បណ្ដាស្ដេចទី១
៨ នៅគ្រានោះ សាឡូម៉ូនបានឲ្យបុរសចាស់ទុំ មេកុលសម្ព័ន្ធទាំងអស់ និងមេគ្រួសារនៃជនជាតិអ៊ីស្រាអែលមកជួបជុំគ្នានៅក្រុងយេរូសាឡិម។+ ពួកគេមកក្នុងបំណងនាំយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាពីក្រុងដាវីឌ+ គឺស៊ីយ៉ូន។+ ២ ពួកគេបានជួបជុំគ្នានៅចំពោះស្ដេចសាឡូម៉ូននាពិធីបុណ្យខ្ទម ដែលត្រូវធ្វើឡើងក្នុងខែអេថានីម* ជាខែទី៧។+ ៣ ពេលបុរសចាស់ទុំជនជាតិអ៊ីស្រាអែលបានមកដល់ ពួកសង្ឃបានលើកហឹបនៃកិច្ចព្រមព្រៀង។+ ៤ ពួកគេបានសែងហឹបនៃព្រះយេហូវ៉ា និងត្រសាលជំនុំ+ រួមទាំងរបស់របរបរិសុទ្ធទាំងប៉ុន្មានដែលនៅក្នុងត្រសាលនោះ។ ពួកសង្ឃនិងពួកលេវីជាអ្នកនាំយករបស់ទាំងនោះឡើងទៅ។ ៥ ស្ដេចសាឡូម៉ូននិងបណ្ដាជនអ៊ីស្រាអែលទាំងអស់ដែលស្ដេចបានអញ្ជើញឲ្យមកជួបជុំគ្នា បានឈរនៅមុខហឹបនៃកិច្ចព្រមព្រៀង។ ពួកគេជូនគ្រឿងបូជាជាចៀមនិងគោយ៉ាងច្រើនសន្ធឹក+ដែលគ្មានអ្នកណាអាចរាប់បានឡើយ។
៦ រួចមក ពួកសង្ឃបានយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាចូលទៅវិហារ រួចចូលក្នុងបន្ទប់បរិសុទ្ធបំផុត។+ បន្ទាប់មក ពួកគេបានដាក់ហឹបនៅកន្លែងដែលបានបម្រុងទុក គឺក្រោមស្លាបចេរូប៊ីនទាំងពីរ។+
៧ ចេរូប៊ីនទាំងពីរត្រដាងស្លាបលើកន្លែងដែលតម្កល់ទុកហឹបនោះ។ ដូច្នេះ ចេរូប៊ីនទាំងពីរចោលស្រមោលទៅលើហឹបនិងដងឈើស្នែង។+ ៨ ដងឈើស្នែង+នៃហឹបនោះគឺវែងដល់ម្ល៉េះបានជាគេអាចឃើញចុងឈើស្នែងពីបន្ទប់បរិសុទ្ធដែលនៅខាងមុខបន្ទប់បរិសុទ្ធបំផុត តែគេមិនអាចមើលឃើញពីខាងក្រៅទេ។ របស់ទាំងនេះស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ ៩ នៅក្នុងហឹបគ្មានអ្វីក្រៅពីបន្ទះថ្មពីរផ្ទាំងទេ។+ ពេលនៅភ្នំហូរែប ម៉ូសេបានដាក់បន្ទះថ្មក្នុងហឹបនោះ+ កាលដែលព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀង+ជាមួយនឹងបណ្ដាជនអ៊ីស្រាអែល ក្រោយពីពួកគេចេញពីស្រុកអេហ្ស៊ីប។+
១០ ពេលពួកសង្ឃចេញពីបន្ទប់បរិសុទ្ធភ្លាម ស្រាប់តែមានពពក+ពេញវិហាររបស់ព្រះយេហូវ៉ា។+ ១១ ដោយសារពពកនោះ ពួកសង្ឃមិនអាចបំពេញកិច្ចបម្រើបន្តទៀតបានទេ ព្រោះសិរីរុងរឿងរបស់ព្រះយេហូវ៉ាមានពេញវិហារព្រះយេហូវ៉ា។+ ១២ ពេលនោះ សាឡូម៉ូនបានថ្លែងថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ថា លោកនឹងនៅក្នុងពពកដ៏ក្រាស់។+ ១៣ ខ្ញុំបានសង់វិហារដ៏ឧត្តុង្គឧត្តមសម្រាប់លោករួចរាល់ជាស្ថាពរហើយ គឺជាកន្លែងដែលបានរៀបចំឡើងសម្រាប់លោកអាស្រ័យនៅជារៀងរហូត»។+
១៤ រួចមក ស្ដេចបែរទៅបណ្ដាជនអ៊ីស្រាអែលដែលកំពុងឈរជុំគ្នា ហើយគាត់ជូនពរពួកគេ។+ ១៥ សាឡូម៉ូនបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលទទួលការសរសើរតម្កើង គឺលោកហើយដែលបានសន្យានឹងដាវីឌឪពុកខ្ញុំ ថែមទាំងបានធ្វើតាមសេចក្ដីសន្យានោះផងដែរ។* លោកបានមានប្រសាសន៍ថា៖ ១៦ ‹តាំងពីថ្ងៃដែលខ្ញុំបាននាំអ៊ីស្រាអែលជារាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីបមក ខ្ញុំមិនបានជ្រើសរើសក្រុងណាមួយពីកុលសម្ព័ន្ធជនជាតិអ៊ីស្រាអែល សម្រាប់សង់វិហារដើម្បីឲ្យនាមរបស់ខ្ញុំទទួលការសរសើរតម្កើងនៅទីនោះទេ+ តែខ្ញុំបានជ្រើសរើសដាវីឌឲ្យគ្រប់គ្រងលើអ៊ីស្រាអែលជារាស្ត្រខ្ញុំវិញ›។ ១៧ ដាវីឌឪពុកខ្ញុំមានចិត្តចង់សង់វិហារមួយ សម្រាប់នាមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។+ ១៨ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រាប់ដាវីឌឪពុកខ្ញុំថា៖ ‹អ្នកមានចិត្តចង់សង់វិហារសម្រាប់នាមខ្ញុំ នោះជាការល្អប្រសើរណាស់។ ១៩ ប៉ុន្តែ អ្នកនឹងមិនអាចសង់វិហារនោះទេ គឺកូនរបស់អ្នកដែលកើតក្រោយមក គាត់នឹងសង់វិហារនោះសម្រាប់នាមខ្ញុំ›។+ ២០ ព្រះយេហូវ៉ាបានធ្វើតាមពាក្យដែលលោកបានសន្យាមែន លោកបានឲ្យខ្ញុំគ្រប់គ្រងជាស្ដេចបន្ទាប់ពីដាវីឌឪពុកខ្ញុំ ហើយខ្ញុំបានអង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានសន្យា។ ខ្ញុំក៏បានសង់វិហារសម្រាប់នាមព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ+ ២១ ហើយបានរៀបចំកន្លែងមួយនៅទីនោះសម្រាប់ដាក់ហឹបដែលមានកិច្ចព្រមព្រៀង+ ជាកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងបុព្វបុរសរបស់យើង ក្រោយពីលោកបាននាំពួកគាត់ចេញពីស្រុកអេហ្ស៊ីប»។
២២ បន្ទាប់មក សាឡូម៉ូនឈរនៅមុខទីបូជារបស់ព្រះយេហូវ៉ា នៅចំពោះមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់ គាត់ក៏បានលើកដៃទៅលើមេឃ+ ២៣ ហើយអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ គ្មានព្រះណាទៀតដូចលោកឡើយ+ ទោះនៅលើមេឃឬនៅផែនដីក្ដី គឺលោកហើយដែលធ្វើតាមកិច្ចព្រមព្រៀង និងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+ចំពោះអស់អ្នកដែលបម្រើលោកយ៉ាងស្មោះអស់ពីចិត្ត។+ ២៤ លោកបានរក្សាពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំ។ លោកបានសន្យាផ្ទាល់មាត់ ហើយថ្ងៃនេះលោកបានធ្វើតាមសេចក្ដីសន្យានោះមែន។*+ ២៥ ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមលោករក្សាពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំ កាលដែលលោកមានប្រសាសន៍ថា៖ ‹បើកូនៗរបស់អ្នកដើរតាមផ្លូវរបស់ខ្ញុំជានិច្ច ហើយយ៉ាងស្មោះអស់ពីដួងចិត្ត ដូចដែលអ្នកបានដើរតាមផ្លូវរបស់ខ្ញុំ នោះពូជពង្សរបស់អ្នកនឹងតែងតែអង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល›។+ ២៦ ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ ឥឡូវ សូមមេត្តាឲ្យពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំជាអ្នកបម្រើរបស់លោកក្លាយទៅជាការពិតផង។
២៧ «ប៉ុន្តែ តើព្រះនឹងស្នាក់នៅផែនដីពិតមែនឬ?+ មើល! សូម្បីតែមេឃនិងលំហអាកាសដ៏ធំធេងក៏មិនធំល្មមសម្រាប់ជាលំនៅរបស់លោកទៅហើយ+ ទម្រាំតែវិហារដែលខ្ញុំបានសាងសង់នេះ តើលោកអាចអាស្រ័យនៅយ៉ាងដូចម្ដេចបាន?+ ២៨ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ សូមមេត្តាស្ដាប់សេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ខ្ញុំជាអ្នកបម្រើលោក ហើយសូមលោកមេត្តាស្ដាប់សម្រែកសុំជំនួយ និងពាក្យអធិដ្ឋានរបស់ខ្ញុំជាអ្នកបម្រើលោកនៅថ្ងៃនេះផង។ ២៩ សូមលោកមើលមកវិហារនេះទាំងយប់ទាំងថ្ងៃ ជាកន្លែងដែលលោកបានមានប្រសាសន៍ថា៖ ‹ទីនោះជាតំណាងនាមរបស់ខ្ញុំ›+ ហើយសូមលោកស្ដាប់ពាក្យដែលខ្ញុំជាអ្នកបម្រើលោកអធិដ្ឋានតម្រង់មកទីនេះផង។+ ៣០ សូមលោកស្ដាប់ពាក្យអង្វរសុំរបស់ខ្ញុំជាអ្នកបម្រើលោក និងសំណូមពររបស់ជនជាតិអ៊ីស្រាអែលជារាស្ត្រលោក កាលពួកគេអធិដ្ឋានតម្រង់មកកន្លែងនេះ។ សូមលោកមេត្តាស្ដាប់ពីទីអាស្រ័យនៅរបស់លោកនៅស្ថានសួគ៌+ ហើយអភ័យទោសឲ្យពួកគេផង។+
៣១ «បើមនុស្សម្នាក់ធ្វើខុសនឹងម្នាក់ទៀត រួចគេបង្ខំឲ្យអ្នកនោះស្បថឲ្យត្រូវបណ្ដាសា ហើយក្រោយពីគាត់បានស្បថរួច គាត់ក៏ចូលមកឈរនៅមុខទីបូជារបស់លោកនៅឯវិហារនេះ+ ៣២ សូមលោកមេត្តាស្ដាប់ពីស្ថានសួគ៌ ហើយវិនិច្ឆ័យពួកអ្នកបម្រើលោក ស្របតាមការប្រព្រឹត្តរបស់ពួកគេ ហើយសូមសម្រេចក្ដីឲ្យមនុស្សទុច្ចរិតជាប់ទោស តែសូមសម្រេចក្ដីឲ្យមនុស្សសុចរិតថាគ្មានទោសវិញ ហើយផ្ដល់រង្វាន់ស្របតាមសេចក្ដីសុចរិតរបស់គាត់។+
៣៣ «ពេលបណ្ដាជនអ៊ីស្រាអែលជារាស្ត្រលោកចាញ់សត្រូវ ព្រោះពួកគេចេះតែធ្វើខុសនឹងលោក+ ហើយបើពួកគេត្រឡប់មករកលោក សរសើរតម្កើងនាមលោក+ ព្រមទាំងអធិដ្ឋានសុំក្ដីមេត្តាពីលោកនៅវិហារនេះ+ ៣៤ សូមលោកស្ដាប់ពីស្ថានសួគ៌ ហើយអភ័យទោសចំពោះអំពើខុសឆ្គងរបស់បណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោកផង ហើយសូមលោកនាំពួកគេត្រឡប់មកស្រុកដែលលោកបានឲ្យដល់បុព្វបុរសពួកគេវិញ។+
៣៥ «កាលណាស្រុករាំងស្ងួតគ្មានភ្លៀង+ ដោយសារពួកគេចេះតែប្រព្រឹត្តខុសនឹងលោក+ តែបើពួកគេអធិដ្ឋានតម្រង់មកកន្លែងនេះហើយតម្កើងនាមលោក ព្រមទាំងប្រែចិត្តពីអំពើខុសឆ្គង ព្រោះលោកបានបន្ទាបពួកគេ+ ៣៦ សូមលោកស្ដាប់ពីស្ថានសួគ៌ ហើយអភ័យទោសចំពោះអំពើខុសឆ្គងរបស់អ្នកបម្រើលោក គឺបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោក ព្រោះលោកនឹងបង្រៀនពួកគេ+អំពីផ្លូវល្អដែលពួកគេគួរដើរ ហើយសូមបង្អុរភ្លៀងទៅលើស្រុក+ដែលលោកបានឲ្យដល់រាស្ត្ររបស់លោកជាមត៌កផង។
៣៧ «ប្រសិនបើស្រុកមានការអត់ឃ្លាន+ រោគរាតត្បាត ដំណាំក្រៀមស្វិត កើតផ្សិត+ ឬហ្វូងកណ្ដូបស៊ីបំផ្លាញ ឬបើសត្រូវឡោមព័ទ្ធពួកគេនៅក្រុងណាមួយក្នុងស្រុក ឬបើមានសេចក្ដីវេទនាឬជំងឺណាមួយកើតឡើង+ ៣៨ ទោះបើបុគ្គលណាម្នាក់ឬបណ្ដាជនអ៊ីស្រាអែលរាស្ត្ររបស់លោក (ព្រោះបុគ្គលម្នាក់ៗដឹងទុក្ខវេទនាក្នុងចិត្តរបស់ខ្លួន)+ អធិដ្ឋានឬអង្វរសុំអ្វីក៏ដោយពីលោក+ ហើយលើកដៃឡើងតម្រង់មកវិហារនេះ ៣៩ សូមលោកស្ដាប់ពីស្ថានសួគ៌ពីទីអាស្រ័យនៅរបស់លោក+ ហើយសូមលោកអភ័យទោសឲ្យ+ ព្រមទាំងចាត់វិធានការ ហើយឲ្យរង្វាន់ដល់បុគ្គលម្នាក់ៗតាមការប្រព្រឹត្តរបស់ពួកគេ+ ព្រោះលោកស្គាល់ចិត្តរបស់ពួកគេ (មានតែលោកទេដែលស្គាល់ចិត្តរបស់មនុស្សជាតិយ៉ាងច្បាស់)+ ៤០ ដើម្បីឲ្យពួកគេកោតខ្លាចលោកគ្រប់វេលាដែលពួកគេរស់នៅក្នុងស្រុកដែលលោកបានឲ្យដល់បុព្វបុរសរបស់យើង។
៤១ «មួយវិញទៀត ចំពោះជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់លោក ជាអ្នកមកពីស្រុកឆ្ងាយ ដោយសារកិត្តិនាមរបស់លោក+ ៤២ (ព្រោះពួកគេនឹងឮអំពីនាមដ៏ឧត្ដមរបស់លោក+ និងឫទ្ធានុភាពដ៏ខ្លាំងក្លាមហិមារបស់លោក) បើគាត់មក ហើយអធិដ្ឋានតម្រង់មកវិហារនេះ ៤៣ សូមលោកស្ដាប់ពីស្ថានសួគ៌ ជាទីអាស្រ័យនៅរបស់លោក+ ហើយសូមលោកធ្វើតាមសំណូមពរទាំងប៉ុន្មានរបស់ជនបរទេសនោះ ដើម្បីឲ្យមនុស្សទាំងអស់នៅផែនដីស្គាល់នាមរបស់លោក ហើយកោតខ្លាចលោក+ ដូចបណ្ដាជនអ៊ីស្រាអែលជារាស្ត្រលោកដែរ ហើយសូមឲ្យពួកគេដឹងថាវិហារដែលខ្ញុំបានសាងសង់នេះ គឺតំណាងនាមលោក។
៤៤ «បើរាស្ត្ររបស់លោកទៅច្បាំងនឹងពួកសត្រូវតាមបង្គាប់លោក+ ហើយពួកគេអធិដ្ឋាន+ទៅព្រះយេហូវ៉ាតម្រង់មកឯក្រុងដែលលោកបានជ្រើសរើស+ និងតម្រង់មកវិហារដែលខ្ញុំបានសាងសង់សម្រាប់នាមលោក+ ៤៥ នោះសូមលោកស្ដាប់សេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ពួកគេពីស្ថានសួគ៌ ហើយសូមលោកជួយពួកគេផង។
៤៦ «បើពួកគេធ្វើខុសនឹងលោក (ព្រោះគ្មានមនុស្សណាម្នាក់ដែលមិនធ្វើខុសនោះទេ)+ ហើយលោកខឹងនឹងពួកគេ ព្រមទាំងប្រគល់ពួកគេដល់ពួកសត្រូវ រួចសត្រូវចាប់ពួកគេយកទៅធ្វើជាឈ្លើយនៅស្រុករបស់សត្រូវ ទោះនៅជិតឬឆ្ងាយក្ដី+ ៤៧ ក្រោយមក បើពួកគេភ្ញាក់ខ្លួននៅក្នុងស្រុកដែលពួកគេបានត្រូវនាំយកទៅធ្វើជាឈ្លើយ+ ហើយពួកគេវិលមករកលោកវិញ+ ថែមទាំងអង្វរសុំសេចក្ដីមេត្តាពីលោកនៅក្នុងស្រុករបស់ពួកអ្នកដែលចាប់គេ+ ដោយនិយាយថា៖ ‹យើងបានប្រព្រឹត្តខុសឆ្គងហើយ យើងក៏បានប្រព្រឹត្តអំពើអាក្រក់ដែរ›។+ ៤៨ បើពួកគេវិលត្រឡប់មករកលោកវិញដោយអស់ពីចិត្ត+អស់ពីកម្លាំង* នៅក្នុងស្រុករបស់ពួកសត្រូវដែលបានចាប់ពួកគេយកទៅធ្វើជាឈ្លើយ ហើយពួកគេអធិដ្ឋានទៅលោកដោយបែរមកឯស្រុកដែលលោកបានឲ្យដល់បុព្វបុរសរបស់ពួកគេ ហើយឆ្ពោះមកឯក្រុងដែលលោកបានជ្រើសរើស ព្រមទាំងតម្រង់មកវិហារដែលខ្ញុំបានសាងសង់សម្រាប់នាមរបស់លោក+ ៤៩ នោះសូមលោកស្ដាប់សេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ពួកគេពីស្ថានសួគ៌ ជាទីអាស្រ័យនៅរបស់លោក+ ហើយសូមលោកជួយពួកគេផង ៥០ ហើយសូមលោកអភ័យទោសឲ្យរាស្ត្ររបស់លោកដែលបានប្រព្រឹត្តខុសនឹងលោក ថែមទាំងអភ័យទោសចំពោះការរំលងទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តទាស់នឹងលោកដែរ។ លោកនឹងធ្វើឲ្យពួកអ្នកដែលចាប់ពួកគេយកទៅធ្វើជាឈ្លើយ អាណិតមេត្តាដល់ពួកគេវិញ+ ៥១ (ព្រោះពួកគេជារាស្ត្រជាមត៌ករបស់លោក+ ដែលលោកបាននាំចេញពីស្រុកអេហ្ស៊ីប+ គឺពីក្នុងឡរំលាយដែក)។*+ ៥២ សូមលោកមេត្តាយកចិត្តទុកដាក់ស្ដាប់ពាក្យអង្វររបស់ខ្ញុំជាអ្នកបម្រើលោក+ និងពាក្យអង្វររបស់បណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោក ពេលដែលពួកគេហៅរកលោកផង។+ ៥៣ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ លោកបានញែកពួកគេចេញពីប្រជាជាតិទាំងអស់នៅផែនដីទុកជាមត៌ក+ ដូចលោកបានប្រកាសប្រាប់តាមរយៈម៉ូសេជាអ្នកបម្រើលោក កាលដែលលោកនាំបុព្វបុរសយើងចេញពីស្រុកអេហ្ស៊ីប»។
៥៤ កាលសាឡូម៉ូនបានបញ្ចប់សេចក្ដីអធិដ្ឋាននិងការអង្វរសុំសេចក្ដីមេត្តាពីព្រះយេហូវ៉ារួចរាល់ហើយ ភ្លាមនោះគាត់ក៏ក្រោកឡើងពីមុខទីបូជារបស់ព្រះយេហូវ៉ា គឺពីកន្លែងដែលគាត់បានលុតជង្គង់ លើកដៃទៅលើមេឃ។+ ៥៥ រួចគាត់ក៏ក្រោកឈរហើយជូនពរដល់បណ្ដាជនអ៊ីស្រាអែលទាំងអស់ដែលបានមកប្រជុំគ្នា ដោយបន្លឺសំឡេងថា៖ ៥៦ «សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង ព្រោះលោកបានឲ្យជនជាតិអ៊ីស្រាអែលជារាស្ត្រលោកមានសេចក្ដីសុខសាន្តត្រាណដូចលោកបានសន្យា។+ ឯសេចក្ដីល្អទាំងប៉ុន្មានដែលលោកបានសន្យា គឺឥតមានខ្វះណាមួយឡើយ។+ ៥៧ សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់យើងនៅជាមួយយើង ដូចលោកបាននៅជាមួយនឹងបុព្វបុរសរបស់យើងដែរ។+ សូមកុំឲ្យលោកចាកចេញពីយើងឬបោះបង់យើងចោលឡើយ។+ ៥៨ សូមឲ្យលោកទាញនាំចិត្តយើងដើរតាមគ្រប់ទាំងផ្លូវរបស់លោក+ ហើយធ្វើតាមបញ្ញត្តិ ច្បាប់ និងការវិនិច្ឆ័យរបស់លោក ដែលលោកបានបង្គាប់ដល់បុព្វបុរសរបស់យើងផង។ ៥៩ សូមឲ្យព្រះយេហូវ៉ាចាំជាប់ទាំងយប់ទាំងថ្ងៃនូវពាក្យទាំងប៉ុន្មានដែលខ្ញុំបានអង្វរព្រះយេហូវ៉ាជាព្រះរបស់យើង ដើម្បីលោករកយុត្តិធម៌ឲ្យអ្នកបម្រើលោកនិងបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោកតាមតម្រូវការជារៀងរាល់ថ្ងៃ ៦០ ដើម្បីឲ្យមនុស្សទាំងអស់នៅផែនដីដឹងថាព្រះយេហូវ៉ាគឺជាព្រះពិត+ គឺគ្មានព្រះណាទៀតឡើយ!+ ៦១ ដូច្នេះ សូមអ្នករាល់គ្នាមានភក្ដីភាពផ្ដាច់មុខ+ចំពោះព្រះយេហូវ៉ាជាព្រះរបស់យើង ដោយកាន់តាមច្បាប់និងបញ្ញត្តិរបស់លោក ដូចអ្នករាល់គ្នាកំពុងធ្វើនៅថ្ងៃនេះដែរ»។
៦២ ពេលនោះ ស្ដេចនិងជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយនឹងគាត់បានជូនគ្រឿងបូជាយ៉ាងច្រើនដល់ព្រះយេហូវ៉ា។+ ៦៣ សាឡូម៉ូនបានជូនគ្រឿងបូជានៃមេត្រីភាព+ដល់ព្រះយេហូវ៉ា គឺគាត់បានជូនគោចំនួន២២.០០០ក្បាល និងចៀមចំនួន១២០.០០០ក្បាល។ យ៉ាងនោះ ស្ដេចនិងជនជាតិអ៊ីស្រាអែលទាំងអស់បានសម្ពោធវិហាររបស់ព្រះយេហូវ៉ា។+ ៦៤ នៅថ្ងៃនោះស្ដេចត្រូវញែកទីធ្លាកណ្ដាល ដែលនៅមុខវិហាររបស់ព្រះយេហូវ៉ាទុកជាបរិសុទ្ធ សម្រាប់ជូនគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងខ្លាញ់+នៃគ្រឿងបូជានៃមេត្រីភាព ព្រោះទីបូជាធ្វើពីស្ពាន់+ដែលនៅមុខវិហាររបស់ព្រះយេហូវ៉ា គឺតូចពេក មិនល្មមសម្រាប់ជូនគ្រឿងបូជាទាំងនោះឡើយ។ ៦៥ នៅវេលានោះ សាឡូម៉ូនបានធ្វើពិធីបុណ្យ+ជាមួយនឹងបណ្ដាជនអ៊ីស្រាអែលទាំងអស់ ជាក្រុមជំនុំយ៉ាងធំ។ ពួកគេទាំងនោះបានមូលមកចាប់ពីលេបូហាម៉ាតរហូតដល់ជ្រលងអេហ្ស៊ីប។+ ពិធីបុណ្យនោះបានត្រូវធ្វើនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់យើង អស់៧ថ្ងៃ ហើយថែម៧ថ្ងៃទៀត សរុបទាំងអស់១៤ថ្ងៃ។ ៦៦ នៅថ្ងៃបន្ទាប់នោះ* គាត់បានឲ្យបណ្ដាជនត្រឡប់ទៅវិញ ហើយពួកគេបានជូនពរដល់ស្ដេច រួចក៏ទៅផ្ទះរបស់ពួកគេរៀងខ្លួន ទាំងមានចិត្តត្រេកអរនិងសប្បាយរីករាយ ចំពោះការល្អទាំងប៉ុន្មាន+ដែលព្រះយេហូវ៉ាបានធ្វើដល់ដាវីឌជាអ្នកបម្រើលោក និងដល់ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់លោក។