អេសធើរ
៣ នៅគ្រានោះ ស្ដេចអាហាស៊ូរុសមានមន្ត្រីម្នាក់ឈ្មោះហាម៉ាន+ ជាកូនហាម៉ាដេថាដែលជាកូនចៅអាកាក់។+ ស្ដេចបានដំឡើងតំណែងហាម៉ានឲ្យខ្ពង់ខ្ពស់ជាងពួកអ្នកគ្រប់គ្រងទាំងអស់+ ២ ហើយបានចេញបញ្ជាឲ្យគេក្រាបគោរពហាម៉ាន។ ដូច្នេះ ពួកអ្នកបម្រើទាំងអស់ដែលប្រចាំការនៅខ្លោងទ្វារវិមានស្ដេច បានធ្វើតាមបង្គាប់ស្ដេច។ ប៉ុន្តែ ម៉ាដេកាយមិនព្រមក្រាបគោរពហាម៉ានទេ។ ៣ ពេលឃើញដូច្នេះ ពួកអ្នកបម្រើទាំងនោះ*បានសួរម៉ាដេកាយថា៖ «ហេតុអ្វីក៏អ្នកមិនធ្វើតាមបញ្ជារបស់ស្ដេចដូច្នេះ?»។ ៤ ពួកគេសួរដូច្នោះជារៀងរាល់ថ្ងៃ តែម៉ាដេកាយមិនព្រមធ្វើតាមពួកគេទេ ហើយគាត់បានប្រាប់ពួកគេថាគាត់ជាជនជាតិយូដា។+ ដូច្នេះ ពួកគេបានប្រាប់ហាម៉ានអំពីរឿងនោះ ដើម្បីដឹងថាតើការប្រព្រឹត្តរបស់ម៉ាដេកាយ គួរទទួលការអនុគ្រោះឬមិនគួរ។+
៥ ពេលហាម៉ានបានឃើញថាម៉ាដេកាយមិនព្រមក្រាបគោរពចំពោះខ្លួន គាត់ខឹងយ៉ាងខ្លាំង។+ ៦ ដូច្នេះ គាត់ចង់សម្លាប់ម៉ាដេកាយខ្លាំងណាស់។ ប៉ុន្តែ គាត់គិតថាបើសម្លាប់តែម៉ាដេកាយម្នាក់ប៉ុណ្ណោះ គឺអន់ពេក។ ផ្ទុយទៅវិញ គាត់ចង់សម្លាប់ជនជាតិយូដាទាំងមូល ព្រោះគេបានប្រាប់គាត់ថាម៉ាដេកាយជាជនជាតិយូដា។ ដូច្នេះ គាត់បានស្វែងរកឱកាសបំផ្លាញជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់ស្ដេចអាហាស៊ូរុស។
៧ ម្ល៉ោះហើយ នៅខែទី១ ជាខែណែសាន* ក្នុងឆ្នាំទី១២+នៃរាជ្យអាហាស៊ូរុស គេបានចាប់ឆ្នោត*+ ដើម្បីដឹងថាថ្ងៃណាខែណាជាពេលវេលាល្អ។ រួចមក ឆ្នោតនោះក៏ធ្លាក់ចំខែទី១២ ជាខែអេដា។*+ ៨ ក្រោយមក ហាម៉ានបានទៅជួបស្ដេចអាហាស៊ូរុស ហើយជម្រាបថា៖ «មានជាតិសាសន៍មួយដែលនៅរាត់រាយពេញពាស+អាណាខេត្តរបស់លោកម្ចាស់+ ពួកគេមានច្បាប់ផ្សេងពីជាតិសាសន៍ឯទៀត ហើយពួកគេមិនធ្វើតាមច្បាប់របស់លោកម្ចាស់ទេ។ ពួកគេច្បាស់ជាធ្វើឲ្យលោកម្ចាស់ខាតបង់ប្រយោជន៍មិនខាន។ ៩ បើលោកម្ចាស់មិនយល់ទាស់ទេ សូមលោកចេញច្បាប់ឲ្យគេបំផ្លាញជាតិសាសន៍នោះទៅ។ ខ្ញុំនឹងប្រគល់ប្រាក់ចំនួន១០.០០០ថាលិន* ឲ្យពួកមន្ត្រីយកទៅដាក់ក្នុងឃ្លាំងរបស់លោក»។*
១០ ពេលឮដូច្នេះ ស្ដេចបានដោះចិញ្ចៀនត្រា+ឲ្យហាម៉ាន+ជាកូនហាម៉ាដេថាដែលត្រូវជាកូនចៅអាកាក់+ ហើយជាសត្រូវរបស់ពួកយូដា។ ១១ ស្ដេចបាននិយាយទៅកាន់ហាម៉ានថា៖ «ខ្ញុំប្រគល់ជាតិសាសន៍នោះនិងទ្រព្យសម្បត្តិ*ដល់អ្នកហើយ ចូរធ្វើតាមតែចិត្តអ្នកចុះ»។ ១២ នៅថ្ងៃទី១៣ ក្នុងខែទី១ ពួកលេខាធិការស្ដេច+បានត្រូវអញ្ជើញឲ្យមកជួបជុំគ្នា។ ពួកគេបានសរសេរ+តាមបង្គាប់ទាំងប៉ុន្មានរបស់ហាម៉ាន រួចផ្ញើទៅពួកមន្ត្រីជាន់ខ្ពស់របស់ស្ដេច និងពួកអភិបាលខេត្ត ព្រមទាំងពួកអ្នកគ្រប់គ្រងលើជាតិសាសន៍ផ្សេងៗ។ ពួកគេបានសរសេរតាមអក្សរ និងភាសារបស់ជាតិសាសន៍ទាំងនោះ ក្នុងនាមស្ដេចអាហាស៊ូរុស ហើយបោះត្រាដោយចិញ្ចៀនរបស់ស្ដេច។+
១៣ បន្ទាប់មក គេឲ្យពួកអ្នករត់សំបុត្រយកសំបុត្រទាំងនោះទៅគ្រប់ខេត្ត ដោយបញ្ជាឲ្យគេសម្លាប់ពួកយូដាទាំងអស់ គឺទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រី នៅថ្ងៃទី១៣ ខែទី១២ ជាខែអេដា។+ ក្រោយមក គេត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកយូដាទាំងអស់។+ ១៤ សេចក្ដីក្នុងសំបុត្រនោះនឹងទៅជាច្បាប់ដល់គ្រប់អាណាខេត្ត ហើយនឹងត្រូវប្រកាសឲ្យបណ្ដាជនទាំងអស់ដឹង ដើម្បីឲ្យពួកគេត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។ ១៥ ដូច្នេះ ពួកអ្នករត់សំបុត្របានប្រញាប់យកសំបុត្រទាំងនោះទៅ+ តាមបង្គាប់របស់ស្ដេច។ គេក៏បានប្រកាសច្បាប់នោះក្នុងក្រុងស៊ូសាន*+ដែលជារាជធានីដ៏រឹងមាំ។ ម្ល៉ោះហើយ ក្នុងក្រុងស៊ូសានមានភាពច្របូកច្របល់ជាខ្លាំង។ ប៉ុន្តែ ពេលនោះស្ដេចអង្គុយពិសាស្រាជាមួយនឹងហាម៉ាន។