បណ្ដាស្ដេចទី១
៧ សាឡូម៉ូនបានសាងសង់វិមានរបស់គាត់។+ គាត់ចំណាយពេលអស់១៣ឆ្នាំ ដើម្បីសាងសង់អគារទាំងអស់ចប់សព្វគ្រប់។+
២ គាត់បានសង់មន្ទីរព្រៃលីបង់+ ដែលមានបណ្ដោយ១០០ហត្ថ ទទឹង៥០ហត្ថ និងកម្ពស់៣០ហត្ថ។ មន្ទីរនេះមានសសរបួនជួរធ្វើពីឈើស៊ីដារ* ហើយលើសសរទាំងនោះមានធ្នឹមធ្វើពីឈើស៊ីដារដែរ។+ ៣ មន្ទីរនេះធ្វើពីឈើស៊ីដារ ទ្រដោយធ្នឹមលើសសរ។ នោះ*មានចំនួន៤៥ដើម ដែលតម្រៀបជាជួរៗ ក្នុងមួយជួរមាន១៥ដើម។ ៤ មន្ទីរនោះមានបង្អួច*បីជាន់ ហើយបង្អួចនីមួយៗទល់មុខបង្អួចនៅម្ខាងទៀត។ ៥ ទ្វារចូលនិងក្របទ្វារទាំងអស់សុទ្ធតែមានរាងបួនជ្រុងស្មើ* ហើយបង្អួចដែលបែរទៅខាងក្នុងទល់មុខគ្នាទាំងបីជាន់ ក៏មានរាងដូចនោះដែរ។
៦ គាត់ក៏បានសង់ល្វែង*មួយដែលមានឈ្មោះថាល្វែងសសរ។ ល្វែងនោះមានបណ្ដោយ៥០ហត្ថ ទទឹង៣០ហត្ថ ហើយនៅជាប់ខាងមុខមានរោងមួយដែលមានសសរនិងដំបូល។
៧ បន្ថែមទៀត សាឡូម៉ូនបានសង់ល្វែងមួយទៀតដែលមានឈ្មោះថាល្វែងបល្ល័ង្ក+ ល្វែងនោះសម្រាប់វិនិច្ឆ័យក្ដី។+ គាត់ស្រោបល្វែងនោះដោយឈើស៊ីដារ ចាប់ពីក្រោមរហូតដល់ពិតាន។
៨ ឯវិមានដែលសាឡូម៉ូនស្នាក់នៅ គាត់បានសង់តាមលំនាំស្រដៀងគ្នាដែរ តែនៅក្នុងទីលានមួយទៀត+ខាងក្រោយល្វែងបល្ល័ង្ក។ គាត់ក៏សង់វិមានមួយស្រដៀងនឹងល្វែងនេះដែរ ឲ្យដល់កូនស្រីរបស់ផារ៉ូ ដែលគាត់បានយកធ្វើជាប្រពន្ធ។+
៩ សំណង់ទាំងនេះបានត្រូវសង់ពីថ្មដែលមានតម្លៃ+ ចាប់ពីគ្រឹះឡើងដល់ថ្មលើបំផុត រហូតដល់ទីលានធំ។ ថ្មទាំងនោះបានត្រូវដាប់តម្រូវតាមទំហំ ហើយអារតម្រឹមដោយប្រដាប់អារថ្ម ទាំងក្នុងទាំងក្រៅ។+ ១០ គេបានដាក់គ្រឹះដោយថ្មធំៗដែលមានតម្លៃ ថ្មខ្លះមានទំហំ១០ហត្ថ ឯខ្លះទៀតទំហំ៨ហត្ថ។ ១១ គេយកថ្មមានតម្លៃ ដែលបានត្រូវដាប់តម្រូវតាមទំហំ ហើយយកឈើស៊ីដារមកសង់ពីលើគ្រឹះនោះ។ ១២ ឯទីធ្លាធំ គេបានសង់របងជុំវិញដោយប្រើថ្មដាប់បីជួរ និងធ្នឹមឈើស៊ីដារមួយជួរ គឺសង់តាមលំនាំរបងទីធ្លាខាងក្នុង+វិហារព្រះយេហូវ៉ានិងសាលខាងមុខវិហារ។+
១៣ ស្ដេចសាឡូម៉ូនបានចាត់គេឲ្យទៅអញ្ជើញហ៊ីរ៉ាម+ជាអ្នកក្រុងទីរ៉ុសឲ្យមកជួបគាត់។ ១៤ ហ៊ីរ៉ាមជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ មកពីកុលសម្ព័ន្ធណែបថាលី។ ឪពុកគាត់ជាអ្នកស្រុកទីរ៉ុស មានមុខរបរជាជាងស្ពាន់។+ ហ៊ីរ៉ាមជាជាងស្ពាន់ដ៏ជំនាញ និងមានការយល់ដឹង+ ព្រមទាំងមានថ្វីដៃខាងការធ្វើគ្រឿងគ្រប់ប្រភេទពីស្ពាន់។ គាត់ក៏បានចូលទៅជួបស្ដេចសាឡូម៉ូន ហើយបានធ្វើការទាំងអស់ឲ្យស្ដេច។
១៥ ហ៊ីរ៉ាមបានធ្វើសសរស្ពាន់ពីរ+ សសរនីមួយៗមានកម្ពស់១៨ហត្ថ ហើយបើយកខ្សែមកវាស់ជុំវិញសសរនីមួយៗ ឃើញមានប្រវែង១២ហត្ថ។+ ១៦ គាត់ក៏ធ្វើក្បាលសសរពីរ ពីស្ពាន់ដើម្បីដាក់លើសសរ។ ក្បាលសសរមួយមានកម្ពស់ប្រាំហត្ថ ក្បាលសសរមួយទៀតក៏មានកម្ពស់ប្រាំហត្ថដែរ។ ១៧ ក្បាលសសរនីមួយៗ មានកម្រងច្រវាក់ប្រទាក់គ្នាជាក្បាច់ក្រឡាអួន+ ៧ជួរលើក្បាលសសរមួយ ៧ជួរលើក្បាលសសរមួយទៀត។ ១៨ គាត់ធ្វើផ្លែទទឹមជាពីរជួរដាក់លើក្បាច់ក្រឡាអួន ដើម្បីលម្អក្បាលសសរនោះ ហើយគាត់ធ្វើដូចគ្នាសម្រាប់ក្បាលសសរទាំងពីរ។ ១៩ ក្បាលសសរដែលនៅខាងមុខសាល មានក្បាច់ជាផ្កាលីលីដែលមានកម្ពស់បួនហត្ថ។ ២០ ត្រង់ផ្នែករីកធំនៃក្បាលសសរទាំងពីរមានក្បាច់ក្រឡាអួន និងផ្លែទទឹមចំនួន២០០ ដាក់ជាជួរជុំវិញ។+
២១ គាត់បានដាក់បញ្ឈរសសរទាំងពីរនៅមុខសាលនៃវិហារ។+ មួយនៅខាងស្ដាំដៃ* គាត់ឲ្យឈ្មោះថាយ៉ាគីន* មួយនៅខាងឆ្វេងដៃ* គាត់ឲ្យឈ្មោះថាបូអូស។*+ ២២ នៅផ្នែកខាងលើសសរទាំងពីរមានក្បាច់ផ្កាលីលី។ ដូច្នេះ ការធ្វើសសរនោះបានចប់សព្វគ្រប់។
២៣ រួចមក គាត់បានធ្វើអាងធំមួយពីស្ពាន់។+ អាងនោះមានរាងមូល ពីមាត់ម្ខាងទៅមាត់ម្ខាងមានប្រវែង១០ហត្ថ និងកម្ពស់៥ហត្ថ ហើយបើយកខ្សែមកវាស់ជុំវិញអាង ឃើញមានប្រវែង៣០ហត្ថ។+ ២៤ នៅក្រោមគែមមាត់អាង មានក្បាច់ផ្លែឃ្លោក+ជុំវិញ ក្នុងមួយហត្ថមានផ្លែឃ្លោក១០ ហើយមានពីរជួរ។ ក្បាច់ទាំងនោះបានត្រូវចាក់ពុម្ពក្នុងកាលដែលគេធ្វើអាងនោះតែម្ដង។ ២៥ អាងនោះបានត្រូវដាក់នៅលើរូបគោឈ្មោល១២+ គោ៣បែរមុខទៅទិសខាងជើង គោ៣បែរមុខទៅទិសខាងលិច គោ៣បែរមុខទៅទិសខាងត្បូង និងគោ៣បែរមុខទៅទិសខាងកើត ហើយគោទាំងអស់បែរគូទចូលគ្នា។ ២៦ អាងនោះមានកម្រាស់មួយទះ* ហើយមាត់វាមានរាងដូចមាត់ពែង និងដូចផ្កាលីលី។ អាងនោះអាចដាក់ទឹកបាន២.០០០បាត។*
២៧ គាត់ក៏បានធ្វើរទេះ*១០ពីស្ពាន់។+ រទេះនីមួយៗមានបណ្ដោយបួនហត្ថ ទទឹងបួនហត្ថ និងកម្ពស់បីហត្ថ។ ២៨ រទេះទាំងនោះមានទ្រង់ទ្រាយដូចតទៅ៖ ទ្រុងរទេះមានចម្រឹងកាត់ខ្វែងគ្នា ហើយមានបន្ទះស្ពាន់នៅលើប្រឡោះចម្រឹងទាំងនោះ។ ២៩ លើបន្ទះស្ពាន់ក្នុងប្រឡោះចម្រឹងនីមួយៗមានរូបឆ្លាក់ជារូបតោ+ រូបគោ និងចេរូប៊ីន+ ហើយលើផ្ទៃចម្រឹងក៏មានក្បាច់ដូចគ្នាដែរ។ ខាងលើនិងខាងក្រោមរូបតោ និងគោ មានក្បាច់រំយោលលម្អ។ ៣០ រទេះនីមួយៗមានកង់បួនធ្វើពីស្ពាន់ ភ្លៅរទេះក៏ធ្វើពីស្ពាន់ដែរ ហើយមេនៃជ្រុងទាំងបួនជួយទប់ភ្លៅនិងកង់រទេះ។ ក្រោមចានក្លាំមានជើងទ្រ ហើយជើងទ្រនោះចាក់ពុម្ពដោយក្បាច់រំយោលនៅជ្រុងនីមួយៗ។ ៣១ នៅលើជើងទ្រមានកងមួយ។ ឯចានក្លាំដែលស៊កចូលក្នុងកងជើងទ្រនោះ មាត់វាមានរាងមូល។ ពីបាតចានក្លាំឡើងដល់ត្រឹមកងនោះមានកម្ពស់មួយហត្ថ។ ពីផ្នែកខាងក្រោមជើងទ្រឡើងដល់កងខាងលើមានកម្ពស់មួយហត្ថកន្លះ។ កងជើងទ្រមានឆ្លាក់ជាក្បាច់ ហើយមានបន្ទះស្ពាន់ខាងក្រៅរាងបួនជ្រុង។ ៣២ នៅក្រោមរទេះមានកង់បួន ហើយគ្រឿងទ្ររបស់កង់បានត្រូវភ្ជាប់នឹងតួរទេះ។ កង់នីមួយៗមានកម្ពស់មួយហត្ថកន្លះ។ ៣៣ កង់ទាំងនោះមានរាងដូចកង់រទេះចម្បាំង។ គ្រឿងទ្រ ខ្នងកង់ កាំ និងដុំសុទ្ធតែធ្វើពីស្ពាន់ទាំងអស់។ ៣៤ នៅជ្រុងទាំងបួននៃរទេះ មានមេគ្រោង។ មេទាំងនោះបានត្រូវចាក់ពុម្ពភ្ជាប់នឹងតួរទេះតែម្ដង។ ៣៥ នៅផ្នែកខាងលើរទេះមានរង្វង់មួយដែលមានកម្ពស់កន្លះហត្ថ ហើយមានចម្រឹងតូចៗនិងបន្ទះស្ពាន់ ដែលបានត្រូវចាក់ពុម្ពភ្ជាប់នឹងរទេះ។ ៣៦ នៅលើផ្ទៃចម្រឹងតូចៗនិងលើបន្ទះស្ពាន់ ហ៊ីរ៉ាមបានឆ្លាក់រូបចេរូប៊ីន រូបតោ និងដើមលម៉ើ ទៅតាមទំហំចន្លោះនីមួយៗ លម្អដោយក្បាច់រំយោលជុំវិញ។+ ៣៧ គាត់ធ្វើរទេះទាំង១០+តាមរបៀបនោះ។ រទេះទាំងអស់បានត្រូវធ្វើតាមរបៀបដូចគ្នា+ មានទំហំ និងទ្រង់ទ្រាយដូចគ្នា។
៣៨ គាត់បានធ្វើចានក្លាំ១០ពីស្ពាន់+សម្រាប់រទេះ១០ គឺចានមួយសម្រាប់រទេះមួយ។ ចាននីមួយៗអាចដាក់ទឹកបាន៤០បាត ហើយមានប្រវែងបួនហត្ថ។* ៣៩ រួចគាត់ដាក់រទេះប្រាំនៅចំហៀងខាងស្ដាំវិហារ ហើយរទេះប្រាំទៀតដាក់នៅចំហៀងខាងឆ្វេងវិហារ។ ឯអាងធំវិញ គាត់ក៏ដាក់នៅខាងស្ដាំវិហារ នៅទិសខាងត្បូងឆៀងខាងកើត។+
៤០ ហ៊ីរ៉ាម+ក៏បានធ្វើចានក្លាំ ប៉ែល+ និងចានគោមដែរ។+
ដូច្នេះ គាត់បានធ្វើកិច្ចការទាំងអស់ឲ្យស្ដេចសាឡូម៉ូនសម្រាប់វិហាររបស់ព្រះយេហូវ៉ាចប់សព្វគ្រប់។ ស្នាដៃទាំងនោះមានដូចតទៅ៖+ ៤១ សសរពីរដើម+ និងក្បាលសសរមានរាងដូចចានក្រឡូម ក្បាច់ក្រឡាអួនលម្អលើក្បាលសសរនោះ+ ៤២ ផ្លែទទឹម៤០០+សម្រាប់ដាក់លើក្បាច់ក្រឡាអួនទាំងពីរ ក្បាច់ក្រឡាអួននីមួយៗមានផ្លែទទឹមពីរជួរ ដើម្បីលម្អលើក្បាលសសរ ៤៣ រទេះទឹកចំនួន១០+ និងចានក្លាំចំនួន១០+ដាក់លើរទេះទាំងនោះ ៤៤ អាងធំ+ និងរូបគោឈ្មោល១២សម្រាប់ទ្រអាងនោះ ៤៥ ព្រមទាំងធុងសម្រាប់ដាក់ផេះ ប៉ែល ចានគោម និងរបស់របរទាំងអស់។ ហ៊ីរ៉ាមបានធ្វើរបស់ទាំងនោះពីស្ពាន់ខាត់យ៉ាងភ្លឺ ឲ្យដល់ស្ដេចសាឡូម៉ូនសម្រាប់វិហារព្រះយេហូវ៉ា។ ៤៦ ស្ដេចបានឲ្យគេធ្វើរបស់របរទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅតំបន់ទន្លេយ៉ូដាន់ ត្រង់ចន្លោះសិកូតនិងសារីថាន។
៤៧ សាឡូម៉ូនមិនបានថ្លឹងរបស់របរទាំងនោះទេ ព្រោះមានច្រើនក្រៃលែង។ ឯទម្ងន់ស្ពាន់ទាំងនោះ ក៏គ្មានអ្នកណាដឹងដែរ។+ ៤៨ របស់របរទាំងអស់ដែលសាឡូម៉ូនធ្វើសម្រាប់វិហារព្រះយេហូវ៉ា រួមមាន៖ ទីបូជា+ពីមាស តុមាស+សម្រាប់ដាក់នំប៉័ងតាំងទុក ៤៩ ជើងចង្កៀង+ពីមាសសុទ្ធដែលនៅមុខបន្ទប់ខាងក្នុងបំផុត គឺប្រាំនៅខាងស្ដាំ ប្រាំនៅខាងឆ្វេង។ ឯផ្កា+ ចង្កៀង និងប្រដាប់ពន្លត់ប្រឆេះក៏ធ្វើពីមាសដែរ+ ៥០ ចានក្លាំ ប្រដាប់កាត់ប្រឆេះ+ ចានគោម ពែង+ និងប្រដាប់ដាក់រងើកភ្លើង+ សុទ្ធតែធ្វើពីមាសសុទ្ធទាំងអស់។ ឯកំណល់ស៊កបង្គោលទ្វារនៃបន្ទប់ខាងក្នុង+ឬកន្លែងបរិសុទ្ធបំផុត និងទ្វារវិហារ ក៏បានត្រូវធ្វើពីមាសដែរ។+
៥១ ដូច្នេះ ស្ដេចសាឡូម៉ូនបានបញ្ចប់កិច្ចការទាំងប៉ុន្មានដែលគាត់ត្រូវធ្វើសម្រាប់វិហារព្រះយេហូវ៉ា។ រួចមក សាឡូម៉ូនក៏នាំយករបស់របរទាំងប៉ុន្មានដែលដាវីឌជាឪពុកគាត់បានទុកសម្រាប់ជូនព្រះ+ ហើយបានដាក់មាសប្រាក់ និងគ្រឿងផ្សេងៗក្នុងឃ្លាំងវិហាររបស់ព្រះយេហូវ៉ា។+