ហេប្រឺ
១០ ព្រោះថា ច្បាប់ជាស្រមោលនៃពរដែលនឹងមកដល់ ប៉ុន្តែមិនមែនជារូបពិតនោះទេ ហេតុនេះហើយបានជាមនុស្សមិនអាចធ្វើឲ្យអ្នកដែលចូលទៅជិតព្រះ មានភាពល្អឥតខ្ចោះដោយគ្រឿងបូជាដដែលៗដែលពួកគេបូជារៀងរាល់ឆ្នាំនោះឡើយ។ ២ បើមិនដូច្នោះ ពួកគេនឹងឈប់ជូនគ្រឿងបូជា មែនទេ? ព្រោះអ្នកដែលនាំគ្រឿងបូជាមក* ហើយដែលទទួលការសម្អាតមួយដងជាការស្រេច ពួកគេនឹងលែងដឹង* ពីការខុសឆ្គងរបស់ខ្លួនទៀត។ ៣ ក៏ប៉ុន្តែគ្រឿងបូជាទាំងនេះរំលឹកអំពីការខុសឆ្គងជារៀងរាល់ឆ្នាំ ៤ ព្រោះឈាមគោឈ្មោលនិងឈាមពពែមិនអាចដកការខុសឆ្គងចេញបានឡើយ។
៥ ដូច្នេះ ពេលដែលគ្រិស្តមកក្នុងពិភពលោក លោកមានប្រសាសន៍ទៅព្រះថា៖ «‹លោកមិនចង់បានគ្រឿងបូជានិងជំនូនទេ តែលោកបានរៀបចំរូបកាយមួយឲ្យខ្ញុំ។ ៦ លោកមិនបានពេញចិត្តនឹងសត្វដុតជាគ្រឿងបូជា* និងគ្រឿងបូជាសម្រាប់ការខុសឆ្គងឡើយ›។ ៧ ហើយខ្ញុំ* ក៏និយាយថា៖ ‹ឱព្រះអើយ មើល! ខ្ញុំមក (បទគម្ពីរចែងអំពីខ្ញុំ)* ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក›»។ ៨ ក្រោយពីលោកមានប្រសាសន៍ថា៖ «លោកមិនចង់បាន ក៏មិនបានពេញចិត្តនឹងគ្រឿងបូជា ជំនូន សត្វដុតជាគ្រឿងបូជា និងគ្រឿងបូជាសម្រាប់ការខុសឆ្គង» (គ្រឿងបូជាដែលច្បាប់តម្រូវឲ្យជូន) ៩ នោះលោកមានប្រសាសន៍ថា៖ «មើល! ខ្ញុំមកដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក»។ លោកបំបាត់ចោលរបៀបរៀបចំចាស់ ដើម្បីលោកអាចស្ថាបនារបៀបរៀបចំថ្មី។ ១០ ដោយសារ«បំណងប្រាថ្នា»នោះ យើងបានត្រូវញែកចេញជាបរិសុទ្ធដោយការប្រគល់រូបកាយរបស់លោកយេស៊ូគ្រិស្ត មួយដងជាការស្រេច។
១១ ម្យ៉ាងទៀត សង្ឃម្នាក់ៗចូលទៅឈរនៅកន្លែងរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីបំពេញកិច្ចបម្រើសាធារណៈ ហើយជូនគ្រឿងបូជាដដែលៗជាច្រើនដង ព្រោះគ្រឿងបូជាទាំងនោះមិនអាចដកការខុសឆ្គងចេញទាំងស្រុងបានឡើយ។ ១២ ប៉ុន្តែដោយសារការខុសឆ្គង លោកបានជូនគ្រឿងបូជាតែមួយដែលមានប្រសិទ្ធភាពជារៀងរហូត រួចបានអង្គុយនៅខាងស្ដាំព្រះ ១៣ ចាប់ពីពេលនោះ លោករង់ចាំរហូតដល់ពួកសត្រូវរបស់លោកបានត្រូវដាក់ជាកំណល់កល់ជើងលោក។ ១៤ ព្រោះអ្នកដែលត្រូវញែកជាបរិសុទ្ធ លោកបានធ្វើឲ្យក្លាយទៅជាល្អឥតខ្ចោះជានិរន្តរ៍ ដោយជូនគ្រឿងបូជាតែមួយ។ ១៥ ម្យ៉ាងទៀត សកម្មពល* បរិសុទ្ធធ្វើជាសាក្សីបញ្ជាក់ឲ្យយើងដឹង។ មុនបង្អស់ សកម្មពលចែងថា៖ ១៦ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹នេះជាកិច្ចព្រមព្រៀងដែលខ្ញុំនឹងធ្វើជាមួយនឹងពួកគេក្រោយពីគ្រានោះ។ ខ្ញុំនឹងដាក់ច្បាប់របស់ខ្ញុំនៅក្នុងចិត្តរបស់ពួកគេ ក៏នឹងសរសេរសេចក្ដីនោះក្នុងគំនិតរបស់ពួកគេ›»។ ១៧ បន្ទាប់មកសកម្មពលចែងថា៖ «ហើយខ្ញុំនឹងមិននឹកនាដល់ការប្រឆាំងច្បាប់និងការខុសឆ្គងរបស់ពួកគេទៀតឡើយ»។ ១៨ ពេលដែលការខុសឆ្គងទាំងនោះបានត្រូវអភ័យទោស នោះលែងត្រូវការគ្រឿងបូជាសម្រាប់ការខុសឆ្គងទៀតហើយ។
១៩ ដូច្នេះ បងប្អូនអើយ ដោយឃើញថាយើងមានចិត្តក្លាហានដើម្បីចូលតាមផ្លូវទៅឯកន្លែងបរិសុទ្ធដោយសារឈាមរបស់លោកយេស៊ូ ២០ ជាផ្លូវថ្មីដែលនាំទៅឯជីវិត ហើយជាផ្លូវដែលលោកបានបើកឲ្យយើងចូលតាមវាំងនន ពោលគឺសាច់ឈាមរបស់លោក ២១ ហើយដោយឃើញថាយើងមានសម្ដេចសង្ឃឧត្តុង្គឧត្តមដែលត្រួតលើពួកអ្នកផ្ទះរបស់ព្រះ ២២ ចូរយើងចូលទៅជិតព្រះដោយមានចិត្តស្មោះនិងមានទំនុកចិត្តទាំងស្រុងដែលមកពីជំនឿ ហើយដោយមានចិត្តដែលបានត្រូវសម្អាត* ពីសមត្ថភាពវិនិច្ឆ័យដែលសៅហ្មង និងរូបកាយដែលបានត្រូវលាងសម្អាតដោយទឹកស្អាត ២៣ ចូរយើងខំប្រឹងព្យាយាមឥតឈប់ក្នុងការប្រកាសប្រាប់សេចក្ដីសង្ឃឹមរបស់យើងដល់មនុស្សទាំងអស់ដោយមិនរួញរា ពីព្រោះលោកដែលបានសន្យាគឺស្មោះត្រង់។ ២៤ ហើយចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ ២៥ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់។
២៦ ព្រោះប្រសិនបើយើងប្រព្រឹត្តអំពើខុសឆ្គងដោយចេតនាក្រោយពីយើងបានទទួលចំណេះត្រឹមត្រូវអំពីសេចក្ដីពិតហើយ នោះគ្មានគ្រឿងបូជាណាដែលអាចត្រូវជូនសម្រាប់ការខុសឆ្គងរបស់យើងឡើយ ២៧ មានតែរង់ចាំការវិនិច្ឆ័យទោសដោយភ័យខ្លាច ហើយមានសេចក្ដីក្រោធខ្លាំងក្រៃលែងដែលនឹងបំផ្លាញពួកអ្នកប្រឆាំង។ ២៨ អ្នកណាដែលមិនអើពើចំពោះច្បាប់ម៉ូសេ ហើយមានសាក្សីពីរឬបីនាក់អំពីការនោះ អ្នកនោះត្រូវសម្លាប់ចោលដោយឥតត្រាប្រណី។ ២៩ ដូច្នេះ អ្នកដែលបានជាន់ឈ្លីបុត្រព្រះ ហើយចាត់ទុកឈាមនៃកិច្ចព្រមព្រៀងដែលបានញែកអ្នកនោះចេញជាបរិសុទ្ធថាជារបស់ធម្មតា ក៏បានប្រមាថមើលងាយយ៉ាងខ្លាំងចំពោះសកម្មពលនៃគុណដ៏វិសេសលើសលប់ តើអ្នករាល់គ្នាគិតថាអ្នកនោះនឹងត្រូវចាត់ទុកថាសមនឹងទទួលទោសធ្ងន់ប៉ុណ្ណា? ៣០ ព្រោះយើងស្គាល់លោកដែលមានប្រសាសន៍ថា៖ «ការសងសឹកជារបស់ខ្ញុំ ខ្ញុំនឹងសងគេ» ហើយក៏មានប្រសាសន៍ថា៖ «ព្រះយេហូវ៉ានឹងវិនិច្ឆ័យរាស្ត្ររបស់លោក»។ ៣១ ការធ្លាក់ចូលក្នុងកណ្ដាប់ដៃព្រះដែលមានជីវិតរស់នៅ ជាអ្វីដែលគួរឲ្យរន្ធត់ណាស់។
៣២ ក៏ប៉ុន្តែចូរចាំពីគ្រាមុនជានិច្ច នៅគ្រានោះ ក្រោយពីអ្នករាល់គ្នាបានត្រូវបំភ្លឺ នោះអ្នករាល់គ្នាបានស៊ូទ្រាំក្នុងការតយុទ្ធដ៏ធំដោយរងទុក្ខលំបាកផ្សេងៗ ៣៣ ពេលខ្លះអ្នករាល់គ្នាត្រូវគេធ្វើបាបនិងជេរប្រមាថជាសាធារណៈ ដូចជានៅក្នុងសង្វៀន ពេលខ្លះទៀត អ្នករាល់គ្នាបានរួមទុក្ខជាមួយនឹងអ្នកដែលកំពុងជួបប្រទះទុក្ខលំបាកបែបនេះ។ ៣៤ ព្រោះអ្នករាល់គ្នាបានបង្ហាញចិត្តអាណិតអាសូរចំពោះអ្នកដែលជាប់គុក ក៏បានទ្រាំដោយអំណរពេលដែលគេរឹបអូសទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា ដោយដឹងថាអ្នករាល់គ្នាមានទ្រព្យដែលប្រសើរជាង ហើយជាទ្រព្យដែលស្ថិតស្ថេរ។
៣៥ ដូច្នេះ កុំឈប់និយាយដោយក្លាហានឡើយ ព្រោះការនោះត្រូវទទួលរង្វាន់យ៉ាងធំ។ ៣៦ ព្រោះអ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ ដើម្បីឲ្យអ្នករាល់គ្នាទទួលតាមសេចក្ដីសន្យា ក្រោយពីបានធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ ៣៧ ព្រោះនៅតែ«បន្ដិចទៀត» ហើយ«ឯលោកដែលត្រូវមក នឹងមកដល់ ហើយមិនបង្អែបង្អង់ឡើយ»។ ៣៨ «ប៉ុន្តែអ្នកបម្រើសុចរិតរបស់ខ្ញុំនឹងរស់ដោយសារជំនឿ» ហើយ«ប្រសិនបើគាត់រាថយ ខ្ញុំ* មិនពេញចិត្តនឹងគាត់ទេ»។ ៣៩ ក៏ប៉ុន្តែយើងមិនមែនជាមនុស្សដែលរាថយឲ្យត្រូវបំផ្លាញនោះទេ តែយើងជាមនុស្សដែលមានជំនឿដើម្បីរក្សាជីវិត។*