-
ម៉ាកុស ៥:២៥-៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ មានស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាម+អស់១២ឆ្នាំ។+ ២៦ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែបែរជានាំឲ្យនាងឈឺចាប់យ៉ាងខ្លាំង។ នាងបានចំណាយធនធានខ្លួនអស់រលីង តែមិនបានទទួលប្រយោជន៍អ្វីសោះ។ ផ្ទុយទៅវិញ ជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរឡើង។ ២៧ ពេលនាងបានឮអ្វីដែលមនុស្សនិយាយអំពីលោកយេស៊ូ នាងបានចូលពីក្រោយបណ្ដាជនទៅឯលោក រួចពាល់សម្លៀកបំពាក់ក្រៅរបស់លោក+ ២៨ ដោយប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថា៖ «បើខ្ញុំគ្រាន់តែពាល់សម្លៀកបំពាក់ក្រៅរបស់លោក នោះខ្ញុំនឹងបានជា»។+ ២៩ រំពេចនោះ គាត់ឈប់ធ្លាក់ឈាម ហើយមានអារម្មណ៍ថា គាត់បានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យគាត់រងទុក្ខ។
៣០ ភ្លាមនោះ លោកយេស៊ូដឹងក្នុងអារម្មណ៍ថា ថាមពល+បានចេញពីខ្លួនលោកទៅ ហើយលោកបែរទៅបណ្ដាជន រួចសួរថា៖ «តើអ្នកណាបានពាល់សម្លៀកបំពាក់ក្រៅរបស់ខ្ញុំ?»។+ ៣១ ប៉ុន្តែ អ្នកកាន់តាមលោកនិយាយថា៖ «លោកឃើញបណ្ដាជនកំពុងប្រជ្រៀតលោក ហេតុអ្វីក៏លោកសួរថា៖ ‹តើអ្នកណាបានពាល់ខ្ញុំ?›»។ ៣២ ទោះជាយ៉ាងនោះក៏ដោយ លោកបានខំរកមើលអ្នកដែលបានពាល់លោក។ ៣៣ រីឯស្ត្រីនោះ ដោយសារបានដឹងអ្វីដែលកើតឡើងចំពោះនាង នាងបានភ័យញាប់ញ័រ ហើយក៏មកលុតជង្គង់នៅចំពោះមុខលោក រួចនាងបានជម្រាបលោកពីការពិតទាំងអស់។ ៣៤ លោកមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ ពេលនេះ នាងបានរួចផុតពីជំងឺដែលបានធ្វើឲ្យរងទុក្ខ+ សូមនាងទៅឲ្យបានសេចក្ដីសុខចុះ»។+
-
-
លូកា ៨:៤៣-៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៣ ខណៈនោះ មានស្ត្រីម្នាក់មានជំងឺធ្លាក់ឈាម+អស់១២ឆ្នាំ ហើយគ្មានអ្នកណាអាចព្យាបាលជំងឺរបស់នាងឲ្យជាបានឡើយ។+ ៤៤ នាងបានដើរពីក្រោយបណ្ដាជន រួចចូលទៅពាល់ជាយសម្លៀកបំពាក់ក្រៅរបស់លោក។+ រំពេចនោះ ឈាមក៏ឈប់ធ្លាក់។ ៤៥ ដូច្នេះ លោកយេស៊ូសួរថា៖ «តើអ្នកណាបានពាល់ខ្ញុំ?»។ បណ្ដាជនទាំងអស់ក៏បដិសេធគ្រប់គ្នា។ ពេលនោះ ពេត្រុសនិយាយថា៖ «លោកគ្រូ លោកឃើញហើយថាបណ្ដាជនកំពុងប្រជ្រៀតគ្នានៅជុំវិញលោក»។+ ៤៦ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «ពិតជាមានអ្នកណាម្នាក់ពាល់ខ្ញុំមែន ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាព+ចេញពីខ្លួនខ្ញុំ»។ ៤៧ កាលស្ត្រីនោះឃើញថា លោកបានដឹងអ្វីដែលនាងបានធ្វើ នោះនាងបានចូលមកទាំងភ័យញ័រ ហើយក្រាបនៅមុខលោក។ នាងក៏រៀបរាប់ប្រាប់នៅមុខមនុស្សទាំងអស់អំពីមូលហេតុដែលនាងបានពាល់លោក និងរបៀបដែលនាងបានជាសះស្បើយក្នុងមួយរំពេច។ ៤៨ ដូច្នេះ លោកមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមនាងទៅឲ្យបានសេចក្ដីសុខចុះ»។+
-