យ៉ូណាស
៤ ប៉ុន្តែ យ៉ូណាសមិនពេញចិត្តនឹងការនេះទេ ហើយគាត់ខឹងជាខ្លាំង។ ២ ដូច្នេះ គាត់ក៏អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ! នេះបានកើតឡើងដូចដែលខ្ញុំបានគិតទុក តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំមែន។ ហេតុនេះហើយបានជាខ្ញុំព្យាយាមរត់គេចទៅស្រុកតើស៊ីស+ ព្រោះខ្ញុំដឹងថាលោកជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ* លោកយឺតនឹងខឹង និងមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ+ ហើយលោកមិនពេញចិត្តធ្វើឲ្យមានសេចក្ដីវេទនាឡើយ។ ៣ ឱព្រះយេហូវ៉ាអើយ! សូមយកជីវិតខ្ញុំឥឡូវនេះទៅ ឲ្យខ្ញុំស្លាប់ទៅល្អជាង»។+
៤ ព្រះយេហូវ៉ាក៏សួរថា៖ «តើអ្នកខឹងដូច្នេះត្រឹមត្រូវឬ?»។
៥ បន្ទាប់មក យ៉ូណាសបានចេញទៅក្រៅក្រុង ហើយអង្គុយនៅទិសខាងកើត។ គាត់បានធ្វើរោងតូចមួយ ហើយអង្គុយក្រោមនោះ ចាំមើលថាមានអ្វីកើតឡើងដល់ក្រុងនីនីវេ។+ ៦ រួចព្រះយេហូវ៉ាបានបណ្ដាលឲ្យមានដើមឃ្លោកដុះឡើងលើយ៉ូណាស ជាម្លប់ដល់គាត់ដើម្បីឲ្យគាត់មានអារម្មណ៍ស្រួល។ យ៉ូណាសពេញចិត្តនឹងដើមឃ្លោកនេះណាស់។
៧ ប៉ុន្តែ នៅព្រលឹមថ្ងៃបន្ទាប់ ព្រះពិតបានឲ្យដង្កូវមួយទៅស៊ីបំផ្លាញដើមឃ្លោកនោះ ហើយដើមនោះក៏ក្រៀមស្វិតទៅ។ ៨ លុះដល់ថ្ងៃរះ ព្រះក៏បានបណ្ដាលឲ្យមានខ្យល់ក្ដៅបក់មកពីទិសខាងកើត ហើយឲ្យពន្លឺថ្ងៃចាំងទៅលើគាត់ រួចគាត់ក៏ល្វើយទៅ។ ដូច្នេះ គាត់ក៏អង្វរសុំម្ដងហើយម្ដងទៀតឲ្យខ្លួនស្លាប់ ដោយពោលថា៖ «ឲ្យខ្ញុំស្លាប់ទៅប្រសើរជាង»។+
៩ ព្រះក៏សួរយ៉ូណាសថា៖ «តើអ្នកខឹងអំពីដើមឃ្លោកនោះជាការត្រឹមត្រូវឬ?»។+
គាត់ក៏ឆ្លើយថា៖ «ខ្ញុំខឹងត្រឹមត្រូវហើយ ខ្ញុំខឹងខ្លាំងណាស់ ហើយខ្ញុំមិនចង់រស់ទេ»។ ១០ ប៉ុន្តែ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នកស្ដាយចំពោះដើមឃ្លោកដែលអ្នកមិនបានដាំ ហើយក៏មិនបានធ្វើឲ្យលូតលាស់ឡើងដែរ។ វាបានដុះឡើងក្នុងរយៈពេលតែមួយយប់ ហើយក៏ងាប់ទៅវិញក្នុងរយៈពេលមួយយប់ដែរ។ ១១ ដូច្នេះ តើមិនគួរឲ្យខ្ញុំស្ដាយក្រុងនីនីវេ ជាក្រុងដ៏ធំ+ដែលមានមនុស្ស១២០.០០០នាក់ដែលមិនស្គាល់ខុសមិនស្គាល់ត្រូវ ព្រមទាំងសត្វជាច្រើនរបស់ពួកគេទេឬ?»។+