បទទំនួញ
א [អាល់ឡេហ្វ]
២ ពពកនៃកំហឹងរបស់ព្រះយេហូវ៉ាបានគ្របលើកូនស្រីនៃស៊ីយ៉ូន*ហើយ!
លោកបានបោះសិរីរុងរឿងរបស់អ៊ីស្រាអែលពីស្ថានសួគ៌មកផែនដី។+
នៅថ្ងៃនៃកំហឹងរបស់លោក លោកមិនបានចងចាំកំណល់ជើង+របស់លោកទេ។
ב [បេត]
២ ព្រះយេហូវ៉ាបានបំផ្លាញអស់ទាំងទីអាស្រ័យនៅរបស់យ៉ាកុបដោយឥតត្រាប្រណី។
ព្រោះតែកំហឹងរបស់លោក លោកបានបំបាក់បំបែកបន្ទាយមាំមួនទាំងប៉ុន្មានរបស់កូនស្រីនៃយូដា។*+
លោកបានបង្អាប់បង្អោន ហើយផ្ដួលរំលំរាជាណាចក្រ+និងពួកមន្ត្រីរបស់នាង។+
ג [គីមេល]
៣ ពេលកំហឹងរបស់លោកឆួលឡើង លោកបានកាត់ផ្ដាច់កម្លាំង*ទាំងអស់របស់អ៊ីស្រាអែល។
ពេលសត្រូវសម្រុកចូលមកប្រយុទ្ធនឹងអ៊ីស្រាអែល លោកបានដកដៃស្ដាំរបស់លោកចេញ+
ហើយលោកនៅតែខឹងយ៉ាកុប ដូចជាភ្លើងដែលឆេះបន្សុសអ្វីៗទាំងអស់ដែលនៅជុំវិញ។+
ד [ដាលេត]
៤ លោកបានយឹតធ្នូដូចជាសត្រូវ ហើយដៃស្ដាំរបស់លោកប្រុងប្រៀបប្រយុទ្ធដូចជាខ្មាំង។+
លោកបន្តសម្លាប់អស់អ្នកដែលជាទីគាប់ចិត្ត។+
លោកបានបញ្ចេញកំហឹងដូចជាភ្លើង+មកលើត្រសាលរបស់កូនស្រីនៃស៊ីយ៉ូន។+
ה [ហេ]
៥ ព្រះយេហូវ៉ាប្រៀបដូចជាសត្រូវនឹងយើង+
លោកបានធ្វើឲ្យអ៊ីស្រាអែលវិនាសអន្តរាយ។
លោកបានលេបអស់ទាំងប៉មរបស់នាង។
លោកបានបំផ្លាញបន្ទាយមាំមួនទាំងអស់ចោល
ហើយលោកនាំឲ្យមានការសោកសង្រេងនិងការទួញយំនៅពាសពេញក្នុងយូដា។*
ו [វ៉ោ]
៦ លោកកម្ទេចខ្ទមរបស់លោក+ ដូចកម្ទេចរោងនៅសួន។
លោកបានបញ្ចប់*បុណ្យរបស់លោក។+
ព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សនៅស៊ីយ៉ូនលែងនឹកចាំអំពីបុណ្យនោះនិងថ្ងៃឈប់សម្រាកទៀត
ហើយលោកលែងអើពើនឹងស្ដេចឬសង្ឃទៀតដោយសារលោកខឹងយ៉ាងខ្លាំង។+
ז [ហ្សាយីន]
៧ ព្រះយេហូវ៉ាមិនទទួលស្គាល់ទីបូជារបស់លោកទេ។
លោកលែងទទួលស្គាល់ទីបរិសុទ្ធរបស់លោកទៀត។+
លោកបានប្រគល់កំពែងនៃបន្ទាយមាំមួនរបស់នាងទៅក្នុងកណ្ដាប់ដៃសត្រូវ។+
ពួកគេបានស្រែកហ៊ោនៅក្នុងវិហាររបស់ព្រះយេហូវ៉ា+ដូចស្រែកហ៊ោនៅថ្ងៃបុណ្យ។
ח [ហេត]
៨ ព្រះយេហូវ៉ាបានតាំងចិត្តបំផ្លាញកំពែងរបស់កូនស្រីនៃស៊ីយ៉ូន។+
លោកបានទាញខ្សែវាស់រួចហើយ។+
លោកមិនស្ទាក់ស្ទើរនាំសេចក្ដីហិនវិនាសមកលើនាងទេ។
លោកធ្វើឲ្យរបាំងការពារនិងកំពែងរបស់នាងកើតទុក្ខ
ហើយធ្វើឲ្យពួកវាបាត់បង់កម្លាំង។
ט [ថេត]
៩ ទ្វារកំពែងរបស់នាងបានស្រុតចុះទៅក្នុងដី។+
លោកបានបំផ្លាញនិងបំបាក់រនុកទ្វាររបស់នាង។
ចំណែកឯស្ដេចនិងពួកមន្ត្រីរបស់នាងត្រូវទៅរស់នៅក្នុងចំណោមប្រជាជាតិនានា។+
នៅទីនោះលែងមានច្បាប់*ទៀត។ សូម្បីតែពួកអ្នកប្រកាសទំនាយរបស់នាងក៏មិនបានទទួលការបើកបង្ហាញពីព្រះយេហូវ៉ាដែរ។+
י [យ៉ូដ]
១០ ពួកបុរសចាស់ទុំរបស់កូនស្រីនៃស៊ីយ៉ូនអង្គុយលើដីយ៉ាងស្ងៀមស្ងាត់។+
ពួកគេដាក់ដីលើក្បាល ហើយស្លៀកបាវ។+
ពួកស្រីក្រមុំបរិសុទ្ធនៃយេរូសាឡិមបានក្រាបក្បាលដល់ដី។
כ [កាប]
១១ ភ្នែករបស់ខ្ញុំខ្សោយទៅដោយសារទឹកភ្នែកខ្ញុំហូរឥតឈប់។+
ក្នុងខ្លួនខ្ញុំ*រមួលនៅមិនសុខ។
ចិត្តរបស់ខ្ញុំខ្ទេចខ្ទាំអស់ហើយ* ព្រោះតែឃើញកូនស្រីរបស់*រាស្ត្រខ្ញុំជួបសេចក្ដីហិនវិនាស+
និងព្រោះតែឃើញកូនក្មេងនិងទារកជិតសន្លប់នៅតាមទីលានសាធារណៈក្នុងក្រុង។+
ל [ឡាមេត]
១២ កាលដែលពួកគេជិតសន្លប់ ដូចជាមនុស្សដែលត្រូវរបួសនៅទីលានសាធារណៈក្នុងក្រុង
និងកាលដែលពួកគេជិតផុតដង្ហើមក្នុងរង្វង់ដៃម្ដាយ
ពួកគេប្រាប់ម្ដាយម្ដងហើយម្ដងទៀតថា៖ «ម៉ែ កូនឃ្លានខ្លាំងណាស់!»។*+
מ [មេម]
១៣ ឱកូនស្រីនៃយេរូសាឡិមអើយ តើខ្ញុំអាចយកអ្វីមកធ្វើជាសាក្សីបាន?
តើខ្ញុំអាចប្រដូចនាងនឹងអ្វី?
ឱកូនក្រមុំបរិសុទ្ធនៃក្រុងស៊ីយ៉ូនអើយ តើខ្ញុំអាចប្រៀបធៀបនាងនឹងអ្វីដើម្បីសម្រាលទុក្ខនាង?
ព្រោះសេចក្ដីហិនវិនាសរបស់នាងគឺធំធេងដូចមហាសមុទ្រ។+ តើអ្នកណាអាចជួយនាងឲ្យល្អឡើងវិញ?+
נ [នុន]
១៤ អ្វីដែលអ្នកប្រកាសទំនាយឃើញក្នុងគំនិត រួចយកមកប្រាប់នាងគឺសុទ្ធតែមិនពិតនិងគ្មានប្រយោជន៍+
ហើយពួកគេមិនបានជួយឲ្យនាងដឹងអំពីកំហុសរបស់នាងដើម្បីឲ្យនាងរួចខ្លួនពីការចាប់យកទៅជាឈ្លើយទេ+
ប៉ុន្តែ ពួកគេចេះតែប្រាប់នាងអំពីរឿងមិនពិតនិងរឿងបោកប្រាស់។+
ס [សាមេក]
១៥ អស់អ្នកដែលធ្វើដំណើរកាត់ផ្លូវនោះ ទះដៃចំអកឲ្យនាង។+
ពួកគេហួចឡកឡឺយ+ ហើយគ្រវីក្បាលដាក់កូនស្រីនៃយេរូសាឡិមទាំងនិយាយថា៖
«តើនេះឬជាក្រុងដែលគេពោលថា៖ ‹ក្រុងនេះរុងរឿងអស្ចារ្យហើយនាំអំណរមកឲ្យផែនដីទាំងមូល›?»។+
פ [ភេ]
១៦ សត្រូវទាំងអស់របស់នាងបាននិយាយមើលងាយនាង។
ពួកគេហួចនិងសង្កៀតធ្មេញ រួចពោលថា៖ «ពួកយើងបំផ្លាញនាងបានហើយ។+
ពួកយើងទន្ទឹងចាំថ្ងៃនេះយូរមកហើយ!+ ថ្ងៃនេះក៏បានមកដល់ឥឡូវពួកយើងបានឃើញដោយផ្ទាល់ភ្នែក!»។+
ע [អាយីន]
១៧ ព្រះយេហូវ៉ាបានសម្រេចគោលបំណងរបស់លោក។+ លោកបានធ្វើឲ្យប្រសាសន៍របស់លោកក្លាយជាការពិត+
ដូចដែលលោកបានចេញបង្គាប់យូរមកហើយ។+
លោកបានបំផ្លាញនាងដោយឥតត្រាប្រណី។+
លោកបានអនុញ្ញាតឲ្យសត្រូវរបស់នាងអរសប្បាយដែលបានឈ្នះនាង។ លោកបានធ្វើឲ្យពួកខ្មាំងមានកម្លាំង*កាន់តែខ្លាំង។
צ [សាដេ]
១៨ ឱកំពែងរបស់កូនស្រីនៃស៊ីយ៉ូន បណ្ដាជនស្រែករកព្រះយេហូវ៉ាអស់ពីចិត្ត។
ចូរឲ្យទឹកភ្នែកហូរទាំងយប់ទាំងថ្ងៃ ដូចជាទឹកស្ទឹងហូរឥតឈប់។
កុំសម្រាកឲ្យសោះ កុំឈប់យំឡើយ។
ק [ឃូហ្វ]
១៩ ចូរក្រោកឡើង! ចូរស្រែករកព្រះពេញមួយយប់។
ចូរជម្រាបព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ប្រៀបដូចជាចាក់ទឹកនៅចំពោះមុខលោក។
ចូរលើកដៃអង្វរលោកដើម្បីជីវិតកូនៗរបស់នាង
ដែលជិតសន្លប់នៅតាមកាច់ជ្រុងផ្លូវ ដោយសារការអត់ឃ្លាន។+
ר [រ៉េស]
២០ ឱព្រះយេហូវ៉ា សូមលោកមើលមកអ្នកដែលលោកបានដាក់ទោសយ៉ាងធ្ងន់ធ្ងរ។
តើគួរទុកឲ្យពួកស្ត្រីបរិភោគកូនដែលខ្លួនបានបង្កើតមកឬ?+
តើគួរបណ្ដោយឲ្យគេសម្លាប់ពួកសង្ឃនិងពួកអ្នកប្រកាសទំនាយនៅក្នុងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាឬ?+
ש [ស៊ីន]
២១ ទាំងកូនក្មេងទាំងមនុស្សចាស់ដេកស្លាប់នៅតាមផ្លូវ។+
ពួកស្ត្រីវ័យក្មេង*និងពួកយុវជនរបស់ខ្ញុំបានដួលស្លាប់ដោយដាវ។+
លោកបានសម្លាប់ពួកគេនៅថ្ងៃនៃកំហឹងរបស់លោក។ លោកបានប្រហារជីវិតពួកគេដោយគ្មានមេត្តា។+
ת [ថាវ]
២២ លោកកោះហៅការភ័យរន្ធត់ឲ្យមកពីគ្រប់ទិសទីដូចហៅមនុស្សឲ្យមកចូលរួមថ្ងៃបុណ្យ។+
ក្នុងថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គ្មាននរណាម្នាក់អាចគេចខ្លួនឬរួចជីវិតទេ។+
កូនៗដែលខ្ញុំបានបង្កើតនិងចិញ្ចឹមបីបាច់ បែរជាត្រូវពួកខ្មាំងសម្លាប់ចោលអស់។+