ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម
៣ បើដូច្នេះ តើជនជាតិយូដាប្រសើរជាងអ្នកឯទៀតត្រង់ណា? ឬតើការកាត់ចុងស្បែក*មានប្រយោជន៍អ្វី? ២ គឺមានប្រយោជន៍ច្រើនលើសលប់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ មុនដំបូង ប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះបានត្រូវផ្ញើទុកនឹងពួកគេ។+ ៣ ចុះប្រសិនបើពួកគេគ្មានជំនឿ តើរឿងនេះទៅជាយ៉ាងណាវិញ? តើការដែលពួកគេគ្មានជំនឿធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះមិនកើតការឬ? ៤ ច្បាស់ជាមិនមែនទេ! ទោះជាមនុស្សទាំងអស់ជាអ្នកភូតភរក៏ដោយ+ តែព្រះពិតត្រង់ជានិច្ច+ ដូចបទគម្ពីរចែងថា៖ «ប្រសាសន៍របស់លោកសឲ្យឃើញថាលោកគឺសុចរិត ហើយពេលត្រូវគេវិនិច្ឆ័យ លោកនឹងឈ្នះក្ដី»។+ ៥ ក៏ប៉ុន្តែ ប្រសិនបើភាពមិនសុចរិតរបស់យើងធ្វើឲ្យសេចក្ដីសុចរិតរបស់ព្រះលេចធ្លោ តើយើងត្រូវនិយាយយ៉ាងណា? តើព្រះអយុត្តិធម៌ឬ ពេលលោកដាក់ទោសយើង? (ខ្ញុំកំពុងនិយាយដូចមនុស្សទូទៅ)។ ៦ មិនអាចទៅរួចទេ! បើព្រះអយុត្តិធម៌ តើព្រះអាចវិនិច្ឆ័យពិភពលោកយ៉ាងដូចម្ដេចបាន?+
៧ ប៉ុន្តែ បើពាក្យកុហករបស់ខ្ញុំបានធ្វើឲ្យសេចក្ដីពិតរបស់ព្រះលេចធ្លោជាងមុន ដើម្បីឲ្យលោកទទួលការលើកតម្កើង ចុះហេតុអ្វីបានជាខ្ញុំត្រូវគេវិនិច្ឆ័យថាជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង? ៨ ចុះម្ដេចក៏មិននិយាយថា៖ «ចូរយើងនាំគ្នាប្រព្រឹត្តការអាក្រក់ទៅ ដើម្បីឲ្យកើតការល្អ» ដូចដែលអ្នកខ្លះចោទប្រកាន់មិនពិតថាយើងបាននិយាយដូច្នោះ? អ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសស្របទៅតាមយុត្តិធម៌។+
៩ បើដូច្នេះ តើស្ថានភាពរបស់យើងប្រសើរជាងពួកគេឬទេ? គឺមិនដូច្នោះទេ! ព្រោះដូចដែលយើងបានលើកបញ្ជាក់រួចហើយថា ទាំងពួកយូដា ទាំងពួកក្រិចនៅក្រោមអំណាចនៃភាពខុសឆ្គង+ ១០ ដូចបទគម្ពីរចែងថា៖ «គ្មានមនុស្សណាម្នាក់សុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង។+ ១១ គ្មានអ្នកណាមានសមត្ថភាពយល់ធ្លុះជ្រៅទេ ហើយក៏គ្មានអ្នកណាស្វែងរកព្រះដែរ។ ១២ មនុស្សទាំងអស់បានបែរចេញ ពួកគេទាំងអស់គ្នាបានទៅជាឥតប្រយោជន៍ គ្មានអ្នកណាបង្ហាញសេចក្ដីសប្បុរសទេ សូម្បីតែម្នាក់ក៏គ្មានផង»។+ ១៣ «បំពង់ករបស់ពួកគេគឺដូចជាផ្នូរដែលនៅចំហ។ អណ្ដាតរបស់ពួកគេពោលពាក្យបោកបញ្ឆោត»។+ «ក្នុងមាត់របស់ពួកគេ មានសុទ្ធតែពិសរបស់ពស់វែក»។+ ១៤ «ហើយមាត់របស់ពួកគេពោរពេញទៅដោយពាក្យជេរប្រមាថ និងសម្ដីជូរចត់»។+ ១៥ «ជើងរបស់ពួកគេរហ័សទៅសម្លាប់អ្នកឯទៀត»។*+ ១៦ «គ្រប់ទាំងផ្លូវរបស់ពួកគេពេញទៅដោយអន្តរាយនិងទុក្ខលំបាក ១៧ ហើយពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីសុខសាន្តទេ»។+ ១៨ «ពួកគេមិនកោតខ្លាចព្រះសោះ»។+
១៩ យើងដឹងហើយថា អ្វីៗទាំងអស់ដែលច្បាប់ចែង នោះគឺចែងសម្រាប់ពួកអ្នកដែលនៅក្រោមច្បាប់ ដើម្បីបំបិទមាត់ទាំងអស់ និងដើម្បីឲ្យពិភពលោកទាំងមូលសមនឹងទទួលទោសពីព្រះ។+ ២០ ដូច្នេះ គ្មានអ្នកណាអាចត្រូវលោកប្រកាសថាជាមនុស្សសុចរិត ដោយអាងលើការប្រព្រឹត្តតាមច្បាប់ឡើយ+ ព្រោះច្បាប់ធ្វើឲ្យយើងយល់ច្បាស់អំពីភាពខុសឆ្គង។+
២១ ប៉ុន្តែ ឥឡូវដោយមិនអាងលើច្បាប់ ខ្នាតតម្រារបស់ព្រះស្ដីអំពីអ្វីដែលសុចរិតបានត្រូវបង្ហាញឲ្យឃើញ+ ដូចដែលច្បាប់និងពួកអ្នកប្រកាសទំនាយបានធ្វើជាសាក្សីបញ្ជាក់។+ ២២ ព្រះប្រកាសថាអ្នកណាម្នាក់គឺជាមនុស្សសុចរិត ដោយសារជំនឿរបស់អ្នកនោះលើលោកយេស៊ូគ្រិស្ត ហើយនេះគឺសម្រាប់អស់អ្នកដែលមានជំនឿ។ ព្រោះមនុស្សទាំងអស់មិនខុសពីគ្នាឡើយ+ ២៣ ដោយសារគ្រប់គ្នាធ្លាប់ធ្វើខុស ហើយមិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះទេ។+ ២៤ ប៉ុន្តែ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ+ លោកបានធ្វើអំណោយទាន+ដោយប្រកាសថាពួកគេគឺជាមនុស្សសុចរិត តាមរយៈការរំដោះដោយថ្លៃលោះដែលគ្រិស្តយេស៊ូបានបង់។+ ២៥ ព្រះបានឲ្យគ្រិស្តជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងលោក+ តាមរយៈជំនឿលើឈាមរបស់គ្រិស្ត។+ ព្រះបានធ្វើដូច្នេះ ដើម្បីបង្ហាញពីសេចក្ដីសុចរិតរបស់លោក ពីព្រោះលោកទ្រាំសង្កត់ចិត្ត ហើយបានអភ័យទោសចំពោះការខុសឆ្គងដែលកើតមាននៅអតីតកាល។ ២៦ នេះក៏ដើម្បីបង្ហាញសេចក្ដីសុចរិតរបស់លោក+នៅគ្រានេះដែរ ដើម្បីឲ្យលោកសុចរិត សូម្បីតែពេលដែលលោកប្រកាសថា អ្នកដែលមានជំនឿលើលោកយេស៊ូគឺជាមនុស្សសុចរិត។+
២៧ បើដូច្នេះ តើមានហេតុឲ្យអួតអាងឬទេ? គ្មានទាល់តែសោះ។ តើច្បាប់អ្វីដែលរារាំងមិនឲ្យអួតអាង? តើដោយសារច្បាប់នៃការប្រព្រឹត្តឬ?+ មិនមែនទេ គឺដោយសារច្បាប់នៃជំនឿ។ ២៨ ព្រោះយើងយល់ឃើញថាមនុស្សម្នាក់នឹងត្រូវប្រកាសថាសុចរិតដោយសារជំនឿ មិនមែនដោយអាងលើច្បាប់ទេ។+ ២៩ ឬតើលោកជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះឬ?+ តើលោកមិនមែនជាព្រះរបស់ជនជាតិដទៃដែរទេឬ?+ លោកក៏ជាព្រះរបស់ជនជាតិដទៃដែរ។+ ៣០ ដោយសារព្រះពិតមានតែមួយ+ លោកនឹងប្រកាសថាមនុស្សដែលបានទទួលការកាត់ចុងស្បែក គឺជាមនុស្សសុចរិត+ដោយសារជំនឿរបស់ពួកគេ ហើយក៏ប្រកាសថាមនុស្សដែលមិនបានទទួលការកាត់ចុងស្បែក គឺជាមនុស្សសុចរិត+ដោយសារជំនឿរបស់ពួកគេដែរ។ ៣១ បើដូច្នេះ តើយើងលុបច្បាប់ចោលតាមរយៈជំនឿរបស់យើងឬ? មិនអាចទៅរួចទេ! ផ្ទុយទៅវិញ យើងពង្រឹងច្បាប់។+