រើនរាប់មិនអស់។—សុភ. ៧:២៦
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទអាចនាំមកនូវភាពអាម៉ាស់ អារម្មណ៍ថាខ្លួនគ្មានតម្លៃ មានផ្ទៃពោះដែលមិនចង់បាន និងធ្វើឲ្យក្រុមគ្រួសារបែកបាក់។ យើងឃើញច្បាស់ថាគឺជាការឈ្លាសវៃឲ្យបដិសេធការអញ្ជើញរបស់ស្ត្រីល្ងីល្ងើ។ ក្រៅពីបាត់បង់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ា មនុស្សជាច្រើនដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ឆ្លងជំងឺផ្សេងៗដែលអាចនាំឲ្យពួកគេស្លាប់។ (សុភ. ៧:២៣) សៀវភៅសុភាសិត ជំពូកទី៩ ខ១៨បញ្ចប់ដោយពាក្យថា៖ «ភ្ញៀវរបស់នាងនៅក្នុងទីបញ្ចុះសព»។ ដូច្នេះ ហេតុអ្វីមនុស្សជាច្រើនចាញ់បោកការអញ្ជើញរបស់នាងដែលនាំឲ្យអន្តរាយ? (សុភ. ៩:១៣-១៨) អន្ទាក់មួយដែលសម្បូរគឺរូបអាសអាភាស។ អ្នកខ្លះគិតថាការមើលរូបអាសអាភាសគឺគ្មានគ្រោះថ្នាក់ទេ។ ប៉ុន្តែ រូបអាសអាភាសគឺមានគ្រោះថ្នាក់ បន្ទាបបន្ថោក និងធ្វើឲ្យញៀន។ រូបអាសអាភាសនៅជាប់ក្នុងគំនិត ហើយពិបាកលុបចេញណាស់។ ម្យ៉ាងទៀត រូបបែបនេះមិនរម្ងាប់សេចក្ដីប៉ងប្រាថ្នាខុសឆ្គងទេ តែវាធ្វើឲ្យសេចក្ដីប៉ងប្រាថ្នានោះដុះដាលកាន់តែខ្លាំងឡើង។ (កូឡ. ៣:៥; យ៉ា. ១:១៤, ១៥) មែនហើយ មនុស្សជាច្រើនដែលមើលរូបអាសអាភាសប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនៅពេលក្រោយមក។ w២៣.០៦ ទំ.២៣ វ.១០-១១
ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ
រាជាណាចក្រនេះនឹងបំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រទាំងអស់នោះឲ្យសាបសូន្យទៅ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត។—ដាន. ២:៤៤
ទោះជាប្រជាជាតិឯទៀតប្រហែលជាជួនកាលប្រឆាំងនឹងមហាអំណាចអង់គ្លេសអាម៉េរិកក្ដី ប្រជាជាតិទាំងនោះនឹងមិនជំនួសមហាអំណាចនេះបានឡើយ។ យើងដឹងដូច្នេះ ដោយសារ«ដុំថ្ម»ដែលជាតំណាងរាជាណាចក្រព្រះនឹងកម្ទេចប្រអប់ជើង ដែលជាផ្នែកនៃរូបធំសម្បើមដែលជាតំណាងអង់គ្លេសអាម៉េរិក។ (ដាន. ២:៣៤, ៣៥, ៤៤, ៤៥) តើអ្នកជឿជាក់ថាទំនាយរបស់ដានីយ៉ែលអំពីប្រអប់ជើងដែលធ្វើពីធាតុដែកលាយនឹងដីឥដ្ឋគឺត្រឹមត្រូវឬទេ? បើដូច្នេះ នេះនឹងមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់អ្នក។ អ្នកនឹងមិនព្យាយាមរកលុយឲ្យបានច្រើនឬវត្ថុទ្រព្យច្រើនទេ ដោយសារអ្នកដឹងថាមិនយូរទៀតពិភពលោកដ៏អាក្រក់នេះនឹងត្រូវបំផ្លាញចោល។ (លូក. ១២:១៦-២១; ១យ៉ូន. ២:១៥-១៧) ការយល់អំពីទំនាយនេះក៏នឹងជួយអ្នកឲ្យឃើញថា កិច្ចការផ្សព្វផ្សាយនិងកិច្ចការបង្រៀនគឺសំខាន់យ៉ាងណា។ (ម៉ាថ. ៦:៣៣; ២៨:១៨-២០) ក្រោយពីសិក្សាទំនាយនេះ សូមសួរខ្លួនអ្នកថា ‹តើការសម្រេចចិត្តរបស់ខ្ញុំបង្ហាញថាខ្ញុំជឿជាក់ថា មិនយូរទៀតរាជាណាចក្ររបស់ព្រះនឹងបំផ្លាញរដ្ឋាភិបាលទាំងអស់របស់មនុស្សឬទេ?›។ w២៣.០៨ ទំ.១១ វ.១៣-១៤
ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ
ព្រះនឹងវិនិច្ឆ័យយើងម្នាក់ៗតាមការប្រព្រឹត្តរបស់យើង។—រ៉ូម ១៤:១២
សូមទទួលស្គាល់ដោយចិត្តសុភាពថាអាយុ សុខភាព និងស្ថានភាពរបស់អ្នកប្រហែលជាដាក់កម្រិតលើអ្វីដែលអ្នកអាចធ្វើនៅឥឡូវនេះ។ ដូចបាស៊ីលឡាយ ចូរសុខចិត្តមិនទទួលយកឯកសិទ្ធិផ្សេងៗ ពេលបញ្ហាសុខភាពឬអាយុធ្វើឲ្យអ្នកពិបាកបំពេញភារកិច្ចណាមួយ។ (២សាំ. ១៩:៣៥, ៣៦) ដូចម៉ូសេ ចូរព្រមទទួលជំនួយនិងប្រគល់ភារកិច្ចទៅអ្នកឯទៀតពេលសមត្រឹមត្រូវ។ (ដច. ១៨:២១, ២២) ពេលអ្នកមានចិត្តសុភាព អ្នកនឹងមិនតម្រូវឲ្យខ្លួនធ្វើអ្វីដែលអាចធ្វើឲ្យអ្នកបាក់កម្លាំងឡើយ។ យើងក៏មិនត្រូវមានអារម្មណ៍ថាខ្លួនត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តមិនល្អរបស់អ្នកឯទៀត។ យើងមិនអាចធ្វើការសម្រេចចិត្តឲ្យអ្នកឯទៀត ហើយយើងក៏មិនតែងតែអាចការពារពួកគេពីផលវិបាកដែលមកពីការសម្រេចចិត្តមិនល្អរបស់ពួកគេឡើយ។ ជាឧទាហរណ៍ កូនប្រហែលជាសម្រេចចិត្តនៅពេលក្រោយមកថាគាត់នឹងឈប់បម្រើព្រះយេហូវ៉ា។ ការសម្រេចចិត្តនេះអាចនាំឲ្យឪពុកម្ដាយកើតទុក្ខជាពន់ពេក។ ប៉ុន្តែ ឪពុកម្ដាយដែលបន្ទោសខ្លួនចំពោះការសម្រេចចិត្តមិនល្អរបស់កូន ដាក់បន្ទុកយ៉ាងធ្ងន់លើខ្លួន។ នេះមិនមែនជាអ្វីដែលព្រះយេហូវ៉ាតម្រូវឲ្យពួកគេរែកពុននោះទេ។ w២៣.០៨ ទំ.២៩ វ.១១-១២
ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ
[សាំសុន]ធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ . . . ។ នាងមានឈ្មោះថាដេលីឡា។—អសក. ១៦:៤
សាំសុនជាមនុស្សមិនល្អឥតខ្ចោះដូចយើងដែរ ដូច្នេះជួនកាលគាត់បានធ្វើការសម្រេចចិត្តមិនល្អ។ ជាពិសេស ការសម្រេចចិត្តមួយរបស់គាត់បាននាំឲ្យមានផលពិបាកដ៏ខ្លោចផ្សា។ ក្រោយពីសាំសុនបានបម្រើជាអ្នកសម្រេចក្ដីអស់មួយរយៈ គាត់«ធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ដែលរស់នៅជិតជ្រលងសូរេក។ នាងមានឈ្មោះថាដេលីឡា»។ មុននោះ សាំសុនធ្លាប់ភ្ជាប់ពាក្យជាមួយនឹងស្ត្រីជនជាតិភីលីស្ទីនម្នាក់ ប៉ុន្តែនោះគឺជាការផ្សំផ្គុំ«មកពីព្រះយេហូវ៉ា»ក្នុងបំណង«រកឱកាសដើម្បីចាត់ការជនជាតិភីលីស្ទីន»។ ក្រោយមក សាំសុនបានស្នាក់នៅផ្ទះរបស់ស្ត្រីពេស្យាម្នាក់នៅក្រុងកាសា នាស្រុកភីលីស្ទីន។ នៅពេលនោះ ព្រះបានធ្វើឲ្យសាំសុនមានកម្លាំងខ្លាំងក្លាដើម្បីដកទ្វារកំពែងក្រុងចេញ ដែលធ្វើឲ្យក្រុងនោះងាយវាយលុក។ (អសក. ១៤:១-៤; ១៦:១-៣) ប៉ុន្តែដេលីឡាទំនងជាជនជាតិអ៊ីស្រាអែល ដូច្នេះចំណងស្នេហារបស់សាំសុនជាមួយនឹងនាងមិនផ្ដល់ឱកាសឲ្យប្រយុទ្ធនឹងពួកភីលីស្ទីនទេ។ ដេលីឡាព្រមទទួលលុយជាច្រើនពីពួកភីលីស្ទីន ដើម្បីក្បត់នឹងសាំសុន។ w២៣.០៩ ទំ.៥ វ.១២-១៣
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ
មនុស្សដែលយល់ធ្លុះជ្រៅមិនឆាប់ខឹង។—សុភ. ១៩:១១
ការយល់ធ្លុះជ្រៅអាចជួយយើងឲ្យមានចិត្តស្លូតបូត។ បុគ្គលដែលមានការយល់ធ្លុះជ្រៅចេះទប់ចិត្តពេលគេជំទាស់អំពីជំនឿរបស់គាត់។ សំណួរឬការជំទាស់ខ្លះប្រៀបដូចជាផ្ទាំងទឹកកកលើផ្ទៃទឹក ដែលមានផ្នែកខាងក្រោមធំជាងផ្នែកខាងលើ។ ជាឧទាហរណ៍ បំណងចិត្តឬការព្រួយបារម្ភណាមួយដែលបុគ្គលម្នាក់លាក់ទុកក្នុងចិត្ត ប្រហែលជាជំរុញចិត្តគាត់ឲ្យសួរសំណួរ។ ដូច្នេះមុនឆ្លើយ គឺជាការល្អឲ្យយើងទទួលស្គាល់ថាយើងប្រហែលជាមិនដឹងអ្វីដែលបានជំរុញចិត្តបុគ្គលនោះឲ្យសួរសំណួរទេ។ (សុភ. ១៦:២៣) សូមគិតអំពីរបៀបដែលគេឌានបានតបឆ្លើយទៅពួកបុរសពីកុលសម្ព័ន្ធអេប្រាអ៊ីម។ ពួកគេបានសួរគាត់ទាំងខឹងថា ហេតុអ្វីគាត់មិនហៅពួកគេមុននោះឲ្យចូលរួមជាមួយគាត់ក្នុងការច្បាំងនឹងពួកសត្រូវរបស់អ៊ីស្រាអែល។ តើមានមូលហេតុអ្វីដែលពួកគេខឹងយ៉ាងខ្លាំង? តើនោះគឺដោយសារតែពួកគេប្រហែលជាមានអារម្មណ៍ថាពួកគេបាក់មុខឬ? មិនថាមានមូលហេតុអ្វីក៏ដោយ គេឌានបានបង្ហាញការយល់ធ្លុះជ្រៅ។ គាត់បានព្យាយាមយល់មូលហេតុដែលពួកគេទើសចិត្ត ហើយបានតបឆ្លើយទៅពួកគេដោយស្លូតបូត។ តើមានលទ្ធផលអ្វី? គម្ពីរចែងថា៖ «ពេលឮគាត់និយាយបែបនេះ ពួកគេក៏ត្រជាក់ចិត្តវិញ»។—អសក. ៨:១-៣ w២៣.០៩ ទំ.១៦ វ.៨-៩
ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ
ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើឲ្យលោករីករាយក្រៃលែង។—សុភ. ៨:៣០
ព្រះយេហូវ៉ានិងលោកយេស៊ូមានទំនាក់ទំនងជិតស្និទ្ធបំផុតដែលអាចមានរវាងឪពុកនិងកូន។ ព្រះយេហូវ៉ាច្បាស់ជាមានអារម្មណ៍ឈឺចាប់ជាខ្លាំង ពេលឃើញបុត្ររបស់លោកត្រូវគេធ្វើបាប មិនព្រមទទួលស្គាល់ និងរងទុក្ខវេទនា។ ឪពុកម្ដាយដែលបាត់បង់កូនក្នុងសេចក្ដីស្លាប់យល់ច្បាស់អំពីអារម្មណ៍កើតទុក្ខជាខ្លាំងដែលមកពីការបាត់បង់កូន។ យើងមានជំនឿរឹងមាំទៅលើការប្រោសឲ្យរស់ឡើងវិញ ប៉ុន្តែនេះមិនបំបាត់អារម្មណ៍ឈឺចាប់ដែលយើងមានពេលបុគ្គលជាទីស្រឡាញ់ស្លាប់ឡើយ។ ឧទាហរណ៍នេះជួយយើងឲ្យយល់អំពីអារម្មណ៍ដែលព្រះយេហូវ៉ាច្បាស់ជាមានពេលលោកឃើញបុត្រជាទីស្រឡាញ់របស់លោករងទុក្ខនិងស្លាប់នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស.។ (ម៉ាថ. ៣:១៧) ក្នុងរយៈពេលចាប់ពីឥឡូវនេះដល់ពិធីរំលឹក សូមសិក្សាផ្ទាល់ខ្លួនឬគោរពប្រណិប័តន៍ជាក្រុមគ្រួសារដោយផ្ដោតអារម្មណ៍ទៅលើថ្លៃលោះ។ ម្យ៉ាងទៀត នៅថ្ងៃពិធីរំលឹក សូមកុំភ្លេចមើលកម្មវិធីគោរពប្រណិប័តន៍ពេលព្រឹកពិសេស។ ពេលយើងត្រៀមចិត្តសម្រាប់ពិធីរំលឹក យើងនឹងអាចជួយអ្នកឯទៀតឲ្យទទួលប្រយោជន៍ពីកម្មវិធីនោះដែរ។—អែស. ៧:១០ w២៤.០១ ទំ.១១ វ.១០-១២
ថ្ងៃពុធ ទី១៩ ខែកុម្ភៈ
លោកនឹងធ្វើឲ្យអ្នករាល់គ្នា . . . ខ្លាំងក្លា។—១ពេ. ៥:១០
របៀបមួយដែលយើងអាចទទួលឫទ្ធានុភាពពីព្រះយេហូវ៉ាគឺដោយអធិដ្ឋានទៅលោក។ ព្រះយេហូវ៉ានឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងដោយឲ្យយើង«ឫទ្ធានុភាពដែលលើសពីធម្មតា»។ (២កូ. ៤:៧) កម្លាំងរបស់យើងក៏អាចពង្រឹងឡើងពេលយើងអាននិងរំពឹងគិតអំពីបណ្ដាំលោក។ (ចសព. ៨៦:១១) ដំណឹងរបស់ព្រះយេហូវ៉ាសម្រាប់យើងក្នុងគម្ពីរ«មានឫទ្ធានុភាព»។ (ហេ. ៤:១២) ពេលអ្នកអធិដ្ឋានទៅព្រះយេហូវ៉ានិងអានបណ្ដាំលោក អ្នកនឹងទទួលកម្លាំងដែលអ្នកត្រូវការដើម្បីស៊ូទ្រាំ រក្សាអំណរ ឬបំពេញភារកិច្ចដ៏ពិបាក។ សូមកត់សម្គាល់អំពីរបៀបដែលព្រះយេហូវ៉ាបានពង្រឹងកម្លាំងអ្នកប្រកាសទំនាយយ៉ូណាស។ យ៉ូណាសបានរត់គេចពីភារកិច្ចដ៏ពិបាកដែលព្រះយេហូវ៉ាបានឲ្យគាត់។ ជាលទ្ធផល គាត់ស្ទើរតែបាត់បង់ជីវិតក្នុងខ្យល់ព្យុះយ៉ាងខ្លាំង ហើយក៏បានធ្វើឲ្យអ្នករួមដំណើរតាមសំពៅជាមួយគាត់ប៊ិះនឹងស្លាប់ដែរ។ ពេលគាត់បានត្រូវបោះទៅក្នុងសមុទ្រ គាត់បានឃើញថាខ្លួនស្ថិតក្នុងកន្លែងដ៏ងងឹតមួយដែលគាត់មិនធ្លាប់នៅ គឺនៅក្នុងពោះត្រីដ៏ធំ។ តើយ៉ូណាសបានធ្វើអ្វីដើម្បីទទួលកម្លាំងពេលគាត់នៅក្នុងពោះត្រីតែម្នាក់ឯង? គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ា។—យ៉ូណ. ២:១, ២, ៧ w២៣.១០ ទំ.១៣ វ.៤-៦
ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ
ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។—១ពេ. ៤:៧
ទោះជាសាវ័កពេត្រុសបានសរសេរសំបុត្រទាំងពីររបស់គាត់ទៅកាន់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ក្ដី ព្រះយេហូវ៉ាបានឲ្យសំបុត្រទាំងនេះមាននៅក្នុងបណ្ដាំរបស់លោក។ ដូច្នេះ ឥឡូវយើងអាចទទួលប្រយោជន៍ពីសំបុត្រទាំងនេះបាន។ (រ៉ូម ១៥:៤) មនុស្សនៅជុំវិញយើងមិនមានជំនឿទៅលើទំនាយក្នុងគម្ពីរទេ។ ពួកអ្នកប្រឆាំងប្រហែលជាសើចចំអកយើង ដោយសារយើងនិយាយអស់ជាច្រើនឆ្នាំមកហើយថាទីបញ្ចប់នឹងមកដល់។ មនុស្សខ្លះទៀតអះអាងថាទីបញ្ចប់នឹងមិនមកទេ។ (២ពេ. ៣:៣, ៤) បើយើងឮពាក្យសម្ដីបែបនេះពីម្ចាស់ផ្ទះ អ្នករួមការងារ ឬពីសមាជិកក្រុមគ្រួសាររបស់យើង ជំនឿរបស់យើងអាចរង្គោះរង្គើ។ ពេត្រុសបានពន្យល់អំពីអ្វីដែលអាចជួយយើង។ ចំពោះអ្នកខ្លះ ប្រហែលជាមើលទៅព្រះយេហូវ៉ាក្រនឹងបញ្ចប់របៀបរបបពិភពលោកដ៏ទុច្ចរិតនៅបច្ចុប្បន្ននេះ។ ពាក្យរបស់ពេត្រុសអាចជួយយើងឲ្យរក្សាទស្សនៈត្រឹមត្រូវ ដោយរំលឹកយើងថាទស្សនៈរបស់ព្រះយេហូវ៉ាអំពីពេលវេលាគឺខុសគ្នាឆ្ងាយពីទស្សនៈរបស់មនុស្ស។ (២ពេ. ៣:៨, ៩) មួយពាន់ឆ្នាំស្មើនឹងមួយថ្ងៃចំពោះព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានចិត្តអត់ធ្មត់ ហើយលោកមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ។ ប៉ុន្តែពេលដែលថ្ងៃរបស់លោកមកដល់ របៀបរបបពិភពលោកនេះនឹងមកដល់ទីបញ្ចប់។ w២៣.០៩ ទំ.២៦-២៧ វ.២-៥
ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ
យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានច្រើនជាងធម្មតាចំពោះអ្វីដែលយើងបានឮ ដើម្បីកុំឲ្យយើងរសាត់ចេញពីជំនឿ។—ហេ. ២:១
ហេតុអ្វីសាវ័កប៉ូលសរសេរសំបុត្រទៅគ្រិស្តសាសនិកជនជាតិហេប្រឺនៅតំបន់យូឌា? ទំនងជាមានមូលហេតុសំខាន់ចម្បងពីរ។ ទី១ ដើម្បីលើកទឹកចិត្តពួកគេ។ ពួកគេភាគច្រើនបានធំឡើងក្នុងសាសនាយូដា។ បុគ្គលដែលធ្លាប់ជាអ្នកដឹកនាំសាសនារបស់ពួកគេប្រហែលជារិះគន់ពួកគេចំពោះការធ្វើជាគ្រិស្តសាសនិក។ ហេតុអ្វី? ពីព្រោះគ្រិស្តសាសនិកមិនមានវិហារដើម្បីទៅគោរពប្រណិប័តន៍ គ្មានទីបូជាដើម្បីជូនគ្រឿងបូជាទៅព្រះ និងគ្មានសង្ឃដើម្បីបំពេញកិច្ចបម្រើឲ្យពួកគេទេ។ នេះអាចធ្វើឲ្យពួកអ្នកកាន់តាមគ្រិស្តធ្លាក់ទឹកចិត្ត ហើយនាំឲ្យជំនឿរបស់ពួកគេចុះខ្សោយ។ (ហេ. ៣:១២, ១៤) ពួកគេខ្លះប្រហែលជាថែមទាំងបានគិតអំពីការត្រឡប់ទៅកាន់សាសនាយូដាវិញទៀតផង។ ទី២ ប៉ូលបានលើកឡើងទៅគ្រិស្តសាសនិកជនជាតិហេប្រឺទាំងនោះថា ពួកគេមិនខំព្យាយាមដើម្បីយល់សេចក្ដីបង្រៀនថ្មីឬសេចក្ដីបង្រៀនជ្រាលជ្រៅ ពោលគឺ«អាហាររឹង»ក្នុងបណ្ដាំរបស់ព្រះទេ។ (ហេ. ៥:១១-១៤) តាមមើលទៅពួកគេខ្លះនៅតែកាន់តាមច្បាប់ម៉ូសេ។ w២៣.១០ ទំ.២៥ វ.៣-៤
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ
[ចូរ]និយាយជាមួយនឹងស្ត្រីវ័យក្មេង ដូចនិយាយជាមួយនឹងបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក។—១ធី. ៥:២
ស្ត្រីខ្លះសម្រេចចិត្តមិនរៀបការ។ (ម៉ាថ. ១៩:១០-១២) សូមមានទំនុកចិត្តថាព្រះយេហូវ៉ានិងលោកយេស៊ូមិនមើលងាយគ្រិស្តសាសនិកនៅលីវឡើយ។ នៅទូទាំងពិភពលោក បងប្អូនស្រីនៅលីវមានឥទ្ធិពលល្អទៅលើក្រុមជំនុំ។ សេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ដ៏ស្មោះរបស់ពួកគេចំពោះអ្នកឯទៀត ជំរុញចិត្តស្ត្រីគ្រិស្តសាសនិកទាំងនេះឲ្យទៅជាបងប្អូនស្រីនិងម្ដាយដល់បុគ្គលជាច្រើន។ (ម៉ាក. ១០:២៩, ៣០) អ្នកខ្លះទៅជាអ្នកបម្រើពេញពេល។ ស្ត្រីគ្រិស្តសាសនិកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោក។ (ចសព. ៦៨:១១) តើប្អូនអាចរៀបគម្រោងនៅឥឡូវនេះដើម្បីចូលក្នុងកិច្ចបម្រើពេញពេលឬទេ? ប្អូនប្រហែលជាអាចបម្រើជាអ្នកត្រួសត្រាយ អ្នកស្ម័គ្រចិត្តខាងផ្នែកសាងសង់ ឬសមាជិកបេតអែល។ សូមអធិដ្ឋានអំពីគោលដៅរបស់ប្អូន។ សូមនិយាយជាមួយអ្នកឯទៀតដែលបានសម្រេចគោលដៅនោះ ហើយព្យាយាមស្វែងយល់ថាតើប្អូនអាចធ្វើអ្វីដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់។ បន្ទាប់មក សូមពិនិត្យពិចារណាថាខ្លួនត្រូវធ្វើអ្វីដើម្បីសម្រេចគោលដៅនោះ។ ការសម្រេចគោលដៅរបស់ប្អូននឹងបើកឱកាសដ៏គួរឲ្យរំភើបចិត្តជាច្រើនសម្រាប់ប្អូនក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ w២៣.១២ ទំ.២២ វ.១៦-១៧
ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ
ដំណឹងល្អនឹងត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិជាមុនសិន។—ម៉ាក. ១៣:១០
កាលដែលគ្រាទុក្ខវេទនាជាខ្លាំងកាន់តែខិតចូលមកដល់ យើងទទួលស្គាល់កាន់តែខ្លាំងថា គឺបន្ទាន់ដែលយើងធ្វើតាមបង្គាប់ឲ្យរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ។ ប៉ុន្តែ យើងប្រហែលជាពិបាកផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើរបស់យើងបើយើងមានបញ្ហាលុយកាក់ ឬបើយើងប្រឈមមុខនឹងការប្រឆាំងចំពោះកិច្ចការផ្សព្វផ្សាយរបស់យើង។ តើអ្វីអាចជួយយើងឲ្យចាត់ទុករាជាណាចក្រថាសំខាន់បំផុត? សូមបន្តមានទំនុកចិត្តថា«ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»គឺនៅខាងយើង។ លោកនឹងគាំទ្រយើងបើយើងបន្តចាត់ទុករាជាណាចក្រព្រះថាសំខាន់ជាងរឿងផ្ទាល់ខ្លួន។ ដូច្នេះ យើងមិនចាំបាច់ខ្លាចអ្វីឡើយ។ (ហាក. ២:៤) ព្រះយេហូវ៉ាចង់ឲ្យយើងផ្ដោតអារម្មណ៍ទៅលើកិច្ចការសង្គ្រោះជីវិតដោយបន្តបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ ហាកាយបានលើកទឹកចិត្តរាស្ត្រព្រះយេហូវ៉ាឲ្យចាប់ផ្ដើមបំពេញកិច្ចបម្រើពិសិដ្ឋរបស់ពួកគេជាថ្មី ហាក់ដូចជាពួកគេដាក់គ្រឹះវិហារម្ដងទៀត។ បើពួកគេធ្វើដូច្នេះ ព្រះយេហូវ៉ាសន្យាថាលោកនឹង«ឲ្យពរជាបរិបូរ»។ (ហាក. ២:១៨, ១៩) យើងក៏អាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរចំពោះការខំប្រឹងរបស់យើង បើយើងចាត់ទុកកិច្ចការដែលលោកបានប្រគល់ឲ្យយើងថាសំខាន់បំផុត។ w២៣.១១ ទំ.១៦ វ.៨; ទំ.១៧ វ.១១
ថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ
គ្រប់គ្នាធ្លាប់ធ្វើខុស។—រ៉ូម ៣:២៣
ក្នុងសំបុត្ររបស់សាវ័កប៉ូលទៅកាន់បងប្អូននៅក្រុងរ៉ូម គាត់បាននិយាយថាមនុស្សទាំងអស់មានការខុសឆ្គង។ យ៉ាងនេះ តើតាមរបៀបណាអ្នកណាម្នាក់អាចត្រូវចាត់ទុកថាជាមនុស្សសុចរិត ឬគ្មានកន្លែងបន្ទោស ហើយទទួលការពេញចិត្តពីព្រះ? ដើម្បីជួយគ្រិស្តសាសនិកដែលមានចិត្តស្មោះទាំងអស់ឲ្យឆ្លើយសំណួរនេះ ប៉ូលបានលើកឡើងអំពីអាប្រាហាំ។ ព្រះយេហូវ៉ាបានហៅអាប្រាហាំថាជាមនុស្សសុចរិតពេលដែលគាត់រស់នៅស្រុកកាណាន។ ហេតុអ្វីលោកអាចចាត់ទុកថាអាប្រាហាំជាមនុស្សសុចរិត? តើនេះគឺដោយសារអាប្រាហាំបានធ្វើតាមច្បាប់ម៉ូសេយ៉ាងល្អឥតខ្ចោះឬ? ប្រាកដជាមិនមែនទេ។ (រ៉ូម ៤:១៣) ប្រជាជាតិអ៊ីស្រាអែលទទួលច្បាប់នោះជាង៤០០ឆ្នាំក្រោយពីព្រះបានហៅអាប្រាហាំថាជាមនុស្សសុចរិត។ ដូច្នេះ ហេតុអ្វីព្រះយេហូវ៉ាហៅអាប្រាហាំថាជាមនុស្សសុចរិត? ព្រះយេហូវ៉ាបានបង្ហាញគុណដ៏វិសេសលើសលប់ដល់អាប្រាហាំ ហើយហៅគាត់ថាជាមនុស្សសុចរិតដោយសារជំនឿរបស់គាត់។—រ៉ូម ៤:២-៤ w២៣.១២ ទំ.៣ វ.៤-៥
ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ
សូមអ្នកធ្វើតាមបំណងចិត្តរបស់អ្នកចុះ។—១ប្រ. ១៧:២
នៅយប់ដែលអ្នកប្រកាសទំនាយណាថាន់បានប្រាប់ពាក្យក្នុងបទគម្ពីរថ្ងៃនេះដល់ដាវីឌ ព្រះយេហូវ៉ាបានប្រាប់ណាថាន់ថាដាវីឌនឹងមិនមែនជាអ្នកសង់វិហារទេ។ (១ប្រ. ១៧:៣, ៤, ១១, ១២) តើដាវីឌមានប្រតិកម្មយ៉ាងណាពេលគាត់ទទួលដំណឹងនេះ? គាត់បានផ្ដោតអារម្មណ៍ទៅលើការប្រមូលទ្រព្យសម្បត្តិសម្រាប់ធ្វើគម្រោងនោះ ដែលកូនរបស់គាត់សាឡូម៉ូននឹងត្រូវការ។ (១ប្រ. ២៩:១-៥) ភ្លាមៗក្រោយពីប្រាប់ដាវីឌថាគាត់នឹងមិនមែនជាអ្នកសង់វិហារ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងមួយជាមួយគាត់។ ព្រះយេហូវ៉ាបានសន្យានឹងដាវីឌថាកូនចៅម្នាក់របស់គាត់នឹងគ្រប់គ្រងជារៀងរហូត។ (២សាំ. ៧:១៦) សូមស្រមៃគិតថាក្នុងពិភពលោកថ្មី ដាវីឌនឹងសប្បាយចិត្តខ្លាំងយ៉ាងណាដែលដឹងថា គាត់នៅក្រោមការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោកយេស៊ូជាស្ដេចដែលមកពីសែស្រឡាយគាត់! កំណត់ហេតុនេះជួយយើងឲ្យយល់ថា ទោះជាយើងមិនអាចធ្វើអ្វីទាំងអស់ដែលយើងចង់ធ្វើសម្រាប់ព្រះយេហូវ៉ាក្ដី លោកប្រហែលជាឲ្យយើងនូវពរផ្សេងទៀតដែលយើងនឹកស្មានមិនដល់។ w២៣.០៤ ទំ.១៦ វ.៨-១០
ថ្ងៃពុធ ទី២៦ ខែកុម្ភៈ
ព្រះយេហូវ៉ានឹងមិនបោះបង់រាស្ត្ររបស់លោកទេ។—ចសព. ៩៤:១៤
អ្នកប្រហែលជាឃើញថាផ្នែកខ្លះនៃគម្ពីរអាចសម្រាលទុក្ខអ្នកយ៉ាងខ្លាំងពេលភ័យខ្លាច។ ជាឧទាហរណ៍ អ្នកប្រហែលជាទទួលការលើកទឹកចិត្តពីសៀវភៅយ៉ូប ចម្រៀងសរសើរព្រះ និងសុភាសិត ព្រមទាំងពីប្រសាសន៍របស់លោកយេស៊ូនៅម៉ាថាយ ជំពូក៦។ កាលដែលអ្នកអធិដ្ឋានទៅព្រះយេហូវ៉ានិងអានបណ្ដាំលោក អ្នកនឹងទទួលការសម្រាលទុក្ខពីលោក។ យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងជួយយើងជានិច្ចក្នុងអំឡុងគ្រាដ៏អាប់អួក្នុងជីវិតរបស់យើង។ យើងនឹងមិននៅតែឯងឡើយ។ (ចសព. ២៣:៤) ព្រះយេហូវ៉ាសន្យាថាលោកនឹងការពារ គាំទ្រ សម្រាលទុក្ខ និងធ្វើឲ្យយើងនឹងនរ។ អេសាយ ២៦:៣ចែងអំពីព្រះយេហូវ៉ាថា៖ «លោកនឹងការពារអស់អ្នកដែលពឹងផ្អែកលើលោកទាំងស្រុង លោកនឹងផ្ដល់សេចក្ដីសុខសាន្តដល់ពួកគេជានិច្ច ព្រោះពួកគេទុកចិត្តលោក»។ ដូច្នេះ សូមទុកចិត្តព្រះយេហូវ៉ា ហើយខំអស់ពីសមត្ថភាពដើម្បីទទួលជំនួយទាំងអស់ពីលោក។ បើអ្នកធ្វើដូច្នេះ អ្នកនឹងទទួលកម្លាំងឡើងវិញសូម្បីតែក្នុងអំឡុងគ្រាលំបាកក្ដី។ w២៤.០១ ទំ.២៥ វ.១៦-១៧
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ
ឯគ្រឿងអាវុធណាដែលគេធ្វើឡើងដើម្បីប្រឆាំងអ្នក នោះនឹងគ្មានប្រសិទ្ធភាពឡើយ!—អេ. ៥៤:១៧
ពាក្យនៅក្នុងបទគម្ពីរថ្ងៃនេះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះកំពុងសម្រេចនៅសព្វថ្ងៃនេះ។ ពាក្យសម្រាលទុក្ខនៅបន្ទាប់នេះក៏សំដៅលើសម័យយើងដែរ ដែលថា៖ «កូនៗទាំងអស់របស់អ្នកនឹងទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ា ហើយសេចក្ដីសុខសាន្តរបស់ពួកគេនឹងមានជាបរិបូរ។ អ្នកនឹងត្រូវតាំងឡើងយ៉ាងមាំក្នុងសេចក្ដីសុចរិត។ . . . អ្នកនឹងមិនភ័យខ្លាចហើយក៏មិនតក់ស្លុតដែរ ព្រោះអ្វីដែលគួរឲ្យខ្លាចនឹងមិនមកជិតអ្នកទេ»។ (អេ. ៥៤:១៣, ១៤) សូម្បីតែសាថានដែលជា«ព្រះនៃរបៀបរបបពិភពលោកនេះ»ក៏មិនអាចបញ្ឈប់កិច្ចការដែលរាស្ត្ររបស់ព្រះយេហូវ៉ាកំពុងធ្វើដើម្បីបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ាបានឡើយ។ (២កូ. ៤:៤) ការគោរពប្រណិប័តន៍ពិតបានត្រូវរៀបចំឡើងវិញ ហើយនោះនឹងមិនត្រូវបង្ខូចម្ដងទៀតទេ តែនោះនឹងស្ថិតស្ថេរជារៀងរហូត។ គ្រឿងអាវុធណាដែលគេធ្វើឡើងដើម្បីប្រឆាំងយើង នឹងគ្មានប្រសិទ្ធភាពឡើយ! w២៤.០២ ទំ.៤ វ.១០
ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ
អ្នកណាដែលស្រឡាញ់ឪពុកឬម្ដាយជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាអ្នកកាន់តាមខ្ញុំទេ។—ម៉ាថ. ១០:៣៧
ក្នុងនាមជាគ្រិស្តសាសនិក យើងចាត់ទុកពាក្យសម្បថរបស់យើងក្នុងការប្រគល់ខ្លួនជូនព្រះយេហូវ៉ាថាសំខាន់។ នេះមានឥទ្ធិពលទៅលើការសម្រេចចិត្តនិងការប្រព្រឹត្តរបស់យើងចំពោះរឿងក្រុមគ្រួសារ។ យើងខំប្រឹងបំពេញសេចក្ដីត្រូវការរបស់ក្រុមគ្រួសារយើង ប៉ុន្តែយើងមិនចាត់ទុកបំណងប្រាថ្នារបស់សមាជិកក្រុមគ្រួសារយើងថាសំខាន់ជាងអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងឡើយ។ (ម៉ាថ. ១០:៣៥, ៣៦; ១ធី. ៥:៨) ជួនកាល យើងប្រហែលជាត្រូវធ្វើការសម្រេចចិត្តដែលនាំឲ្យសាច់ញាតិរបស់យើងមិនសប្បាយចិត្ត តែព្រះយេហូវ៉ាពេញចិត្ត។ លោកជាអ្នករៀបចំឲ្យមានក្រុមគ្រួសារ ហើយលោកចង់ឲ្យក្រុមគ្រួសាររបស់យើងមានសុភមង្គល។ (អេភ. ៣:១៤, ១៥) បើយើងចង់មានសុភមង្គលពិតប្រាកដ យើងត្រូវធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។ សូមជឿជាក់ថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះការលះបង់របស់អ្នកដើម្បីគោរពប្រណិប័តន៍លោក កាលដែលអ្នកយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារនិងប្រព្រឹត្តទៅលើពួកគេដោយសេចក្ដីស្រឡាញ់និងការគោរព។—រ៉ូម ១២:១០ w២៤.០២ ទំ.១៧ វ.១១; ទំ.១៨ វ.១៣