ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ
ចូរឲ្យយើង . . . បង្ហាញសេចក្ដីស្រឡាញ់ នោះយើងអាចពេញវ័យក្នុងគ្រប់ការទាំងអស់។—អេភ. ៤:១៥
កាលដែលអ្នកសិក្សាបណ្ដាំព្រះកាន់តែច្រើន សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានឹងកើនឡើង។ សេចក្ដីស្រឡាញ់នោះជំរុញចិត្តអ្នកឲ្យធ្វើតាមអ្វីដែលអ្នករៀន។ អ្នកអាចធ្វើការសម្រេចចិត្តល្អជាងដោយមានមូលដ្ឋានលើគោលការណ៍គម្ពីរ។ អ្នករៀនឲ្យចេះគិតនិងធ្វើអ្វីដែលត្រឹមត្រូវ ដោយសារអ្នកចង់ឲ្យព្រះពេញចិត្ត។ ដូចកូនយកតម្រាប់ឪពុកម្ដាយដែលស្រឡាញ់គាត់ អ្នកព្យាយាមយកតម្រាប់បិតារបស់អ្នកដែលនៅស្ថានសួគ៌។ (អេភ. ៥:១, ២) យើងអាចសួរខ្លួនថា ‹តើខ្ញុំស្រឡាញ់ព្រះយេហូវ៉ានៅឥឡូវនេះខ្លាំងជាងពេលដែលខ្ញុំទៅជាគ្រិស្តសាសនិកនៅដើមដំបូងឬទេ? តាំងពីខ្ញុំទទួលការជ្រមុជទឹក តើរបៀបគិតគូរនិងការប្រព្រឹត្តរបស់ខ្ញុំកាន់តែដូចព្រះយេហូវ៉ា ជាពិសេសក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនឬទេ?›។ បើ«សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង»បានរសាយទៅ សូមកុំធ្លាក់ទឹកចិត្តឡើយ។ អ្វីដែលស្រដៀងនឹងនេះបានកើតឡើងចំពោះគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ លោកយេស៊ូមិនបានគិតថាពួកគេមិនអាចកែប្រែបានឡើយ ហើយលោកក៏មិនគិតបែបនេះចំពោះយើងដែរ។ (បប. ២:៤, ៧) លោកដឹងថាយើងអាចមានសេចក្ដីស្រឡាញ់ឡើងវិញ ដូចយើងធ្លាប់មានពេលដែលយើងបានរៀនសេចក្ដីពិតនៅដើមដំបូង។ w២៣.០៧ ទំ.៨ វ.២-៣
ថ្ងៃពុធ ទី១២ ខែកុម្ភៈ
ឱព្រះយេហូវ៉ា លោកល្អពិតមែន ហើយលោកបម្រុងតែនឹងអភ័យទោស។—ចសព. ៨៦:៥
សាវ័កពេត្រុសបានធ្វើខុសជាបន្តបន្ទាប់។ ដំបូងពេត្រុសមានទំនុកចិត្តហួសហេតុពេកដោយនិយាយអួតអាងថា គាត់នឹងរក្សាភាពស្មោះត្រង់ទោះជាសាវ័កឯទៀតបោះបង់ចោលលោកយេស៊ូក៏ដោយ។ (ម៉ាក. ១៤:២៧-២៩) បន្ទាប់មក ពេត្រុសមិនបានចាំយាមម្ដងហើយម្ដងទៀត។ (ម៉ាក. ១៤:៣២, ៣៧-៤១) បន្ទាប់មកទៀត ពេត្រុសបានរត់ចោលលោកយេស៊ូពេលដែលមនុស្សមួយក្រុមធំមក។ (ម៉ាក. ១៤:៥០) ចុងក្រោយ ពេត្រុសបានបដិសេធមិនស្គាល់លោកយេស៊ូអស់បីដង ហើយថែមទាំងបានស្បថចំពោះការកុហកនោះទៀតផង។ (ម៉ាក. ១៤:៦៦-៧១) តើពេត្រុសមានប្រតិកម្មយ៉ាងណាពេលគាត់យល់ថាគាត់បានធ្វើខុសធ្ងន់ធ្ងរដូចនេះ? គាត់រំជួលចិត្តក្រៃលែង ហើយក៏យំនឹកស្ដាយជាខ្លាំង។ (ម៉ាក. ១៤:៧២) ជាជាងស្ដីបន្ទោសពេត្រុសចំពោះការខុសឆ្គងរបស់គាត់ លោកយេស៊ូបានប្រាប់មិត្តភក្ដិរបស់លោកនេះថាគាត់នឹងទទួលភារកិច្ចច្រើនជាង។ (យ៉ូន. ២១:១៥-១៧) ពេត្រុសដឹងថាគាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ប៉ុន្តែគាត់បន្ដព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ ហេតុអ្វី? ពីព្រោះគាត់ជឿជាក់ថាលោកយេស៊ូដែលជាម្ចាស់របស់គាត់មិនបានបោះបង់ចោលគាត់ទេ។ តើមានមេរៀនអ្វី? ព្រះយេហូវ៉ាចង់ឲ្យយើងជឿជាក់ថាលោកស្រឡាញ់យើង ហើយបម្រុងតែនឹងអភ័យទោសឲ្យយើង។—រ៉ូម ៨:៣៨, ៣៩ w២៤.០៣ ទំ.១៨-១៩ វ.១៣-១៥
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ
នាងបានសម្លាប់មនុស្សច្រើនរាប់មិនអស់។—សុភ. ៧:២៦
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទអាចនាំមកនូវភាពអាម៉ាស់ អារម្មណ៍ថាខ្លួនគ្មានតម្លៃ មានផ្ទៃពោះដែលមិនចង់បាន និងធ្វើឲ្យក្រុមគ្រួសារបែកបាក់។ យើងឃើញច្បាស់ថាគឺជាការឈ្លាសវៃឲ្យបដិសេធការអញ្ជើញរបស់ស្ត្រីល្ងីល្ងើ។ ក្រៅពីបាត់បង់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ា មនុស្សជាច្រើនដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ឆ្លងជំងឺផ្សេងៗដែលអាចនាំឲ្យពួកគេស្លាប់។ (សុភ. ៧:២៣) សៀវភៅសុភាសិត ជំពូកទី៩ ខ១៨បញ្ចប់ដោយពាក្យថា៖ «ភ្ញៀវរបស់នាងនៅក្នុងទីបញ្ចុះសព»។ ដូច្នេះ ហេតុអ្វីមនុស្សជាច្រើនចាញ់បោកការអញ្ជើញរបស់នាងដែលនាំឲ្យអន្តរាយ? (សុភ. ៩:១៣-១៨) អន្ទាក់មួយដែលសម្បូរគឺរូបអាសអាភាស។ អ្នកខ្លះគិតថាការមើលរូបអាសអាភាសគឺគ្មានគ្រោះថ្នាក់ទេ។ ប៉ុន្តែ រូបអាសអាភាសគឺមានគ្រោះថ្នាក់ បន្ទាបបន្ថោក និងធ្វើឲ្យញៀន។ រូបអាសអាភាសនៅជាប់ក្នុងគំនិត ហើយពិបាកលុបចេញណាស់។ ម្យ៉ាងទៀត រូបបែបនេះមិនរម្ងាប់សេចក្ដីប៉ងប្រាថ្នាខុសឆ្គងទេ តែវាធ្វើឲ្យសេចក្ដីប៉ងប្រាថ្នានោះដុះដាលកាន់តែខ្លាំងឡើង។ (កូឡ. ៣:៥; យ៉ា. ១:១៤, ១៥) មែនហើយ មនុស្សជាច្រើនដែលមើលរូបអាសអាភាសប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនៅពេលក្រោយមក។ w២៣.០៦ ទំ.២៣ វ.១០-១១