អ្នកសម្រេចក្ដី
១ ក្រោយពីយ៉ូស្វេទទួលមរណភាព+ ជនជាតិអ៊ីស្រាអែលបានសួរព្រះយេហូវ៉ាថា៖+ «តើលោកនឹងឲ្យកុលសម្ព័ន្ធមួយណាឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ?»។ ២ ព្រះយេហូវ៉ាឆ្លើយថា៖ «ចូរឲ្យកុលសម្ព័ន្ធយូដាចេញទៅច្បាំង។+ មើល! ខ្ញុំនឹងប្រគល់*ទឹកដីនោះទៅក្នុងកណ្ដាប់ដៃពួកគេ»។ ៣ បន្ទាប់មក កុលសម្ព័ន្ធយូដានិយាយទៅកុលសម្ព័ន្ធស៊ីម្មានជាបងប្អូនថា៖ «សូមឡើងមកជាមួយនឹងពួកខ្ញុំ ដើម្បីច្បាំងនឹងជនជាតិកាណានក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ពួកខ្ញុំ។+ រួចពួកខ្ញុំនឹងទៅជួយពួកអ្នកនៅទឹកដីដែលជាកម្មសិទ្ធិរបស់ពួកអ្នកវិញ»។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានបានទៅជាមួយនឹងពួកគេ។
៤ ពេលកុលសម្ព័ន្ធយូដាឡើងទៅច្បាំង ព្រះយេហូវ៉ាបានប្រគល់ជនជាតិកាណាននិងជនជាតិពេរិស៊ីតទៅក្នុងកណ្ដាប់ដៃពួកគេ។+ ពួកគេបានសម្លាប់មនុស្សអស់១០.០០០នាក់នៅប៊ីសាក។ ៥ នៅទីនោះ ពួកគេបានជួបអាដូណាយប៊ីសាក រួចពួកគេប្រយុទ្ធនឹងគាត់ ថែមទាំងបានច្បាំងឈ្នះជនជាតិកាណាន+និងជនជាតិពេរិស៊ីត+ទៀតផង។ ៦ ពេលនោះ អាដូណាយប៊ីសាករត់គេចខ្លួន ពួកគេក៏ដេញតាម ហើយចាប់គាត់បាន រួចកាត់មេដៃនិងមេជើងរបស់គាត់។ ៧ បន្ទាប់មក អាដូណាយប៊ីសាកនិយាយថា៖ «ខ្ញុំធ្លាប់កាត់មេដៃនិងមេជើងរបស់ស្ដេច៧០នាក់ ហើយស្ដេចទាំងនោះរើសអាហារដែលជ្រុះនៅក្រោមតុរបស់ខ្ញុំ។ ឥឡូវ ព្រះបានធ្វើចំពោះខ្ញុំ ដូចខ្ញុំបានធ្វើចំពោះស្ដេចទាំងនោះដែរ»។ ក្រោយមក ពួកគេនាំគាត់ទៅក្រុងយេរូសាឡិម*+ ហើយគាត់បានស្លាប់នៅទីនោះ។
៨ ពួកបុរសយូដាច្បាំងដណ្ដើមយកបានក្រុងយេរូសាឡិម។+ ពួកគេបានសម្លាប់មនុស្សក្នុងក្រុងនោះ ហើយដុតក្រុងនោះចោល។ ៩ បន្ទាប់មក ពួកបុរសយូដាបានទៅច្បាំងនឹងជនជាតិកាណានដែលអាស្រ័យនៅតំបន់ភ្នំ តំបន់ណេកេប និងតំបន់សេភីឡា។+ ១០ រួចពួកគេទៅច្បាំងនឹងជនជាតិកាណានដែលរស់នៅក្រុងហេប្រុន (កាលពីដើមក្រុងហេប្រុនមានឈ្មោះថា ក្រុងគារីអាតអាបា) ហើយពួកគេបានសម្លាប់សេសាយ អាហាយមេន និងតាល់ម៉ាយ។*+
១១ ពួកគេបានចាកចេញពីទីនោះទៅច្បាំងនឹងពួកអ្នកក្រុងដេបៀរ+ (ពីមុនក្រុងដេបៀរមានឈ្មោះថា ក្រុងគារីអាតស៊ីផឺ)។+ ១២ ក្រោយមក កាលែប+និយាយថា៖ «បើអ្នកណាម្នាក់អាចច្បាំងដណ្ដើមយកបានក្រុងគារីអាតស៊ីផឺ នោះខ្ញុំនឹងលើកអាកសាកូនស្រីខ្ញុំឲ្យធ្វើជាប្រពន្ធរបស់អ្នកនោះ»។+ ១៣ អុតនាល+ជាកូនប្រុសកេណាស*+ និងត្រូវជាក្មួយរបស់កាលែប បានដណ្ដើមយកក្រុងនោះ។ ដូច្នេះ កាលែបបានលើកអាកសាកូនស្រីគាត់ឲ្យធ្វើជាប្រពន្ធរបស់អុតនាល។ ១៤ កាលដែលអាកសាកំពុងធ្វើដំណើរទៅផ្ទះប្ដីរបស់នាង នាងក៏ប្រាប់ប្ដីឲ្យសុំដីមួយកន្លែងពីឪពុកនាង។ ពេលនាងចុះពីលើខ្នងលា* កាលែបសួរនាងថា៖ «តើកូនចង់បានអ្វី?»។ ១៥ នាងឆ្លើយថា៖ «សូមលោកឪពុកឲ្យពរខ្ញុំ គឺឲ្យកូឡូតម៉េម*ជាអំណោយសម្រាប់ខ្ញុំ ព្រោះដីដែលលោកឪពុកឲ្យខ្ញុំនៅខាងត្បូង*នោះជាដីស្ងួត»។ កាលែបក៏ឲ្យកូឡូតខាងលើ និងកូឡូតខាងក្រោមទៅនាង។
១៦ រីឯជនជាតិកែន+ដែលជាកូនចៅរបស់ឪពុកក្មេកម៉ូសេ+ និងមនុស្សក្នុងកុលសម្ព័ន្ធយូដាបានចេញពីក្រុងដើមលម៉ើ+ ទៅតំបន់ស្ងាត់ជ្រងំស្រុកយូដាដែលនៅខាងត្បូងក្រុងអេរ៉ាត។+ ពួកគេបានចូលទៅតាំងលំនៅជាមួយនឹងពួកអ្នកដែលនៅតំបន់នោះ។+ ១៧ ប៉ុន្តែ កុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធស៊ីម្មានដែលជាបងប្អូន បាននាំគ្នាឡើងទៅវាយប្រហារជនជាតិកាណានដែលរស់នៅក្រុងសេផាត ហើយបំផ្លាញក្រុងនោះចោលខ្ទេចខ្ទីអស់គ្មានសល់។+ ពួកគេដាក់ឈ្មោះក្រុងនោះថាក្រុងហោម៉ា។*+ ១៨ រួចមក កុលសម្ព័ន្ធយូដាចាប់យកក្រុងកាសា+ ក្រុងអាសកាឡូន+ និងក្រុងអេក្រុន+ ព្រមទាំងទឹកដីរបស់ក្រុងទាំងនោះ។ ១៩ ព្រះយេហូវ៉ាបាននៅជាមួយនឹងកុលសម្ព័ន្ធយូដា។ ពួកគេបានចូលទៅគ្រប់គ្រងតំបន់ភ្នំ តែពួកគេមិនអាចបណ្ដេញពួកអ្នកដែលរស់នៅតាមវាលទំនាបចេញបានទេ ដោយសារពួកអ្នកទាំងនោះមានរទេះចម្បាំងដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះ។+ ២០ កុលសម្ព័ន្ធយូដាបានឲ្យក្រុងហេប្រុនទៅកាលែប ដូចដែលម៉ូសេបានសន្យា។+ កាលែបបានបណ្ដេញកូនចៅបីនាក់របស់អេណាក់ចេញពីទីនោះ។+
២១ ប៉ុន្តែ កុលសម្ព័ន្ធបេនយ៉ាមីនមិនបានបណ្ដេញជនជាតិយេប៊ូសដែលរស់នៅក្នុងក្រុងយេរូសាឡិមចេញទេ។ ហេតុនេះ ជនជាតិយេប៊ូសនៅតែរស់នៅក្នុងចំណោមកុលសម្ព័ន្ធបេនយ៉ាមីនក្នុងក្រុងយេរូសាឡិម រហូតមកដល់សព្វថ្ងៃ។+
២២ ដំណាលគ្នានោះ កូនចៅយ៉ូសែប+បានធ្វើដំណើរចេញទៅដើម្បីច្បាំងនឹងក្រុងបេតអែល ហើយព្រះយេហូវ៉ានៅជាមួយនឹងពួកគេ។+ ២៣ កូនចៅយ៉ូសែបបានចាត់ពួកបុរសខ្លះឲ្យទៅស៊ើបការណ៍នៅក្រុងបេតអែល (កាលពីដើមក្រុងបេតអែលមានឈ្មោះថា ក្រុងលូស)។+ ២៤ ពេលពួកអ្នកស៊ើបការណ៍ឃើញបុរសម្នាក់កំពុងចេញពីក្រុង ពួកគេនិយាយទៅបុរសនោះថា៖ «សូមបង្ហាញផ្លូវពួកយើង ដើម្បីពួកយើងចូលទៅក្នុងក្រុងនោះ ហើយពួកយើងនឹងបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកវិញ»។* ២៥ ដូច្នេះ បុរសនោះក៏បង្ហាញផ្លូវពួកគេចូលទៅក្នុងក្រុងនោះ។ ពួកគេបានសម្លាប់ពួកអ្នកក្រុងនោះ តែអនុញ្ញាតឲ្យបុរសនោះនិងក្រុមគ្រួសាររបស់គាត់ទាំងមូលចាកចេញទៅ។+ ២៦ បុរសនោះបានចូលទៅក្នុងទឹកដីរបស់ជនជាតិហេត ហើយសង់ក្រុងមួយនៅទីនោះ រួចដាក់ឈ្មោះថាក្រុងលូស។ ឈ្មោះក្រុងនោះនៅជាប់រហូតដល់សព្វថ្ងៃ។
២៧ កុលសម្ព័ន្ធម៉ាណាសេមិនបានចាប់យកក្រុងបេតសៀន ក្រុងថេអាណាក+ ក្រុងដោ ក្រុងអ៊ីបលាម និងក្រុងមេគីដោ ព្រមទាំងក្រុងតូចៗដែលនៅជុំវិញក្រុងទាំងនោះទេ។+ ដូច្នេះ ជនជាតិកាណានតាំងចិត្តរស់នៅក្នុងទឹកដីនោះតទៅទៀត។ ២៨ ពេលកូនចៅអ៊ីស្រាអែលមានអំណាចកាន់តែរឹងមាំ ពួកគេបង្ខំជនជាតិកាណានឲ្យធ្វើការយ៉ាងលំបាក+ តែពួកគេមិនបានបណ្ដេញជនជាតិកាណានចេញឲ្យអស់ពីទឹកដីនោះឡើយ។+
២៩ កុលសម្ព័ន្ធអេប្រាអ៊ីមក៏មិនបានបណ្ដេញជនជាតិកាណានដែលរស់នៅក្នុងក្រុងគីសឺចេញដែរ។ ហេតុនេះ នៅតែមានជនជាតិកាណានរស់នៅក្នុងចំណោមពួកគេក្នុងក្រុងគីសឺ។+
៣០ កុលសម្ព័ន្ធសេប៊ូឡូនមិនបានបណ្ដេញពួកអ្នកក្រុងគីត្រុន និងពួកអ្នកក្រុងណាហាឡូលចេញទេ។+ ដូច្នេះ ជនជាតិកាណានបន្តរស់នៅក្នុងចំណោមកុលសម្ព័ន្ធសេប៊ូឡូន ហើយជនជាតិកាណានបានត្រូវដាក់ឲ្យធ្វើការយ៉ាងលំបាក។+
៣១ កុលសម្ព័ន្ធអេស៊ើរមិនបានបណ្ដេញពួកអ្នកក្រុងអាកូរ ពួកអ្នកក្រុងស៊ីដូន+ ពួកអ្នកក្រុងអាឡាប់ ពួកអ្នកក្រុងអាក់ស៊ីប+ ពួកអ្នកក្រុងហេលបា ពួកអ្នកក្រុងអាផេក+ និងពួកអ្នកក្រុងរេហុប+ចេញឡើយ។ ៣២ ដូច្នេះ កុលសម្ព័ន្ធអេស៊ើរបន្តរស់នៅក្នុងចំណោមជនជាតិកាណានដែលអាស្រ័យនៅក្នុងទឹកដីនោះ ពីព្រោះពួកគេមិនបានបណ្ដេញជនជាតិកាណានចេញទេ។
៣៣ កុលសម្ព័ន្ធណែបថាលីមិនបានបណ្ដេញពួកអ្នកក្រុងបេតសេមែស និងពួកអ្នកក្រុងបេតអាណាតចេញទេ។+ កុលសម្ព័ន្ធណែបថាលីបន្តរស់នៅក្នុងចំណោមជនជាតិកាណានក្នុងទឹកដីនោះ។+ ប៉ុន្តែ ពួកគេបានតម្រូវឲ្យពួកអ្នកក្រុងបេតសេមែស និងពួកអ្នកក្រុងបេតអាណាតធ្វើការយ៉ាងលំបាក។
៣៤ ជនជាតិអាម៉ូរីមិនឲ្យកុលសម្ព័ន្ធដាន់ចុះមករស់នៅវាលទំនាបឡើយ។ ដូច្នេះ កុលសម្ព័ន្ធដាន់ត្រូវតែរស់នៅក្នុងទឹកដីតំបន់ភ្នំបន្តទៀត។+ ៣៥ ជនជាតិអាម៉ូរីបានតាំងចិត្តរស់នៅភ្នំហេរែស ក្រុងអៃយ៉ាឡូន+ និងក្រុងស្អាលប៊ីមតទៅទៀត។+ ប៉ុន្តែ ពេលកូនចៅយ៉ូសែបមានអំណាចកាន់តែរឹងមាំ ពួកគេបង្ខំជនជាតិអាម៉ូរីឲ្យធ្វើការយ៉ាងលំបាក។ ៣៦ ទឹកដីរបស់ជនជាតិអាម៉ូរីលាតសន្ធឹងចាប់ពីអាក្រាប៊ីម+ និងពីសេឡាឡើងទៅដល់តំបន់ភ្នំ។