សកម្មភាព
២៦ អាគ្រីប៉ានិយាយទៅប៉ូលថា៖ «អ្នកអាចនិយាយការពារខ្លួនបាន»។ រួចមក ប៉ូលលាតដៃ ហើយចាប់ផ្ដើមនិយាយថា៖
២ «ស្តេចអាគ្រីប៉ា ខ្ញុំសប្បាយចិត្តដែលថ្ងៃនេះខ្ញុំត្រូវនិយាយការពារខ្លួននៅមុខលោក ស្តីអំពីរឿងផ្សេងៗដែលជនជាតិយូដាចោទប្រកាន់ខ្ញុំ ៣ ជាពិសេស ដោយសារលោកយល់ច្បាស់អំពីទំនៀមទម្លាប់ទាំងឡាយរបស់ជនជាតិយូដា និងរឿងទាំងប៉ុន្មានដែលពួកគេជជែកតវ៉ា។ ដូច្នេះ ខ្ញុំសូមលោកមេត្ដាស្ដាប់ខ្ញុំដោយអនុគ្រោះ។
៤ «ស្តីអំពីរបៀបរស់នៅរបស់ខ្ញុំតាំងពីក្មេងមក ពោលគឺកាលដែលខ្ញុំរស់នៅក្នុងចំណោមជនរួមជាតិខ្ញុំ និងនៅក្រុងយេរូសាឡិម នោះជនជាតិយូដាគ្រប់គ្នា ៥ ដែលធ្លាប់ស្គាល់ខ្ញុំតាំងពីដំបូងដឹងថា ខ្ញុំបានកាន់តាមពួកផារិស៊ី សមស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនារបស់យើង ហើយអ្នកទាំងនោះដែលស្គាល់ខ្ញុំក៏អាចធ្វើជាសាក្សីបញ្ជាក់ពីការនោះ ប្រសិនបើពួកគេចង់ធ្វើដូច្នោះ។ ៦ ទោះជាយ៉ាងនោះក៏ដោយ ឥឡូវនេះ ខ្ញុំកំពុងទទួលការវិនិច្ឆ័យសេចក្ដី ដោយសារខ្ញុំសង្ឃឹមលើអ្វីដែលព្រះបានសន្យាឲ្យដល់ពួកបុព្វបុរសរបស់យើង ៧ ឯកុលសម្ព័ន្ធទាំងដប់ពីររបស់យើងក៏សង្ឃឹមទទួលអ្វីដែលបានសន្យា ដោយខំប្រឹងយ៉ាងខ្លាំងក្នុងការបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះទាំងយប់ទាំងថ្ងៃ។ ស្តេចអាគ្រីប៉ា គឺអំពីសេចក្ដីសង្ឃឹមនេះឯងដែលជនជាតិយូដាកំពុងចោទប្រកាន់ខ្ញុំ។
៨ «ហេតុអ្វីអស់លោកគិតថា ការដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញជាអ្វីដែលមិនគួរឲ្យជឿនោះ? ៩ ចំណែកខ្ញុំវិញ ខ្ញុំធ្លាប់គិតថា ខ្ញុំត្រូវប្រើគ្រប់មធ្យោបាយដើម្បីប្រឆាំងនាមរបស់លោកយេស៊ូពីក្រុងណាសារ៉ែត។ ១០ នៅក្រុងយេរូសាឡិមខ្ញុំបានធ្វើដូច្នោះមែន ដោយដាក់អ្នកបរិសុទ្ធជាច្រើននាក់ឲ្យនៅជាប់គុក ព្រោះខ្ញុំមានសិទ្ធិអំណាចពីពួកសង្ឃនាយក ហើយខ្ញុំបានបោះឆ្នោតគាំទ្រការប្រហារជីវិតពួកគាត់។ ១១ ខ្ញុំបានដាក់ទោសពួកគាត់ជាច្រើនដងក្នុងគ្រប់សាលាប្រជុំទាំងអស់ ក្នុងបំណងបង្ខំឲ្យពួកគាត់បោះបង់ចោលជំនឿ ហើយដោយសារខ្ញុំខឹងពួកគាត់ក្រៃលែង ខ្ញុំបានបៀតបៀនពួកគាត់ សូម្បីតែនៅក្រុងឯទៀតដែរ។
១២ «កាលដែលខ្ញុំកំពុងជាប់រវល់នឹងការនោះ ខ្ញុំចេញដំណើរទៅក្រុងដាម៉ាស ដោយបានទទួលបង្គាប់និងសិទ្ធិអំណាចពីពួកសង្ឃនាយក។ ១៣ នៅតាមផ្លូវ ប្រហែលជាថ្ងៃត្រង់ ខ្ញុំឃើញពន្លឺមួយដែលភ្លឺជាងពន្លឺថ្ងៃ។ ពន្លឺនោះបានភ្លឺពីលើមេឃចាំងជុំវិញខ្ញុំ និងពួកអ្នកដែលកំពុងរួមដំណើរជាមួយនឹងខ្ញុំ។ ១៤ យើងទាំងអស់គ្នាដួលដល់ដី រួចខ្ញុំឮសំឡេងមួយបន្លឺមកកាន់ខ្ញុំជាភាសាហេប្រឺថា៖ ‹សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ? អ្នកធ្វើទុក្ខដល់ខ្លួនឯងដោយសារចេះតែធាក់ជន្លួញដូច្នេះ›។ ១៥ ប៉ុន្តែខ្ញុំនិយាយថា៖ ‹តើលោកម្ចាស់ជាអ្នកណា?› លោកម្ចាស់មានប្រសាសន៍ថា៖ ‹ខ្ញុំគឺយេស៊ូ ដែលអ្នកកំពុងបៀតបៀន។ ១៦ ទោះជាយ៉ាងនោះក៏ដោយ ចូរក្រោកឈរឡើង។ ព្រោះខ្ញុំបានលេចមកឲ្យអ្នកឃើញ ដើម្បីជ្រើសរើសអ្នកឲ្យធ្វើជាអ្នកបម្រើ និងជាសាក្សីអំពីការទាំងប៉ុន្មានអំពីខ្ញុំដែលអ្នកបានឃើញ និងការដែលខ្ញុំនឹងធ្វើឲ្យអ្នកឃើញ ១៧ កាលដែលខ្ញុំសង្គ្រោះអ្នកពីបណ្ដាជននេះ និងពីប្រជាជាតិនានាដែលខ្ញុំនឹងចាត់អ្នកឲ្យទៅ ១៨ ដើម្បីបើកភ្នែកពួកគេ ហើយឲ្យពួកគេបែរចេញពីភាពងងឹតមកឯពន្លឺវិញ ថែមទាំងឲ្យចេញពីអំណាចរបស់សាថាន* មកឯព្រះវិញ ដើម្បីឲ្យពួកគេអាចទទួលការអភ័យទោសចំពោះការខុសឆ្គង ព្រមទាំងទទួលមត៌កជាមួយនឹងពួកអ្នកដែលបានត្រូវញែកជាបរិសុទ្ធដោយសារមានជំនឿលើខ្ញុំ›។
១៩ «ដូច្នេះ ស្តេចអាគ្រីប៉ា ខ្ញុំមិនបានធ្វើព្រងើយនឹងអ្វីដែលបានត្រូវបើកបង្ហាញពីស្ថានសួគ៌ឲ្យខ្ញុំឃើញក្នុងគំនិតទេ ២០ ប៉ុន្តែខ្ញុំបាននាំសារទៅដល់អ្នកក្រុងដាម៉ាសមុនដំបូង ហើយដល់បណ្ដាជននៅក្រុងយេរូសាឡិម និងពេញតំបន់យូឌា រួចដល់ជនជាតិដទៃថា ពួកគេត្រូវប្រែចិត្ត ហើយបែរមកគោរពប្រណិប័តន៍ព្រះ ដោយប្រព្រឹត្តឲ្យសមនឹងការប្រែចិត្ត។ ២១ ដោយសារការទាំងនេះ ជនជាតិយូដាបានចាប់ខ្ញុំក្នុងវិហារ រួចប៉ុនប៉ងសម្លាប់ខ្ញុំ។ ២២ ក៏ប៉ុន្តែដោយសារខ្ញុំបានទទួលជំនួយពីព្រះ ខ្ញុំបន្តធ្វើជាសាក្សីបញ្ជាក់ប្រាប់ទាំងអ្នកធំទាំងអ្នកតូចអំពីដំណឹងល្អរហូតដល់ថ្ងៃនេះ តែខ្ញុំមិននិយាយអ្វីក្រៅពីការទាំងប៉ុន្មានដែលពួកអ្នកប្រកាសទំនាយនិងម៉ូសេបានប្រាប់ថានឹងកើតឡើងនោះទេ ២៣ ពោលគឺ គ្រិស្តត្រូវរងទុក្ខ រួចដោយសារលោកជាអ្នកដែលត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ នោះលោកនឹងផ្សព្វផ្សាយហើយបំភ្លឺទាំងបណ្ដាជននេះទាំងជនជាតិដទៃ»។
២៤ កាលដែលគាត់កំពុងនិយាយអ្វីៗទាំងនេះដើម្បីការពារខ្លួន ភេស្ទុសបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ប៉ូល! អ្នកឆ្កួតហើយ! ការចេះដឹងច្រើនពេកបានធ្វើឲ្យអ្នកឆ្កួត!»។ ២៥ ប៉ុន្តែប៉ូលនិយាយថា៖ «ឯកឧត្តមភេស្ទុស ខ្ញុំមិនឆ្កួតទេ តែខ្ញុំកំពុងនិយាយសេចក្ដីពិតដោយដឹងខុសត្រូវ។ ២៦ តាមការពិត ស្តេចដែលខ្ញុំកំពុងជម្រាបដោយសេចក្ដីក្លាហាន លោកដឹងច្បាស់អំពីការទាំងនេះ ព្រោះខ្ញុំជឿជាក់ថាក្នុងការទាំងអស់នេះគ្មានអ្វីដែលកំបាំងពីលោកទេ ព្រោះការនេះមិនបានធ្វើឡើងដោយសម្ងាត់ឡើយ។ ២៧ ស្តេចអាគ្រីប៉ា តើលោកជឿពួកអ្នកប្រកាសទំនាយទេ? ខ្ញុំដឹងថាលោកជឿ»។ ២៨ ប៉ុន្តែអាគ្រីប៉ានិយាយទៅប៉ូលថា៖ «តែបន្ដិចទៀត ការនិយាយវែកញែករបស់អ្នកនឹងនាំឲ្យខ្ញុំទៅជាគ្រិស្តសាសនិកដែរ»។ ២៩ នោះប៉ូលនិយាយថា៖ «ខ្ញុំអធិដ្ឋានសុំព្រះថា ទោះជាបន្ដិចទៀតឬយូរទៀតក្ដី លោក ព្រមទាំងអស់អ្នកដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះ នឹងបានដូចខ្ញុំដែរ តែដោយគ្មានចំណងទាំងនេះ»។
៣០ រួចមក ស្តេចក៏ក្រោកឈរជាមួយនឹងអភិបាល ប៊ើនីស ព្រមទាំងបុរសទាំងប៉ុន្មានដែលបានអង្គុយជាមួយនឹងពួកគាត់។ ៣១ ប៉ុន្តែកាលដែលពួកគាត់កំពុងចេញទៅ នោះក៏និយាយគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីគួរនឹងទទួលទោសដល់ស្លាប់ ឬជាប់ចំណងសោះ»។ ៣២ ម្យ៉ាងទៀត អាគ្រីប៉ានិយាយទៅភេស្ទុសថា៖ «បុរសនេះអាចត្រូវដោះលែងបាន ប្រសិនបើគាត់មិនបានសុំលើកក្ដីទៅសេសារ»។*