សាការី
៩ សេចក្ដីប្រកាស៖
«នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាប្រឆាំងនឹងទឹកដីហាត្រាក
ជាពិសេសក្រុងដាម៉ាស់+
ព្រោះព្រះយេហូវ៉ាសង្កេតមើលមនុស្សជាតិ+
និងមើលកុលសម្ព័ន្ធទាំងអស់របស់អ៊ីស្រាអែល
២ ហើយលោកប្រឆាំងនឹងក្រុងហាម៉ាត+ដែលមានព្រំប្រទល់ជាប់នាង
ព្រមទាំងទាស់នឹងក្រុងទីរ៉ុស+និងក្រុងស៊ីដូន+ ដោយសារពួកគេមានប្រាជ្ញាច្រើនពេក។+
៣ ក្រុងទីរ៉ុសសង់កំពែង*ដើម្បីការពារខ្លួន។
នាងប្រមូលប្រាក់ទុកដូចគំនរដី
ហើយប្រមូលមាសទុកដូចជាពំនូកភក់នៅតាមផ្លូវ។+
៤ មើល! ព្រះយេហូវ៉ានឹងដកហូតទ្រព្យសម្បត្តិរបស់នាង
ហើយលោកនឹងបំផ្លាញពលទ័ពរបស់នាងទៅក្នុងសមុទ្រ*+
ហើយនាងនឹងត្រូវភ្លើងឆេះសុស។+
៥ ក្រុងអាសកាឡូននឹងឃើញ ហើយតាំងភ័យខ្លាច
ក្រុងកាសានឹងកើតទុក្ខព្រួយជាខ្លាំង
ក្រុងអេក្រុនក៏ដូចគ្នាដែរ ពីព្រោះអ្នកដែលនាងសង្ឃឹមបានត្រូវបង្អាប់បង្អោន។
ស្ដេចរបស់ក្រុងកាសានឹងវិនាសទៅ
ហើយក្រុងអាសកាឡូននឹងលែងមានមនុស្សរស់នៅទៀត។+
៦ កូនមិនស្របច្បាប់នឹងចូលទៅអាស្រ័យនៅក្នុងក្រុងអាសូត
ហើយខ្ញុំនឹងបំបាក់អំណួតរបស់ពួកភីលីស្ទីន។+
៧ ខ្ញុំនឹងលុបបំបាត់ឈាមចេញពីមាត់របស់គាត់
ហើយយកអ្វីដ៏គួរឲ្យខ្ពើមចេញពីធ្មេញរបស់គាត់
អ្នកដែលនៅសល់នឹងត្រូវទុកសម្រាប់ព្រះរបស់យើង។
៨ ខ្ញុំនឹងតាំងជំរំចាំយាមការពារលំនៅរបស់ខ្ញុំ+
ដើម្បីកុំឲ្យអ្នកណាដើរកាត់ទៅមក
ហើយនឹងលែងមានអ្នកសង្កត់សង្កិន*ដើរកាត់ទៀត+
ព្រោះឥឡូវខ្ញុំបានឃើញស្ថានភាពនេះ*ដោយផ្ទាល់ភ្នែក។
៩ ឱកូនស្រីនៃស៊ីយ៉ូន*អើយ ចូររីករាយត្រេកអរឲ្យខ្លាំងឡើង
ឱកូនស្រីក្រុងយេរូសាឡិម*អើយ ចូរស្រែកហ៊ោសាទរនឹងជ័យជម្នះ។
មើល! ស្ដេចរបស់អ្នកកំពុងមកឯអ្នកហើយ។+
១០ ខ្ញុំនឹងបំផ្លិចបំផ្លាញរទេះចម្បាំងដែលមកពីអេប្រាអ៊ីម
ថែមទាំងកម្ចាត់សត្វសេះដែលមកពីយេរូសាឡិមផងដែរ។
ធ្នូចម្បាំងនឹងត្រូវដកហូត។
រួចលោកនឹងប្រកាសសេចក្ដីសុខសាន្តដល់ប្រជាជាតិនានា+
លោកនឹងគ្រប់គ្រងចាប់ពីសមុទ្រមួយរហូតដល់សមុទ្រមួយ
១១ រីឯនាងវិញ ឱស្ត្រីអើយ ខ្ញុំនឹងឲ្យពួកអ្នកទោសរបស់នាងចេញពីរណ្ដៅស្ងួត+
ដោយយល់ដល់ឈាមនៃកិច្ចព្រមព្រៀងរបស់នាង។
១២ ពួកអ្នកទោសដែលមានសេចក្ដីសង្ឃឹមអើយ ចូរត្រឡប់ទៅបន្ទាយវិញចុះ។+
ថ្ងៃនេះ ខ្ញុំសូមប្រាប់នាងថា៖
‹ឱស្ត្រីអើយ ខ្ញុំនឹងឲ្យពរដល់នាងមួយជាពីរ។+
១៣ ព្រោះខ្ញុំនឹងប្រើយូដាដូចយឹតធ្នូ។
ខ្ញុំនឹងយកអេប្រាអ៊ីមធ្វើជាព្រួញក្នុងធ្នូ។
ឱស៊ីយ៉ូនអើយ ខ្ញុំនឹងដាស់កូនប្រុសៗរបស់នាង
ឲ្យមកទាស់ប្រឆាំងនឹងកូនប្រុសៗរបស់ក្រិច
ហើយខ្ញុំនឹងធ្វើឲ្យនាងដូចជាដាវរបស់អ្នកចម្បាំងខ្លាំងក្លា›។
១៤ ព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញច្បាស់ថាលោកនៅជាមួយនឹងរាស្ត្ររបស់លោក
ហើយព្រួញរបស់លោកនឹងឆ្ពោះទៅដូចផ្លេកបន្ទោរ។
ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតនឹងផ្លុំស្នែង+
ហើយលោកនឹងចេញទៅច្បាំងនឹងសត្រូវ ដូចជាព្យុះពីទិសខាងត្បូង។
១៥ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងការពារពួកគេ
ហើយពួកគេនឹងយកឈ្នះថ្មខ្សែដង្ហក់របស់ពួកសត្រូវ។+
ពួកគេនឹងសប្បាយក្អាកក្អាយ ដូចបានផឹកស្រាទំពាំងបាយជូរ។
ពួកគេនឹងឆ្អែតស្កប់ស្កល់ ដូចជាទឹកពេញចានគោម
និងដូចជាជ្រុងនៃទីបូជាដែលមានឈាមជោកជាំ។+
១៦ នៅថ្ងៃនោះ ព្រះយេហូវ៉ាជាព្រះរបស់ពួកគេ នឹងសង្គ្រោះពួកគេ
ដូចជាគង្វាលដែលសង្គ្រោះហ្វូងចៀមរបស់គាត់។+
ព្រោះពួកគេនឹងភ្លឺចិញ្ចាចនៅលើទឹកដីរបស់លោកប្រៀបដូចជាត្បូងនៅលើមកុដ។+
១៧ ព្រោះគុណធម៌របស់លោកគឺធំធេងណាស់+
ហើយសិរីរុងរឿងរបស់លោកអស្ចារ្យម្ល៉េះហ្ន៎!
ស្រូវនឹងធ្វើឲ្យពួកយុវជនមានកម្លាំងខ្លាំងក្លា
ហើយស្រាថ្មីនឹងធ្វើឲ្យពួកក្រមុំបរិសុទ្ធបានមាំមួន»។+