ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា
ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃ [និង]ផែនដី។—បប. ១៤:៧
បើទេវតាមួយរូបនិយាយទៅកាន់អ្នក តើអ្នកនឹងស្ដាប់អ្វីដែលគាត់និយាយឬទេ? សព្វថ្ងៃនេះ ទេវតាមួយរូបនិយាយទៅកាន់«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ»។ តើគាត់និយាយអ្វី? គាត់និយាយថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក . . . ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃ [និង]ផែនដី»។ (បប. ១៤:៦, ៧) ព្រះយេហូវ៉ាជាព្រះពិតតែមួយដែលបុគ្គលគ្រប់រូបគួរគោរពប្រណិប័តន៍។ យើងមានអំណរគុណខ្លាំងណាស់ដែលលោកបានផ្ដល់ឱកាសវិសេសវិសាលឲ្យយើងដើម្បីគោរពប្រណិប័តន៍លោកក្នុងវិហារដ៏រុងរឿងរបស់លោកក្នុងន័យធៀប! តើវិហារក្នុងន័យធៀបគឺជាអ្វី ហើយតើយើងអាចរកព័ត៌មានដែលពន្យល់អំពីវិហារនេះនៅកន្លែងណា? វិហារនេះមិនមែនជាអគារពិតប្រាកដទេ តែគឺជារបៀបរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ដែលលោកពេញចិត្តដោយមានមូលដ្ឋានលើគ្រឿងបូជារបស់លោកយេស៊ូ។ សាវ័កប៉ូលបានពន្យល់អំពីរបៀបរៀបចំនេះក្នុងសំបុត្រដែលគាត់សរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺដែលរស់នៅតំបន់យូឌានាសតវត្សរ៍ទី១។ w២៣.១០ ទំ.២៤ វ.១-២
ថ្ងៃសុក្រ ទី១៧ ខែមករា
«អ្វីទាំងនេះនឹងកើតឡើង មិនមែនដោយកម្លាំងកងទ័ព ហើយក៏មិនមែនដោយអំណាចទេ តែដោយឫទ្ធានុភាពរបស់ខ្ញុំ»។ ព្រះយេហូវ៉ា . . . មានប្រសាសន៍ដូច្នោះ។—សាក. ៤:៦
នៅឆ្នាំ៥២២ មុនគ.ស. ពួកសត្រូវរបស់ជនជាតិយូដាបានបញ្ចុះបញ្ចូលរដ្ឋាភិបាលពើស៊ីឲ្យបញ្ឈប់ការសាងសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ ប៉ុន្តែ សាការីបានពង្រឹងកម្លាំងចិត្តជនជាតិយូដាថា ព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីដកឧបសគ្គណាក៏ដោយចេញ។ នៅឆ្នាំ៥២០ មុនគ.ស. ស្ដេចដារីយុសបានអនុញ្ញាតឲ្យពួកគេបន្ដធ្វើកិច្ចការសាងសង់វិហារ ហើយបានផ្ដល់ទ្រព្យសម្បត្តិដល់ពួកគេដើម្បីធ្វើកិច្ចការនោះ។ គាត់ក៏បានបង្គាប់អភិបាលស្រុកឲ្យជួយពួកគេផងដែរ។ (អែស. ៦:១, ៦-១០) ព្រះយេហូវ៉ាបានសន្យានឹងរាស្ត្រលោកថាពួកគេនឹងមានការគាំទ្រពីលោកបើពួកគេចាត់ទុកការសង់វិហារឡើងវិញជាអ្វីសំខាន់បំផុត។ (ហាក. ១:៨, ១៣, ១៤; សាក. ១:៣, ១៦) ដោយមានការលើកទឹកចិត្តពីអ្នកប្រកាសទំនាយទាំងនោះ ជនជាតិយូដាដែលបានត្រឡប់ទៅវិញបានចាប់ផ្ដើមធ្វើកិច្ចការសាងសង់វិហារម្ដងទៀតនៅឆ្នាំ៥២០ មុនគ.ស. ហើយបានបង្ហើយកិច្ចការនោះក្នុងរយៈពេលតិចជាងប្រាំឆ្នាំ។ ដោយសារជនជាតិយូដាចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់ព្រះជាអ្វីសំខាន់បំផុតទោះជាមានការពិបាកក្ដី ពួកគេបានទទួលការគាំទ្រពីព្រះយេហូវ៉ា។ ជាលទ្ធផល ពួកគេបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយអំណរ។—អែស. ៦:១៤-១៦, ២២ w២៣.១១ ទំ.១៥ វ.៦-៧
ថ្ងៃសៅរ៍ ទី១៨ ខែមករា
[ចូរ]ដើរតាមលំអានដាននៃជំនឿដែលអាប្រាហាំជាឪពុកយើងធ្លាប់មាន។—រ៉ូម ៤:១២
ទោះជាមនុស្សជាច្រើនធ្លាប់ឮអំពីអាប្រាហាំក្ដី ពួកគេភាគច្រើនមិនសូវស្គាល់គាត់ទេ។ ក៏ប៉ុន្តែអ្នកស្គាល់ច្រើនអំពីអាប្រាហាំ។ ជាឧទាហរណ៍ អ្នកដឹងថាអាប្រាហាំបានត្រូវហៅថា៖ «ឪពុករបស់អស់អ្នកដែលមានជំនឿ»។ (រ៉ូម ៤:១១) ទោះជាយ៉ាងនេះក្ដី អ្នកប្រហែលជាឆ្ងល់ថា ‹តើខ្ញុំអាចដើរតាមលំអានដានរបស់អាប្រាហាំ ហើយមានជំនឿដូចគាត់ឬទេ?›។ មែន អ្នកអាចធ្វើដូច្នេះបាន។ របៀបមួយដែលយើងអាចបណ្ដុះឲ្យមានជំនឿដូចអាប្រាហាំ គឺដោយសិក្សាគំរូរបស់គាត់។ អាប្រាហាំតែងតែធ្វើតាមអ្វីដែលព្រះបានប្រាប់គាត់ឲ្យធ្វើ។ គាត់បានរើទៅតំបន់ដែលឆ្ងាយពីផ្ទះរបស់គាត់ រស់នៅក្នុងត្រសាលអស់ជាច្រើនឆ្នាំ និងសុខចិត្តជូនអ៊ីសាកជាកូនជាទីស្រឡាញ់ជាគ្រឿងបូជា។ ការប្រព្រឹត្តទាំងនោះបង្ហាញថាគាត់មានជំនឿដ៏មុតមាំ។ ជំនឿនិងការប្រព្រឹត្តរបស់អាប្រាហាំនាំឲ្យគាត់ទទួលការពេញចិត្តពីព្រះ ហើយទៅជាមិត្តសម្លាញ់របស់លោក។ (យ៉ា. ២:២២, ២៣) ព្រះយេហូវ៉ាក៏ចង់ឲ្យយើងទាំងអស់គ្នារួមទាំងអ្នក ទទួលការពេញចិត្តពីលោកនិងទៅជាមិត្តសម្លាញ់របស់លោកដែរ។ ហេតុនេះហើយ លោកបានដឹកនាំប៉ូលនិងយ៉ាកុបដែលជាអ្នកសរសេរគម្ពីរឲ្យលើកឡើងអំពីគំរូរបស់អាប្រាហាំ។ w២៣.១២ ទំ.២ វ.១-២