ដើមកំណើត
២ យ៉ាងនេះ ព្រះបានបង្កើតអ្វីៗទាំងអស់នៅលើមេឃនិងផែនដីរួចរាល់។+ ២ នៅថ្ងៃទី៧ ព្រះបានសម្រេចកិច្ចការដែលលោកបានធ្វើចប់សព្វគ្រប់ ហើយនៅថ្ងៃនោះលោកបានសម្រាកពីកិច្ចការទាំងអស់។+ ៣ ព្រះក៏បានឲ្យពរដល់ថ្ងៃទី៧ ហើយកំណត់ថ្ងៃនោះទុកជាថ្ងៃពិសិដ្ឋ ព្រោះនៅថ្ងៃនោះ លោកបានសម្រាកពីកិច្ចការបង្កើត គឺជាកិច្ចការទាំងអស់ដែលលោកមានបំណងធ្វើ។
៤ នេះជាកំណត់ហេតុអំពីដើមកំណើតមេឃនិងផែនដីក្នុងកាលដែលបានត្រូវបង្កើត គឺជាគ្រា*ដែលព្រះយេហូវ៉ា*បានបង្កើតមេឃនិងផែនដី។+
៥ នៅផែនដីមិនទាន់មានរុក្ខជាតិណាឡើយ ពីព្រោះព្រះយេហូវ៉ាមិនទាន់ធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដី ហើយក៏គ្មានអ្នកដាំដុះថែទាំដែរ។ ៦ ប៉ុន្តែ ព្រះបានធ្វើឲ្យចំហាយទឹកចេញពីផែនដី មកស្រោចស្រពលើផ្ទៃផែនដីវិញ។
៧ ព្រះយេហូវ៉ាបានយកដីមកសូនធ្វើជាមនុស្សម្នាក់+ ហើយផ្លុំដង្ហើមជីវិតចូលទៅក្នុងរន្ធច្រមុះគាត់។+ ពេលនោះ គាត់ក៏មានជីវិត*ឡើង។+ ៨ បន្ថែមទៅទៀត ព្រះយេហូវ៉ាបានធ្វើសួនមួយក្នុងតំបន់អេដែន+នៅភាគខាងកើត ហើយលោកបានដាក់បុរសដែលលោកបានបង្កើតឲ្យនៅទីនោះ។+ ៩ បន្ទាប់មក ព្រះយេហូវ៉ាបានដាំដើមឈើស្អាតៗគ្រប់ប្រភេទ និងមានផលផ្លែអាចបរិភោគបាន។ ឯនៅកណ្ដាលសួនវិញ ព្រះបានដាំដើមឈើដែលផ្ដល់ជីវិត+ និងដើមឈើដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់។+
១០ នៅអេដែន មានប្រភពទឹកមួយហូរមកស្រោចស្រពសួននោះ ហើយក៏បែកចេញទៅជាទន្លេបួន។ ១១ ទន្លេទី១ឈ្មោះពីសុន។ ទន្លេនោះហូរព័ទ្ធជុំវិញស្រុកហាវីឡា ជាតំបន់ដែលមានមាស។ ១២ មាសនៅទឹកដីនោះជាមាសល្អ ហើយនៅទីនោះក៏សម្បូរជ័រក្រអូបដេលាម និងត្បូងអូនីក្សផងដែរ។ ១៣ ទន្លេទី២ឈ្មោះគីហុន។ ទន្លេនោះហូរព័ទ្ធជុំវិញស្រុកគូស។ ១៤ ទន្លេទី៣ឈ្មោះហ៊ីដេកែល។*+ ទន្លេនោះហូរទៅភាគខាងកើតស្រុកអាស៊ីរី+ ហើយទន្លេទី៤ឈ្មោះអឺប្រាត។+
១៥ ព្រះយេហូវ៉ាបានដាក់បុរសនោះឲ្យរស់នៅក្នុងសួនអេដែន ដើម្បីគាត់អាចធ្វើការដាំដុះនិងថែទាំសួននោះ។+ ១៦ រួចមក ព្រះយេហូវ៉ាបានបង្គាប់គាត់ថា៖ «អ្នកអាចបរិភោគផ្លែពីដើមឈើទាំងអស់ក្នុងសួននេះបានតាមចិត្ត។+ ១៧ ប៉ុន្តែ អ្នកមិនត្រូវបរិភោគផ្លែពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ព្រោះនៅថ្ងៃណាដែលអ្នកបរិភោគ អ្នកនឹងស្លាប់ជាមិនខាន»។+
១៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «គឺមិនល្អទេ ដែលបុរសនេះនៅតែម្នាក់ឯង។ ខ្ញុំនឹងបង្កើត*ជំនួយម្នាក់ដែលសមនឹងគាត់»។*+ ១៩ នៅគ្រានោះ ព្រះយេហូវ៉ាបានយកដីមកសូនធ្វើជាសត្វព្រៃទាំងឡាយ និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ រួចមក លោកនាំយកសត្វទាំងនោះទៅឲ្យបុរសនោះមើលថាគួរដាក់ឈ្មោះអ្វី។ ឯឈ្មោះសត្វណាដែលបុរសនោះបានដាក់ឲ្យ សត្វនោះក៏មានឈ្មោះនោះទៅ។+ ២០ ដូច្នេះ បុរសនោះបានដាក់ឈ្មោះឲ្យសត្វព្រៃសត្វស្រុក និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ ប៉ុន្តែ បុរសនោះគ្មានជំនួយជាគូបង្គ្រប់គាត់ទេ។ ២១ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានធ្វើឲ្យបុរសនោះដេកលក់ស៊ប់ទៅ ហើយលោកដកយកឆ្អឹងជំនីរមួយរបស់គាត់ រួចភ្ជិតសាច់គាត់ទៅវិញ។ ២២ ព្រះយេហូវ៉ាបានយកឆ្អឹងជំនីរនោះមកធ្វើជាស្ត្រីម្នាក់ រួចនាំនាងទៅប្រគល់ឲ្យបុរសនោះ។+
២៣ បន្ទាប់មក បុរសនោះបាននិយាយថា៖
«នេះហើយជាឆ្អឹងពីឆ្អឹងខ្ញុំ ជាសាច់ពីសាច់ខ្ញុំ។
ដូច្នេះ អ្នកនេះនឹងត្រូវហៅថាស្ត្រី ព្រោះបានត្រូវយកចេញពីបុរសមក»។+
២៤ ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ។+ ២៥ នៅពេលនោះ ពួកគេទាំងពីរនាក់នៅខ្លួនទទេ+ គឺបុរសនោះនិងប្រពន្ធគាត់។ ប៉ុន្តែ ពួកគេគ្មានសេចក្ដីអៀនខ្មាសឡើយ។