សៀវភៅម៉ាថាយ
៨ ក្រោយពីលោកបានចុះពីភ្នំ នោះមនុស្សមួយក្រុមធំបានទៅតាមលោក។ ២ ខណៈនោះ មានបុរសកើតជំងឺឃ្លង់ម្នាក់បានមកឯលោក ហើយលំឱនកាយគោរពលោក ទាំងនិយាយថា៖ «លោកម្ចាស់ បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន»។+ ៣ ម្ល៉ោះហើយ លោកលូកដៃទៅពាល់គាត់ ហើយពោលថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន! សូមឲ្យជាស្អាតចុះ»។+ រំពេចនោះ គាត់បានជាស្អាតពីជំងឺឃ្លង់។+ ៤ រួចមក លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «កុំប្រាប់អ្នកណាឲ្យសោះ+ តែចូរទៅបង្ហាញខ្លួនដល់ពួកសង្ឃ+ ថែមទាំងជូនគ្រឿងបូជាដែលច្បាប់ម៉ូសេបានកំណត់+ ដើម្បីឲ្យពួកសង្ឃអាចឃើញថាអ្នកបានជាស្អាតហើយ»។
៥ ពេលដែលលោកបានចូលទៅក្នុងក្រុងកាពើណិមហើយ នោះនាយទាហានម្នាក់បានមកអង្វរលោក+ ៦ ដោយពោលថា៖ «លោក! អ្នកបម្រើរបស់ខ្ញុំកំពុងដេកនៅផ្ទះព្រោះកម្រើកមិនបាន ហើយគាត់ឈឺចាប់ខ្លាំងណាស់»។ ៧ លោកមានប្រសាសន៍ថា៖ «ពេលដែលខ្ញុំទៅដល់ទីនោះ ខ្ញុំនឹងធ្វើឲ្យគាត់ជាសះស្បើយ»។ ៨ នាយទាហានជម្រាបថា៖ «ទេលោក! ខ្ញុំមិនសមនឹងទទួលលោកចូលទៅក្នុងផ្ទះខ្ញុំឡើយ។ ប៉ុន្តែ សូមលោកគ្រាន់តែមានប្រសាសន៍ប៉ុណ្ណោះ នោះអ្នកបម្រើរបស់ខ្ញុំនឹងជាសះស្បើយ។ ៩ ព្រោះខ្ញុំក៏នៅក្រោមបង្គាប់គេដែរ ហើយក៏មានកូនទាហានដែលនៅក្រោមបង្គាប់ខ្ញុំ។ បើខ្ញុំបង្គាប់អ្នកណាឲ្យ‹ទៅ!› អ្នកនោះក៏ទៅ ហើយបើខ្ញុំបង្គាប់អ្នកណាឲ្យ‹មក!› អ្នកនោះក៏មក។ បើខ្ញុំបង្គាប់ខ្ញុំបម្រើរបស់ខ្ញុំឲ្យ‹ធ្វើការនេះ!› គាត់ក៏ធ្វើតាម»។ ១០ ពេលឮដូច្នេះ លោកយេស៊ូនឹកអស្ចារ្យក្នុងចិត្ត រួចមានប្រសាសន៍ទៅកាន់អស់អ្នកដែលបានមកតាមលោកថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងយ៉ាងនេះទេ។+ ១១ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាច្រើនពីទិសខាងកើតនិងទិសខាងលិច នឹងមកអង្គុយនៅតុជាមួយនឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុបក្នុងរាជាណាចក្រស្ថានសួគ៌។+ ១២ រីឯកូននៃរាជាណាចក្រវិញ ពួកគេនឹងត្រូវបោះទៅខាងក្រៅក្នុងទីងងឹត។ នៅទីនោះ ពួកគេនឹងយំ ហើយសង្កៀតធ្មេញ»។+ ១៣ រួចលោកយេស៊ូមានប្រសាសន៍ទៅកាន់នាយទាហាននោះថា៖ «ចូរទៅចុះ! ដោយសារអ្នកបានបង្ហាញជំនឿ សូមឲ្យសំណូមពររបស់អ្នកក្លាយជាការពិត»។+ នៅវេលានោះឯង អ្នកបម្រើរបស់គាត់ក៏បានជាសះស្បើយ។+
១៤ ក្រោយមក ពេលលោកយេស៊ូចូលទៅក្នុងផ្ទះរបស់ពេត្រុស លោកឃើញម្ដាយក្មេករបស់គាត់+កំពុងដេកដោយសារគ្រុនក្ដៅ។+ ១៥ ដូច្នេះ លោកពាល់ដៃរបស់គាត់+ នោះគ្រុនក្ដៅក៏បាត់ទៅ រួចគាត់ងើបឡើង ហើយចាប់ផ្ដើមធ្វើអាហារជូនលោក។ ១៦ ប៉ុន្តែ លុះពេលល្ងាច មានគេនាំមនុស្សជាច្រើនដែលមានវិញ្ញាណកំណាចចូល ឲ្យមកជួបលោក។ លោកបានបណ្ដេញវិញ្ញាណទាំងនោះដោយមានប្រសាសន៍តែមួយម៉ាត់ ហើយលោកក៏បានធ្វើឲ្យអស់អ្នកដែលមានជំងឺជាសះស្បើយដែរ ១៧ ដើម្បីសម្រេចទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយជាអ្នកប្រកាសទំនាយ។ ទំនាយនោះថា៖ «រូបលោកបានទទួលយកជំងឺរបស់យើង ក៏បានផ្ទុករោគារបស់យើងលើខ្លួនលោក»។+
១៨ នៅពេលលោកយេស៊ូឃើញបណ្ដាជន លោកបង្គាប់ពួកអ្នកកាន់តាមឲ្យចេញដំណើរទៅត្រើយម្ខាង។+ ១៩ រួចមក អ្នកជំនាញខាងច្បាប់ម្នាក់បានមកឯលោក ហើយជម្រាបថា៖ «លោកគ្រូ! ខ្ញុំនឹងទៅតាមលោក ទោះជាលោកទៅទីណាក៏ដោយ»។+ ២០ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «កញ្ជ្រោងមានរូង ហើយសត្វស្លាបលើមេឃមានទ្រនំ តែកូនមនុស្សគ្មានកន្លែងស្នាក់នៅទេ»។*+ ២១ ក្រោយមក អ្នកកាន់តាមម្នាក់ទៀតរបស់លោកបានសុំថា៖ «លោកម្ចាស់! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុកខ្ញុំសិន»។+ ២២ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេទៅ តែអ្នកកុំឈប់កាន់តាមខ្ញុំឡើយ»។+
២៣ លុះក្រោយមក លោកចុះក្នុងទូកមួយ ហើយអ្នកកាន់តាមក៏ចេញទៅជាមួយនឹងលោកដែរ។+ ២៤ រួចមក កើតមានខ្យល់ព្យុះយ៉ាងខ្លាំងនៅសមុទ្រ ហើយរលកបានបោកកញ្ជ្រោលគ្របលើទូក។ ចំណែកលោកវិញ លោកកំពុងសម្រាន្តលក់។+ ២៥ ពួកគាត់បានមកដាស់លោកថា៖ «លោកម្ចាស់! សូមសង្គ្រោះយើងផង! យើងជិតវិនាសហើយ!»។ ២៦ ប៉ុន្តែ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នករាល់គ្នាដែលមានជំនឿតិច ហេតុអ្វីបានជាភ័យខ្លាចដូច្នេះ?»។+ រួចមក លោកក្រោកឡើង ហើយស្ដីបន្ទោសខ្យល់និងសមុទ្រ នោះក៏កើតមានសភាពស្ងប់ស្ងាត់ក្រៃលែង។+ ២៧ ដូច្នេះ បុរសទាំងនោះបាននឹកអស្ចារ្យ ហើយនិយាយគ្នាថា៖ «តើលោកជានរណា សូម្បីតែខ្យល់និងសមុទ្រ ក៏ស្ដាប់បង្គាប់លោកដែរ?»។
២៨ លុះទៅដល់ត្រើយម្ខាងក្នុងតំបន់កេដារ៉ាហើយ មានបុរសពីរនាក់ដែលមានវិញ្ញាណកំណាចចូល បានចេញពីទីបញ្ចុះសពមកជួបលោក។+ បុរសទាំងពីរនោះសាហាវក្រៃលែង បានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ។ ២៩ ខណៈនោះ ពួកគេបានស្រែកឡើងថា៖ «បុត្រព្រះ! តើលោកមករំខានយើងធ្វើអ្វី?+ តើលោកមកធ្វើទារុណកម្មយើង+មុនពេលកំណត់ឬ?»។+ ៣០ នៅឆ្ងាយពីពួកគេ មានសត្វជ្រូកមួយហ្វូងធំកំពុងរកចំណីស៊ី។+ ៣១ ដូច្នេះ វិញ្ញាណកំណាចទាំងនោះចាប់ផ្ដើមអង្វរលោកថា៖ «បើលោកបណ្ដេញយើង សូមចាត់យើងឲ្យចូលទៅក្នុងហ្វូងជ្រូកនោះ»។+ ៣២ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅពួកគេថា៖ «ទៅចុះ!» ហើយពួកគេក៏ចេញទៅ រួចចូលក្នុងហ្វូងជ្រូក។ ខណៈនោះ ជ្រូកទាំងហ្វូងបានបោលពីច្រាំងចោតធ្លាក់ចូលក្នុងសមុទ្រ ហើយងាប់អស់ទៅ។ ៣៣ ប៉ុន្តែ អ្នកដែលឃ្វាលសត្វទាំងនោះបានរត់ចេញ ហើយចូលទៅក្នុងក្រុង។ រួចពួកគេបានរៀបរាប់ប្រាប់ពីអ្វីៗទាំងអស់ រួមទាំងរឿងរបស់បុរសពីរនាក់ដែលមានវិញ្ញាណកំណាចចូលដែរ។ ៣៤ បន្ទាប់មក អ្នកក្រុងគ្រប់គ្នាបានចេញមកជួបលោកយេស៊ូ។ លុះជួបហើយ ពួកគេបានអង្វរសុំឲ្យលោកចេញពីតំបន់របស់ពួកគេ។+