សៀវភៅសាំយូអែលទី២
៥ ក្រោយមក កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលបានមកជួបដាវីឌនៅក្រុងហេប្រុន+ ហើយនិយាយថា៖ «មើល! យើងជាបងប្អូនរួមជាតិនឹងគ្នា។+ ២ កាលពីមុន លោកជាអ្នកនាំមុខទាហានអ៊ីស្រាអែលទៅសមរភូមិ ក្នុងពេលដែលសុលនៅជាស្ដេចរបស់យើង។+ ព្រះយេហូវ៉ាមានប្រសាសន៍ទៅលោកថា៖ ‹អ្នកនឹងឃ្វាលជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ ហើយអ្នកនឹងទៅជាអ្នកដឹកនាំពួកគេ›»។+ ៣ ដូច្នេះ បុរសចាស់ទុំទាំងអស់នៃជនជាតិអ៊ីស្រាអែលក៏មកជួបស្ដេចដាវីឌនៅក្រុងហេប្រុន ហើយស្ដេចបានចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេ+នៅចំពោះមុខព្រះយេហូវ៉ា។ រួចមក ពួកគេតែងតាំងដាវីឌជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។+
៤ ពេលដាវីឌឡើងធ្វើជាស្ដេច គាត់មានអាយុ៣០ឆ្នាំ ហើយគាត់គ្រងរាជ្យអស់រយៈពេល៤០ឆ្នាំ។+ ៥ នៅក្រុងហេប្រុន គាត់គ្រប់គ្រងជាស្ដេចលើបណ្ដាជនយូដាអស់រយៈពេល៧ឆ្នាំ៦ខែ ហើយនៅក្រុងយេរូសាឡិម*+ គាត់គ្រប់គ្រងជាស្ដេចលើបណ្ដាជនអ៊ីស្រាអែលនិងបណ្ដាជនយូដាទាំងមូលអស់រយៈពេល៣៣ឆ្នាំ។ ៦ ស្ដេចនិងពួកបុរសរបស់គាត់ឡើងទៅច្បាំងនឹងពួកយេប៊ូស+ដែលតាំងលំនៅក្នុងក្រុងយេរូសាឡិម។ ពួកយេប៊ូសប្រមាថមើលងាយដាវីឌថា៖ «អ្នកគ្មានថ្ងៃមកជាន់ក្រុងនេះបានទេ! សូម្បីតែមនុស្សខ្វាក់និងមនុស្សខ្វិនក៏អាចបណ្ដេញអ្នកចេញបានដែរ»។ ពួកគេនិយាយដូច្នេះ ដោយសារពួកគេគិតថា៖ ‹ដាវីឌគ្មានថ្ងៃអាចចូលមកក្រុងនេះបានឡើយ›។+ ៧ ប៉ុន្តែ ដាវីឌបានចាប់យកបន្ទាយភ្នំស៊ីយ៉ូន ដែលក្រោយមកបានត្រូវហៅថាក្រុងដាវីឌ។+ ៨ ដូច្នេះនៅថ្ងៃនោះ ដាវីឌនិយាយថា៖ «អស់អ្នកដែលទៅវាយប្រហារពួកយេប៊ូស ត្រូវចូលទៅតាមលូទឹក ហើយសម្លាប់‹មនុស្សខ្វាក់និងមនុស្សខ្វិន›ដែលខ្ញុំស្អប់ខ្ពើម!»។ ហេតុនេះហើយបានជាមានពាក្យថា៖ «មនុស្សខ្វាក់និងមនុស្សខ្វិនមិនអាចចូលមកកន្លែងនេះបានឡើយ»។ ៩ បន្ទាប់មក ដាវីឌទៅរស់នៅបន្ទាយភ្នំស៊ីយ៉ូន ដែលបានត្រូវហៅថា*ក្រុងដាវីឌ។ ដាវីឌចាប់ផ្ដើមសង់កំពែងនិងសង់អ្វីជាច្រើនទៀតនៅលើទួល*+និងនៅកន្លែងឯទៀតក្នុងក្រុងនោះ។+ ១០ ដាវីឌមានអំណាចកាន់តែខ្លាំងឡើង+ ហើយព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌នៅជាមួយនឹងគាត់។+
១១ ហ៊ីរ៉ាម+ជាស្ដេចស្រុកទីរ៉ុសបានចាត់ពួកអ្នកនាំពាក្យឲ្យទៅជួបដាវីឌ ដោយនាំយកឈើស៊ីដារ+ ជាងឈើ និងជាងថ្ម ហើយពួកគេចាប់ផ្ដើមសង់វិមានសម្រាប់ដាវីឌ។+ ១២ ដាវីឌបានដឹងថាព្រះយេហូវ៉ាជាអ្នកពង្រឹងការគ្រប់គ្រងរបស់គាត់លើជនជាតិអ៊ីស្រាអែល+ ហើយធ្វើឲ្យរាជាណាចក្ររបស់គាត់បានចម្រុងចម្រើន+ សម្រាប់ជាប្រយោជន៍ដល់ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ព្រះ។+
១៣ ក្រោយពីដាវីឌចេញពីក្រុងហេប្រុនមករស់នៅក្រុងយេរូសាឡិម គាត់យកប្រពន្ធថែមទៀត ហើយក៏បានយកប្រពន្ធបន្ទាប់+ជាច្រើនដែរ។ ដូច្នេះ គាត់មានកូនប្រុសកូនស្រីកាន់តែច្រើន។+ ១៤ ឈ្មោះកូនៗរបស់ដាវីឌដែលបានកើតនៅក្រុងយេរូសាឡិមគឺ សាំមូអា សូបាប ណាថាន់+ សាឡូម៉ូន+ ១៥ អ៊ីបហា អេលីស៊ូ នេផេក យ៉ាភាអា ១៦ អេលីសាម៉ា អេលាដា និងអេលីផាលេត។
១៧ ពេលដែលពួកភីលីស្ទីនឮថាដាវីឌបានត្រូវតែងតាំងជាស្ដេចលើជនជាតិអ៊ីស្រាអែល+ ពួកទាហានភីលីស្ទីនទាំងអស់នាំគ្នាមកដើម្បីច្បាំងនឹងដាវីឌ។+ ពេលដាវីឌឮដូច្នោះ គាត់បានទៅលាក់ខ្លួន។+ ១៨ រួចមក ពួកភីលីស្ទីនចូលមកពង្រាយទ័ពពេញជ្រលងភ្នំ*រេផែម។+ ១៩ ដាវីឌសួរព្រះយេហូវ៉ា+ថា៖ «តើខ្ញុំគួរឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? ហើយតើលោកនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ខ្ញុំឬ?»។ ព្រះយេហូវ៉ាឆ្លើយទៅដាវីឌថា៖ «ចូរឡើងទៅចុះ ខ្ញុំប្រាកដជានឹងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃអ្នក»។+ ២០ ដូច្នេះ ដាវីឌឡើងទៅបាលពេរ៉ាស៊ីម ហើយគាត់សម្លាប់ពួកភីលីស្ទីននៅទីនោះ។ គាត់ពោលថា៖ «ព្រះយេហូវ៉ាបានចូលទៅបំផ្លាញសត្រូវ+ឲ្យពួកគេបាក់ទ័ពនៅពីមុខខ្ញុំដូចទឹកបាក់ទំនប់»។ ហេតុនេះ ដាវីឌដាក់ឈ្មោះកន្លែងនោះថា បាលពេរ៉ាស៊ីម។*+ ២១ ពួកភីលីស្ទីនបានបោះចោលរូបព្រះរបស់ពួកគេនៅទីនោះ ហើយដាវីឌនិងពួកបុរសរបស់គាត់ក៏ប្រមូលរូបព្រះទាំងនោះយកចេញទៅ។*
២២ ក្រោយមក ពួកភីលីស្ទីនឡើងមកពង្រាយទ័ពពេញជ្រលងភ្នំរេផែមម្ដងទៀត។+ ២៣ ដាវីឌសួរព្រះយេហូវ៉ា តែលើកនេះលោកប្រាប់ថា៖ «កុំទៅច្បាំងនឹងពួកគេពីមុខឡើយ តែចូរវាងពីក្រោយ ហើយវាយឆ្មក់ពួកគេនៅមុខព្រៃគុម្ពោតបេកាវិញ។ ២៤ ពេលដែលអ្នកឮសន្ធឹកជើងនៅព្រៃគុម្ពោតបេកា ចូរចេញទៅកុំនៅអែអង់ឲ្យសោះ ព្រោះព្រះយេហូវ៉ានឹងចេញមុនអ្នកដើម្បីវាយប្រហារកងទ័ពភីលីស្ទីន»។ ២៥ ដាវីឌធ្វើតាមដូចដែលព្រះយេហូវ៉ាបានបង្គាប់ ហើយគាត់បានសម្លាប់ពួកភីលីស្ទីន+ចាប់ពីក្រុងកេបា+ រហូតទៅដល់ក្រុងគីសឺ។+