ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ
នាងបានសម្លាប់មនុស្សច្រើនរាប់មិនអស់។—សុភ. ៧:២៦
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទអាចនាំមកនូវភាពអាម៉ាស់ អារម្មណ៍ថាខ្លួនគ្មានតម្លៃ មានផ្ទៃពោះដែលមិនចង់បាន និងធ្វើឲ្យក្រុមគ្រួសារបែកបាក់។ យើងឃើញច្បាស់ថាគឺជាការឈ្លាសវៃឲ្យបដិសេធការអញ្ជើញរបស់ស្ត្រីល្ងីល្ងើ។ ក្រៅពីបាត់បង់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ា មនុស្សជាច្រើនដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ឆ្លងជំងឺផ្សេងៗដែលអាចនាំឲ្យពួកគេស្លាប់។ (សុភ. ៧:២៣) សៀវភៅសុភាសិត ជំពូកទី៩ ខ១៨បញ្ចប់ដោយពាក្យថា៖ «ភ្ញៀវរបស់នាងនៅក្នុងទីបញ្ចុះសព»។ ដូច្នេះ ហេតុអ្វីមនុស្សជាច្រើនចាញ់បោកការអញ្ជើញរបស់នាងដែលនាំឲ្យអន្តរាយ? (សុភ. ៩:១៣-១៨) អន្ទាក់មួយដែលសម្បូរគឺរូបអាសអាភាស។ អ្នកខ្លះគិតថាការមើលរូបអាសអាភាសគឺគ្មានគ្រោះថ្នាក់ទេ។ ប៉ុន្តែ រូបអាសអាភាសគឺមានគ្រោះថ្នាក់ បន្ទាបបន្ថោក និងធ្វើឲ្យញៀន។ រូបអាសអាភាសនៅជាប់ក្នុងគំនិត ហើយពិបាកលុបចេញណាស់។ ម្យ៉ាងទៀត រូបបែបនេះមិនរម្ងាប់សេចក្ដីប៉ងប្រាថ្នាខុសឆ្គងទេ តែវាធ្វើឲ្យសេចក្ដីប៉ងប្រាថ្នានោះដុះដាលកាន់តែខ្លាំងឡើង។ (កូឡ. ៣:៥; យ៉ា. ១:១៤, ១៥) មែនហើយ មនុស្សជាច្រើនដែលមើលរូបអាសអាភាសប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនៅពេលក្រោយមក។ w២៣.០៦ ទំ.២៣ វ.១០-១១
ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ
រាជាណាចក្រនេះនឹងបំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រទាំងអស់នោះឲ្យសាបសូន្យទៅ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត។—ដាន. ២:៤៤
ទោះជាប្រជាជាតិឯទៀតប្រហែលជាជួនកាលប្រឆាំងនឹងមហាអំណាចអង់គ្លេសអាម៉េរិកក្ដី ប្រជាជាតិទាំងនោះនឹងមិនជំនួសមហាអំណាចនេះបានឡើយ។ យើងដឹងដូច្នេះ ដោយសារ«ដុំថ្ម»ដែលជាតំណាងរាជាណាចក្រព្រះនឹងកម្ទេចប្រអប់ជើង ដែលជាផ្នែកនៃរូបធំសម្បើមដែលជាតំណាងអង់គ្លេសអាម៉េរិក។ (ដាន. ២:៣៤, ៣៥, ៤៤, ៤៥) តើអ្នកជឿជាក់ថាទំនាយរបស់ដានីយ៉ែលអំពីប្រអប់ជើងដែលធ្វើពីធាតុដែកលាយនឹងដីឥដ្ឋគឺត្រឹមត្រូវឬទេ? បើដូច្នេះ នេះនឹងមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់អ្នក។ អ្នកនឹងមិនព្យាយាមរកលុយឲ្យបានច្រើនឬវត្ថុទ្រព្យច្រើនទេ ដោយសារអ្នកដឹងថាមិនយូរទៀតពិភពលោកដ៏អាក្រក់នេះនឹងត្រូវបំផ្លាញចោល។ (លូក. ១២:១៦-២១; ១យ៉ូន. ២:១៥-១៧) ការយល់អំពីទំនាយនេះក៏នឹងជួយអ្នកឲ្យឃើញថា កិច្ចការផ្សព្វផ្សាយនិងកិច្ចការបង្រៀនគឺសំខាន់យ៉ាងណា។ (ម៉ាថ. ៦:៣៣; ២៨:១៨-២០) ក្រោយពីសិក្សាទំនាយនេះ សូមសួរខ្លួនអ្នកថា ‹តើការសម្រេចចិត្តរបស់ខ្ញុំបង្ហាញថាខ្ញុំជឿជាក់ថា មិនយូរទៀតរាជាណាចក្ររបស់ព្រះនឹងបំផ្លាញរដ្ឋាភិបាលទាំងអស់របស់មនុស្សឬទេ?›។ w២៣.០៨ ទំ.១១ វ.១៣-១៤
ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ
ព្រះនឹងវិនិច្ឆ័យយើងម្នាក់ៗតាមការប្រព្រឹត្តរបស់យើង។—រ៉ូម ១៤:១២
សូមទទួលស្គាល់ដោយចិត្តសុភាពថាអាយុ សុខភាព និងស្ថានភាពរបស់អ្នកប្រហែលជាដាក់កម្រិតលើអ្វីដែលអ្នកអាចធ្វើនៅឥឡូវនេះ។ ដូចបាស៊ីលឡាយ ចូរសុខចិត្តមិនទទួលយកឯកសិទ្ធិផ្សេងៗ ពេលបញ្ហាសុខភាពឬអាយុធ្វើឲ្យអ្នកពិបាកបំពេញភារកិច្ចណាមួយ។ (២សាំ. ១៩:៣៥, ៣៦) ដូចម៉ូសេ ចូរព្រមទទួលជំនួយនិងប្រគល់ភារកិច្ចទៅអ្នកឯទៀតពេលសមត្រឹមត្រូវ។ (ដច. ១៨:២១, ២២) ពេលអ្នកមានចិត្តសុភាព អ្នកនឹងមិនតម្រូវឲ្យខ្លួនធ្វើអ្វីដែលអាចធ្វើឲ្យអ្នកបាក់កម្លាំងឡើយ។ យើងក៏មិនត្រូវមានអារម្មណ៍ថាខ្លួនត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តមិនល្អរបស់អ្នកឯទៀត។ យើងមិនអាចធ្វើការសម្រេចចិត្តឲ្យអ្នកឯទៀត ហើយយើងក៏មិនតែងតែអាចការពារពួកគេពីផលវិបាកដែលមកពីការសម្រេចចិត្តមិនល្អរបស់ពួកគេឡើយ។ ជាឧទាហរណ៍ កូនប្រហែលជាសម្រេចចិត្តនៅពេលក្រោយមកថាគាត់នឹងឈប់បម្រើព្រះយេហូវ៉ា។ ការសម្រេចចិត្តនេះអាចនាំឲ្យឪពុកម្ដាយកើតទុក្ខជាពន់ពេក។ ប៉ុន្តែ ឪពុកម្ដាយដែលបន្ទោសខ្លួនចំពោះការសម្រេចចិត្តមិនល្អរបស់កូន ដាក់បន្ទុកយ៉ាងធ្ងន់លើខ្លួន។ នេះមិនមែនជាអ្វីដែលព្រះយេហូវ៉ាតម្រូវឲ្យពួកគេរែកពុននោះទេ។ w២៣.០៨ ទំ.២៩ វ.១១-១២