ដំណើរចាកចេញ
១ នេះជាបញ្ជីឈ្មោះកូន*របស់អ៊ីស្រាអែលដែលបានមកស្រុកអេហ្ស៊ីបជាមួយនឹងយ៉ាកុប តាមក្រុមគ្រួសាររបស់ពួកគេរៀងៗខ្លួន។ ពួកគេមានដូចតទៅ៖+ ២ រូបេន ស៊ីម្មាន លេវី យូដា+ ៣ អ៊ីសាខារ សេប៊ូឡូន បេនយ៉ាមីន ៤ ដាន់ ណែបថាលី កាដ និងអេស៊ើរ។+ ៥ កូនចៅទាំងអស់របស់យ៉ាកុបដែលមកស្រុកអេហ្ស៊ីបមានចំនួន៧០នាក់ តែយ៉ូសែបនៅក្នុងស្រុកនោះស្រាប់ហើយ។+ ៦ ក្រោយមក យ៉ូសែបបានស្លាប់+ ហើយបងប្អូនគាត់និងមនុស្សនៅជំនាន់គាត់ក៏បានស្លាប់អស់ដែរ។ ៧ កូនចៅអ៊ីស្រាអែលបានកើនឡើងយ៉ាងលឿនពេញក្នុងស្រុកនោះ ហើយកាន់តែមានកម្លាំងខ្លាំងក្លាទៀតផង។+
៨ ក្រោយមក មានស្ដេចថ្មីមួយគ្រប់គ្រងលើស្រុកអេហ្ស៊ីប។ ស្ដេចនោះមិនស្គាល់យ៉ូសែបទេ។ ៩ ស្ដេចនោះបាននិយាយទៅកាន់រាស្ត្ររបស់គាត់ថា៖ «មើល! ពួកអ៊ីស្រាអែលមានចំនួនច្រើនជាងយើង ហើយក៏ខ្លាំងក្លាជាងយើងដែរ។+ ១០ ចូរយើងចាត់វិធានការទប់ស្កាត់ កុំឲ្យពួកគេមានចំនួនច្រើនឡើងថែមទៀត។ បើមិនដូច្នោះទេ ពេលមានសង្គ្រាម ពួកគេមុខជាចូលដៃជាមួយនឹងសត្រូវ មកវាយប្រហារយើងមិនខាន ហើយចាកចេញពីស្រុកនេះទៅ»។
១១ ដូច្នេះ ពួកអេហ្ស៊ីបបានតែងតាំងអ្នកត្រួតត្រាខ្លះ ឲ្យទៅកែនពួកអ៊ីស្រាអែលយកមកធ្វើការធ្ងន់ៗ+ ហើយបង្ខំពួកគេឲ្យសង់ក្រុងភីថំនិងក្រុងរ៉ាមស៊ីស ទុកធ្វើជាឃ្លាំងសម្រាប់ផារ៉ូ។+ ១២ ប៉ុន្តែ កាលដែលពួកអេហ្ស៊ីបគាបសង្កត់ពួកអ៊ីស្រាអែលកាន់តែខ្លាំងយ៉ាងណា ពួកអ៊ីស្រាអែលកាន់តែមានចំនួនច្រើនឡើងពេញស្រុកយ៉ាងនោះដែរ។ ម្ល៉ោះហើយ ពួកអេហ្ស៊ីបខ្លាចពួកអ៊ីស្រាអែលខ្លាំងណាស់។+ ១៣ ហេតុនេះ ពួកអេហ្ស៊ីបបានបង្ខំពួកអ៊ីស្រាអែលឲ្យធ្វើការយ៉ាងធ្ងន់ដូចជាខ្ញុំបម្រើ។+ ១៤ ជីវិតពួកអ៊ីស្រាអែលពិបាកវេទនាណាស់ ព្រោះពួកអេហ្ស៊ីបបានបង្ខំពួកគេឲ្យធ្វើឥដ្ឋនិងបាយអ ព្រមទាំងបង្ខំឲ្យធ្វើការសព្វបែបយ៉ាងនៅស្រែចម្ការ។ ពួកអេហ្ស៊ីបបានប្រើពួកគេឲ្យធ្វើការយ៉ាងនឿយហត់ជាទាសករ។+
១៥ ក្រោយមក ស្ដេចអេហ្ស៊ីបបាននិយាយទៅកាន់ឆ្មបជនជាតិហេប្រឺពីរនាក់។ ឆ្មបម្នាក់ឈ្មោះស៊ីប្រា ម្នាក់ទៀតឈ្មោះភូអា។ ១៦ ស្ដេចបានបង្គាប់ពួកគេថា៖ «ពេលអ្នកជួយបង្កើតកូនឲ្យស្ត្រីជនជាតិហេប្រឺ+ បើអ្នកឃើញថាជាកូនប្រុស អ្នកត្រូវសម្លាប់ចោល តែបើជាកូនស្រី អ្នកត្រូវទុកឲ្យរស់នៅវិញ»។ ១៧ ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះជាអ្នកកោតខ្លាចព្រះពិត។ ដូច្នេះ ពួកគេមិនបានធ្វើតាមបង្គាប់ស្ដេចស្រុកអេហ្ស៊ីបទេ តែពួកគេបានទុកឲ្យកូនប្រុសៗនៅរស់វិញ។+ ១៨ លុះក្រោយមក ស្ដេចស្រុកអេហ្ស៊ីបបានហៅឆ្មបទាំងពីរនាក់នោះមកសួរថា៖ «ម្ដេចក៏ពួកអ្នកទុកឲ្យកូនប្រុសៗនៅរស់ដូច្នេះ?»។ ១៩ ពួកគេបានឆ្លើយតបទៅផារ៉ូថា៖ «ស្ត្រីជនជាតិហេប្រឺមិនដូចស្ត្រីជនជាតិអេហ្ស៊ីបទេ។ ពួកគេរហ័សណាស់ ឆ្មបមិនទាន់ទៅដល់ផង ពួកគេសម្រាលកូនរួចបាត់ទៅហើយ»។
២០ ដូច្នេះ ព្រះក៏បានឲ្យពរដល់ឆ្មបទាំងពីរនាក់នោះ។ រីឯពួកអ៊ីស្រាអែល ពួកគេមានចំនួនកាន់តែច្រើន ហើយកាន់តែខ្លាំងក្លាឡើង។ ២១ ចំណែកឆ្មបពីរនាក់នោះ ព្រះពិតបានឲ្យពរពួកគេមានកូនចៅរៀងៗខ្លួន ព្រោះតែពួកគេបានកោតខ្លាចលោក។ ២២ ទីបំផុត ផារ៉ូបានចេញបញ្ជាដល់រាស្ត្ររបស់គាត់ថា៖ «ចូរយកទារកប្រុសៗទាំងអស់របស់ជនជាតិហេប្រឺ បោះទៅក្នុងទន្លេនីលទៅ តែទុកឲ្យទារកស្រីៗនៅរស់វិញ»។+