ថ្ងៃអង្គារ ទី២៧ ខែតុលា
ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា។—រ៉ូម ១២:២
ដោយមានជំនួយពីឫទ្ធានុភាពរបស់ព្រះ មនុស្សជាច្រើនដែលធ្លាប់មានបុគ្គលិកលក្ខណៈដូចសត្វសាហាវ បានធ្វើការកែប្រែដ៏គួរឲ្យកោតស្ងើចក្នុងជីវិតរបស់ពួកគេ។ (អេ. ៦៥:២៥) ពួកគេបានខំប្រឹងជម្រុះចោលគុណវិបត្តិរបស់ពួកគេ។ (អេភ. ៤:២២-២៤) ពិតមែនរាស្ត្រព្រះនៅតែជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះយើងនឹងបន្ដធ្វើខុស តែព្រះយេហូវ៉ាបានបង្រួបបង្រួម«មនុស្សគ្រប់ប្រភេទ»ឲ្យមានចំណងនៃសេចក្ដីស្រឡាញ់និងសន្តិភាពដែលមិនអាចកាត់ផ្ដាច់បាន។ (ទីត. ២:១១) នេះគឺជាអព្ភូតហេតុមួយដែលមានតែព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតប៉ុណ្ណោះអាចធ្វើបាន! យើងដឹងថាពាក្យរបស់លោកតែងតែក្លាយជាការពិត។ (អេ. ៥៥:១០, ១១) សួនឧទ្យានក្នុងន័យធៀបគឺមានរួចហើយនៅឥឡូវនេះ។ ព្រះយេហូវ៉ាបានបង្កើតក្រុមគ្រួសារមួយដ៏ល្អឯកដែលជាអ្នកគោរពប្រណិប័តន៍លោក។ ក្នុងចំណោមរាស្ត្រលោក យើងអាចរកឃើញសេចក្ដីសុខសាន្តនិងសុវត្ថិភាពច្រើនបំផុតដែលអាចមានក្នុងពិភពលោកដ៏ឃោរឃៅនេះ។ (ចសព. ៧២:៧) ហេតុនេះហើយ យើងចង់ជួយមនុស្សឲ្យបានច្រើនបំផុតចូលរួមជាមួយយើងក្នុងក្រុមគ្រួសាររួមជំនឿ។ យើងអាចធ្វើដូច្នេះដោយផ្ដោតអារម្មណ៍ទៅលើការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត។—ម៉ាថ. ២៨:១៩, ២០ w២៤.០៤ ទំ.២៣ វ.១៣, ១៥
ថ្ងៃពុធ ទី២៨ ខែតុលា
យើងមានចិត្តគំនិតរបស់គ្រិស្ត។—១កូ. ២:១៦
លោកយេស៊ូស្រឡាញ់ព្រះយេហូវ៉ាអស់ពីសមត្ថភាពរិះគិត។ លោកដឹងអំពីបំណងប្រាថ្នារបស់ព្រះចំពោះលោក ហើយលោកតាំងចិត្តធ្វើតាមបំណងប្រាថ្នានោះ ទោះជាការធ្វើដូច្នេះតម្រូវឲ្យលោករងទុក្ខក្ដី។ ដោយសារលោកយេស៊ូផ្ដោតអារម្មណ៍លើការធ្វើតាមបំណងប្រាថ្នារបស់បិតាលោក នោះលោកមិនអនុញ្ញាតឲ្យអ្វីណាក៏ដោយមកបង្វែរអារម្មណ៍របស់លោកពីនោះឡើយ។ ពេត្រុសនិងសាវ័កឯទៀតមានឯកសិទ្ធិចំណាយពេលជាមួយនឹងលោកយេស៊ូ ហើយរៀនអំពីរបៀបគិតគូររបស់លោក។ ពេលពេត្រុសសរសេរសំបុត្រទី១របស់គាត់ក្រោមការដឹកនាំរបស់ព្រះ គាត់បានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យប្រុងប្រៀបខ្លួនដោយមានចិត្តគំនិតដូចគ្រិស្ត។ (១ពេ. ៤:១) នៅក្នុងភាសាដើម ពេលពេត្រុសសរសេរថា៖ «ប្រុងប្រៀបខ្លួន» គាត់ប្រើពាក្យដែលគេប្រើដើម្បីរៀបរាប់អំពីទាហានដែលប្រដាប់ដោយអាវុធត្រៀមខ្លួនចូលធ្វើចម្បាំង។ ដូច្នេះ បើគ្រិស្តសាសនិកមានចិត្តគំនិតឬមានរបៀបគិតគូរដូចលោកយេស៊ូ ពួកគេនឹងមានអ្វីដែលពួកគេត្រូវការដើម្បីតយុទ្ធនឹងបំណងប្រាថ្នាណាក៏ដោយដែលនាំឲ្យធ្វើខុស ហើយតយុទ្ធនឹងពិភពលោកដែលនៅក្រោមអំណាចរបស់សាថាន។—២កូ. ១០:៣-៥; អេភ. ៦:១២ w២៥.០៣ ទំ.៨-៩ វ.១-៣
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា
គំនិតនៅក្នុងចិត្តរបស់មនុស្ស ប្រៀបដូចជាទឹកដ៏ជ្រៅ តែអ្នកដែលមានសមត្ថភាពវែកញែកនឹងដងយកមកបាន។—សុភ. ២០:៥
តើអ្នកគួរស្វែងយល់អ្វីអំពីគូពេលដែលស្វែងយល់ចិត្តគ្នា? មុនអ្នកមានអារម្មណ៍ខ្លាំងចំពោះបុគ្គលនោះ អ្នកប្រហែលជាចង់ពិភាក្សាគ្នាអំពីរឿងសំខាន់ៗមួយចំនួន ដូចជាគោលដៅរបស់គាត់។ តើអ្នកអាចស្គាល់ធាតុពិតរបស់គូសង្សារយ៉ាងដូចម្ដេច? វិធីល្អបំផុតមួយ គឺនិយាយគ្នាដោយស្មោះនិងឥតលាក់លៀម សួរសំណួរ ហើយយកចិត្តទុកដាក់ស្ដាប់។ (យ៉ា. ១:១៩) យ៉ាងនេះ អ្នកប្រហែលជាអាចសម្រេចចិត្តធ្វើអ្វីជាមួយគ្នាដែលងាយស្រួលឲ្យនិយាយគ្នា ដូចជាញ៉ាំអីជាមួយគ្នា ដើរជាមួយគ្នានៅទីសាធារណៈ និងផ្សព្វផ្សាយជាមួយគ្នា។ អ្នកក៏អាចស្វែងយល់អំពីគ្នា ពេលអ្នកចំណាយពេលជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ បន្ថែមទៅទៀត ចូររៀបចំឲ្យមានសកម្មភាពផ្សេងៗដែលនឹងជួយអ្នកឲ្យដឹងអំពីរបៀបដែលបុគ្គលនោះប្រព្រឹត្តក្នុងស្ថានភាពផ្សេងៗ និងជាមួយបុគ្គលផ្សេងៗ។ w២៤.០៥ ទំ.២៧-២៨ វ.៦-៧