ថ្ងៃអាទិត្យ ទី៤ ខែមិថុនា
[ចូរកុំ]គេចវេះការប្រជុំគ្នា . . . តែ[ចូរ]លើកទឹកចិត្តគ្នាទៅវិញទៅមក។—ហេ. ១០:២៥
ចូរខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំជាទៀងទាត់។ កម្មវិធីដ៏គួរឲ្យលើកទឹកចិត្តនៅទីនោះនឹងផ្ដល់ប្រយោជន៍ចំពោះអ្នក ហើយអ្នកក៏អាចស្គាល់បងប្អូនរួមជំនឿផងដែរ។ ចូរស្វែងរកមិត្តភក្ដិក្នុងក្រុមជំនុំដែលអ្នកអាចរៀនតាម ទោះជាពួកគេមានអាយុឬវប្បធម៌ខុសពីអ្នកក្ដី។ គម្ពីររំលឹកយើងថា «មនុស្សចាស់ៗតែងមានប្រាជ្ញា»។ (យ៉ូប ១២:១២) បងប្អូនវ័យចាស់ក៏អាចរៀនច្រើនពីបងប្អូនវ័យក្មេងដ៏ស្មោះត្រង់ដែរ។ ដាវីឌក្មេងជាងយ៉ូណាថានឆ្ងាយណាស់ ប៉ុន្តែនេះមិនបានរារាំងពួកគាត់ពីការមានមិត្តភាពជិតស្និទ្ធឡើយ។ (១សាំ. ១៨:១) ដាវីឌនិងយ៉ូណាថានបានជួយគ្នាទៅវិញទៅមកឲ្យបម្រើព្រះយេហូវ៉ា ទោះជាមានការពិបាកដ៏ធ្ងន់ធ្ងរក៏ដោយ។ (១សាំ. ២៣:១៦-១៨) បងស្រីម្នាក់ឈ្មោះអ៊ីរីណា ខំព្យាយាមធ្វើជាមិត្តនឹងបងប្អូនឯទៀត។ គាត់ជាសាក្សីតែម្នាក់គត់ក្នុងក្រុមគ្រួសាររបស់គាត់។ គាត់និយាយថា៖ «បងប្អូនរួមជំនឿអាចប្រៀបដូចជាឪពុកម្ដាយឬបងប្អូនបង្កើតរបស់យើង។ ព្រះយេហូវ៉ាអាចធ្វើឲ្យពួកគេទៅជាក្រុមគ្រួសារដែលយើងត្រូវការ»។ មិត្តរបស់អ្នកចង់លើកទឹកចិត្តនិងគាំទ្រអ្នក ប៉ុន្តែពួកគេត្រូវការឲ្យអ្នកប្រាប់ពួកគេអំពីរបៀបដែលពួកគេអាចធ្វើដូច្នេះ។ w២១.០៦ ទំ.១០-១១ វ.៩-១១
ថ្ងៃច័ន្ទ ទី៥ ខែមិថុនា
បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នេះដែរ បើអ្នករាល់គ្នាម្នាក់ៗមិនអភ័យទោសឲ្យបងប្អូនខ្លួនស្មោះពីចិត្ត។—ម៉ាថ. ១៨:៣៥
លោកយេស៊ូបានលើកឧទាហរណ៍មួយអំពីស្ដេចនិងខ្ញុំបម្រើរបស់គាត់។ ស្ដេចបានលុបបំណុលដ៏ធំដែលខ្ញុំបម្រើនោះមិនអាចសងបាន។ បន្ទាប់មក ខ្ញុំបម្រើនោះមិនព្រមលុបបំណុលដែលតិចជាងឆ្ងាយណាស់របស់ខ្ញុំបម្រើម្នាក់ទៀតទេ។ ក្រោយមក ស្ដេចបានចាប់ខ្ញុំបម្រើដែលគ្មានមេត្តានោះដាក់គុក។ ការប្រព្រឹត្តរបស់ខ្ញុំបម្រើនោះ មិនគ្រាន់តែជះឥទ្ធិពលលើខ្លួនគាត់ប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់អ្នកឯទៀតដែរ។ ទី១ គាត់ប្រព្រឹត្តដោយគ្មានមេត្តាចំពោះខ្ញុំបម្រើម្នាក់ទៀត ដោយ«ឲ្យគេយកអ្នកនោះទៅដាក់គុក រហូតដល់គាត់សងអ្វីដែលបានជំពាក់»។ ទី២ គាត់បណ្ដាលឲ្យខ្ញុំបម្រើឯទៀតដែលឃើញអ្វីដែលគាត់បានធ្វើឈឺចិត្ត។ ពេលដែល«ខ្ញុំបម្រើដូចគ្នាឯទៀតបានឃើញអ្វីដែលបានកើតឡើង ពួកគេមានទុក្ខព្រួយជាខ្លាំង»។ (ម៉ាថ. ១៨:៣០, ៣១) ស្រដៀងគ្នាដែរ ការប្រព្រឹត្តរបស់យើងមានឥទ្ធិពលទៅលើអ្នកឯទៀត។ បើអ្នកណាម្នាក់ប្រព្រឹត្តមិនល្អមកលើយើង ហើយយើងមិនព្រមអភ័យទោសឲ្យគាត់ តើអ្វីអាចកើតឡើង? ទី១ យើងធ្វើឲ្យអ្នកនោះពិបាកចិត្ត ដោយសារយើងមិនព្រមអភ័យទោសឲ្យគាត់ ព្រងើយកន្តើយដាក់គាត់ និងមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់។ ទី២ យើងធ្វើឲ្យបងប្អូនឯទៀតក្នុងក្រុមជំនុំមានអារម្មណ៍មិនស្រួល ពេលពួកគេឃើញថាយើងមិនចុះសម្រុងនឹងបុគ្គលនោះ។ w២១.០៦ ទំ.២២ វ.១១-១២
ថ្ងៃអង្គារ ទី៦ ខែមិថុនា
[លោកនឹង]បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី។—បប. ១១:១៨
សាថានចូលចិត្តបន្ទាបបន្ថោកមនុស្សដែលបានត្រូវបង្កើតមកឲ្យមានភាពដូចព្រះ។ ពេល«ព្រះយេហូវ៉ាបានឃើញថាការអាក្រក់របស់មនុស្សមានច្រើនក្រៃលែង»នៅសម័យណូអេ លោក«ស្ដាយដែលបានបង្កើតមនុស្សជាតិនៅផែនដី ហើយលោកឈឺចិត្តជាខ្លាំង»។ (ដក. ៦:៥, ៦, ១១) តើស្ថានភាពពិភពលោកបានល្អប្រសើរជាងតាំងពីពេលនោះឬទេ? មិនមែនទាល់តែសោះ! មេកំណាចច្បាស់ជាសប្បាយចិត្ត ពេលវាឃើញថាពិភពលោកពោរពេញទៅដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគ្រប់បែបយ៉ាង រួមទាំងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរវាងបុគ្គលដែលមានភេទផ្ទុយគ្នា និងបុគ្គលដែលមានភេទដូចគ្នា។ (អេភ. ៤:១៨, ១៩) សាថានពិតជាសប្បាយចិត្តពេលវាអាចបណ្ដាលឲ្យពួកអ្នកដែលគោរពប្រណិប័តន៍ពិតប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ ក្រោមការគ្រប់គ្រងរបស់សាថាន មនុស្សមិនគ្រាន់តែ‹ត្រួតត្រាលើមនុស្ស នាំឲ្យមានទុក្ខវេទនា›ប៉ុណ្ណោះទេ តែពួកគេក៏មិនថែរក្សាផែនដីនិងសត្វ ដូចដែលព្រះយេហូវ៉ាបានសុំមនុស្សឲ្យធ្វើនោះទេ។ (អទ. ៨:៩; ដក. ១:២៨) តើនេះមានលទ្ធផលអ្វី? អ្នកវិទ្យាសាស្ត្រខ្លះនិយាយថា ដោយសារការប្រព្រឹត្តរបស់មនុស្ស សត្វនិងរុក្ខជាតិ១លានប្រភេទទៀត អាចនឹងផុតពូជនៅប៉ុន្មានឆ្នាំខាងមុខនេះ។ w២១.០៧ ទំ.១២ វ.១៣-១៤