អេសាយ
៦ នៅឆ្នាំដែលស្ដេចអូសៀសស្លាប់+ ខ្ញុំបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កដ៏ខ្ពង់ខ្ពស់ឧត្ដម+ ហើយជាយសម្លៀកបំពាក់របស់លោករំសាយពេញវិហារ។ ២ នៅចំពោះលោកមានបណ្ដាសេរភីម។* សេរភីមមួយរូបៗមានស្លាប៦ គឺស្លាប២បាំងមុខ ស្លាប២បាំងជើង និងស្លាប២ទៀតសម្រាប់ហោះហើរ។
៣ សេរភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាថា៖
«បរិសុទ្ធ បរិសុទ្ធ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌គឺបរិសុទ្ធ+
ផែនដីពេញទៅដោយសិរីរុងរឿងរបស់លោក»។
៤ សំឡេងនោះលាន់ឮខ្លាំងដល់ម្ល៉េះ រហូតដល់បង្គោលទ្វារវិហារញ័ររញ្ជួយ ហើយមានផ្សែងពេញវិហារ។+
៥ រួចខ្ញុំបាននិយាយថា៖ «វេទនាហើយខ្ញុំ! ខ្ញុំមុខជាស្លាប់មិនខាន
ព្រោះខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាតបរិសុទ្ធ
ហើយក៏រស់នៅក្នុងចំណោមបណ្ដាជនដែលមានបបូរមាត់មិនស្អាតបរិសុទ្ធដែរ។+
ព្រោះខ្ញុំបានឃើញមហាក្សត្រដោយផ្ទាល់ភ្នែក គឺព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌!»។
៦ ពេលនោះ សេរភីមមួយរូបបានហោះមកឯខ្ញុំ ហើយក្នុងដៃគាត់មានរងើកភ្លើង+ដែលគាត់បានកៀបយកមកពីទីបូជា។+ ៧ គាត់បានយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ រួចនិយាយថា៖
«មើល! ភ្លើងនេះបានប៉ះបបូរមាត់អ្នកហើយ។
អំពើរំលងរបស់អ្នកបានត្រូវដកចេញ
ហើយភាពខុសឆ្គងរបស់អ្នកក៏បានត្រូវជម្រះហើយដែរ»។
៨ បន្ទាប់មក ខ្ញុំបានឮសំឡេងរបស់ព្រះយេហូវ៉ាថា៖ «តើខ្ញុំនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?»។+ ខណៈនោះ ខ្ញុំក៏ឆ្លើយថា៖ «ខ្ញុំនៅទីនេះហើយ! សូមចាត់ខ្ញុំ!»។+
៩ រួចលោកប្រាប់ថា៖ «ចូរទៅប្រាប់ប្រជារាស្ត្រនេះថា៖
‹អ្នករាល់គ្នានឹងឮហើយឮទៀត តែមិនយល់ទេ។
អ្នករាល់គ្នានឹងមើលហើយមើលទៀត តែមិនដឹងអ្វីសោះ›។+
១០ ចូរធ្វើឲ្យចិត្តរបស់បណ្ដាជននេះទៅជាស្ពឹក+
និងធ្វើឲ្យត្រចៀករបស់ពួកគេធ្ងន់+ ហើយបិទភ្នែកពួកគេទៅ
ដើម្បីកុំឲ្យភ្នែកពួកគេអាចមើលឃើញ ឬត្រចៀកពួកគេស្ដាប់ឮឡើយ
ហើយដើម្បីកុំឲ្យចិត្តរបស់ពួកគេយល់
រួចបែរមកវិញ ហើយបានជាសះស្បើយ»។
១១ ឮដូច្នេះ ខ្ញុំក៏សួរលោកវិញថា៖ «ឱព្រះយេហូវ៉ាអើយ! តើរហូតដល់ពេលណាទៅ?»។ លោកក៏ឆ្លើយថា៖
«រហូតដល់ក្រុងទាំងឡាយខ្ទេចខ្ទីទៅជាគំនរបាក់បែក គ្មានមនុស្សរស់នៅ
និងផ្ទះនានាគ្មានអ្នកស្នាក់អាស្រ័យ
ហើយស្រុកនោះនឹងត្រូវបំផ្លិចបំផ្លាញចោល។+
១២ រហូតដល់ព្រះយេហូវ៉ាបណ្ដេញមនុស្សចេញទៅឲ្យឆ្ងាយ+
ហើយទឹកដីភាគច្រើនក្នុងស្រុកនោះនឹងត្រូវបោះបង់ចោល។
១៣ «ប៉ុន្តែ ប្រជាជាតិអ៊ីស្រាអែលនឹងនៅសល់១ភាគ១០ ហើយស្រុកនោះនឹងត្រូវដុតចោលម្ដងទៀត។ ប្រជាជាតិអ៊ីស្រាអែលប្រៀបដូចជាដើមឈើធំនិងដូចដើមអូក ដែលក្រោយពីកាប់ហើយនៅសល់គល់ រួចមានពន្លក*បរិសុទ្ធដុះចេញពីគល់នោះ»។