អេម៉ុស
៥ «ឱពូជពង្សអ៊ីស្រាអែលអើយ! ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយទាស់នឹងអ្នករាល់គ្នាជាបទទំនួញថា៖
២ ‹អ៊ីស្រាអែលជាស្រីក្រមុំបានដួលហើយ
នាងមិនអាចក្រោកឡើងម្ដងទៀតទេ។
នាងត្រូវគេទុកចោលនៅលើទឹកដីនាង
ហើយគ្មានអ្នកណាលើកនាងឡើងទេ›។
៣ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
‹ក្រុងមួយដែលចាត់ទាហាន១.០០០នាក់ឲ្យចេញទៅធ្វើសង្គ្រាមនឹងសល់តែ១០០នាក់ត្រឡប់មកវិញ។
ក្រុងមួយដែលចាត់ទាហាន១០០នាក់ឲ្យចេញទៅធ្វើចម្បាំង នឹងសល់តែ១០នាក់ត្រឡប់មកវិញ។ នេះនឹងកើតឡើងចំពោះពូជពង្សអ៊ីស្រាអែល›។+
៤ «ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ទៅពូជពង្សអ៊ីស្រាអែលថា៖
‹ចូរស្វែងរកខ្ញុំ ហើយបន្តរស់រានមានជីវិតចុះ។+
ហើយក៏កុំទៅក្រុងគីលកាល+ ឬឆ្លងទៅក្រុងបៀរសេបាដែរ+
ព្រោះអ្នកក្រុងគីលកាលនឹងត្រូវគេចាប់យកទៅធ្វើជាឈ្លើយ+
ហើយក្រុងបេតអែលនឹងវិនាសសាបសូន្យ។*
៦ ចូរស្វែងរកព្រះយេហូវ៉ា ហើយបន្តរស់រានមានជីវិតទៅ+
ដើម្បីកុំឲ្យលោកបញ្ចេញកំហឹងដូចជាភ្លើងទៅលើពូជពង្សយ៉ូសែប
ព្រមទាំងបញ្ឆេះក្រុងបេតអែល ហើយគ្មានអ្នកណាអាចពន្លត់បានឡើយ។
៧ អ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌ទៅជាសេចក្ដីល្វីងជូរចត់
ហើយបោះសេចក្ដីសុចរិតចោលទៅដី។+
៨ លោកជាអ្នកបង្កើតកញ្ចុំផ្កាយឃីម៉ានិងកញ្ចុំផ្កាយខេស៊ីល*+
និងធ្វើឲ្យភាពងងឹតប្រែទៅជាពន្លឺនាព្រឹកព្រលឹម
ហើយធ្វើឲ្យពន្លឺថ្ងៃទៅជាងងឹតដូចពេលយប់+
ថែមទាំងប្រមូលទឹកពីសមុទ្រ ដើម្បីស្រោចស្រពទៅលើផ្ទៃផែនដី+
នាមលោក គឺយេហូវ៉ា។
៩ លោកនឹងប្រហារពួកអ្នកខ្លាំងក្លាភ្លាមមួយរំពេច
ហើយបំផ្លាញកន្លែងរឹងមាំនានា។
១០ ពួកគេស្អប់ពួកអ្នកដែលកែតម្រង់អ្នកឯទៀតនៅខ្លោងទ្វារក្រុង
ហើយពួកគេស្អប់ខ្ពើមអស់អ្នកដែលនិយាយពិតត្រង់។+
១១ ដោយសារអ្នករាល់គ្នាទាមទារពន្ធដីពីជនក្រីក្រ
និងយកស្រូវរបស់ពួកគេជាសួយអាករ+
នោះអ្នករាល់គ្នានឹងមិនអាចបន្តរស់នៅក្នុងផ្ទះថ្មដែលអ្នកបានសង់ទៀតទេ+
ហើយក៏មិនអាចផឹកស្រាពីចម្ការទំពាំងបាយជូរល្អៗដែលអ្នកបានដាំទៀតដែរ។+
១២ ព្រោះខ្ញុំដឹងថាអ្នករាល់គ្នាបះបោរប្រឆាំង*ច្រើនយ៉ាងណា
ហើយប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដល់កម្រិតណា
គឺអ្នករាល់គ្នាធ្វើបាបមនុស្សសុចរិត
ហើយចូលចិត្តទទួលសំណូក
ថែមទាំងមិនបានកាត់ក្ដីឲ្យជនក្រីក្រដោយយុត្តិធម៌នៅត្រង់ខ្លោងទ្វារក្រុងទេ។+
១៣ ដូច្នេះ នៅពេលនោះពួកអ្នកដែលចេះពិចារណានឹងនៅស្ងៀម
ព្រោះនោះជាគ្រាលំបាកណាស់។+
១៤ ចូរស្វែងរកសេចក្ដីល្អចុះ កុំស្វែងរកសេចក្ដីអាក្រក់ឡើយ+
ដើម្បីឲ្យអ្នករាល់គ្នាអាចបន្តរស់រានមានជីវិត។+
បើអ្នករាល់គ្នាធ្វើដូច្នោះ ព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ប្រហែលជានៅជាមួយអ្នករាល់គ្នា
ដូចអ្នករាល់គ្នាបាននិយាយមែន។+
១៥ ចូរស្អប់សេចក្ដីអាក្រក់ ហើយស្រឡាញ់សេចក្ដីល្អ+
ចូរកាត់ក្ដីដោយយុត្តិធម៌នៅត្រង់ខ្លោងទ្វារក្រុង។+
បើអ្នករាល់គ្នាធ្វើដូច្នោះ ព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
ប្រហែលជាបង្ហាញការពេញចិត្តចំពោះពូជពង្សយ៉ូសែបដែលនៅសេសសល់›។+
១៦ «ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ដូច្នេះ គឺព្រះយេហូវ៉ាពោលថា៖
‹នៅទីធ្លាសាធារណៈទាំងឡាយ នឹងមានអ្នកស្រែកទ្រហោយំ
ហើយនៅតាមផ្លូវទាំងអស់ គេនឹងស្រែកថា៖ «វេទនាហើយ! វេទនាហើយ!»។
គេនឹងហៅពួកអ្នកចម្ការឲ្យមកយំកាន់ទុក្ខ
ព្រមទាំងអ្នកស៊ីឈ្នួលយំទួញ ឲ្យមកទ្រហោយំដែរ›។
១៧ ‹នៅចម្ការនីមួយៗ នឹងមានអ្នកស្រែកទ្រហោយំ+
ព្រោះខ្ញុំនឹងឆ្លងកាត់កណ្ដាលអ្នករាល់គ្នាដើម្បីវិនិច្ឆ័យទោស›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
១៨ ‹វេទនាហើយ! ពួកអ្នកដែលទន្ទឹងរង់ចាំថ្ងៃនៃព្រះយេហូវ៉ា។+
នៅថ្ងៃនៃព្រះយេហូវ៉ា តើអ្វីនឹងកើតឡើងចំពោះអ្នករាល់គ្នា?+
ថ្ងៃនោះនឹងមានភាពងងឹតគ្មានពន្លឺទាល់តែសោះ។+
១៩ ថ្ងៃនោះនឹងប្រៀបដូចជាពេលមនុស្សម្នាក់រត់គេចពីតោ ទៅប្រទះខ្លាឃ្មុំ
ហើយពេលគាត់ចូលក្នុងផ្ទះ រួចច្រត់ដៃលើជញ្ជាំង ស្រាប់តែត្រូវពស់ចឹក។
២០ ថ្ងៃនៃព្រះយេហូវ៉ានឹងមានភាពងងឹតគ្មានពន្លឺសោះ
គឺជាថ្ងៃដែលមានភាពងងឹតសូន្យសុងគ្មានរស្មីឡើយ មែនទេ?
២១ ខ្ញុំស្អប់ខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នាណាស់+
ហើយខ្ញុំក៏មិនពេញចិត្តនឹងក្លិនឈ្ងុយក្នុងកិច្ចប្រជុំពិសេសរបស់អ្នករាល់គ្នាដែរ។
២២ ទោះបើអ្នករាល់គ្នាជូនគ្រឿងបូជាដុតនិងគ្រឿងបូជាជាអំណោយដល់ខ្ញុំក្ដី
ក៏ខ្ញុំមិនពេញចិត្តដែរ។+
ខ្ញុំនឹងមិនអើពើចំពោះសត្វធាត់ៗដែលអ្នករាល់គ្នាជូនជាគ្រឿងបូជានៃមេត្រីភាពដល់ខ្ញុំឡើយ។+
២៣ ចូរឈប់ច្រៀងចម្រៀងដែលគួរឲ្យសង្កៀរត្រចៀកនោះទៅ
ហើយកុំឲ្យខ្ញុំឮតន្ត្រីពីឧបករណ៍ភ្លេងរបស់អ្នករាល់គ្នាទៀត។+
២៤ ចូរឲ្យយុត្តិធម៌ហូរដូចជាទឹក+
ហើយឲ្យសេចក្ដីសុចរិតហូរដូចជាទន្លេ។
២៥ ឱពូជពង្សអ៊ីស្រាអែលអើយ! អស់រយៈពេល៤០ឆ្នាំក្នុងតំបន់ស្ងាត់ជ្រងំ+
តើអ្នករាល់គ្នាបានជូនគ្រឿងបូជានិងអំណោយផ្សេងៗដល់ខ្ញុំឬ?
២៦ ដូច្នេះ អ្នករាល់គ្នានឹងត្រូវលីសែងសាកគុតជាស្ដេចរបស់អ្នករាល់គ្នានិងខៃវ៉ាន*
ជារូបចម្លាក់នៃព្រះផ្កាយដែលអ្នករាល់គ្នាបានធ្វើសម្រាប់គោរពបូជា
២៧ ហើយខ្ញុំនឹងឲ្យគេចាប់អ្នករាល់គ្នាទៅធ្វើជាឈ្លើយនៅស្រុកឆ្ងាយហួសក្រុងដាម៉ាស់›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌»។+