ដើមកំណើត
២៩ ក្រោយមក យ៉ាកុបបានបន្តដំណើរទៅស្រុកខាងកើត។ ២ ពេលទៅដល់វាលមួយគាត់បានឃើញអណ្ដូងទឹក និងចៀមបីហ្វូងកំពុងសម្រាកនៅជិតនោះ។ ពួកគង្វាលតែងតែមកដងទឹកពីអណ្ដូងនោះឲ្យចៀមផឹក ហើយនៅមាត់អណ្ដូងមានថ្មធំមួយគ្របពីលើ។ ៣ ពេលពួកគង្វាលនាំចៀមទាំងអស់មក ពួកគេប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យចៀមផឹក ហើយពួកគេក៏ប្រមៀលថ្មគ្របអណ្ដូងវិញ។
៤ យ៉ាកុបបានសួរពួកគង្វាលថា៖ «បងប្អូនអើយ! តើអ្នករាល់គ្នាមកពីណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងមកពីក្រុងហារ៉ាន»។+ ៥ ដូច្នេះ គាត់ក៏សួរពួកគេទៀតថា៖ «តើអ្នករាល់គ្នាស្គាល់ឡាបាន់+ចៅណេឃ័រទេ?»។+ ពួកគេឆ្លើយថា៖ «ពួកយើងស្គាល់គាត់»។ ៦ យ៉ាកុបបានសួរទៀតថា៖ «តើគាត់សុខសប្បាយជាទេ?»។ ពួកគេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ។ នុ៎ះន៏! រ៉ាជែលកូនស្រីរបស់គាត់+ នាងកំពុងនាំចៀមមកហើយ!»។ ៧ ពេលនោះយ៉ាកុបនិយាយទៅកាន់ពួកគេថា៖ «មើល! ថ្ងៃនៅខ្ពស់នៅឡើយមិនទាន់ដល់ពេលប្រមូលហ្វូងចៀមទេ។ សូមឲ្យទឹកពួកវាផឹក ហើយឲ្យពួកវាទៅស៊ីស្មៅវិញទៅ»។ ៨ ពួកគេឆ្លើយថា៖ «គេមិនអនុញ្ញាតឲ្យយើងធ្វើដូច្នេះទេ ទាល់តែពួកគង្វាលប្រមូលចៀមទាំងអស់មកសិន ទើបគេប្រមៀលថ្មពីមាត់អណ្ដូងចេញ ដើម្បីយើងអាចដងទឹកឲ្យចៀមផឹកបាន»។
៩ កាលដែលគាត់កំពុងនិយាយជាមួយនឹងពួកគេនៅឡើយ រ៉ាជែលបាននាំហ្វូងចៀមចូលមកដែរ ព្រោះនាងជួយឃ្វាលចៀមឲ្យឪពុកនាង។ ១០ នាងជាកូនស្រីឡាបាន់ដែលត្រូវជាបងប្រុសរបស់ម្ដាយយ៉ាកុប។ ពេលយ៉ាកុបឃើញរ៉ាជែលនិងហ្វូងចៀមរបស់ឡាបាន់ គាត់ក៏ចូលទៅជួបហើយប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យហ្វូងចៀមផឹក។ ១១ បន្ទាប់មក យ៉ាកុបបានថើបរ៉ាជែលហើយទ្រហោយំ។ ១២ យ៉ាកុបបានប្រាប់រ៉ាជែលថាគាត់ជាកូនរេបិកាដែលត្រូវជាប្អូនស្រីរបស់ឪពុកនាង។ ដូច្នេះ រ៉ាជែលបានរត់ទៅប្រាប់ឪពុក។
១៣ ក្រោយពីឡាបាន់+ឮដំណឹងអំពីយ៉ាកុបដែលជាកូនរបស់ប្អូនស្រីខ្លួន គាត់ក៏បានរត់មកទទួលយ៉ាកុប។ ឡាបាន់បានឱបយ៉ាកុបហើយថើបគាត់ រួចនាំទៅផ្ទះ។ យ៉ាកុបបានប្រាប់ឡាបាន់អំពីអ្វីគ្រប់យ៉ាងដែលបានកើតឡើង។ ១៤ ឡាបាន់បាននិយាយថា៖ «ក្មួយពិតជាសាច់ញាតិអ៊ំមែន»។ ម្ល៉ោះហើយ យ៉ាកុបបានស្នាក់នៅផ្ទះឡាបាន់ពេញមួយខែ។
១៥ ឡាបាន់បាននិយាយទៅកាន់យ៉ាកុបថា៖ «ទោះជាក្មួយជាសាច់ញាតិអ៊ំក៏ដោយ+ ក្មួយមិនត្រូវធ្វើការឲ្យអ៊ំដោយមិនយកកម្រៃទេ។ សូមប្រាប់អ៊ំមក តើក្មួយចង់បានប្រាក់ឈ្នួលប៉ុន្មាន?»។+ ១៦ ឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា កូនប្អូនឈ្មោះរ៉ាជែល។+ ១៧ រ៉ាជែលនាងមានរូបឆោមស្រស់ស្អាតណាស់។ ឯលេអាវិញ ភ្នែកនាងគ្មានមន្តស្នេហ៍ទេ។ ១៨ យ៉ាកុបបានចាប់ចិត្តស្រឡាញ់រ៉ាជែល ដូច្នេះហើយយ៉ាកុបបាននិយាយទៅកាន់ឡាបាន់ថា៖ «ខ្ញុំសុខចិត្តធ្វើការឲ្យអ៊ំ៧ឆ្នាំ ដើម្បីបានរ៉ាជែលមកធ្វើជាប្រពន្ធ»។+ ១៩ ឡាបាន់បាននិយាយថា៖ «បើអ៊ំលើកកូនស្រីឲ្យក្មួយ គឺប្រសើរជាងលើកឲ្យបុរសឯទៀត។ ចូរក្មួយបន្តស្នាក់នៅជាមួយនឹងអ៊ំចុះ»។ ២០ ដូច្នេះ យ៉ាកុបព្រមធ្វើការឲ្យឡាបាន់៧ឆ្នាំ ដើម្បីរៀបការជាមួយនឹងរ៉ាជែល។+ ប៉ុន្តែ ចំពោះគាត់រយៈពេលនោះប្រៀបដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារគាត់ស្រឡាញ់នាងខ្លាំងណាស់។
២១ ក្រោយមក យ៉ាកុបបាននិយាយទៅកាន់ឡាបាន់ថា៖ «ខ្ញុំបានធ្វើការឲ្យអ៊ំគ្រប់ចំនួនឆ្នាំហើយ។ សូមអ៊ំប្រគល់រ៉ាជែលមកឲ្យខ្ញុំធ្វើជាប្រពន្ធ»។* ២២ ដូច្នេះ ឡាបាន់បានធ្វើពិធីភោជនាហារដើម្បីអបអរអាពាហ៍ពិពាហ៍របស់ពួកគេ ហើយគាត់បានអញ្ជើញពួកអ្នកស្រុកនោះឲ្យមកចូលរួមដែរ។ ២៣ ប៉ុន្តែ នៅយប់នោះ គាត់បាននាំលេអាទៅផ្សំដំណេកជាមួយនឹងយ៉ាកុប។ ២៤ ឡាបាន់បានឲ្យអ្នកបម្រើម្នាក់របស់គាត់ឈ្មោះស៊ីលផា ធ្វើជាស្រីបម្រើរបស់លេអា។+ ២៥ លុះព្រឹកឡើង យ៉ាកុបបានឃើញថាគឺជាលេអាទេ។ ដូច្នេះ គាត់បានទៅសួរឡាបាន់ថា៖ «ម្ដេចក៏អ៊ំធ្វើបែបនេះចំពោះខ្ញុំ? ក្រែងខ្ញុំធ្វើការឲ្យអ៊ំដើម្បីបានរ៉ាជែលទេតើ។ ម្ដេចក៏អ៊ំបញ្ឆោតខ្ញុំដូច្នេះ?»។+ ២៦ ឡាបាន់បានឆ្លើយទៅវិញថា៖ «ទំនៀមទម្លាប់នៅស្រុកនេះគេមិនដែលឲ្យកូនប្អូនរៀបការមុនកូនច្បងទេ។ ២៧ សូមក្មួយរួមរស់ជាមួយនឹងនាងបង អស់មួយសប្ដាហ៍សិនចុះ ក្រោយនោះអ៊ំនឹងឲ្យនាងប្អូនដល់ក្មួយដែរ។ ប៉ុន្តែ ក្មួយត្រូវធ្វើការឲ្យអ៊ំថែម៧ឆ្នាំទៀត»។+ ២៨ យ៉ាកុបបានយល់ព្រម ហើយរួមរស់ជាមួយនឹងលេអាមួយសប្ដាហ៍។ ក្រោយមក ឡាបាន់បានឲ្យរ៉ាជែលទៅយ៉ាកុបធ្វើជាប្រពន្ធទៀត។ ២៩ ឡាបាន់ក៏បានឲ្យស្រីបម្រើម្នាក់ឈ្មោះប៊ីលហា+ ទៅធ្វើជាអ្នកបម្រើរបស់រ៉ាជែល។+
៣០ បន្ទាប់មក យ៉ាកុបបានរួមដំណេកជាមួយនឹងរ៉ាជែល។ យ៉ាកុបស្រឡាញ់រ៉ាជែលជាងលេអា ហើយគាត់បានធ្វើការឲ្យឡាបាន់ថែម៧ឆ្នាំទៀត។+ ៣១ ពេលព្រះយេហូវ៉ាឃើញថាលេអា បានទទួលសេចក្ដីស្រឡាញ់តិចជាង* លោកបានឲ្យនាងមានកូន។+ ឯរ៉ាជែលនាងនៅជាស្ត្រីអារ។+ ៣២ ក្រោយមក លេអាបានសម្រាលកូនប្រុសម្នាក់ ហើយបានដាក់ឈ្មោះកូននោះថារូបេន*+ ព្រោះនាងបាននិយាយថា៖ «នេះគឺដោយសារព្រះយេហូវ៉ាឃើញទុក្ខលំបាករបស់ខ្ញុំ។+ ចាប់ពីឥឡូវទៅ ប្ដីខ្ញុំច្បាស់ជាស្រឡាញ់ខ្ញុំមិនខាន»។ ៣៣ នាងក៏មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ។ នាងបាននិយាយថា៖ «នេះគឺដោយសារព្រះយេហូវ៉ាស្ដាប់ខ្ញុំ កាលដែលខ្ញុំមិនបានទទួលសេចក្ដីស្រឡាញ់។ ហេតុនេះ លោកបានឲ្យខ្ញុំមានកូនមួយទៀត»។ នាងក៏បានដាក់ឈ្មោះកូននោះថាស៊ីម្មាន។*+ ៣៤ ក្រោយមក នាងមានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ។ នាងបាននិយាយថា៖ «ឥឡូវនេះប្ដីខ្ញុំមុខជានៅជាប់នឹងខ្ញុំមិនខាន ព្រោះខ្ញុំបានបង្កើតកូនបីនាក់ឲ្យគាត់ហើយ»។ ហេតុនេះ នាងបានដាក់ឈ្មោះកូននោះថាលេវី។*+ ៣៥ នាងក៏មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ។ នាងបាននិយាយថា៖ «លើកនេះខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា»។ ហេតុនេះ នាងបានដាក់ឈ្មោះកូននោះថាយូដា។*+ បន្ទាប់មក នាងក៏លែងមានកូនទៅ។