អែសរ៉ា
១ នៅឆ្នាំទី១ក្នុងរាជ្យស៊ីរូស+ជាស្ដេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលឲ្យចិត្តគាត់ចេញសេចក្ដីប្រកាសមួយនៅទូទាំងរាជាណាចក្ររបស់គាត់។+ ព្រះយេហូវ៉ាបានធ្វើដូច្នេះ ដើម្បីឲ្យប្រសាសន៍របស់លោកតាមរយៈយេរេមា+បានក្លាយជាការពិត។ ការប្រកាសនោះមានសេចក្ដីដូចតទៅ៖
២ «ស៊ីរូសជាស្ដេចស្រុកពើស៊ីបានមានប្រសាសន៍ដូច្នេះថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌បានប្រគល់រាជាណាចក្រទាំងប៉ុន្មាននៅផែនដី+ មកក្នុងកណ្ដាប់ដៃខ្ញុំ ហើយលោកបានបង្គាប់ខ្ញុំឲ្យសង់វិហារមួយជូនលោក នៅក្រុងយេរូសាឡិម*+ក្នុងស្រុកយូដា។ ៣ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាជារាស្ត្ររបស់លោក ចូរវិលត្រឡប់ទៅក្រុងយេរូសាឡិមនៅស្រុកយូដាវិញចុះ ដើម្បីសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ ហើយសូមឲ្យលោកនៅជាមួយនឹងពួកគេ។ លោកជាព្រះនៃជនជាតិអ៊ីស្រាអែលនិងជាព្រះដ៏ពិត ដែលធ្លាប់មានវិហារនៅក្រុងយេរូសាឡិម។* ៤ ទោះជាពួកគេរស់នៅជាជនបរទេស+នៅកន្លែងណាក៏ដោយ សូមឲ្យអ្នកជិតខាង*របស់ពួកគេជួយជាមាសប្រាក់ របស់របរផ្សេងៗ និងសត្វនានា ព្រមទាំងគ្រឿងបូជាស្ម័គ្រពីចិត្តសម្រាប់វិហាររបស់ព្រះពិត+ ដែលនៅក្រុងយេរូសាឡិម›»។
៥ រួចមក ប្រមុខគ្រួសារពីកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ពួកសង្ឃនិងពួកលេវី ពោលគឺអស់អ្នកដែលព្រះយេហូវ៉ាជាព្រះពិតបានជំរុញចិត្ត បានរៀបចំធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីសាងសង់វិហាររបស់លោកឡើងវិញ។ ៦ ពួកអ្នកជិតខាងបានគាំទ្រពួកគេដោយឲ្យប្រដាប់ប្រដាធ្វើពីមាសប្រាក់ របស់របរផ្សេងៗ និងសត្វនានា ព្រមទាំងវត្ថុមានតម្លៃ និងគ្រឿងបូជាស្ម័គ្រពីចិត្ត។
៧ រីឯរបស់របរដែលនេប៊ូក្នេសាបានប្រមូលពីវិហារព្រះយេហូវ៉ានៅក្រុងយេរូសាឡិមយកទៅដាក់ក្នុងវិហារព្រះរបស់គាត់ នោះស្ដេចស៊ីរូសក៏ប្រគល់ឲ្យមកវិញទាំងអស់។+ ៨ ស៊ីរូសជាស្ដេចស្រុកពើស៊ីបានឲ្យមីតរេដាតជាមេឃ្លាំង មើលការខុសត្រូវលើការបញ្ចេញរបស់របរទាំងនោះ។ មីតរេដាតក៏បានធ្វើបញ្ជីរាយឈ្មោះរបស់របរទាំងនោះឲ្យដល់សេបាសសា*+ជាមេដឹកនាំទឹកដីយូដា។
៩ របស់របរទាំងនោះរួមមាន៖ ល្អីមាសចំនួន៣០ ល្អីប្រាក់ចំនួន១.០០០ និងភាជនៈបម្រុងចំនួន២៩ ១០ ចានគោមតូចមាសចំនួន៣០ ចានគោមតូចប្រាក់ចំនួន៤១០ និងប្រដាប់ប្រដាឯទៀតចំនួន១.០០០។ ១១ សរុបទៅរបស់របរទាំងអស់ដែលធ្វើពីមាសនិងប្រាក់មានចំនួន៥.៤០០។ ពេលបណ្ដាជន+ចេញពីស្រុកបាប៊ីឡូនទៅក្រុងយេរូសាឡិមវិញ សេបាសសាបាននាំយករបស់របរទាំងនោះទៅជាមួយដែរ។