លូកា
៣ នៅឆ្នាំទីដប់ប្រាំនៃការសោយរាជ្យរបស់សេសារ* ទីប៊ែរ ពេលដែលប៉ុនទាស ពីឡាតជាអភិបាលតំបន់យូឌា ហើយហេរ៉ូឌជាអភិបាលស្រុកកាលីឡេ តែភីលីព ដែលជាបងប្រុសហេរ៉ូឌ ជាអភិបាលស្រុកអ៊ីទូរានិងត្រាខូនីត ឯឡែសេនាសជាអភិបាលស្រុកអាប៊ីលីនី ២ នៅពេលដែលអេណាសនិងកៃផាសជាសង្ឃនាយក នោះយ៉ូហាន ជាកូនរបស់សាការី បានទទួលសេចក្ដីប្រកាសពីព្រះ នៅតំបន់ស្ងាត់ជ្រងំ។
៣ ដូច្នេះ យ៉ូហានបានចូលទៅក្នុងតំបន់ទន្លេយ៉ូដាន់ ក៏បានធ្វើដំណើរពេញតំបន់នោះ ដោយប្រកាសប្រាប់មនុស្សឲ្យទទួលការជ្រមុជទឹក* ដើម្បីបង្ហាញថាពួកគេបានប្រែចិត្ត ដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន ៤ ដូចពាក្យដែលអេសាយ ជាអ្នកប្រកាសទំនាយ បានសរសេរថា៖ «ឮទេ? មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យផ្លូវទាំងនោះត្រង់។ ៥ ត្រូវលុបគ្រប់ជ្រលងតូច ក៏ត្រូវពង្រាបគ្រប់ភ្នំគ្រប់ទួលឲ្យរាបស្មើ។ រួចផ្លូវក្ងិចក្ងក់ត្រូវទៅជាផ្លូវត្រង់ ឯផ្លូវរដិបរដុបត្រូវទៅជាផ្លូវរលីងវិញ ៦ ហើយមនុស្សទាំងអស់នឹងឃើញរបៀបដែលព្រះនឹងផ្ដល់សេចក្ដីសង្គ្រោះ›»។
៧ ម្ល៉ោះហើយ ពេលដែលបណ្ដាជនចេញមកឲ្យគាត់ជ្រមុជទឹកឲ្យ នោះគាត់តែងតែនិយាយទៅកាន់ពួកគេថា៖ «នែ! ពូជពស់មានពិស! តើអ្នកណាបាននាំឲ្យអ្នកគិតថា អ្នកអាចរួចពីកំហឹងរបស់ព្រះដែលត្រូវមកដល់នោះបាន? ៨ ដូច្នេះ ចូរប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាអ្នកបានប្រែចិត្ត* ហើយកុំចាប់តាំងគិតក្នុងចិត្តថា៖ ‹អាប្រាហាំជាឪពុករបស់យើង› ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះមានឫទ្ធានុភាពអាចបង្កើតកូនឲ្យអាប្រាហាំពីដុំថ្មទាំងនេះបាន។ ៩ ពូថៅនៅគល់ឈើស្រាប់ហើយ។ ដូច្នេះ ដើមឈើណាដែលមិនបង្កើតផលល្អនឹងត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង»។
១០ បណ្ដាជនធ្លាប់តែសួរគាត់ថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ ១១ គាត់តែងតែឆ្លើយថា៖ «អ្នកណាដែលមានសម្លៀកបំពាក់ក្នុង ពីរបន្លាស់ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានអាហារបរិភោគត្រូវធ្វើដូច្នោះដែរ»។ ១២ ប៉ុន្តែសូម្បីតែអ្នកយកពន្ធក៏បានមកឲ្យគាត់ជ្រមុជទឹកឲ្យដែរ។ ពួកគេសួរគាត់ថា៖ «លោកគ្រូ! តើយើងត្រូវធ្វើអ្វីខ្លះ?»។ ១៣ យ៉ូហានប្រាប់ពួកគេថា៖ «កុំទារពន្ធលើសពីអត្រាពន្ធ»។ ១៤ ម្យ៉ាងទៀត ពួកទាហានក៏ធ្លាប់តែសួរគាត់ថា៖ «តើយើងត្រូវធ្វើអ្វីខ្លះ?» ហើយគាត់ប្រាប់ពួកគេថា៖ «កុំចោទប្រកាន់អ្នកណាដោយមិនពិតឬធ្វើទុក្ខអ្នកណាឡើយ តែត្រូវស្កប់ចិត្តនឹងការឧបត្ថម្ភដែលអ្នកទទួល»។
១៥ កាលដែលបណ្ដាជនកំពុងរង់ចាំមើល ហើយពួកគេទាំងអស់គ្នាកំពុងរិះគិតក្នុងចិត្តអំពីយ៉ូហានថា៖ «ប្រហែលជាគាត់ជាគ្រិស្តទេដឹង?» ១៦ យ៉ូហានឆ្លើយប្រាប់ពួកគេទាំងអស់គ្នាថា៖ «ខ្ញុំជ្រមុជអ្នករាល់គ្នាក្នុងទឹក តែលោកដែលខ្លាំងជាងខ្ញុំកំពុងមក ហើយខ្ញុំមិនសមនឹងស្រាយខ្សែស្បែកជើងជូនលោកផង។ លោកនឹងជ្រមុជអ្នករាល់គ្នាក្នុងសកម្មពល* បរិសុទ្ធរបស់ព្រះ និងក្នុងភ្លើង។ ១៧ លោកកំពុងកាន់ប្រដាប់រោយស្រូវនៅក្នុងដៃ ដើម្បីសម្អាតលានបោកស្រូវរបស់លោកឲ្យស្អាតធេង ហើយដើម្បីប្រមូលស្រូវសាលីដាក់ក្នុងជង្រុករបស់លោក តែឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលមិនអាចត្រូវពន្លត់បានឡើយ»។
១៨ ម្ល៉ោះហើយ គាត់ផ្ដល់ការដាស់តឿនផ្សេងៗទៀតជាច្រើនដល់បណ្ដាជន ក៏បានបន្តប្រកាសដំណឹងល្អដល់ពួកគេ។ ១៩ ក៏ប៉ុន្តែ ដោយសារយ៉ូហានបានប្រដៅតម្រង់ហេរ៉ូឌ ជាអភិបាលស្រុក ស្តីអំពីហេរ៉ូឌាស ដែលជាភរិយានៃបងប្រុសរបស់គាត់ ហើយស្តីអំពីអំពើទុច្ចរិតទាំងអស់ដែលគាត់បានប្រព្រឹត្ត ២០ នោះគាត់ក៏បានចាប់យ៉ូហានដាក់គុក បន្ថែមទៅលើអ្វីដែលគាត់បានប្រព្រឹត្តរួចហើយ។
២១ ពេលដែលបណ្ដាជនទាំងឡាយទទួលការជ្រមុជទឹក នោះលោកយេស៊ូក៏បានទទួលការជ្រមុជទឹកដែរ ហើយកាលដែលលោកកំពុងអធិដ្ឋាន នោះមេឃបានបើកចំហ ២២ សកម្មពលបរិសុទ្ធរបស់ព្រះក៏បានចុះមកសណ្ឋិតលើលោកដោយមានរូបរាងដូចជាសត្វព្រាប ហើយមានសំឡេងមួយមកពីលើមេឃថា៖ «អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តនឹងអ្នកណាស់»។
២៣ ចំណែកឯលោកយេស៊ូ កាលដែលលោកចាប់ផ្ដើមបំពេញកិច្ចការ លោកមានអាយុប្រហែលសាមសិបឆ្នាំ ហើយគេចាត់ទុកលោក
ជាកូន* យ៉ូសែប
យ៉ូសែបជាកូនហេលី
២៤ ហេលីជាកូនម៉ាថាត់
ម៉ាថាត់ជាកូនលេវី
លេវីជាកូនម៉េលឃី
ម៉េលឃីជាកូនយេណាអាយ
យេណាអាយជាកូនយ៉ូសែប
២៥ យ៉ូសែបជាកូនម៉ាតាធាស
ម៉ាតាធាសជាកូនអេម៉ុស
អេម៉ុសជាកូនណាហ៊ុម
ណាហ៊ុមជាកូនអេសលី
អេសលីជាកូនណាកាយ
២៦ ណាកាយជាកូនម៉េអាត
ម៉េអាតជាកូនម៉ាតាធាស
ម៉ាតាធាសជាកូនសេមាន
សេមានជាកូនយ៉ូស៊ិច
យ៉ូស៊ិចជាកូនយ៉ូដា
២៧ យ៉ូដាជាកូនយ៉ូអេណាន់
យ៉ូអេណាន់ជាកូនរេសា
រេសាជាកូនសេរ៉ូបាបិល
សេរ៉ូបាបិលជាកូនសាលធាល
សាលធាលជាកូននេរី
២៨ នេរីជាកូនម៉េលឃី
ម៉េលឃីជាកូនអាត់ដាយ
អាត់ដាយជាកូនកូសាម
កូសាមជាកូនអេលម៉ាដាម
អេលម៉ាដាមជាកូនអ៊ើរ
២៩ អ៊ើរជាកូនយេស៊ូ
យេស៊ូជាកូនអេលៀស៊ើរ
អេលៀស៊ើរជាកូនយ៉ូរីម
យ៉ូរីមជាកូនម៉ាថាត់
ម៉ាថាត់ជាកូនលេវី
៣០ លេវីជាកូនស៊ីម្មាន
ស៊ីម្មានជាកូនយូដាស
យូដាសជាកូនយ៉ូសែប
យ៉ូសែបជាកូនយ៉ូណាម
យ៉ូណាមជាកូនអេលៀគីម
៣១ អេលៀគីមជាកូនម៉េលៀ
ម៉េលៀជាកូនម៉េណា
ម៉េណាជាកូនម៉ាតាថា
ម៉ាតាថាជាកូនណាថាន់
ណាថាន់ជាកូនដាវីឌ
៣២ ដាវីឌជាកូនអ៊ីសាយ
អ៊ីសាយជាកូនអូបិឌ
អូបិឌជាកូនបូអូស
បូអូសជាកូនសាលម៉ូន
សាលម៉ូនជាកូនណាសូន
៣៣ ណាសូនជាកូនអាមីណាដាប
អាមីណាដាបជាកូនអាកនី
អាកនីជាកូនហេស្រុន
ហេស្រុនជាកូនពេរេស
ពេរេសជាកូនយូដា
៣៤ យូដាជាកូនយ៉ាកុប
យ៉ាកុបជាកូនអ៊ីសាក
អ៊ីសាកជាកូនអាប្រាហាំ
អាប្រាហាំជាកូនថេរ៉ា
ថេរ៉ាជាកូនណេឃ័រ
៣៥ ណេឃ័រជាកូនសេរូក
សេរូកជាកូនរេហ៊ូ
រេហ៊ូជាកូនពេឡេក
ពេឡេកជាកូនហេបឺរ
ហេបឺរជាកូនសេឡា
៣៦ សេឡាជាកូនកៃណាន
កៃណានជាកូនអាប៉ាក់សាឌ
អាប៉ាក់សាឌជាកូនសិម
សិមជាកូនណូអេ
ណូអេជាកូនឡេម៉េក
៣៧ ឡេម៉េកជាកូនម៉េធូសាឡា
ម៉េធូសាឡាជាកូនអេណុក
អេណុកជាកូនយ៉ារេឌ
យ៉ារេឌជាកូនម៉ាហាលៀល
ម៉ាហាលៀលជាកូនកៃណាន
៣៨ កៃណានជាកូនអេណុស
អេណុសជាកូនសេត
សេតជាកូនអាដាម
អាដាមជាកូនព្រះ