ប្រវត្តិហេតុទី២
២៩ ពេលហេសេគា+បានទៅជាស្ដេច គាត់មានអាយុ២៥ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល២៩ឆ្នាំ។ ម្ដាយគាត់ឈ្មោះអាប៊ីយ៉ាជាកូនសាការី។+ ២ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត+ ដូចដាវីឌជាបុព្វបុរសរបស់គាត់ដែរ។+ ៣ នៅខែទី១ ក្នុងឆ្នាំទី១នៃរាជ្យរបស់គាត់ គាត់បានបើកទ្វារវិហារព្រះយេហូវ៉ា ហើយបានជួសជុលទ្វារទាំងនោះឡើងវិញ។+ ៤ រួចមក គាត់បានកោះហៅពួកសង្ឃនិងពួកលេវីឲ្យមកជួបជុំគ្នានៅទីលានខាងកើត។ ៥ ហេសេគាបាននិយាយទៅកាន់ពួកគេថា៖ «ពួកលេវីទាំងឡាយអើយ! ចូរស្ដាប់ខ្ញុំ។ ឥឡូវចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធ+ ហើយញែកវិហាររបស់ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាជាបរិសុទ្ធ និងដកយកអ្វីដែលមិនបរិសុទ្ធចេញពីកន្លែងបរិសុទ្ធចុះ។+ ៦ ព្រោះបុព្វបុរសរបស់យើងបានប្រព្រឹត្តដោយមិនស្មោះត្រង់ ហើយធ្វើអំពើដែលព្រះយេហូវ៉ាជាព្រះរបស់យើងមិនពេញចិត្ត។+ ពួកគេបានលះចោលព្រះយេហូវ៉ា ហើយមិនបង្ហាញការគោរពចំពោះត្រសាលរបស់លោក ថែមទាំងមិនអើពើចំពោះលោកទៀតផង។+ ៧ ម្យ៉ាងទៀត ពួកគេក៏បានបិទទ្វារវិហារ*+និងពន្លត់ចង្កៀង+ ហើយឈប់ដុតគ្រឿងក្រអូប+និងឈប់ជូនគ្រឿងបូជាដុត+នៅទីបរិសុទ្ធដល់ព្រះនៃជនជាតិអ៊ីស្រាអែលទៀត។ ៨ ហេតុនេះហើយបានជាព្រះយេហូវ៉ាខឹងនឹងពួកយូដានិងអ្នកក្រុងយេរូសាឡិម។+ លោកបានធ្វើឲ្យពួកគេរងការប្រមាថមាក់ងាយពីជនជាតិដទៃ អ្នកឯទៀតមើលក្រុងនោះដោយតក់ស្លុត ដូចដែលអ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកស្រាប់។+ ៩ បុព្វបុរសយើងបានស្លាប់ដោយដាវ+ ហើយប្រពន្ធកូនយើងបានត្រូវគេចាប់យកទៅធ្វើជាឈ្លើយសឹក។+ ១០ ឥឡូវ ខ្ញុំមានចិត្តចង់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា+ ដើម្បីឲ្យលោកឈប់ខឹងនឹងយើងទៀត។ ១១ ឱរាស្ត្រខ្ញុំអើយ! ឥឡូវនេះមិនមែនជាពេលដែលត្រូវសម្រាកទេ ព្រោះព្រះយេហូវ៉ាបានជ្រើសរើសអ្នករាល់គ្នាឲ្យបំពេញកិច្ចបម្រើនៅចំពោះលោក+ និងជូនគ្រឿងបូជា*ដល់លោក»។+
១២ នៅពេលនោះ ពួកលេវីក៏ចាប់ផ្ដើមបំពេញកិច្ចការរបស់ពួកគេទៅ។ ពួកគេមានដូចតទៅ៖ ពីកូនចៅកូហាត+មាន ម៉ាហាតជាកូន*អាម៉េសាយ និងយ៉ូអែលជាកូនអាសារៀ។ ពីកូនចៅមេរេរ៉ាយ+មាន គីសជាកូនអាប់ដាយ និងអាសារៀជាកូនយេហាឡេលែល។ ពីកូនចៅគើសុន+មាន យ៉ូអាជាកូនស៊ីមម៉ា និងអេដែនជាកូនយ៉ូអា។ ១៣ ពីកូនចៅអេលីសាផានមាន ស៊ីមរ៉ាយនិងយេអ៊ូល។ ពីកូនចៅអេសាភ+មាន សាការីនិងម៉ាថានៀ។ ១៤ ពីកូនចៅហេម៉ាន+មាន យេហែលនិងស៊ីមម៉ាយ។ ពីកូនចៅយេឌូថិន+មាន សិមម៉ាយ៉ានិងអូសៀល។ ១៥ បន្ទាប់មក ពួកគេបានប្រមូលបងប្អូនរបស់ពួកគេឲ្យមកជួបជុំគ្នា ហើយញែកខ្លួនជាបរិសុទ្ធ ដើម្បីចូលទៅសម្អាតវិហាររបស់ព្រះយេហូវ៉ា ដូចដែលស្ដេចបានបង្គាប់ស្របតាមប្រសាសន៍ព្រះយេហូវ៉ា។+ ១៦ ពួកសង្ឃក៏បានចូលទៅសម្អាតវិហាររបស់ព្រះយេហូវ៉ា ហើយប្រមូលរបស់របរដែលមិនស្អាតបរិសុទ្ធពីក្នុងវិហារព្រះយេហូវ៉ា យកទៅដាក់នៅទីធ្លា+នៃវិហារព្រះយេហូវ៉ា។ រួចមក ពួកលេវីក៏ជញ្ជូនរបស់របរទាំងនោះយកទៅបោះចោលនៅជ្រលងគីដ្រុន។+ ១៧ នៅថ្ងៃទី១ ខែទី១ពួកគេចាប់ផ្ដើមសម្អាត ហើយនៅថ្ងៃទី៨ ពួកគេបានសម្អាតដល់សាលវិហារព្រះយេហូវ៉ា។+ អស់៨ថ្ងៃ ពួកគេញែកវិហាររបស់ព្រះយេហូវ៉ាជាបរិសុទ្ធ ហើយនៅថ្ងៃទី១៦ ខែទី១ វិហារទាំងមូលបានស្អាតបរិសុទ្ធ។
១៨ ក្រោយពីបំពេញកិច្ចការនោះហើយ ពួកគេក៏បានទៅជម្រាបស្ដេចហេសេគាថា៖ «យើងបានសម្អាតវិហារព្រះយេហូវ៉ាទាំងមូលរួចហើយ ទាំងទីបូជាសម្រាប់ដុតគ្រឿងបូជា+និងប្រដាប់ប្រដាទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ+ ទាំងតុដាក់នំប៉័ងតាំងទុក+និងប្រដាប់ប្រដាទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ។ ១៩ ឯរបស់របរទាំងប៉ុន្មានដែលស្ដេចអេហាសបានទុកចោល កាលដែលគាត់បានប្រព្រឹត្តដោយមិនស្មោះត្រង់+ ក្នុងគ្រាដែលគាត់គ្រប់គ្រងនោះ ពួកយើងខ្ញុំបានយកមកសម្អាតសម្រាប់ទុកប្រើប្រាស់វិញ+ ហើយដាក់នៅមុខទីបូជារបស់ព្រះយេហូវ៉ា»។
២០ ស្ដេចហេសេគាបានក្រោកពីព្រលឹម ហើយបានកោះហៅពួកអ្នកគ្រប់គ្រងនៅក្នុងក្រុងឲ្យមកជួបជុំគ្នា។ បន្ទាប់មក ស្ដេចនិងពួកគេបានឡើងទៅវិហារព្រះយេហូវ៉ា។ ២១ ស្ដេចនិងពួកគេបាននាំយកគោឈ្មោល៧ក្បាល ចៀមឈ្មោល៧ក្បាល កូនចៀមឈ្មោល៧ក្បាល និងពពែឈ្មោល៧ក្បាល ដើម្បីធ្វើជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនៃពូជពង្សស្ដេច និងពួកយូដា ព្រមទាំងសម្រាប់ទីបរិសុទ្ធ។+ បន្ទាប់មក ស្ដេចបានប្រាប់ពួកសង្ឃជាកូនចៅអេរ៉ុន ឲ្យជូនគ្រឿងបូជាទាំងនោះនៅលើទីបូជារបស់ព្រះយេហូវ៉ា។ ២២ ដំបូង គេបានសម្លាប់គោ+ រួចពួកសង្ឃយកឈាមនោះទៅប្រោះនៅលើទីបូជា។+ បន្ទាប់មក គេបានសម្លាប់ចៀមឈ្មោល រួចយកឈាមទៅប្រោះនៅលើទីបូជាដែរ។ ក្រោយពីនោះ គេបានសម្លាប់កូនចៀម រួចយកឈាមទៅប្រោះនៅលើទីបូជា។ ២៣ ក្រោយមក គេបានយកពពែឈ្មោលសម្រាប់គ្រឿងបូជានៃអំពើខុសឆ្គង ទៅដាក់នៅចំពោះស្ដេចនិងពួកជំនុំ រួចពួកគេបានដាក់ដៃលើពពែទាំងនោះ។ ២៤ ពួកសង្ឃបានសម្លាប់ពពែទាំងនោះ ហើយយកទៅជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។ បន្ទាប់មក ពួកគេបានយកឈាមរបស់ពពែទាំងនោះទៅដាក់លើទីបូជា ដើម្បីជម្រះភាពខុសឆ្គងរបស់បណ្ដាជនអ៊ីស្រាអែលទាំងអស់។ ពួកគេបានធ្វើដូច្នោះ ដោយសារស្ដេចបាននិយាយថាគ្រឿងបូជាដុត និងគ្រឿងបូជាសម្រាប់អំពើខុសឆ្គងត្រូវជូនសម្រាប់បណ្ដាជនអ៊ីស្រាអែលទាំងអស់។
២៥ នៅពេលដំណាលគ្នានោះ ស្ដេចបានចាត់ពួកលេវីឲ្យឈរនៅវិហារព្រះយេហូវ៉ា ដោយកាន់ពិណ ឆាប និងឧបករណ៍ភ្លេងមានខ្សែ។+ ពួកគេបានធ្វើដូច្នេះ តាមការណែនាំរបស់ដាវីឌ+និងកាដ+ជាអ្នកដែលទទួលការបើកបង្ហាញពីព្រះ និងណាថាន់+ជាអ្នកប្រកាសទំនាយ ព្រោះព្រះយេហូវ៉ាបានផ្ដល់ការណែនាំតាមរយៈពួកអ្នកប្រកាសទំនាយរបស់លោក។ ២៦ ដូច្នេះ ពួកលេវីបានឈរកាន់ឧបករណ៍ភ្លេងរបស់ដាវីឌ ហើយពួកសង្ឃកាន់ត្រែ។+
២៧ បន្ទាប់មក ហេសេគាបានបង្គាប់ឲ្យជូនគ្រឿងបូជាដុតនៅលើទីបូជា។+ ពេលដែលពួកគេចាប់ផ្ដើមដុតគ្រឿងបូជា អ្នកចម្រៀងក៏ចាប់ផ្ដើមច្រៀងជូនព្រះយេហូវ៉ា អមដោយសំឡេងត្រែ និងឧបករណ៍ភ្លេងរបស់ដាវីឌដែលជាស្ដេចស្រុកអ៊ីស្រាអែល។ ២៨ កាលដែលគេកំពុងច្រៀងនិងផ្លុំត្រែនៅឡើយ ពួកជំនុំបានលំឱនកាយក្រាបចុះ ហើយពួកគេក៏បន្តធ្វើដូច្នោះរហូតដល់ការជូនគ្រឿងបូជាដុតបានចប់សព្វគ្រប់។ ២៩ ក្រោយពីជូនគ្រឿងបូជាដុតរួច ភ្លាមនោះស្ដេចនិងពួកជំនុំទាំងអស់បានលំឱនកាយក្រាបចុះ។ ៣០ បន្ទាប់មក ស្ដេចហេសេគានិងពួកអ្នកគ្រប់គ្រង បានបង្គាប់ពួកលេវីឲ្យច្រៀងសរសើរព្រះយេហូវ៉ា ដោយច្រៀងទំនុករបស់ដាវីឌ+និងទំនុករបស់អេសាភ+ជាអ្នកដែលទទួលការបើកបង្ហាញពីព្រះ។ ដូច្នេះ ពួកគេបានច្រៀងសរសើរដោយអរសប្បាយ ហើយលំឱនកាយក្រាបចុះ។
៣១ រួចមក ហេសេគាបាននិយាយថា៖ «ពួកអ្នករាល់គ្នាបានត្រូវញែកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ារួចហើយ ដូច្នេះ ចូរនាំយកគ្រឿងបូជាសម្រាប់អរគុណនិងគ្រឿងបូជាឯទៀត មកឯវិហារព្រះយេហូវ៉ាចុះ»។ ពួកជំនុំក៏បាននាំយកគ្រឿងបូជាសម្រាប់អរគុណនិងគ្រឿងបូជាឯទៀតមក ហើយអស់អ្នកដែលស្ម័គ្រចិត្ត ក៏ជូនសត្វជាគ្រឿងបូជាដុតដែរ។+ ៣២ គ្រឿងបូជាដុតដែលពួកជំនុំបានយកមកជូនព្រះយេហូវ៉ា មានគោ៧០ក្បាល ចៀមឈ្មោល១០០ក្បាល និងកូនចៀមឈ្មោល២០០ក្បាល។+ ៣៣ ឯគ្រឿងបូជាបរិសុទ្ធមានគោ៦០០ក្បាល និងចៀម៣.០០០ក្បាល។ ៣៤ ប៉ុន្តែ ដោយសារពួកសង្ឃមានគ្នាតិចពេក នោះពួកគេមិនអាចពន្លាត់ស្បែកសត្វទាំងអស់ដែលត្រូវជូនជាគ្រឿងបូជាដុតបានទេ។ ហេតុនេះ ពួកលេវីជាបងប្អូនរបស់ពួកគេបានមកជួយដែរ។+ ពួកគេបានជួយរហូតដល់កិច្ចការទាំងនោះចប់សព្វគ្រប់ ហើយរហូតដល់ពួកសង្ឃញែកខ្លួនជាបរិសុទ្ធ+ ព្រោះពួកលេវីយកចិត្តទុកដាក់នឹងការញែកខ្លួនជាបរិសុទ្ធ ច្រើនជាងពួកសង្ឃ។ ៣៥ បន្ថែមពីលើគ្រឿងបូជាដុតជាច្រើននោះ+ ក៏មានខ្លាញ់សម្រាប់គ្រឿងបូជានៃមេត្រីភាព+ និងគ្រឿងបូជាជាស្រាដែលច្រួចលើគ្រឿងបូជាដុតផងដែរ។+ យ៉ាងនេះ កិច្ចបម្រើនៅវិហារព្រះយេហូវ៉ា ចាប់ផ្ដើមមានឡើងវិញ។ ៣៦ ដូច្នេះ ស្ដេចហេសេគានិងបណ្ដាជនទាំងអស់មានអំណរជាខ្លាំង ព្រោះព្រះពិតបានជួយពួកគេឲ្យសម្រេចកិច្ចការនេះ+បានក្នុងរយៈពេលយ៉ាងខ្លី។