អែសរ៉ា
៦ ក្រោយមក ស្ដេចដារីយុសបានចេញបញ្ជាឲ្យគេស្រាវជ្រាវរកឯកសារក្នុងឃ្លាំងទ្រព្យរបស់ស្ដេចនៅស្រុកបាប៊ីឡូន។ ២ គេក៏បានរកឃើញរមូរមួយក្នុងប្រាសាទ នាក្រុងអេកបាថាណា នៅខេត្តមេឌី។ រមូរនោះមានសេចក្ដីដូចតទៅ៖
៣ «នៅឆ្នាំទី១នៃរាជ្យស៊ីរូស ស្ដេចស៊ីរូសបានចេញបញ្ជាស្ដីអំពីវិហាររបស់ព្រះនៅក្រុងយេរូសាឡិមថា៖+ ‹ចូរសង់វិហារព្រះឡើងវិញ ជាកន្លែងដែលគេជូនគ្រឿងបូជា។ ចូរពង្រឹងគ្រឹះវិហារឲ្យមាំ ហើយវិហារនោះត្រូវមានកម្ពស់៦០ហត្ថ* និងទទឹង៦០ហត្ថ+ ៤ ហើយត្រូវរៀបថ្មធំៗបីជាន់និងឈើធ្នឹមមួយជាន់។+ រីឯការចំណាយទាំងអស់ ត្រូវបើកពីឃ្លាំងទ្រព្យស្ដេច។+ ៥ ចំណែកប្រដាប់ប្រដាធ្វើពីមាសពីប្រាក់ដែលនេប៊ូក្នេសាបានប្រមូលពីវិហារព្រះនៅក្រុងយេរូសាឡិមមកបាប៊ីឡូននោះ+ ចូរឲ្យគេនាំយកទៅដាក់ក្នុងវិហារព្រះនៅក្រុងយេរូសាឡិមវិញ›។+
៦ «ដូច្នេះ ឱថាថិនណាយជាអភិបាលនៃតំបន់ខាងនាយទន្លេ* និងពួកអភិបាលរងនៅតំបន់នោះ ព្រមទាំងសេថាបូសណាយនិងគ្នីគ្នាអើយ!+ ចូរអស់លោកកុំជ្រៀតជ្រែកនឹងរឿងនេះឡើយ។ ៧ ចូរកុំរារាំងកិច្ចការសាងសង់វិហារនោះ ទុកឲ្យអភិបាលស្រុកយូដានិងពួកបុរសចាស់ទុំជនជាតិយូដាសង់វិហារព្រះនៅទីតាំងដដែលវិញទៅ។ ៨ បន្ថែមទៅទៀត ខ្ញុំបង្គាប់អស់លោកឲ្យជួយពួកគេក្នុងការសាងសង់វិហាររបស់ព្រះ ដោយបើកប្រាក់ពីឃ្លាំងទ្រព្យស្ដេច+ ជាប្រាក់ពន្ធដែលប្រមូលបានពីតំបន់ខាងនាយទន្លេ យកទៅជួយពួកគេភ្លាមៗសម្រាប់បង់រាល់ការចំណាយទាំងអស់ កុំឲ្យមានការអាក់ខានអ្វីឡើយ។+ ៩ សូមផ្គត់ផ្គង់អ្វីៗដែលពួកសង្ឃនៅក្រុងយេរូសាឡិមត្រូវការជារៀងរាល់ថ្ងៃ គឺគោស្ទាវ+ ចៀមឈ្មោល+ និងកូនចៀម+ សម្រាប់ជាគ្រឿងបូជាដុតជូនព្រះនៃស្ថានសួគ៌ ព្រមទាំងផ្គត់ផ្គង់ស្រូវសាលី+ អំបិល+ ស្រាទំពាំងបាយជូរ+ និងប្រេង+ តាមសំណូមពររបស់ពួកគេកុំឲ្យអាក់ខានឡើយ។ ១០ យ៉ាងនេះ ពួកគេអាចជូនគ្រឿងបូជាជាទៀងទាត់ដល់ព្រះនៃស្ថានសួគ៌ ដើម្បីឲ្យលោកពេញចិត្ត ហើយដើម្បីពួកគេអាចអធិដ្ឋានឲ្យស្ដេចនិងកូនចៅស្ដេចមានសេចក្ដីសុខចម្រើន។+ ១១ ខ្ញុំក៏ចេញបង្គាប់ដែរថាបើអ្នកណាម្នាក់មិនធ្វើតាមសេចក្ដីដែលខ្ញុំបានបង្គាប់ទេ ចូរដកឈើពីផ្ទះអ្នកនោះយកមកបញ្ឈរ រួចព្យួរអ្នកនោះនៅលើឈើនោះទៅ។ រីឯផ្ទះរបស់គាត់ត្រូវយកទៅធ្វើជាកន្លែងបន្ទោរបង់*វិញ។ ១២ សូមឲ្យព្រះដែលតាំងនាមលោកនៅទីនោះ+ ទម្លាក់ស្ដេចណាឬកាត់ទោសបណ្ដាជនណាដែលបំពានលើសេចក្ដីបង្គាប់នេះ និងដែលប៉ុនប៉ងបំផ្លាញវិហាររបស់ព្រះនៅក្រុងយេរូសាឡិម។ ខ្ញុំដារីយុសជាអ្នកចេញបញ្ជានេះ ចូរធ្វើតាមបញ្ជានេះជាដាច់ខាត»។
១៣ បន្ទាប់មក ថាថិនណាយជាអភិបាលនៃតំបន់ខាងនាយទន្លេ ព្រមទាំងសេថាបូសណាយ+និងគ្នីគ្នា ពួកគេបានធ្វើតាមបង្គាប់ស្ដេចដារីយុសគ្រប់ជំពូកដោយមិនបង្អែបង្អង់។ ១៤ ដូច្នេះ ពួកបុរសចាស់ទុំជនជាតិយូដាបានបន្តសាងសង់វិហារ ហើយកិច្ចការនោះបានជឿនទៅមុខយ៉ាងលឿន+ ដោយមានការលើកទឹកចិត្តពីហាកាយ+ជាអ្នកប្រកាសទំនាយ និងសាការី+ជាចៅអ៊ីតដូ។ យ៉ាងនេះ ពួកគេបានបង្ហើយកិច្ចការសាងសង់វិហារចប់សព្វគ្រប់ តាមបង្គាប់របស់ព្រះនៃជនជាតិអ៊ីស្រាអែល+ និងបង្គាប់របស់ស្ដេចស៊ីរូស+ ស្ដេចដារីយុស+ និងស្ដេចអើថាស៊ើកសេស*+នៃស្រុកពើស៊ី។ ១៥ នៅថ្ងៃទី៣ ខែអេដា* ឆ្នាំទី៦នៃរាជ្យដារីយុស ពួកគេបានសង់វិហារព្រះរួចរាល់។
១៦ បន្ទាប់មក ពួកអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី+ ព្រមទាំងបណ្ដាជនទាំងអស់ដែលធ្លាប់ជាប់ជាឈ្លើយ បានធ្វើពិធីសម្ពោធន៍វិហាររបស់ព្រះដោយសប្បាយរីករាយ។ ១៧ ក្នុងពិធីសម្ពោធន៍នោះ ពួកគេបានជូនគោឈ្មោលចំនួន១០០ក្បាល ចៀមឈ្មោលចំនួន២០០ក្បាល និងកូនចៀមចំនួន៤០០ក្បាល។ ពួកគេក៏បានជូនពពែឈ្មោលចំនួន១២ក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ស្របតាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល។+ ១៨ ពួកគេតែងតាំងពួកសង្ឃតាមក្រុម និងពួកលេវីតាមក្រុម ដើម្បីបំពេញកិច្ចបម្រើជូនព្រះនៅក្រុងយេរូសាឡិម+ ស្របតាមការណែនាំដែលបានត្រូវកត់ទុកក្នុងសៀវភៅម៉ូសេ។+
១៩ នៅថ្ងៃទី១៤ ខែទី១ បណ្ដាជនដែលធ្លាប់ធ្វើជាឈ្លើយ បាននាំគ្នាធ្វើពិធីបុណ្យរំលង។+ ២០ ពួកសង្ឃនិងពួកលេវីទាំងអស់បានសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធ+ ហើយសម្លាប់សត្វដែលត្រូវជូនជាគ្រឿងបូជានៅពិធីបុណ្យរំលងសម្រាប់បណ្ដាជនទាំងអស់ដែលធ្លាប់ធ្វើជាឈ្លើយ សម្រាប់ពួកសង្ឃឯទៀត និងសម្រាប់ខ្លួនគេផ្ទាល់។ ២១ រួចមក ជនជាតិអ៊ីស្រាអែលទាំងអស់ដែលធ្លាប់ជាប់ជាឈ្លើយសឹក បានបរិភោគអាហារបុណ្យរំលងជាមួយនឹងអស់អ្នកដែលបានចូលរួមធ្វើពិធីនោះ គឺពួកអ្នកដែលបានបោះបង់ចោលការប្រព្រឹត្តដ៏ស្មោកគ្រោករបស់ជនជាតិដទៃនៅក្នុងស្រុកនោះ ហើយមកគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។+ ២២ បន្ថែមទៅទៀត ពួកគេបានធ្វើពិធីបុណ្យនំប៉័ងឥតដំបែ+អស់រយៈពេល៧ថ្ងៃដោយសប្បាយរីករាយ ព្រោះព្រះយេហូវ៉ាបានបណ្ដាលឲ្យពួកគេមានអំណរយ៉ាងខ្លាំង ថែមទាំងធ្វើឲ្យស្ដេចស្រុកអាស៊ីរី* ពេញចិត្តនឹងពួកគេ។+ ហេតុនេះ ស្ដេចបានជួយគាំទ្រពួកគេក្នុងការសាងសង់វិហារព្រះដ៏ពិតជាព្រះនៃជនជាតិអ៊ីស្រាអែល។