ដានីយ៉ែល
៣ ស្ដេចនេប៊ូក្នេសាបានធ្វើរូបចម្លាក់ដ៏ធំមួយពីមាស រូបនោះមានកម្ពស់៦០ហត្ថ*និងទទឹង៦ហត្ថ។* គាត់ដំឡើងរូបនោះនៅឯវាលឌូរ៉ាក្នុងខេត្តបាប៊ីឡូន។ ២ បន្ទាប់មក ស្ដេចក៏បានបញ្ជាគេឲ្យទៅអញ្ជើញអភិបាលខេត្ត អភិបាលរង ពួកនាយក ទីប្រឹក្សា មេឃ្លាំង អ្នកសម្រេចក្ដី មន្ត្រីតុលាការ និងមន្ត្រីទាំងអស់ក្នុងអាណាខេត្តបាប៊ីឡូន ឲ្យមកចូលរួមពិធីសម្ពោធរូបចម្លាក់ដែលគាត់បានធ្វើនោះ។
៣ ដូច្នេះ អភិបាលខេត្ត អភិបាលរង ពួកនាយក ទីប្រឹក្សា មេឃ្លាំង អ្នកសម្រេចក្ដី មន្ត្រីតុលាការ និងមន្ត្រីទាំងអស់ក្នុងអាណាខេត្តបាប៊ីឡូន បានមកជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធរូបចម្លាក់ដែលស្ដេចនេប៊ូក្នេសាបានដំឡើង។ ពួកគេទាំងអស់ក៏ឈរនៅមុខរូបចម្លាក់ដ៏ធំនោះ។ ៤ ពេលនោះ មានអ្នកប្រកាសម្នាក់ ស្រែកខ្លាំងៗថា៖ «ឱបណ្ដាជនដែលមកពីគ្រប់ជាតិសាសន៍និងគ្រប់ភាសាអើយ! ស្ដេចបានបង្គាប់ថា ៥ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ប៉ី ពិណ ឃឹម ឧបករណ៍ភ្លេងមានខ្សែ និងគ្រឿងភ្លេងឯទៀត អ្នករាល់គ្នាត្រូវក្រាបគោរពរូបចម្លាក់មាសដែលស្ដេចនេប៊ូក្នេសាបានដំឡើង។ ៦ បើអ្នកណាមិនក្រាបគោរពទេ អ្នកនោះនឹងត្រូវបោះទៅក្នុងឡភ្លើងដែលឆេះសន្ធោសន្ធៅ ភ្លាមមួយរំពេច»។+ ៧ ដូច្នេះ ពេលបណ្ដាជនដែលមកពីគ្រប់ជាតិសាសន៍និងគ្រប់ភាសាឮសំឡេងស្នែង ប៉ី ពិណ ឃឹម ឧបករណ៍ភ្លេងមានខ្សែ និងគ្រឿងភ្លេងឯទៀត ពួកគេទាំងអស់គ្នាក៏ក្រាបគោរពរូបចម្លាក់មាសដែលស្ដេចនេប៊ូក្នេសាបានដំឡើង។
៨ នៅពេលនោះ មានពួកខាល់ដេខ្លះបានចូលទៅជួបស្ដេច ហើយនិយាយបង្កាច់បង្ខូច*អំពីពួកយូដា។ ៩ ពួកគេបាននិយាយទៅស្ដេចនេប៊ូក្នេសាថា៖ «ឱស្ដេចជាម្ចាស់អើយ! សូមឲ្យលោករស់ជារៀងរហូត។ ១០ ស្ដេចជាម្ចាស់បានបញ្ជាថាពេលមនុស្សទាំងអស់ឮសំឡេងស្នែង ប៉ី ពិណ ឃឹម ឧបករណ៍ភ្លេងមានខ្សែ និងគ្រឿងភ្លេងឯទៀត ពួកគេត្រូវក្រាបគោរពរូបចម្លាក់មាសរបស់លោក ១១ ហើយបើអ្នកណាមិនក្រាបគោរពទេ អ្នកនោះនឹងត្រូវបោះទៅក្នុងឡភ្លើងដែលឆេះសន្ធោសន្ធៅ។+ ១២ ប៉ុន្តែ មានពួកយូដាខ្លះដែលលោកបានតែងតាំងឲ្យធ្វើជាអភិបាលរងក្នុងអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មេសាក់ និងអាបេឌនេកោ។+ ឱស្ដេចជាម្ចាស់អើយ! ពួកបុរសទាំងនោះមិនធ្វើតាមបញ្ជាលោកទេ។ ពួកគេមិនគោរពបូជាព្រះរបស់លោក ហើយក៏មិនព្រមក្រាបគោរពដល់រូបចម្លាក់មាសដែលលោកបានដំឡើងដែរ»។
១៣ ឮដូច្នេះ ស្ដេចនេប៊ូក្នេសាបានខឹងជាខ្លាំង ហើយបញ្ជាគេឲ្យទៅហៅសាដ្រាក់ មេសាក់ និងអាបេឌនេកោ ចូលមកជួបគាត់។ ដូច្នេះ គេក៏នាំបុរសទាំងបីនាក់នោះចូលមកឈរនៅមុខស្ដេច។ ១៤ នេប៊ូក្នេសាបានសួរពួកគេថា៖ «សាដ្រាក់ មេសាក់ អាបេឌនេកោ ខ្ញុំឮថាអ្នករាល់គ្នាមិនគោរពបូជាព្រះរបស់ខ្ញុំទេ+ ហើយក៏មិនព្រមក្រាបគោរពដល់រូបចម្លាក់មាសដែលខ្ញុំបានដំឡើងដែរ។ តើរឿងនេះពិតទេ? ១៥ ឥឡូវ បើអ្នករាល់គ្នាក្រាបគោរពរូបចម្លាក់ដែលខ្ញុំបានធ្វើ ពេលឮសំឡេងស្នែង ប៉ី ពិណ ឃឹម ឧបករណ៍ភ្លេងមានខ្សែ និងគ្រឿងភ្លេងឯទៀត នោះអ្នករាល់គ្នានឹងរួចខ្លួន។ ប៉ុន្តែ បើអ្នករាល់គ្នាមិនក្រាបគោរពទេ នោះអ្នករាល់គ្នានឹងត្រូវបោះទៅក្នុងឡភ្លើងដែលកំពុងឆេះសន្ធោសន្ធៅភ្លាមមួយរំពេច។ មើល! តើមានព្រះណាអាចសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃខ្ញុំបាន?»។+
១៦ សាដ្រាក់ មេសាក់ និងអាបេឌនេកោ ក៏ឆ្លើយទៅស្ដេចថា៖ «ឱស្ដេចនេប៊ូក្នេសាអើយ! យើងខ្ញុំមិនចាំបាច់ឆ្លើយទៅលោកអំពីរឿងនេះទេ។ ១៧ បើយើងខ្ញុំត្រូវទទួលទោសនោះមែន ព្រះដែលយើងខ្ញុំបម្រើអាចសង្គ្រោះយើងខ្ញុំពីឡភ្លើងបាន ហើយក៏អាចរំដោះយើងខ្ញុំពីកណ្ដាប់ដៃស្ដេចជាម្ចាស់បានដែរ។+ ១៨ ប៉ុន្តែ ឱស្ដេចជាម្ចាស់អើយ! សូមលោកជ្រាបថា ទោះជាព្រះរបស់យើងខ្ញុំមិនសង្គ្រោះយើងខ្ញុំក៏ដោយ ក៏យើងខ្ញុំមិនគោរពបូជាព្រះរបស់លោក ហើយក៏មិនក្រាបគោរពដល់រូបចម្លាក់មាសដែលលោកបានដំឡើងនោះដែរ»។+
១៩ ឮដូច្នេះ នេប៊ូក្នេសាក៏ប្រែទឹកមុខ ហើយខឹងយ៉ាងខ្លាំងនឹងសាដ្រាក់ មេសាក់ និងអាបេឌនេកោ។ រួចគាត់បានបញ្ជាគេឲ្យដុតឡភ្លើងឲ្យក្ដៅជាងធម្មតាដល់ទៅ៧ដង។ ២០ បន្ទាប់មក គាត់បញ្ជាទាហានខ្លាំងពូកែខ្លះពីកងទ័ពគាត់ ឲ្យចងសាដ្រាក់ មេសាក់ និងអាបេឌនេកោ ហើយបោះពួកគេទៅក្នុងឡភ្លើង។
២១ ដូច្នេះ គេក៏ចងបុរសទាំងបីនាក់នោះ ហើយបោះទៅក្នុងឡភ្លើង ទាំងមានអាវវែង មួក និងសម្លៀកបំពាក់ឯទៀត។ ២២ ដោយសារឡភ្លើងក្ដៅក្រៃលែង ពួកទាហានដែលនាំយកសាដ្រាក់ មេសាក់ និងអាបេឌនេកោទៅបោះក្នុងឡ ពួកគេបានត្រូវអណ្ដាតភ្លើងឆាបឆេះស្លាប់អស់ ព្រោះបញ្ជារបស់ស្ដេចម៉ឺងម៉ាត់ណាស់។ ២៣ ចំណែកឯសាដ្រាក់ មេសាក់ និងអាបេឌនេកោ ពួកគេបានធ្លាក់ទៅក្នុងឡភ្លើងទាំងជាប់ចំណង។
២៤ ខណៈនោះ ស្ដេចនេប៊ូក្នេសាក៏ភ័យរន្ធត់ជាខ្លាំង ហើយក្រោកឡើងយ៉ាងប្រញាប់ រួចសួរពួកមន្ត្រីជាន់ខ្ពស់ថា៖ «ក្រែងយើងចងបុរសបីនាក់បោះទៅក្នុងឡភ្លើង មែនទេ?»។ ពួកគេបានឆ្លើយតបទៅស្ដេចថា៖ «បាទមែនហើយ លោកម្ចាស់!»។ ២៥ ស្ដេចនិយាយថា៖ «ប៉ុន្តែមើល! ខ្ញុំឃើញបុរសបួននាក់កំពុងដើរនៅកណ្ដាលឡភ្លើងនោះ ពួកគេមិនត្រូវភ្លើងឆាបឆេះទេ។ ឯបុរសទី៤វិញ មើលទៅដូចជាកូនរបស់ព្រះ»។
២៦ ស្ដេចនេប៊ូក្នេសាបានចូលទៅក្បែរមាត់ឡភ្លើង ហើយនិយាយថា៖ «ឱសាដ្រាក់ មេសាក់ និងអាបេឌនេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអើយ!+ ចូរចេញមក!»។ ដូច្នេះ សាដ្រាក់ មេសាក់ និងអាបេឌនេកោក៏ឡើងចេញពីឡភ្លើងនោះមក។ ២៧ ពេលនោះ អភិបាលខេត្ត អភិបាលរង ពួកនាយក និងមន្ត្រីជាន់ខ្ពស់ដែលបានមកជួបជុំគ្នា+ បានឃើញថាភ្លើងគ្មានឥទ្ធិពលលើរូបកាយរបស់បុរសបីនាក់នោះទេ។+ សក់ក្បាលរបស់ពួកគេមិនបានឆេះ ហើយសម្លៀកបំពាក់របស់ពួកគេនៅដូចដើម សូម្បីតែក្លិនឈ្ងៀមនៅលើខ្លួនពួកគេក៏គ្មានដែរ។
២៨ បន្ទាប់មក ស្ដេចនេប៊ូក្នេសាបានពោលថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មេសាក់ និងអាបេឌនេកោទទួលការសរសើរតម្កើង+ ព្រោះលោកបានចាត់ទេវតាឲ្យមកសង្គ្រោះអ្នកបម្រើលោក។ ពួកគេបានទុកចិត្តលោក ហើយបានបំពាននឹងបញ្ជារបស់ស្ដេច។ ពួកគេសុខចិត្តស្លាប់ ជាជាងគោរពបូជាដល់ព្រះណាទៀតក្រៅពីព្រះរបស់ខ្លួន។+ ២៩ ហេតុនេះ ខ្ញុំចេញបញ្ជាថាបើជនដែលនិយាយភាសាណាឬមកពីជាតិសាសន៍ណា ហ៊ាននិយាយអ្វីប្រឆាំងនឹងព្រះរបស់សាដ្រាក់ មេសាក់ និងអាបេឌនេកោ នោះដៃជើងរបស់ពួកគេនឹងត្រូវកាត់ចេញ ហើយផ្ទះរបស់ពួកគេនឹងទៅជាកន្លែងបន្ទោបង់សាធារណៈ* ព្រោះគ្មានព្រះណាអាចសង្គ្រោះដូចនេះឡើយ»។+
៣០ បន្ទាប់មក ស្ដេចបានដំឡើងតំណែងឲ្យសាដ្រាក់ មេសាក់ និងអាបេឌនេកោ នៅក្នុងអាណាខេត្តបាប៊ីឡូន។+