ដំណើរចាកចេញ
១៩ នៅខែទី៣ ក្រោយពីបណ្ដាជនអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប ពួកគេបានធ្វើដំណើរទៅដល់តំបន់ស្ងាត់ជ្រងំស៊ីណាយ ២ គឺនៅថ្ងៃដូចគ្នាដែលពួកគេចាកចេញពីរេផិឌីម។+ ពេលពួកគេមកដល់តំបន់ស្ងាត់ជ្រងំនោះ ពួកគេបានបោះជំរំនៅទល់មុខភ្នំស៊ីណាយ។+
៣ បន្ទាប់មក ម៉ូសេបានឡើងទៅឯព្រះពិត។ រួចព្រះយេហូវ៉ាបានមានប្រសាសន៍ពីលើភ្នំ+ទៅម៉ូសេថា៖ «ចូរអ្នកទៅប្រាប់ពូជពង្សយ៉ាកុបដែលជាប្រជាជាតិអ៊ីស្រាអែលថា៖ ៤ ‹អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែករួចហើយនូវអ្វីដែលខ្ញុំបានធ្វើទៅលើជនជាតិអេហ្ស៊ីប+ ដើម្បីនាំអ្នករាល់គ្នាមកឯខ្ញុំ ដូចជាសត្វឥន្ទ្រីទ្រកូននៅលើស្លាប។+ ៥ ដូច្នេះ បើអ្នករាល់គ្នាកាន់តាមកិច្ចព្រមព្រៀងរបស់ខ្ញុំ ហើយធ្វើតាមបង្គាប់របស់ខ្ញុំឲ្យបានដិតដល់ នោះអ្នករាល់គ្នានឹងក្លាយទៅជាទ្រព្យវិសេសរបស់ខ្ញុំ ពោលគឺប្រជារាស្ត្រដែលខ្ញុំបានជ្រើសរើសពីប្រជាជាតិទាំងឡាយ+ ព្រោះផែនដីទាំងមូលជារបស់ខ្ញុំ។+ ៦ អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយដែលមានសង្ឃគ្រប់គ្រងជាស្ដេច និងទៅជាប្រជាជាតិបរិសុទ្ធរបស់ខ្ញុំ›។+ ពាក្យទាំងនេះហើយដែលអ្នកត្រូវប្រាប់ដល់បណ្ដាជនអ៊ីស្រាអែល»។
៧ ដូច្នេះ ម៉ូសេបានទៅអញ្ជើញពួកបុរសចាស់ទុំឲ្យមកជួបជុំគ្នា រួចគាត់ប្រាប់ពួកគេនូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា។+ ៨ ក្រោយពីស្ដាប់រួច បណ្ដាជនទាំងអស់បានឆ្លើយស្រុះគ្នាថា៖ «ពួកយើងព្រមធ្វើតាមប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា»។+ ភ្លាមនោះ ម៉ូសេក៏នាំពាក្យរបស់ពួកគេទៅជម្រាបព្រះយេហូវ៉ាវិញ។ ៩ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «មើល! ខ្ញុំនឹងមកឯអ្នក ហើយនិយាយមកកាន់អ្នកពីពពកក្រាស់ ដើម្បីឲ្យបណ្ដាជនឮសំឡេងខ្ញុំដែរ។ យ៉ាងនេះ ពួកគេអាចជឿជាក់លើអ្នកជានិច្ច»។ បន្ទាប់មក ម៉ូសេបានជម្រាបព្រះយេហូវ៉ានូវពាក្យសម្ដីរបស់បណ្ដាជន។
១០ ក្រោយនោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរទៅឯបណ្ដាជន រួចញែកពួកគេជាបរិសុទ្ធនៅថ្ងៃនេះនិងថ្ងៃស្អែក ហើយត្រូវឲ្យពួកគេបោកសម្លៀកបំពាក់ខ្លួន។ ១១ ពួកគេត្រូវត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ថ្ងៃទី៣ ព្រោះនៅថ្ងៃនោះព្រះយេហូវ៉ានឹងចុះមកលើភ្នំស៊ីណាយនៅមុខពួកគេ។ ១២ នៅក្បែរភ្នំ អ្នកត្រូវដាក់ព្រំដែនសម្រាប់បណ្ដាជន ហើយប្រាប់ពួកគេថា៖ ‹ចូរប្រយ័ត្នកុំឡើងទៅលើភ្នំ ហើយក៏ត្រូវប្រយ័ត្នកុំប៉ះពាល់ឬជាន់លើជើងភ្នំជាដាច់ខាត។ បើអ្នកណាម្នាក់ប៉ះពាល់ឬជាន់លើជើងភ្នំនោះ គាត់នឹងត្រូវស្លាប់ជាមិនខាន។ ១៣ អ្នកនោះនឹងត្រូវសម្លាប់ដោយគប់នឹងដុំថ្មឬត្រូវបាញ់ទម្លុះ* តែកុំយកដៃទៅប៉ះគាត់ឲ្យសោះ។ មិនត្រូវទុកជីវិតឲ្យអ្នកបំពាននោះឡើយ ទោះជាមនុស្សឬសត្វក្ដី›។+ ប៉ុន្តែ ពេលដែលឮសំឡេងផ្លុំស្នែង*+ ពួកគេអាចចូលទៅក្បែរភ្នំនោះបាន»។
១៤ បន្ទាប់មក ម៉ូសេបានចុះទៅឯបណ្ដាជន រួចញែកពួកគេជាបរិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ខ្លួន។+ ១៥ ម៉ូសេប្រាប់បណ្ដាជនថា៖ «ចូរត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ថ្ងៃទី៣ ហើយកុំរួមដំណេកឡើយ»។
១៦ លុះព្រឹកថ្ងៃទី៣ នៅលើភ្នំឃើញមានពពកយ៉ាងក្រាស់+ និងមានសំឡេងផ្គរលាន់ រន្ទះបាញ់ ព្រមទាំងសំឡេងផ្លុំស្នែងយ៉ាងខ្លាំងរន្ថាន់។ ពេលនោះ បណ្ដាជនទាំងអស់ចាប់ផ្ដើមភ័យញ័ររន្ធត់។+ ១៧ ឯម៉ូសេក៏នាំបណ្ដាជនចេញពីជំរំទៅជួបព្រះពិត។ រួចមក បណ្ដាជនបាននាំគ្នាឈរនៅក្បែរជើងភ្នំ។ ១៨ នៅភ្នំស៊ីណាយមានផ្សែងខ្មួលខ្មាញ់ហុយឡើងដូចជាផ្សែងចេញពីឡភ្លើង ព្រោះព្រះយេហូវ៉ាបានចុះមក+ទាំងមានភ្លើងឆេះសន្ធោសន្ធៅ។ ខណៈនោះ ភ្នំបានញ័ររញ្ជួយយ៉ាងខ្លាំង។+ ១៩ កាលដែលសំឡេងផ្លុំស្នែងឮកាន់តែខ្លាំងឡើងៗ ម៉ូសេក៏និយាយទៅកាន់ព្រះពិត ហើយលោកបន្លឺសំឡេងតបមកគាត់វិញ។
២០ ព្រះយេហូវ៉ាបានចុះមកឯកំពូលភ្នំស៊ីណាយ។ បន្ទាប់មក ព្រះយេហូវ៉ាបានហៅម៉ូសេឲ្យឡើងទៅទីនោះ រួចគាត់ក៏ឡើងទៅ។+ ២១ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរចុះទៅហាមបណ្ដាជនកុំឲ្យពួកគេសម្រុកចូលមកមើលព្រះយេហូវ៉ាជាដាច់ខាត បើមិនដូច្នោះទេ ពួកគេជាច្រើននាក់នឹងត្រូវស្លាប់ជាមិនខាន។ ២២ ឯពួកបុរសដែលតែងតែបម្រើជាសង្ឃនៅចំពោះព្រះយេហូវ៉ា ចូរឲ្យពួកគេញែកខ្លួនជាបរិសុទ្ធ ដើម្បីកុំឲ្យព្រះយេហូវ៉ាប្រហារពួកគេ»។+ ២៣ រួចម៉ូសេជម្រាបព្រះយេហូវ៉ាវិញថា៖ «បណ្ដាជនមិនអាចឡើងមកភ្នំស៊ីណាយនេះបានទេ ព្រោះលោកបានហាមយើងជាដាច់ខាត ដោយមានប្រសាសន៍ថា៖ ‹ចូរដាក់ព្រំដែនជុំវិញភ្នំនេះ ហើយញែកបរិវេណនេះជាបរិសុទ្ធ›»។+ ២៤ ប៉ុន្តែ ព្រះយេហូវ៉ាប្រាប់ម៉ូសេថា៖ «ចូរចុះទៅប្រាប់បណ្ដាជន ហើយឡើងមកវិញដោយនាំអេរ៉ុនមកជាមួយផង តែចូរហាមពួកសង្ឃនិងបណ្ដាជនកុំឲ្យពួកគេសម្រុកឡើងមកឯព្រះយេហូវ៉ាជាដាច់ខាត បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់ជាមិនខាន»។+ ២៥ ដូច្នេះ ម៉ូសេក៏ចុះទៅប្រាប់ដល់បណ្ដាជន។