ដើមកំណើត
១៧ ពេលអាប់រ៉ាមមានអាយុ៩៩ឆ្នាំ ព្រះយេហូវ៉ាបានលេចមកជួបគាត់ ហើយមានប្រសាសន៍ថា៖ «ខ្ញុំជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ចូរដើរតាមខ្ញុំ ហើយចូរធ្វើជាមនុស្សដែលគ្មានកំហុស។ ២ ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នក+ ហើយធ្វើឲ្យកូនចៅអ្នកមានចំនួនច្រើនក្រៃលែង»។+
៣ ក្រោយឮដូច្នេះ អាប់រ៉ាមបានក្រាបមុខដល់ដី។ រួចព្រះបានមានប្រសាសន៍បន្តទៀតថា៖ ៤ «ចំណែកខ្ញុំវិញ ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នកហើយ។+ អ្នកនឹងក្លាយទៅជាឪពុករបស់ប្រជាជាតិជាច្រើន។+ ៥ ឈ្មោះរបស់អ្នកលែងជាអាប់រ៉ាម*ទៀតហើយ តែអ្នកនឹងមានឈ្មោះថាអាប្រាហាំ*វិញ ព្រោះខ្ញុំនឹងធ្វើឲ្យអ្នកក្លាយទៅជាឪពុករបស់ប្រជាជាតិជាច្រើន។ ៦ ខ្ញុំនឹងធ្វើឲ្យអ្នកមានកូនចៅជាច្រើនអនេក ហើយពួកគេនឹងក្លាយទៅជាប្រជាជាតិនានា។ ឯបណ្ដាស្ដេច ក៏នឹងកើតចេញពីអ្នកដែរ។+
៧ «ខ្ញុំនឹងកាន់តាមកិច្ចព្រមព្រៀង ដែលខ្ញុំបានធ្វើជាមួយនឹងអ្នក+ ព្រមទាំងជាមួយនឹងកូនចៅ*របស់អ្នកនៅជំនាន់ក្រោយៗដែរ ព្រោះកិច្ចព្រមព្រៀងនេះនឹងនៅស្ថិតស្ថេរជារៀងរហូត។ ខ្ញុំនឹងធ្វើជាព្រះដល់អ្នកនិងដល់ពូជរបស់អ្នក។ ៨ ខ្ញុំនឹងឲ្យស្រុកកាណានទាំងមូលដល់អ្នកនិងកូនចៅអ្នកទុកជាមត៌កជាដរាបតទៅ គឺជាទឹកដីដែលអ្នកបានរស់នៅជាជនបរទេស។+ ខ្ញុំនឹងធ្វើជាព្រះរបស់កូនចៅអ្នក»។+
៩ ព្រះបានមានប្រសាសន៍បន្ថែមទៀតថា៖ «ឯអ្នកវិញ អ្នកត្រូវធ្វើតាមកិច្ចព្រមព្រៀងនេះ ហើយកូនចៅអ្នកក៏ត្រូវធ្វើតាមដែររហូតដល់ជំនាន់ក្រោយៗ។ ១០ នេះជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងអ្នក ដែលអ្នកនិងកូនចៅអ្នកត្រូវធ្វើតាមជានិច្ច គឺថាប្រុសៗទាំងអស់ក្នុងក្រុមគ្រួសារអ្នក ត្រូវកាត់ចុងស្បែក។*+ ១១ អ្នកត្រូវកាត់ចុងស្បែករបស់អ្នក ហើយនេះជាសញ្ញាសម្គាល់នៃកិច្ចព្រមព្រៀងរវាងខ្ញុំនិងអ្នក។+ ១២ កូនចៅទាំងអស់របស់អ្នកគ្រប់ជំនាន់ត្រូវកាត់ចុងស្បែក គឺកូនប្រុសទាំងប៉ុន្មានដែលមានអាយុ៨ថ្ងៃ+ និងអស់អ្នកដែលកើតក្នុងក្រុមគ្រួសារអ្នកដែលមិនមែនជាកូនចៅអ្នក និងពួកអ្នកដែលអ្នកបានទិញពីជនបរទេសផងដែរ។ ១៣ គ្រប់ទាំងប្រុសៗដែលកើតក្នុងគ្រួសារអ្នក រួមទាំងប្រុសៗដែលអ្នកបានទិញក៏ត្រូវកាត់ចុងស្បែកដែរ។+ ការកាត់ចុងស្បែកនេះជាសញ្ញាសម្គាល់នៃកិច្ចព្រមព្រៀងដែលនឹងស្ថិតស្ថេរជាដរាប។ ១៤ បើបុរសណាមិនកាត់ចុងស្បែក បុរសនោះនឹងត្រូវកាត់ចេញ*ពីចំណោមបណ្ដាជន ព្រោះគាត់បានបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំហើយ»។
១៥ បន្ទាប់មក ព្រះបានមានប្រសាសន៍ទៅអាប្រាហាំថា៖ «ឯសារ៉ាយ*ប្រពន្ធអ្នកវិញ+ អ្នកមិនត្រូវហៅនាងថាសារ៉ាយទៀតទេ ព្រោះនាងនឹងមានឈ្មោះថាសារ៉ា*វិញ។ ១៦ ខ្ញុំនឹងឲ្យពរនាង ហើយនាងនឹងបង្កើតកូនប្រុសមួយឲ្យអ្នក។+ ខ្ញុំនឹងឲ្យពរនាង ហើយនាងនឹងបង្កើតប្រជាជាតិនានា។ ឯបណ្ដាស្ដេចក៏កើតចេញពីនាងដែរ»។ ១៧ ពេលឮដូច្នោះ អាប្រាហាំបានក្រាបមុខដល់ដី ហើយនឹកអស់សំណើចក្នុងចិត្តថា៖+ «តើបុរសអាយុ១០០ឆ្នាំអាចមានកូនឬ? តើសារ៉ាជាស្ត្រីអាយុ៩០ឆ្នាំនឹងសម្រាលកូនបានដែរឬ?»។+
១៨ ដូច្នេះ អាប្រាហាំបាននិយាយទៅកាន់ព្រះពិតថា៖ «សូមលោកមេត្តាឲ្យពរដល់អ៊ីសម៉ាអែលផង!»។+ ១៩ ព្រះបានតបទៅវិញថា៖ «សារ៉ាប្រពន្ធអ្នកពិតជានឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថាអ៊ីសាក។*+ ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ៊ីសាកនិងកូនចៅគាត់ជារៀងដរាបតទៅ។+ ២០ ឯអ៊ីសម៉ាអែលវិញ ខ្ញុំបានឮសំណូមពររបស់អ្នកស្ដីអំពីគាត់ហើយ។ មើល! ខ្ញុំនឹងឲ្យពរគាត់ ហើយធ្វើឲ្យគាត់មានកូនចៅច្រើនសន្ធឹក។ គាត់នឹងបង្កើតមេដឹកនាំ១២នាក់។ ខ្ញុំនឹងធ្វើឲ្យគាត់ក្លាយទៅជាប្រជាជាតិដ៏ធំមួយ។+ ២១ ប៉ុន្តែ ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ៊ីសាក+ ជាកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយវេលានេះ»។+
២២ លុះព្រះមានប្រសាសន៍ជាមួយនឹងអាប្រាហាំរួច លោកក៏ចាកចេញទៅ។ ២៣ នៅថ្ងៃនោះ អាប្រាហាំបានធ្វើតាមបង្គាប់ព្រះ គឺគាត់បានកាត់ចុងស្បែកឲ្យអ៊ីសម៉ាអែល ពួកបុរសទាំងអស់ដែលកើតក្នុងក្រុមគ្រួសារគាត់ និងពួកអ្នកដែលគាត់បានទិញ ព្រមទាំងប្រុសៗទាំងអស់នៅក្នុងក្រុមគ្រួសារគាត់។+ ២៤ អាប្រាហាំបានត្រូវកាត់ចុងស្បែក ក្នុងកាលដែលគាត់មានអាយុ៩៩ឆ្នាំ។+ ២៥ ឯអ៊ីសម៉ាអែលវិញ គាត់បានត្រូវកាត់ចុងស្បែកពេលគាត់មានអាយុ១៣ឆ្នាំ។+ ២៦ នៅថ្ងៃនោះឯង អាប្រាហាំនិងអ៊ីសម៉ាអែលបានត្រូវកាត់ចុងស្បែក។ ២៧ បន្ថែមទៅទៀត ពួកបុរសទាំងអស់ក្នុងក្រុមគ្រួសារគាត់ និងអស់អ្នកដែលកើតក្នុងក្រុមគ្រួសារគាត់ ព្រមទាំងពួកអ្នកដែលគាត់បានទិញពីជនបរទេស ក៏បានត្រូវកាត់ចុងស្បែកដែរ។