ថ្ងៃអង្គារ ទី៦ ខែមិថុនា
[លោកនឹង]បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី។—បប. ១១:១៨
សាថានចូលចិត្តបន្ទាបបន្ថោកមនុស្សដែលបានត្រូវបង្កើតមកឲ្យមានភាពដូចព្រះ។ ពេល«ព្រះយេហូវ៉ាបានឃើញថាការអាក្រក់របស់មនុស្សមានច្រើនក្រៃលែង»នៅសម័យណូអេ លោក«ស្ដាយដែលបានបង្កើតមនុស្សជាតិនៅផែនដី ហើយលោកឈឺចិត្តជាខ្លាំង»។ (ដក. ៦:៥, ៦, ១១) តើស្ថានភាពពិភពលោកបានល្អប្រសើរជាងតាំងពីពេលនោះឬទេ? មិនមែនទាល់តែសោះ! មេកំណាចច្បាស់ជាសប្បាយចិត្ត ពេលវាឃើញថាពិភពលោកពោរពេញទៅដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគ្រប់បែបយ៉ាង រួមទាំងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរវាងបុគ្គលដែលមានភេទផ្ទុយគ្នា និងបុគ្គលដែលមានភេទដូចគ្នា។ (អេភ. ៤:១៨, ១៩) សាថានពិតជាសប្បាយចិត្តពេលវាអាចបណ្ដាលឲ្យពួកអ្នកដែលគោរពប្រណិប័តន៍ពិតប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ ក្រោមការគ្រប់គ្រងរបស់សាថាន មនុស្សមិនគ្រាន់តែ‹ត្រួតត្រាលើមនុស្ស នាំឲ្យមានទុក្ខវេទនា›ប៉ុណ្ណោះទេ តែពួកគេក៏មិនថែរក្សាផែនដីនិងសត្វ ដូចដែលព្រះយេហូវ៉ាបានសុំមនុស្សឲ្យធ្វើនោះទេ។ (អទ. ៨:៩; ដក. ១:២៨) តើនេះមានលទ្ធផលអ្វី? អ្នកវិទ្យាសាស្ត្រខ្លះនិយាយថា ដោយសារការប្រព្រឹត្តរបស់មនុស្ស សត្វនិងរុក្ខជាតិ១លានប្រភេទទៀត អាចនឹងផុតពូជនៅប៉ុន្មានឆ្នាំខាងមុខនេះ។ w២១.០៧ ទំ.១២ វ.១៣-១៤
ថ្ងៃពុធ ទី៧ ខែមិថុនា
[ព្រះយេហូវ៉ា]នឹងអភ័យទោសឲ្យជាបរិបូរ។—អេ. ៥៥:៧
អ្នកបម្រើខ្លះរបស់ព្រះនៅតែបន្តបន្ទោសខ្លួនចំពោះអំពើខុសឆ្គងដែលពួកគេធ្លាប់ធ្វើពីមុន។ ពួកគេគិតថា ព្រះយេហូវ៉ាមិនអាចអភ័យទោសឲ្យពួកគេបានទេ ទោះជាពួកគេបានសុំការអភ័យទោសពីលោក និងបានឈប់ប្រព្រឹត្តអំពើខុសឆ្គងនោះក៏ដោយ។ បើអ្នកមានអារម្មណ៍បែបនេះ ការដឹងថាព្រះយេហូវ៉ាពិតជាចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នក អាចជួយអ្នកឲ្យបម្រើលោកដោយអំណរនិងដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ នេះអាចកើតឡើងដោយសារ‹ឈាមរបស់លោកយេស៊ូជាបុត្ររបស់ព្រះ សម្អាតយើងពីភាពខុសឆ្គងទាំងអស់›។ (១យ៉ូន. ១:៧) ពេលអ្នកធ្លាក់ទឹកចិត្តចំពោះភាពមិនល្អឥតខ្ចោះរបស់អ្នក សូមចាំថាព្រះយេហូវ៉ាពិតជាចង់អភ័យទោសឲ្យអ្នក បើអ្នកប្រែចិត្ត។ សូមកត់សម្គាល់ពាក្យរបស់ដាវីឌជាអ្នកតែងចម្រៀងសរសើរព្រះ អំពីរបៀបដែលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងការអភ័យទោសជាប់ទាក់ទងគ្នា។ គាត់សរសេរថា៖ «ដូចកម្ពស់ពីផែនដីទៅស្ថានសួគ៌ មិនអាចវាស់ស្ទង់បាន នោះសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកមានចំពោះអស់អ្នក ដែលកោតខ្លាចលោក ក៏មិនអាចវាស់ស្ទង់បានដែរ។ ដូចទិសខាងលិចឆ្ងាយពីទិសខាងកើតយ៉ាងណា នោះលោកក៏ដកអំពើរំលងរបស់យើងឲ្យចេញឆ្ងាយយ៉ាងនោះដែរ»។—ចសព. ១០៣:១១, ១២ w២១.១១ ទំ.៥-៦ វ.១២-១៣
ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា
កូនៗក្រោកឡើងសរសើរនាង ប្ដីនាងក៏ក្រោកឡើងសរសើរនាងដែរ។—សុភ. ៣១:២៨
ប្ដីដែលជាគ្រិស្តសាសនិកត្រូវលើកកិត្តិយសប្រពន្ធ។ (១ពេ. ៣:៧) ការលើកកិត្តិយសបង្កប់អត្ថន័យថាបង្ហាញការគោរពនិងការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ជាឧទាហរណ៍ ប្ដីលើកកិត្តិយសប្រពន្ធដោយចាត់ទុកនាងជាបុគ្គលសំខាន់ម្នាក់។ គាត់មិនតម្រូវអ្វីហួសពីសមត្ថភាពរបស់នាងទេ។ ម្យ៉ាងទៀត គាត់ប្រាកដជាមិនប្រៀបធៀបនាងនឹងស្ត្រីឯទៀតឡើយ។ ចុះបើគាត់ប្រៀបធៀបប្រពន្ធនឹងស្ត្រីឯទៀត តើនាងនឹងមានអារម្មណ៍យ៉ាងណា? សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះរ៉ូសា។ ប្ដីរបស់គាត់ដែលមិនមែនជាអ្នកជឿច្រើនតែប្រៀបធៀបគាត់នឹងស្ត្រីឯទៀត។ ពាក្យសម្ដីឥតសប្បុរសរបស់ប្ដីបងរ៉ូសាមិនគ្រាន់តែធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនគ្មានតម្លៃប៉ុណ្ណោះទេ តែក៏ធ្វើឲ្យគាត់សង្ស័យថាគ្មានអ្នកណាស្រឡាញ់គាត់ពិតប្រាកដដែរ។ គាត់និយាយថា៖ «ខ្ញុំត្រូវការអ្នកឯទៀតឲ្យជួយរំលឹកខ្ញុំជារឿយៗថាព្រះយេហូវ៉ាឲ្យតម្លៃខ្ញុំ»។ ផ្ទុយទៅវិញ ប្ដីដែលជាគ្រិស្តសាសនិកលើកកិត្តិយសប្រពន្ធរបស់គាត់។ គាត់ដឹងថាបើគាត់ធ្វើដូច្នេះ នោះមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់គាត់ជាមួយប្រពន្ធនិងជាមួយព្រះយេហូវ៉ា។ ប្ដីដែលលើកកិត្តិយសប្រពន្ធប្រាប់នាងថាគាត់ស្រឡាញ់នាង ថានាងមានតម្លៃ និងនិយាយល្អអំពីនាងប្រាប់អ្នកឯទៀត។ w២១.០៧ ទំ.២២ វ.៧-៨