ដំណើរចាកចេញ
២០ បន្ទាប់មក ព្រះបានមានប្រសាសន៍ដូចតទៅថា៖+
២ «ខ្ញុំយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។+ ៣ អ្នករាល់គ្នាមិនត្រូវគោរពប្រណិប័តន៍ព្រះផ្សេងទៀតក្រៅពីខ្ញុំទេ។+
៤ «អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបណាមួយ ឬធ្វើអ្វីណាក៏ដោយដែលមានរាងដូចអ្វីនៅលើមេឃ នៅផែនដី ឬនៅក្នុងទឹកឡើយ។+ ៥ អ្នករាល់គ្នាមិនត្រូវក្រាបគោរពឬលង់ចិត្តទៅបម្រើរូបទាំងនោះឡើយ+ ព្រោះខ្ញុំជាយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ ចំពោះពួកអ្នកដែលស្អប់ខ្ញុំ ខ្ញុំនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង។ ៦ ចំណែកឯពួកអ្នកដែលស្រឡាញ់ខ្ញុំ ព្រមទាំងកាន់តាមបញ្ញត្ដិខ្ញុំវិញ ខ្ញុំនឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពួកគេ រហូតដល់ទៅរាប់ពាន់ជំនាន់។+
៧ «អ្នករាល់គ្នាមិនត្រូវប្រើនាមព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាតាមរបៀបមិនត្រឹមត្រូវទេ+ ព្រោះព្រះយេហូវ៉ានឹងមិនលើកលែងទោសឲ្យអ្នកដែលធ្វើដូច្នោះឡើយ។+
៨ «ចូរកាន់តាមថ្ងៃឈប់សម្រាក ហើយចាត់ទុកថ្ងៃនោះជាថ្ងៃពិសិដ្ឋ។+ ៩ អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន+ ១០ តែនៅថ្ងៃទី៧ ជាថ្ងៃឈប់សម្រាកដើម្បីព្រះយេហូវ៉ា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ សូម្បីតែកូនប្រុសស្រីរបស់អ្នក អ្នកបម្រើប្រុសស្រី និងសត្វរបស់អ្នក ព្រមទាំងជនបរទេសណាដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ក៏មិនត្រូវធ្វើការអ្វីដែរ។+ ១១ ព្រោះអស់៦ថ្ងៃ ព្រះយេហូវ៉ាបានបង្កើតមេឃ ផែនដី និងសមុទ្រ ព្រមទាំងរបស់សព្វសារពើដែលនៅកន្លែងទាំងនោះ រួចលោកសម្រាកនៅថ្ងៃទី៧។+ ហេតុនេះហើយបានជាព្រះយេហូវ៉ាញែកទុកថ្ងៃឈប់សម្រាកជាថ្ងៃពិសិដ្ឋ រួចឲ្យពរដល់ថ្ងៃនោះ។
១២ «ចូរអ្នករាល់គ្នាគោរពឪពុកម្ដាយ+ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅជាយូរអង្វែងក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងប្រគល់ឲ្យ។+
១៣ «អ្នករាល់គ្នាមិនត្រូវធ្វើឃាតកម្ម។+
១៤ «អ្នករាល់គ្នាមិនត្រូវផិតក្បត់។+
១៥ «អ្នករាល់គ្នាមិនត្រូវលួច។+
១៦ «ពេលធ្វើជាសាក្សី អ្នករាល់គ្នាមិនត្រូវផ្ដល់ចម្លើយមិនពិត ទាស់នឹងអ្នកឯទៀតឡើយ។+
១៧ «អ្នករាល់គ្នាមិនត្រូវប្រាថ្នាចង់បានផ្ទះគេ ប្រពន្ធគេ+ ខ្ញុំបម្រើប្រុសស្រី គោនិងលា ឬអ្វីៗក៏ដោយដែលជារបស់គេទេ»។+
១៨ នៅពេលនោះ បណ្ដាជនបានឮផ្គរលាន់ និងសំឡេងផ្លុំស្នែង ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងនៅលើភ្នំ។ ដូច្នេះ ពួកគេញាប់ញ័រ ហើយឈរនៅឆ្ងាយ។+ ១៩ រួចមក ពួកគេបាននិយាយទៅម៉ូសេថា៖ «សូមអ្នកនិយាយមកកាន់យើងចុះ យើងនឹងស្ដាប់អ្នក តែសូមកុំឲ្យព្រះមានប្រសាសន៍មកយើងអី ខ្លាចក្រែងយើងស្លាប់»។+ ២០ ម៉ូសេបានឆ្លើយថា៖ «កុំខ្លាចឡើយ! ព្រោះព្រះពិតចុះមកក្នុងបំណងល្បងលអ្នករាល់គ្នា+ ដើម្បីឲ្យអ្នករាល់គ្នាបន្តគោរពកោតខ្លាចលោក។ យ៉ាងនេះ អ្នករាល់គ្នានឹងមិនហ៊ានប្រព្រឹត្តអំពើខុសឆ្គងឡើយ»។+ ២១ ពេលនោះ បណ្ដាជននៅតែបន្តឈរពីចម្ងាយដដែល។ ឯម៉ូសេវិញ គាត់បានចូលទៅជិតពពកដ៏ក្រាស់ដែលព្រះដ៏ពិតកំពុងស្ថិតនៅ។+
២២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «អ្នកត្រូវប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថាខ្ញុំបាននិយាយមកកាន់អ្នករាល់គ្នាពីលើមេឃ។+ ២៣ អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបព្រះពីមាសពីប្រាក់យកមកគោរពបូជាឡើយ ព្រោះមានតែខ្ញុំប៉ុណ្ណោះដែលអ្នករាល់គ្នាត្រូវគោរពប្រណិប័តន៍។+ ២៤ ម្យ៉ាងទៀត អ្នករាល់គ្នាត្រូវយកដីមកសង់ទីបូជាមួយឲ្យខ្ញុំ រួចដុតគ្រឿងបូជានៃមេត្រីភាព និងគ្រឿងបូជាដុតនៅលើនោះ ព្រមទាំងសត្វចៀមសត្វគោផងដែរ។ នៅទីណាដែលខ្ញុំជ្រើសរើសទុកសម្រាប់ជាសេចក្ដីរំលឹកដល់នាមរបស់ខ្ញុំ+ ខ្ញុំនឹងមកឯអ្នករាល់គ្នានៅទីនោះ ហើយឲ្យពរអ្នករាល់គ្នា។ ២៥ បើអ្នករាល់គ្នាយកថ្មមកសង់ទីបូជាឲ្យខ្ញុំ អ្នករាល់គ្នាមិនត្រូវប្រើថ្មដែលគេដាប់ទេ+ ព្រោះបើអ្នករាល់គ្នាយកពន្លាកមកដាប់ ខ្ញុំនឹងមិនទទួលយកទីបូជានោះឡើយ។ ២៦ អ្នករាល់គ្នាមិនត្រូវធ្វើកាំជណ្ដើរសម្រាប់ឡើងទៅលើទីបូជាខ្ញុំឡើយ ដើម្បីកុំឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់អ្នករាល់គ្នា›។