យេរេមា
៤៤ ព្រះបានមានប្រសាសន៍តាមរយៈយេរេមាទៅកាន់ពួកយូដាទាំងអស់ ដែលកំពុងរស់នៅក្នុងស្រុកអេហ្ស៊ីប+ គឺនៅមីកដុល+ ក្រុងថាផានីស+ ក្រុងណូព*+ និងតំបន់ប៉ាត្រូស។+ លោកមានប្រសាសន៍ថា៖ ២ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ដូចតទៅ៖ ‹អ្នករាល់គ្នាបានឃើញទុក្ខវេទនាទាំងប៉ុន្មានដែលខ្ញុំបានធ្វើឲ្យមានទៅលើក្រុងយេរូសាឡិម+ និងបណ្ដាក្រុងឯទៀតក្នុងស្រុកយូដា។ សព្វថ្ងៃនេះ ក្រុងទាំងនោះវិនាសហិនហោចអស់ហើយ គ្មានអ្នកណារស់នៅទៀតទេ។+ ៣ រឿងនេះបានកើតឡើង ដោយសារតែបណ្ដាជនទាំងនោះបានធ្វើអំពើអាក្រក់ដែលនាំឲ្យខ្ញុំឈឺចិត្តជាខ្លាំង គឺពួកគេបានជូនគ្រឿងបូជាដល់ព្រះឯទៀត+ និងគោរពបម្រើដល់ព្រះទាំងនោះ ជាព្រះដែលពួកគេមិនស្គាល់ ហើយសូម្បីតែអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាក៏មិនធ្លាប់ស្គាល់ដែរ។+ ៤ ខ្ញុំបានចាត់ពួកអ្នកប្រកាសទំនាយដែលជាអ្នកបម្រើរបស់ខ្ញុំ ឲ្យទៅឯអ្នករាល់គ្នាម្ដងហើយម្ដងទៀត ហើយប្រាប់អ្នករាល់គ្នាថា៖ «សូមកុំប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមដូច្នេះទៀត ព្រោះខ្ញុំស្អប់អំពើទាំងនេះណាស់»។+ ៥ ប៉ុន្តែ ពួកគេមិនបានផ្ទៀងត្រចៀកស្ដាប់ឡើយ ហើយក៏មិនបានបែរចេញពីការប្រព្រឹត្តអាក្រក់ ដោយឈប់ជូនគ្រឿងបូជាដល់ព្រះឯទៀតដែរ។+ ៦ ម្ល៉ោះហើយ ខ្ញុំខឹងជាខ្លាំង ហើយបានបញ្ចេញកំហឹងដែលប្រៀបដូចជាភ្លើងឆាបឆេះទៅលើបណ្ដាក្រុងក្នុងស្រុកយូដា និងផ្លូវទាំងប៉ុន្មានក្នុងក្រុងយេរូសាឡិម។ ក្រុងទាំងនោះបានក្លាយទៅជាសំណង់បាក់បែក និងទៅជាតំបន់ស្ងាត់ជ្រងំ រហូតមកដល់សព្វថ្ងៃ›។+
៧ «ឥឡូវព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ហេតុអ្វីបានជាអ្នករាល់គ្នានាំសេចក្ដីវេទនាដ៏ធំធ្លាក់មកលើខ្លួនដូច្នេះ? តើអ្នករាល់គ្នាចង់ឲ្យបុរសស្ត្រី កូនក្មេងនិងទារកទាំងអស់ ត្រូវវិនាសពីស្រុកយូដាគ្មានសល់អ្នកណាម្នាក់ឬ? ៨ ហេតុអ្វីអ្នករាល់គ្នាធ្វើឲ្យខ្ញុំខឹងដោយសារទង្វើរបស់អ្នករាល់គ្នា ហើយជូនគ្រឿងបូជាដល់ព្រះឯទៀតក្នុងស្រុកអេហ្ស៊ីបដែលអ្នករាល់គ្នាបានទៅរស់នៅដូច្នេះ? អ្នករាល់គ្នានឹងវិនាសទៅ ហើយនឹងរងការជេរប្រមាថនិងការមាក់ងាយពីប្រជាជាតិនានានៅផែនដី។+ ៩ តើអ្នករាល់គ្នាភ្លេចនូវទង្វើដ៏អាក្រក់របស់បុព្វបុរសអ្នករាល់គ្នា និងអំពើទុច្ចរិតរបស់បណ្ដាស្ដេចស្រុកយូដា+និងប្រពន្ធរបស់ពួកគេហើយឬ?+ ចុះអំពើទុច្ចរិតដែលអ្នករាល់គ្នានិងប្រពន្ធអ្នករាល់គ្នា+បានប្រព្រឹត្តក្នុងស្រុកយូដានិងតាមផ្លូវក្នុងក្រុងយេរូសាឡិមវិញ តើអ្នករាល់គ្នាភ្លេចដែរឬ? ១០ រហូតមកដល់ឥឡូវ អ្នករាល់គ្នានៅតែមិនបានបន្ទាបខ្លួន និងបង្ហាញចិត្តកោតខ្លាចចំពោះខ្ញុំទេ+ ហើយក៏មិនបានកាន់តាមច្បាប់និងបញ្ញត្តិដែលខ្ញុំបានឲ្យអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាដែរ›។+
១១ «ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំបានសម្រេចចិត្តធ្វើឲ្យមានសេចក្ដីវេទនាធ្លាក់លើអ្នករាល់គ្នា ហើយបំផ្លាញស្រុកយូដាទាំងមូល។ ១២ ខ្ញុំនឹងចាប់ពួកយូដាដែលនៅសេសសល់ ជាអ្នកដែលបានតាំងចិត្តទៅស្រុកអេហ្ស៊ីប+ ហើយពួកគេនឹងវិនាសនៅក្នុងស្រុកនោះ។ ពួកគេនឹងស្លាប់ដោយដាវ និងការអត់ឃ្លាន គឺចាប់ពីពួកអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត។ ពួកគេនឹងត្រូវបណ្ដាសា រងការជេរប្រមាថ និងការមាក់ងាយ ហើយមនុស្សឯទៀតនឹងភ័យតក់ស្លុតពេលឮអំពីពួកគេ។+ ១៣ ខ្ញុំនឹងដាក់ទោសពួកអ្នកដែលរស់នៅក្នុងស្រុកអេហ្ស៊ីប ដូចខ្ញុំបានដាក់ទោសអ្នកក្រុងយេរូសាឡិមដែរ គឺឲ្យពួកគេស្លាប់ដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត។+ ១៤ ម្ល៉ោះហើយ ពួកយូដាដែលនៅសេសសល់ និងដែលបានទៅរស់នៅក្នុងស្រុកអេហ្ស៊ីប ពួកគេនឹងមិនរួចជីវិតទេ។ ទោះជាពួកគេចង់ត្រឡប់មករស់នៅក្នុងស្រុកយូដាវិញក្ដី ក៏ពួកគេមិនអាចត្រឡប់មកវិញបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ›»។
១៥ បុរសទាំងប៉ុន្មានដែលដឹងថាប្រពន្ធខ្លួនបានជូនគ្រឿងបូជាដល់ព្រះឯទៀត បានឈរកុះករនៅទីនោះជាមួយនឹងប្រពន្ធរបស់ពួកគេ ហើយបណ្ដាជនដែលរស់នៅស្រុកប៉ាត្រូស+ក្នុងទឹកដីអេហ្ស៊ីបក៏នៅទីនោះដែរ។ ពួកគេទាំងអស់គ្នាបានតបឆ្លើយនឹងយេរេមាថា៖ ១៦ «យើងនឹងមិនស្ដាប់ពាក្យដែលអ្នកបានប្រាប់យើងដោយនូវនាមព្រះយេហូវ៉ាទេ។ ១៧ ផ្ទុយទៅវិញ យើងនឹងធ្វើតាមគ្រប់ពាក្យដែលយើងបាននិយាយ គឺយើងនឹងជូនគ្រឿងបូជាដល់ព្រះនាងនៃមេឃា* និងច្រួចស្រាជាគ្រឿងបូជាដល់ព្រះនាងនោះ+ ដូចដែលយើង បុព្វបុរសយើង ស្ដេចយើង និងពួកអ្នកគ្រប់គ្រងយើង ធ្លាប់ធ្វើនៅបណ្ដាក្រុងក្នុងស្រុកយូដានិងនៅតាមផ្លូវក្នុងក្រុងយេរូសាឡិមដែរ។ ពេលយើងធ្វើដូច្នោះ យើងមានអាហារបរិភោគគ្រប់គ្រាន់ ថែមទាំងមានភាពចម្រុងចម្រើន ហើយគ្មានទុក្ខវេទនាណាឡើយ។ ១៨ តាំងពីពេលដែលយើងឈប់ជូនគ្រឿងបូជានិងឈប់ច្រួចស្រាដល់ព្រះនាងនៃមេឃា* យើងចេះតែខ្វះខាតសព្វគ្រប់ ហើយបានស្លាប់ដោយដាវនិងការអត់ឃ្លាន»។
១៩ ពួកស្រីៗបាននិយាយបន្ថែមថា៖ «ពេលយើងជូនគ្រឿងបូជានិងច្រួចស្រាដល់ព្រះនាងនៃមេឃា* ប្ដីយើងបានយល់ស្របទាំងស្រុង ហើយពេលយើងធ្វើនំតាមរូបរាងព្រះនាងនិងច្រួចស្រាជាគ្រឿងបូជាជូនព្រះនាង ប្ដីយើងក៏យល់ស្របដែរ»។
២០ បន្ទាប់មក យេរេមាបានឆ្លើយទៅបណ្ដាជន និងប្ដីប្រពន្ធទាំងនោះវិញថា៖ ២១ «គ្រឿងបូជាដែលអ្នករាល់គ្នា បុព្វបុរសអ្នករាល់គ្នា និងបណ្ដាស្ដេច រួមទាំងពួកអ្នកគ្រប់គ្រង និងបណ្ដាជនក្នុងស្រុក បានជូននៅក្រុងទាំងប៉ុន្មានក្នុងស្រុកយូដានិងនៅតាមផ្លូវក្នុងក្រុងយេរូសាឡិម+ ព្រះយេហូវ៉ាបានចាំទុកក្នុងចិត្តលោក ហើយមិនភ្លេចទេ! ២២ នៅទីបំផុត ព្រះយេហូវ៉ាទ្រាំលែងបាននឹងការប្រព្រឹត្តអាក្រក់ និងអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលអ្នករាល់គ្នាបានធ្វើទៀតហើយ។ ហេតុនេះ ស្រុករបស់អ្នករាល់គ្នាបានក្លាយទៅជាតំបន់ស្ងាត់ជ្រងំ គ្មានអ្នកណារស់នៅទៀត។ អ្នកឯទៀតបានយកស្រុកនេះសម្រាប់ដាក់បណ្ដាសា ហើយពួកគេភ័យតក់ស្លុតពេលឮអំពីស្រុកនេះ ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។+ ២៣ នេះគឺដោយសារអ្នករាល់គ្នាបានជូនគ្រឿងបូជាទាំងនេះ ហើយបានប្រព្រឹត្តខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា ព្រមទាំងមិនធ្វើតាមច្បាប់ បញ្ញត្តិ និងសេចក្ដីរំលឹករបស់លោក។ ហេតុនេះហើយបានជាអ្នករាល់គ្នាជួបសេចក្ដីវេទនាបែបនេះ ដូចមាននៅសព្វថ្ងៃ»។+
២៤ រួចយេរេមានិយាយបន្តទៀតទៅកាន់បណ្ដាជន និងពួកស្ត្រីទាំងឡាយថា៖ «ឱពួកយូដាដែលរស់នៅក្នុងស្រុកអេហ្ស៊ីបអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាចុះ។ ២៥ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹អ្នករាល់គ្នានិងប្រពន្ធអ្នករាល់គ្នា បានធ្វើតាមពាក្យដែលខ្លួនបាននិយាយហើយ ព្រោះអ្នករាល់គ្នានិយាយថា៖ «យើងនឹងធ្វើតាមពាក្យសម្បថរបស់យើងជាមិនខាន គឺយើងនឹងជូនគ្រឿងបូជានិងច្រួចស្រាដល់ព្រះនាងនៃមេឃា»។*+ ពួកស្ត្រីទាំងឡាយអើយ! អ្នករាល់គ្នាច្បាស់ជាធ្វើតាមសម្បថរបស់ខ្លួនពិតប្រាកដមែន›។
២៦ «ហេតុនេះ ឱពួកយូដាដែលរស់នៅក្នុងស្រុកអេហ្ស៊ីបអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាដែលថា៖ ‹«មើល! ខ្ញុំស្បថដោយនូវនាមដ៏ឧត្ដមរបស់ខ្ញុំថា ខ្ញុំនឹងមិនឲ្យពួកយូដា+ដែលរស់នៅក្នុងស្រុកអេហ្ស៊ីប ប្រើនាមខ្ញុំក្នុងពាក្យសម្បថរបស់ពួកគេទៀតទេ ជាសម្បថដែលពួកគេនិយាយថា៖ ‹ដូចព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតដែលមានជីវិតរស់នៅ!›។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។ ២៧ ឥឡូវខ្ញុំកំពុងពិនិត្យមើលពួកគេដើម្បីនាំសេចក្ដីវេទនាមកលើពួកគេ មិនមែនជាសេចក្ដីល្អឡើយ។+ ពួកយូដាទាំងអស់ដែលរស់នៅក្នុងស្រុកអេហ្ស៊ីប នឹងត្រូវស្លាប់ដោយដាវ និងការអត់ឃ្លាន រហូតដល់ពួកគេវិនាសសាបសូន្យអស់។+ ២៨ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលនឹងរួចជីវិតពីដាវ ហើយពួកគេនឹងត្រឡប់ទៅស្រុកយូដាវិញ។+ ក្រោយនោះ ពួកយូដាដែលនៅសេសសល់ក្នុងស្រុកអេហ្ស៊ីប នឹងដឹងច្បាស់ថាពាក្យរបស់អ្នកណាក្លាយទៅជាការពិត តើជាពាក្យរបស់ខ្ញុំឬពាក្យរបស់ពួកគេ?»›»។
២៩ «ព្រះយេហូវ៉ាប្រកាសថា៖ ‹នេះជាសញ្ញាសម្គាល់ដែលខ្ញុំឲ្យអ្នករាល់គ្នាដឹងថាខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាក្នុងទឹកដីនេះ។ យ៉ាងនេះ អ្នករាល់គ្នានឹងឃើញថាសេចក្ដីវេទនាដែលខ្ញុំប្រាប់ថានឹងមានមកលើអ្នករាល់គ្នា នឹងកើតឡើងពិតមែន។ ៣០ មើល! ខ្ញុំនឹងប្រគល់ផារ៉ូហូរ៉ាជាស្ដេចស្រុកអេហ្ស៊ីប ទៅក្នុងកណ្ដាប់ដៃពួកសត្រូវ និងពួកអ្នកដែលតាមរកជីវិតគាត់ ដូចខ្ញុំបានប្រគល់សេដេគាស្ដេចស្រុកយូដាទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ជាសត្រូវដែលតាមរកជីវិតគាត់ដូច្នោះដែរ។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា›»។