ម៉ាកុស
១៦ ដូច្នេះ ពេលដែលថ្ងៃឈប់សម្រាកបានកន្លងផុតទៅ នោះម៉ារៀម៉ាក់ដាឡេន និងម៉ារៀដែលជាម្ដាយរបស់យ៉ូសេ និងសាឡូមេបានទិញគ្រឿងក្រអូបដើម្បីយកទៅលាបសពរបស់លោក។ ២ ពេលព្រលឹម ក្រោយថ្ងៃរះ នាថ្ងៃដំបូងនៃសប្ដាហ៍នោះ ពួកគាត់បានទៅទីបញ្ចុះសព។ ៣ ពួកគាត់បានសួរគ្នាថា៖ «តើអ្នកណានឹងប្រមៀលថ្មចេញពីមាត់ច្រកចូលទីបញ្ចុះសពឲ្យយើង?»។ ៤ ពិតមែនតែថ្មនោះធំណាស់ ប៉ុន្តែពេលដែលស្ត្រីទាំងនោះងើបមុខឡើង ពួកគាត់ឃើញថាថ្មនោះបានត្រូវប្រមៀលចេញហើយ។ ៥ ពេលដែលពួកគាត់ចូលទៅក្នុងទីបញ្ចុះសពនោះ ពួកគាត់ឃើញយុវជនម្នាក់អង្គុយនៅខាងស្ដាំ ពាក់អាវវែង ពណ៌ស ហើយពួកគាត់បានភាំងស្មារតី។ ៦ យុវជននោះប្រាប់ពួកគាត់ថា៖ «កុំភាំងស្មារតីឡើយ។ ខ្ញុំដឹងថាអ្នកកំពុងរកលោកយេស៊ូពីក្រុងណាសារ៉ែត ដែលគេបានព្យួរ។ លោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមិននៅទីនេះទេ។ មើល! នេះជាកន្លែងដែលគេបានដាក់សពរបស់លោក។ ៧ ប៉ុន្តែចូរទៅប្រាប់ពួកអ្នកកាន់តាមលោកនិងពេត្រុសថា៖ ‹លោកនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា ហើយអ្នកនឹងឃើញលោកនៅទីនោះ ដូចអ្វីដែលលោកបានប្រាប់អ្នក›»។ ៨ ដូច្នេះ នៅពេលស្ត្រីទាំងនោះចេញមក ពួកគាត់បានរត់ពីទីបញ្ចុះសពទៅ ដោយមានអារម្មណ៍ភ័យញាប់ញ័រថែមទាំងរំជួលចិត្តយ៉ាងខ្លាំង ហើយមិនបានប្រាប់អ្នកណាអំពីអ្វីសោះ ពីព្រោះពួកគាត់ភ័យខ្លាច។
សេចក្ដីបញ្ចប់ខ្លី(តពីខ៨)
ប៉ុន្តែអ្វីៗទាំងអស់ដែលពួកគាត់បានត្រូវបង្គាប់នោះ ពួកគាត់បានរៀបរាប់យ៉ាងខ្លីប្រាប់អ្នកនៅជុំវិញពេត្រុស។ ម្យ៉ាងទៀត ក្រោយពីអ្វីៗទាំងនេះ លោកយេស៊ូបានចាត់ពួកគាត់ពីខាងកើតទៅខាងលិចឲ្យពាំនាំនូវសេចក្ដីប្រកាសដ៏បរិសុទ្ធនិងមិនអាចសាបសូន្យ អំពីសេចក្ដីសង្គ្រោះដែលមានជារៀងរហូត។
សេចក្ដីបញ្ចប់វែង
យេរ៉ូមនិងយូស៊ីបៀសដែលជាអ្នកប្រាជ្ញពីររូប នៅសតវត្សទីបួនបញ្ជាក់ថា កំណត់ហេតុផ្លូវការបញ្ចប់ដោយពាក្យថា«ពីព្រោះពួកគាត់ភ័យខ្លាច»។ ឯកសារខ្លះបន្ថែមសេចក្ដីបញ្ចប់វែងមួយនិងសេចក្ដីបញ្ចប់ខ្លីមួយ ប៉ុន្តែគេទទួលស្គាល់ជាទូទៅថា សេចក្ដីបញ្ចប់ទាំងនេះមិនមែនជាផ្នែកពិតប្រាកដនៃបទគម្ពីរ ដែលបានត្រូវសរសេរក្រោមឥទ្ធិពលនៃសកម្មពលរបស់ព្រះទេ។ សេចក្ដីបញ្ចប់វែងមានដូចតទៅនេះ៖
៩ លោកបានរស់ឡើងវិញនៅពេលព្រលឹមស្រាងៗនាថ្ងៃដំបូងនៃសប្ដាហ៍នោះ។ បន្ទាប់មក លោកលេចមកឲ្យម៉ារៀម៉ាក់ដាឡេនឃើញ។ លោកធ្លាប់បណ្ដេញវិញ្ញាណកំណាចប្រាំពីរចេញពីនាង។ ១០ នាងបានទៅរៀបរាប់ប្រាប់អ្នកដែលធ្លាប់នៅជាមួយនឹងលោក ដោយហេតុថាពួកគាត់កំពុងមានទុក្ខព្រួយហើយយំ។ ១១ ក៏ប៉ុន្តែ ពេលដែលពួកគាត់ឮថាលោកបានរស់ឡើងវិញ ហើយឮថានាងបានឃើញលោក នោះពួកគាត់មិនបានជឿឡើយ។ ១២ ម្យ៉ាងទៀត ក្រោយពីអ្វីៗទាំងនេះ លោកបានលេចមកដោយមានរូបរាងផ្សេងវិញ ឲ្យពួកគាត់ពីរនាក់ឃើញលោក កាលដែលពួកគាត់កំពុងធ្វើដំណើរទៅជនបទ។ ១៣ រួចមក ពួកគាត់មកវិញហើយរៀបរាប់ប្រាប់សាវ័កឯទៀត។ ប៉ុន្តែអ្នកទាំងនោះក៏មិនបានជឿពួកគាត់ដែរ។ ១៤ ប៉ុន្តែក្រោយមក លោកបានលេចមកឲ្យសាវ័កទាំងដប់មួយនាក់ឃើញ កាលដែលកំពុងអង្គុយរួមតុជាមួយគ្នា ហើយលោកក៏ស្តីបន្ទោសពួកគាត់ដោយសារខ្វះជំនឿនិងមានចិត្តរឹង ពីព្រោះមិនបានជឿពួកអ្នកដែលឃើញលោកក្រោយពីលោកបានរស់ឡើងវិញ។ ១៥ លោកមានប្រសាសន៍ទៅកាន់ពួកគាត់ថា៖ «ចូរទៅគ្រប់ទីកន្លែងក្នុងពិភពលោកហើយផ្សព្វផ្សាយដំណឹងល្អដល់មនុស្សទាំងអស់។ ១៦ អ្នកណាដែលជឿហើយទទួលការជ្រមុជទឹក អ្នកនោះនឹងត្រូវសង្គ្រោះ តែអ្នកណាដែលមិនជឿនឹងត្រូវផ្ដន្ទាទោស។ ១៧ ម្យ៉ាងទៀត សញ្ញាសម្គាល់នឹងត្រូវសម្ដែងដោយអ្នកជឿដូចតទៅនេះ៖ គឺពួកគេនឹងបណ្ដេញវិញ្ញាណកំណាចដោយនូវឈ្មោះខ្ញុំ ក៏នឹងនិយាយភាសាផ្សេងៗ ១៨ ថែមទាំងអាចលូកដៃទៅចាប់សត្វពស់បាន ហើយបើផឹកអ្វីដែលពុល នោះនឹងមិនធ្វើទុក្ខពួកគេឡើយ។ ពួកគេក៏នឹងដាក់ដៃលើអ្នកដែលឈឺ ហើយអ្នកទាំងនោះនឹងជាសះស្បើយ»។
១៩ ក្រោយពីលោកម្ចាស់យេស៊ូបានមានប្រសាសន៍ទៅកាន់ពួកគាត់ហើយ លោកក៏បានត្រូវលើកឡើងទៅស្ថានសួគ៌ ហើយបានអង្គុយនៅខាងស្ដាំព្រះ។ ២០ ម្ល៉ោះហើយ ពួកគាត់បានចេញទៅផ្សព្វផ្សាយនៅគ្រប់ទីកន្លែងដោយមានម្ចាស់របស់ពួកគាត់បានរួមធ្វើការជាមួយនឹងពួកគាត់ ហើយគាំទ្រពាក្យផ្សព្វផ្សាយនោះដោយសញ្ញាសម្គាល់ផ្សេងៗ។