ចម្រៀងសរសើរព្រះ
ទំនុករបស់ដាវីឌ។
១៤៤ សូមឲ្យព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ+ទទួលបានការសរសើរតម្កើង
លោកបង្ហាត់បង្រៀនដៃខ្ញុំឲ្យចេះធ្វើសង្គ្រាម
និងបង្វឹកម្រាមដៃខ្ញុំឲ្យចេះធ្វើចម្បាំង។+
២ លោកជាព្រះដែលមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងជាទីមាំមួនរបស់ខ្ញុំ
លោកជាអ្នកសង្គ្រោះខ្ញុំ និងជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ
លោកជាខែល និងជាព្រះដែលខ្ញុំពឹងជ្រក។+
លោកជាអ្នកដែលបង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមអំណាចខ្ញុំ។+
៣ ឱព្រះយេហូវ៉ា តើមនុស្សជាអ្វីដែលលោកត្រូវចាប់អារម្មណ៍?
ហើយតើកូនមនុស្ស*ជាអ្នកណាបានជាលោកត្រូវយកចិត្តទុកដាក់?+
៤ ជីវិតមនុស្សគ្រាន់តែជាដង្ហើមខ្លីមួយប៉ុណ្ណោះ+
អាយុរបស់ពួកគេប្រៀបដូចជាស្រមោលដែលហួសទៅ។+
៥ ឱព្រះយេហូវ៉ាអើយ សូមលោកធ្វើឲ្យមេឃទេរ ហើយអញ្ជើញចុះមក+
សូមលោកពាល់ភ្នំ ហើយធ្វើឲ្យចេញផ្សែង។+
៦ សូមលោកធ្វើឲ្យមានរន្ទះបាញ់ ដើម្បីឲ្យពួកសត្រូវរត់ខ្ចាត់ខ្ចាយ+
សូមលោកបាញ់ព្រួញ ដើម្បីឲ្យពួកគេច្របូកច្របល់។+
៧ សូមលោកលូកដៃពីស្ថានសួគ៌
សូមជួយស្រោចស្រង់ខ្ញុំពីរលកសមុទ្រដែលកំពុងខ្ជោលឡើង
សូមសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនបរទេស។+
៨ ពួកគេជាមនុស្សនិយាយកុហក
ពួកគេលើកដៃស្ដាំស្បថមិនពិត។
៩ ឱព្រះអើយ ខ្ញុំនឹងច្រៀងចម្រៀងថ្មីជូនលោក+
ខ្ញុំនឹងច្រៀងសរសើរលោក អមដោយការលេងឧបករណ៍ភ្លេងមានខ្សែ១០។
១០ ខ្ញុំនឹងច្រៀងជូនលោក ដោយសារលោកជួយបណ្ដាស្ដេចឲ្យទទួលជ័យជម្នះ*+
លោកជាអ្នកដែលសង្គ្រោះដាវីឌជាអ្នកបម្រើលោកពីមុខដាវ។+
១១ សូមជួយសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនបរទេស។
ពួកគេជាមនុស្សនិយាយកុហក
ពួកគេលើកដៃស្ដាំស្បថមិនពិត។
១២ យ៉ាងនេះ កូនប្រុសៗរបស់យើងនឹងបានដូចជាកូនដើមឈើដែលដុះលូតលាស់យ៉ាងរហ័ស
ហើយកូនស្រីៗរបស់យើងនឹងបានដូចជាក្បាច់រចនានៅសសរជ្រុងវិមាន។
១៣ ជង្រុករបស់យើងនឹងពោរពេញទៅដោយផលដំណាំគ្រប់ប្រភេទ
ហ្វូងសត្វរបស់យើងនៅឯវាលនឹងកើនឡើងរាប់ម៉ឺន។
១៤ ហ្វូងគោរបស់យើងដែលផើមនឹងមិនរលូតកូនឬមានគ្រោះថ្នាក់អ្វីឡើយ។
នៅទីសាធារណៈរបស់យើងនឹងមិនមានសំឡេងស្រែកយំដោយសារទុក្ខលំបាកទេ។
១៥ ជនជាតិណាដែលទទួលពរបែបនេះ នោះមានសុភមង្គលហើយ!
ជនជាតិណាដែលមានព្រះយេហូវ៉ាជាព្រះរបស់ពួកគេនោះមានសុភមង្គលហើយ!+