សៀវភៅសាំយូអែលទី១
១៨ ពេលយ៉ូណាថាន+បានឮដាវីឌនិយាយជាមួយនឹងសុល យ៉ូណាថានចាប់ផ្ដើមស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនគាត់។ យ៉ូណាថាននិងដាវីឌបានក្លាយទៅជាមិត្តសម្លាញ់នឹងគ្នា។+ ២ ចាប់តាំងពីថ្ងៃនោះ សុលបានឲ្យដាវីឌនៅជាមួយនឹងគាត់ ហើយគាត់មិនឲ្យដាវីឌត្រឡប់ទៅផ្ទះរបស់ឪពុកវិញទេ។+ ៣ ក្រោយមក យ៉ូណាថាននិងដាវីឌបានចុះកិច្ចព្រមព្រៀងធ្វើជាមិត្តសម្លាញ់នឹងគ្នា+ ពីព្រោះយ៉ូណាថានស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនគាត់។+ ៤ យ៉ូណាថានដោះអាវវែង អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់គាត់ឲ្យទៅដាវីឌ។ ៥ ដាវីឌចាប់ផ្ដើមចេញទៅច្បាំង ហើយគាត់បានទទួលជ័យជម្នះ*+នៅគ្រប់សមរភូមិដែលសុលចាត់គាត់ឲ្យទៅ។ ដូច្នេះ សុលឲ្យគាត់គ្រប់គ្រងលើទាហានចម្បាំង+ ហើយនេះធ្វើឲ្យបណ្ដាជនអ៊ីស្រាអែលទាំងអស់ និងអ្នកបម្រើរបស់សុល ពេញចិត្តគ្រប់ៗគ្នា។
៦ ពេលដែលដាវីឌនិងទាហានឯទៀតត្រឡប់មកពីវាយប្រហារពួកភីលីស្ទីនវិញ ពួកស្ត្រីពីគ្រប់ក្រុងនៅស្រុកអ៊ីស្រាអែល ចេញមកទទួលពួកគេនិងស្ដេចសុលទាំងច្រៀងផង+រាំផង អមដោយការវាយស្គរ*+និងដេញចាប៉ី ដោយចិត្តអរសប្បាយយ៉ាងខ្លាំង។ ៧ ពួកស្ត្រីដែលចេញមកអបអរ បានច្រៀងថា៖
«សុលសម្លាប់រាប់ពាន់
តែដាវីឌសម្លាប់រាប់ម៉ឺន»។+
៨ ឮដូច្នោះ សុលក្ដៅឆួលក្នុងចិត្ត+ ដោយសារគាត់មិនពេញចិត្តចម្រៀងនោះទាល់តែសោះ។ សុលនឹកក្នុងចិត្តថា៖ «ពួកគេសរសើរថាដាវីឌសម្លាប់រាប់ម៉ឺន ឯខ្ញុំវិញត្រឹមតែរាប់ពាន់។ ពេលនេះនៅសល់តែការប្រគល់បល្ល័ង្កឲ្យគាត់ប៉ុណ្ណោះ!»។+ ៩ តាំងពីថ្ងៃនោះមក សុលរំពៃមើលដាវីឌដោយក្ដីមន្ទិលសង្ស័យ។
១០ នៅថ្ងៃបន្ទាប់ ព្រះទុកឲ្យសុលជ្រួលច្របល់ក្នុងចិត្តយ៉ាងខ្លាំង+ ហើយពេលដែលដាវីឌកំពុងដេញពិណ+ដូចសព្វដង សុលចាប់ផ្ដើមធ្វើអ្វីចម្លែកៗ*ក្នុងវិមាន។ ពេលនោះ សុលកាន់លំពែង+ ១១ ហើយគាត់ពួយលំពែងទៅដាវីឌ+ ដោយគិតក្នុងចិត្តថា៖ ‹ខ្ញុំនឹងចាក់ទម្លុះដាវីឌឲ្យជាប់នឹងជញ្ជាំង!›។ ប៉ុន្តែ ដាវីឌបានគេចផុតទាំងពីរលើក។ ១២ សុលខ្លាចដាវីឌ ដោយសារព្រះយេហូវ៉ានៅជាមួយនឹងដាវីឌ+ តែលោកមិនបាននៅជាមួយនឹងសុលទៀតទេ។+ ១៣ ដូច្នេះ សុលឈប់ឲ្យដាវីឌនៅបម្រើគាត់ទៀត តែគាត់ឲ្យដាវីឌទៅគ្រប់គ្រងលើទាហានមួយពាន់នាក់វិញ។ ម្ល៉ោះហើយ ដាវីឌក្លាយទៅជាអ្នកនាំមុខកងទ័ពទៅសមរភូមិ។+ ១៤ ដាវីឌតែងតែប្រព្រឹត្តដោយប្រាជ្ញា+ក្នុងគ្រប់ការទាំងអស់ដែលគាត់ធ្វើ ហើយព្រះយេហូវ៉ានៅជាមួយនឹងគាត់។+ ១៥ ពេលសុលឃើញថាដាវីឌតែងតែប្រព្រឹត្តដោយប្រាជ្ញា នោះសុលខ្លាចដាវីឌ។ ១៦ ប៉ុន្តែ ទាហានអ៊ីស្រាអែលនិងទាហានយូដាទាំងអស់ស្រឡាញ់ដាវីឌ ដោយសារគាត់នាំមុខពួកគេក្នុងសមរភូមិ។
១៧ ក្រោយមក សុលបានគិតក្នុងចិត្តថា៖ ‹កុំឲ្យដាវីឌស្លាប់ក្នុងដៃខ្ញុំឡើយ ទុកឲ្យគាត់ស្លាប់ក្នុងដៃរបស់ពួកភីលីស្ទីនវិញ›។+ ដូច្នេះ សុលនិយាយទៅដាវីឌថា៖ «នេះគឺមេរ៉ាបជាកូនស្រីច្បងរបស់ខ្ញុំ។+ ខ្ញុំនឹងឲ្យនាងធ្វើជាប្រពន្ធរបស់អ្នក+ តែអ្នកត្រូវបន្តបម្រើខ្ញុំដោយអង់អាចក្លាហាន ហើយតយុទ្ធក្នុងសង្គ្រាមរបស់ព្រះយេហូវ៉ា»។+ ១៨ ដាវីឌឆ្លើយនឹងសុលថា៖ «តើខ្ញុំជានរណា ហើយសាច់ញាតិនិងក្រុមគ្រួសារឪពុករបស់ខ្ញុំជានរណាក្នុងស្រុកអ៊ីស្រាអែល បានជាខ្ញុំអាចធ្វើជាកូនប្រសារបស់ស្ដេច?»។+ ១៩ ទោះជាសុលបាននិយាយយ៉ាងនោះហើយក៏ដោយ សុលបានលើកមេរ៉ាបជាកូនស្រីគាត់ឲ្យធ្វើជាប្រពន្ធរបស់អេទ្រាល+ដែលជាអ្នកក្រុងមិហូឡា មុនដល់វេលាកំណត់ដែលដាវីឌត្រូវរៀបការជាមួយនឹងនាង។
២០ ចំណែកឯមីកាលជាកូនស្រីម្នាក់ទៀតរបស់សុល+ នាងបានចាប់ចិត្តស្រឡាញ់ដាវីឌ ហើយមានគេយករឿងនេះទៅប្រាប់សុល នោះធ្វើឲ្យសុលពេញចិត្ត។ ២១ ហេតុនេះ សុលគិតក្នុងចិត្តថា៖ «ខ្ញុំនឹងលើកកូនស្រីឲ្យគាត់ ដើម្បីខ្ញុំអាចបញ្ឆោតគាត់ឲ្យស្លាប់ក្នុងដៃរបស់ពួកភីលីស្ទីន»។+ រួចមក សុលនិយាយទៅដាវីឌជាលើកទី២ថា៖ «នៅថ្ងៃនេះ អ្នកនឹងភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងខ្ញុំ»។* ២២ សុលបញ្ជាអ្នកបម្រើថា៖ «ចូរទៅនិយាយជាមួយនឹងដាវីឌដោយសម្ងាត់។ អ្នកត្រូវប្រាប់គាត់ថា៖ ‹ដឹងទេ! ស្ដេចពេញចិត្តអ្នក ហើយអ្នកបម្រើទាំងអស់របស់ស្ដេចក៏ពេញចិត្តអ្នកដែរ។ ដូច្នេះ សូមធ្វើជាកូនប្រសារបស់ស្ដេចទៅ›»។ ២៣ ពេលអ្នកបម្រើរបស់សុលប្រាប់រឿងទាំងនេះដល់ដាវីឌ ដាវីឌនិយាយថា៖ «ខ្ញុំជាមនុស្សក្រីក្រ ហើយមិនសូវមានកេរ្ដិ៍ឈ្មោះទៀត តើអស់លោកគិតថាការឲ្យខ្ញុំធ្វើជាកូនប្រសារបស់ស្ដេច ជារឿងតូចតាចឬ?»។+ ២៤ បន្ទាប់មក អ្នកបម្រើទាំងនោះបានយកពាក្យសម្ដីរបស់ដាវីឌទៅប្រាប់សុលវិញ។
២៥ សុលនិយាយទៅអ្នកបម្រើទាំងនោះថា៖ «អ្នកត្រូវប្រាប់ដាវីឌថា៖ ‹ស្ដេចមិនចង់បានថ្លៃបណ្ណាការអ្វីពីអ្នកទេ+ ក្រៅពីចុងស្បែក*របស់ពួកភីលីស្ទីនចំនួន១០០+ ដើម្បីសងសឹកពួកគេ›»។ សុលបានរៀបផែនការនេះដើម្បីឲ្យដាវីឌស្លាប់ក្នុងដៃរបស់ពួកភីលីស្ទីន។ ២៦ ដូច្នេះ អ្នកបម្រើក៏នាំពាក្យទាំងនេះទៅប្រាប់ដាវីឌ ហើយដាវីឌយល់ព្រមភ្ជាប់សាច់ឈាមជាមួយនឹងស្ដេចសុល។+ មុនពេលកំណត់ដែលត្រូវជូនចុងស្បែកដល់សុល ២៧ ដាវីឌនិងទាហានរបស់គាត់បានចេញទៅសម្លាប់ទាហានភីលីស្ទីនអស់២០០នាក់ ហើយដាវីឌបានកាត់ចុងស្បែករបស់ពួកគេទាំង២០០នាក់នោះយកទៅជូនសុល ដើម្បីភ្ជាប់សាច់ឈាមជាមួយនឹងសុល។ ម្ល៉ោះហើយ សុលលើកមីកាលឲ្យធ្វើជាប្រពន្ធរបស់ដាវីឌ។+ ២៨ សុលបានឃើញថាព្រះយេហូវ៉ានៅជាមួយនឹងដាវីឌ+ ហើយគាត់ក៏ដឹងដែរថាមីកាលកូនស្រីរបស់គាត់ស្រឡាញ់ដាវីឌ។+ ២៩ នេះធ្វើឲ្យសុលភ័យខ្លាចដាវីឌកាន់តែខ្លាំង ហើយសុលបានក្លាយទៅជាសត្រូវរបស់ដាវីឌអស់មួយជីវិត។+
៣០ រាល់ដងដែលពួកមេទ័ពភីលីស្ទីនចេញទៅច្បាំងនឹងជនជាតិអ៊ីស្រាអែល ដាវីឌតែងតែទទួលជ័យជម្នះលើសអស់ទាំងអ្នកបម្រើរបស់សុល+ នេះជាហេតុនាំឲ្យដាវីឌមានកេរ្ដិ៍ឈ្មោះល្បីល្បាញ។+