ដានីយ៉ែល
៧ នៅឆ្នាំទី១ក្នុងរាជ្យបេលសាសារ+ស្ដេចស្រុកបាប៊ីឡូន កាលដានីយ៉ែលកំពុងសម្រាន្តនៅលើគ្រែ គាត់បានយល់សប្ដិនិងទទួលការបើកបង្ហាញពីព្រះ។+ បន្ទាប់មក គាត់បានកត់ទុកកំណត់ហេតុទាំងមូលនៃសុបិនរបស់គាត់។+ ២ ដានីយ៉ែលបានរៀបរាប់ថា៖
«នៅពេលយប់ ខ្ញុំបានទទួលការបើកបង្ហាញពីព្រះ ហើយខ្ញុំឃើញខ្យល់ពីទិសទាំងបួនបក់បោកទៅលើសមុទ្រធំធេង ធ្វើឲ្យកក្រើករំពើកជាខ្លាំង។+ ៣ ខណៈនោះ ស្រាប់តែមានសត្វធំសម្បើមបួនក្បាល+ចេញពីសមុទ្រមក ហើយសត្វទាំងនោះមានរូបរាងខុសប្លែកពីគ្នា។
៤ «សត្វធំសម្បើមទី១មានរូបរាងដូចតោ+ ហើយមានស្លាបដូចឥន្ទ្រី។+ ពេលខ្ញុំកំពុងសម្លឹងមើល ខ្ញុំឃើញស្លាបរបស់វាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ឲ្យឈរជើងពីរដូចជាមនុស្ស ថែមទាំងឲ្យមានចិត្តជាមនុស្សផងដែរ។
៥ «ឯសត្វធំសម្បើមទី២វិញ មើលទៅវាដូចជាខ្លាឃ្មុំ+ ជើងម្ខាងរបស់វាបានត្រូវលើកឡើង ហើយវាពាំឆ្អឹងជំនីរបីក្នុងមាត់។ រួចមានឮសំឡេងបញ្ជាវាថា៖ ‹ចូរក្រោកឡើង ស៊ីសាច់ឲ្យច្រើនទៅ›។+
៦ «បន្ទាប់មក ខ្ញុំឃើញសត្វធំសម្បើមទី៣ មានរូបរាងដូចខ្លារខិន។+ វាមានក្បាលបួន+ ហើយលើខ្នងវាមានស្លាបបួនដូចជាស្លាបបក្សី។ វាបានទទួលអំណាចដើម្បីគ្រប់គ្រង។
៧ «ក្នុងការបើកបង្ហាញដែលខ្ញុំឃើញក្នុងគំនិតនោះ ខ្ញុំក៏ឃើញសត្វធំសម្បើមទី៤ មានរូបរាងគួរឲ្យស្ញែងខ្លាច។ វាមានកម្លាំងខ្លាំងក្លាក្រៃលែង និងមានធ្មេញដែកធំៗ ហើយមានស្នែង១០។ វាកំពុងត្របាក់ស៊ីកម្ទេច ថែមទាំងជាន់ឈ្លីអ្វីដែលនៅសេសសល់។+ សត្វនោះខុសប្លែកពីសត្វមុនៗ។ ៨ ពេលខ្ញុំកំពុងសង្កេតមើលស្នែងវា ស្រាប់តែឃើញមានស្នែងតូចមួយ+ដុះឡើង ហើយស្នែងបីមុនបានត្រូវដកចេញពីវា។ មើល! ស្នែងតូចនោះមានភ្នែកដូចជាភ្នែកមនុស្ស ថែមទាំងមានមាត់កំពុងពោលយ៉ាងក្រអឺត។+
៩ «ខ្ញុំបន្តសម្លឹងមើល រហូតដល់ឃើញបល្ល័ង្កនានាត្រូវតាំងឡើង ហើយខ្ញុំឃើញព្រះដែលមានជីវិតតាំងពីបុរាណ+អង្គុយលើបល្ល័ង្កលោក។+ សម្លៀកបំពាក់លោកពណ៌សស្គុសដូចព្រឹល+ ហើយសក់របស់លោកសស្អាតដូចរោមចៀម។ បល្ល័ង្កលោកជាអណ្ដាតភ្លើង ហើយកង់បល្ល័ង្កនោះជាភ្លើងឆេះសន្ធោសន្ធៅ។+ ១០ រួចខ្ញុំឃើញភ្លើងហូរចេញពីលោកមក+ ហើយមានទេវតា១.០០០រូបគុណនឹង១.០០០រូប កំពុងបម្រើលោក ថែមទាំងមានទេវតា១០.០០០រូបគុណនឹង១០.០០០រូប កំពុងឈរនៅចំពោះលោក។+ ពេលនោះ មានការបើកសវនាការ+ ហើយសៀវភៅផ្សេងៗក៏បានត្រូវបើកឡើង។
១១ «ខណៈនោះ ខ្ញុំនៅសម្លឹងមើលនៅឡើយ ព្រោះឮសំឡេងពីស្នែងតូចនោះពោលដោយអំណួត។+ ខ្ញុំមើលរហូតដល់ឃើញសត្វធំសម្បើមត្រូវសម្លាប់ ហើយសពវាត្រូវបោះទៅក្នុងភ្លើងឲ្យឆេះខ្ទេចខ្ទីអស់។ ១២ រីឯសត្វធំសម្បើមផ្សេងទៀត+ អំណាចគ្រប់គ្រងបានត្រូវដកហូតចេញពីពួកវា ហើយទុកឲ្យពួកវាមានជីវិតមួយរយៈពេលនិងមួយរដូវកាល។
១៣ «ក្នុងការបើកបង្ហាញដែលខ្ញុំឃើញក្នុងគំនិតនៅយប់នោះ ខ្ញុំឃើញបុគ្គលម្នាក់ដូចជាកូនមនុស្ស+ កំពុងមកជាមួយនឹងពពកនៅលើមេឃ។ គាត់បានទទួលការអនុញ្ញាតឲ្យចូលទៅឯព្រះដែលមានជីវិតតាំងពីបុរាណ+ ហើយគេក៏នាំគាត់ចូលទៅខាងមុខលោក។ ១៤ គាត់បានទទួលអំណាចគ្រប់គ្រង+ កិត្តិយស+ និងរាជាណាចក្រមួយ។ ហេតុនេះ មនុស្សទាំងអស់ដែលមកពីគ្រប់ជាតិសាសន៍គ្រប់ភាសាត្រូវបម្រើគាត់។+ អំណាចគ្រប់គ្រងរបស់គាត់នឹងមិនសាបសូន្យទេ គឺនៅស្ថិតស្ថេរជារៀងរហូត ហើយរាជាណាចក្ររបស់គាត់នឹងមិនត្រូវបំផ្លាញឡើយ។+
១៥ «ចំណែកខ្ញុំដានីយ៉ែលវិញ ការបើកបង្ហាញដែលខ្ញុំឃើញក្នុងគំនិតនោះ បានធ្វើឲ្យខ្ញុំព្រួយបារម្ភក្នុងចិត្ត ហើយភ័យតក់ស្លុតជាខ្លាំង។+ ១៦ ខ្ញុំក៏បានចូលទៅក្បែរពួកអ្នកដែលកំពុងឈរនៅទីនោះ ហើយសួរបុគ្គលម្នាក់អំពីអត្ថន័យនៃការបើកបង្ហាញនោះ។ គាត់ក៏តបមកខ្ញុំ ហើយពន្យល់អត្ថន័យដល់ខ្ញុំដូចតទៅ៖
១៧ «‹សត្វធំសម្បើមទាំងបួននោះជាតំណាងស្ដេចបួនរូប+ ដែលនឹងឡើងគ្រងរាជ្យនៅផែនដី។*+ ១៨ ឯពួកអ្នកបរិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ពួកគេនឹងទទួលរាជាណាចក្រ+ ហើយរាជាណាចក្រនោះនឹងក្លាយទៅជារបស់ពួកគេ+ជារៀងរហូត›។
១៩ «បន្ទាប់មក ខ្ញុំក៏សួរថែមទៀតដើម្បីឲ្យដឹងច្បាស់អំពីសត្វធំសម្បើមទី៤ ដែលខុសប្លែកពីសត្វមុនៗ។ វាមានរូបរាងគួរឲ្យស្ញែងខ្លាច ហើយមានធ្មេញដែកធំៗនិងក្រញាំស្ពាន់ វាកំពុងត្របាក់ស៊ីកម្ទេច ថែមទាំងជាន់ឈ្លីអ្វីដែលនៅសេសសល់។+ ២០ រួចខ្ញុំក៏សួរថែមទៀតអំពីស្នែង១០+នៅលើក្បាលវា និងអំពីស្នែងមួយទៀតដែលដុះឡើង បណ្ដាលឲ្យស្នែង៣ធ្លាក់ចុះ។+ ស្នែងមួយនោះមានភ្នែកនិងមាត់ដែលពោលដោយអំណួត ហើយមើលទៅធំជាងស្នែងឯទៀត។
២១ «កាលខ្ញុំកំពុងសម្លឹងមើល ខ្ញុំឃើញស្នែងនោះច្បាំងនឹងពួកអ្នកបរិសុទ្ធ ហើយវាមានប្រៀបលើពួកគេ+ ២២ រហូតដល់ព្រះដែលមានជីវិតតាំងពីបុរាណ+បានមក ហើយកាត់ក្ដីគាំទ្រខាងពួកអ្នកបរិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។+ ពេលនោះ គ្រាកំណត់ដែលពួកអ្នកបរិសុទ្ធត្រូវទទួលរាជាណាចក្រជាមត៌ក ក៏បានមកដល់។+
២៣ «បុរសនោះបានឆ្លើយមកខ្ញុំថា៖ ‹សត្វធំសម្បើមទី៤ជាតំណាងរាជាណាចក្រទី៤ដែលនឹងគ្រប់គ្រងនៅផែនដី។ រាជាណាចក្រនោះនឹងខុសប្លែកពីរាជាណាចក្រទាំងឡាយ ហើយរាជាណាចក្រនោះនឹងវាយប្រហារ ជាន់ឈ្លី ហើយកម្ទេចផែនដីទាំងមូល។+ ២៤ រីឯស្នែង១០វិញ ជាតំណាងស្ដេច១០រូបដែលនឹងលេចចេញពីរាជាណាចក្រនោះ។ រួចស្ដេចមួយរូបទៀតនឹងលេចមក តែស្ដេចនោះខុសប្លែកពីស្ដេចមុនៗ ហើយស្ដេចនោះនឹងបង្ក្រាបស្ដេចបីរូប។+ ២៥ ស្ដេចនោះនឹងនិយាយប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយតែងតែធ្វើទុក្ខដល់ពួកអ្នកបរិសុទ្ធរបស់ព្រះដ៏ឧត្តុង្គឧត្តម។ ស្ដេចនោះប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់និងច្បាប់ ហើយពួកអ្នកបរិសុទ្ធនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃគាត់ អស់រយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។*+ ២៦ បន្ទាប់មក មានការបើកសវនាការ ហើយគេបានដកហូតអំណាចគ្រប់គ្រងរបស់ស្ដេចនោះ រួចបំផ្លាញគាត់ឲ្យវិនាសសាបសូន្យទៅ។+
២៧ «‹ក្រោយនោះ រាជាណាចក្រ អំណាចគ្រប់គ្រង និងភាពរុងរឿងនៃរាជាណាចក្រទាំងឡាយដែលនៅក្រោមមេឃ បានត្រូវប្រគល់ដល់ពួកអ្នកបរិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។+ រាជាណាចក្ររបស់ពួកគេនឹងស្ថិតស្ថេរជាដរាប+ ហើយរដ្ឋាភិបាលទាំងអស់នឹងស្ដាប់បង្គាប់ ហើយចុះចូលបម្រើពួកគេ›។
២៨ «សេចក្ដីនោះចប់តែប៉ុណ្ណេះ។ ខ្ញុំដានីយ៉ែលបានភ័យតក់ស្លុតជាខ្លាំង ហើយមានទឹកមុខស្លេកស្លាំង។ ប៉ុន្តែ ខ្ញុំបានរក្សារឿងនោះទុកក្នុងចិត្ត»។