បណ្ដាស្ដេចទី១
៥ ហ៊ីរ៉ាមជាស្ដេចក្រុងទីរ៉ុស+ គាត់ជាមិត្តសម្លាញ់របស់ដាវីឌតាំងពីយូរមកហើយ។ ពេលគាត់បានឮថាសាឡូម៉ូនបានត្រូវតែងតាំងជាស្ដេចបន្ទាប់ពីដាវីឌ គាត់ក៏បានចាត់អ្នកបម្រើរបស់គាត់ឲ្យទៅជួបសាឡូម៉ូន។+ ២ សាឡូម៉ូនក៏បានផ្ញើសារទៅហ៊ីរ៉ាមថា៖+ ៣ «លោកបានជ្រាបហើយថាដាវីឌឪពុកខ្ញុំមិនអាចសង់វិហារសម្រាប់នាមព្រះយេហូវ៉ាជាព្រះរបស់គាត់ទេ ព្រោះមានសត្រូវពីគ្រប់ទិសទីធ្វើចម្បាំងនឹងគាត់ រហូតទាល់តែព្រះយេហូវ៉ាបានដាក់ពួកសត្រូវទាំងនោះនៅក្រោមបាតជើងរបស់គាត់។+ ៤ ប៉ុន្តែ ឥឡូវព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ បានឲ្យខ្ញុំមានសេចក្ដីសុខសាន្តនៅគ្រប់ទិសទី។+ គ្មានអ្នកណាម្នាក់ប្រឆាំងនឹងខ្ញុំទេ ហើយក៏គ្មានការអាក្រក់កើតឡើងដែរ។+ ៥ ដូច្នេះ ខ្ញុំមានបំណងសង់វិហារសម្រាប់នាមព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ដូចព្រះយេហូវ៉ាបានសន្យានឹងដាវីឌឪពុកខ្ញុំថា៖ ‹កូនប្រុសរបស់អ្នក ដែលខ្ញុំនឹងឲ្យអង្គុយលើបល្ល័ង្កអ្នក គាត់ជាអ្នកដែលនឹងសង់វិហារសម្រាប់នាមខ្ញុំ›។+ ៦ ឥឡូវ សូមបង្គាប់រាស្ដ្រលោកឲ្យកាត់ដើមស៊ីដារ*នៅតំបន់ភ្នំលីបង់+ឲ្យខ្ញុំ។ ពួកអ្នកបម្រើខ្ញុំនឹងធ្វើការជាមួយនឹងពួកអ្នកបម្រើលោក ហើយខ្ញុំនឹងបង់ថ្លៃឈ្នួលឲ្យពួកអ្នកបម្រើលោក តាមតម្លៃដែលលោកបានកំណត់ ព្រោះលោកជ្រាបហើយថាគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងចេះកាប់ឈើដូចពួកស៊ីដូនទេ»។+
៧ ពេលហ៊ីរ៉ាមឮពាក្យរបស់សាឡូម៉ូនហើយ គាត់ត្រេកអរជាខ្លាំង រួចនិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាបានទទួលការសរសើរតម្កើងនៅថ្ងៃនេះ ព្រោះលោកបានឲ្យដាវីឌមានកូនប្រុសម្នាក់ដែលប្រកបដោយប្រាជ្ញាឲ្យគ្រប់គ្រងលើរាស្ត្រដ៏ធំនេះ!»។+ ៨ ដូច្នេះ ហ៊ីរ៉ាមបានផ្ញើសារទៅសាឡូម៉ូនថា៖ «ខ្ញុំបានទទួលសារដែលលោកផ្ញើមកខ្ញុំហើយ។ ខ្ញុំនឹងផ្ដល់ឈើស៊ីដារនិងឈើយូនីពើ*តាមបំណងលោកទាំងអស់។+ ៩ ពួកអ្នកបម្រើរបស់ខ្ញុំនឹងយកឈើទាំងនោះចុះពីតំបន់ភ្នំលីបង់ទៅដល់សមុទ្រ ហើយចងជាក្បូនបណ្ដែតតាមសមុទ្រដល់កន្លែងដែលលោកបានកំណត់ឲ្យ។ នៅទីនោះ ខ្ញុំនឹងឲ្យគេស្រាយឈើទាំងនោះចេញពីគ្នា ដើម្បីឲ្យពួកលោកយកទៅបាន។ ឯលោកវិញ សូមផ្ដល់ស្បៀងអាហារដល់ពួកអ្នកផ្ទះខ្ញុំ ដូចដែលខ្ញុំបានស្នើនោះ»។+
១០ ដូច្នេះ ហ៊ីរ៉ាមបានផ្ដល់ឈើស៊ីដារនិងឈើយូនីពើតាមបំណងរបស់សាឡូម៉ូន។ ១១ បន្ទាប់មក សាឡូម៉ូនឲ្យហ៊ីរ៉ាមនូវស្រូវសាលី២០.០០០រង្វាល់* សម្រាប់ផ្គត់ផ្គង់ពួកអ្នកផ្ទះរបស់គាត់ ព្រមទាំងប្រេងអូលីវសម្រាំង២០រង្វាល់។* ម្ល៉ោះហើយ សាឡូម៉ូនឲ្យរបស់ទាំងនេះដល់ហ៊ីរ៉ាមរៀងរាល់ឆ្នាំ។+ ១២ ព្រះយេហូវ៉ាឲ្យប្រាជ្ញាដល់សាឡូម៉ូន ដូចលោកបានសន្យានឹងគាត់។+ នៅគ្រានោះមានសេចក្ដីសុខសាន្តរវាងហ៊ីរ៉ាមនិងសាឡូម៉ូន ហើយពួកគាត់ទាំងពីរនាក់បានចងសម្ព័ន្ធភាពនឹងគ្នា។
១៣ ស្ដេចសាឡូម៉ូនបានកែនបុរស៣០.០០០នាក់ពីបណ្ដាជនអ៊ីស្រាអែលមកធ្វើការឲ្យគាត់។+ ១៤ គាត់បានចាត់ពួកគេទៅតំបន់ភ្នំលីបង់តាមវេន គឺមួយខែ១០.០០០នាក់។ ពួកគេបានចំណាយពេលមួយខែធ្វើការនៅតំបន់ភ្នំលីបង់ ពីរខែស្នាក់នៅផ្ទះ។ ឯអាដូណាយរ៉ាម+គឺជាអ្នកត្រួតពិនិត្យលើពួកកំណែន។ ១៥ សាឡូម៉ូនមានកម្មករ៧០.០០០នាក់ និងអ្នកដាប់ថ្ម+នៅភ្នំ៨០.០០០នាក់។+ ១៦ ក្រៅពីនោះ ក៏មានពួកនាយក៣.៣០០នាក់+ធ្វើជាមេត្រួតពិនិត្យលើពួកអ្នកធ្វើការដែរ។ ១៧ ស្ដេចបានបង្គាប់ពួកគេឲ្យដាប់ថ្មធំៗជាថ្មមានតម្លៃ+ ដើម្បីធ្វើជាគ្រឹះ+វិហារ។+ ១៨ ដូច្នេះ ពួកអ្នកសាងសង់របស់សាឡូម៉ូន និងពួកអ្នកសាងសង់របស់ហ៊ីរ៉ាម ព្រមទាំងពួកកេបាល+ បានកាត់ថ្ម ហើយពួកគេបានរៀបចំឈើនិងថ្ម ត្រៀមទុកសម្រាប់សាងសង់វិហាររបស់ព្រះ។